តើអ្នកអាចណែនាំខ្លួនរបស់អ្នកបានដែរឬទេ?
សួស្តី! នាងខ្ញុំឈ្មោះ ហេង សុរីតា។ នាងខ្ញុំទើបបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំនេះនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងខ្ញុំធ្លាប់ជាអ្នកហាត់ការក្នុងកម្មវិធីសម្លេងយុវជន (Voices of Youth) អន្តរជាតិកាលពីឆ្នាំ ២០១៦។
តើបច្ចុប្បន្ននេះអ្នកកំពុងធ្វើការនៅកន្លែងណា?
សព្វថ្ងៃនេះ នាងខ្ញុំគឺជាគ្រូបណ្តុះបណ្តាលផ្នែកសរសេរប្លក់នៅក្នុងកម្មវិធីសម្លេងយុវជនរបស់អង្គការយូនីសេហ្វក្នុងប្រទេសកម្ពុជា។
តើអ្នកអាចប្រាប់ពីបទពិសោធន៍របស់អ្នកលើកម្មវិធីសម្លេងយុវជនដល់យើងបានដែរឬទេ?
នៅក្នុងកម្មវិធីសម្លេងយុវជន នាងខ្ញុំត្រូវបានសរសេរអត្ថបទប្លក់ចំនួន ១២ ដែលបញ្ចេញអំពីយោបល់របស់ខ្ញុំទាក់ទងនឹងបញ្ហាយុវជន និងសង្គមមួយចំនួនដែលខ្ញុំសង្កេតឃើញ។ បទពិសោធន៍នេះបានធ្វើឲ្យខ្ញុំកាន់តែជឿទុកចិត្តលើខ្លួនឯងក្នុងការសរសេរ និងបញ្ចេញទស្សនៈរបស់ខ្ញុំ។ នាងខ្ញុំក៏បានអានអត្ថបទរបស់អ្នកហាត់ការដទៃដែលមកពីប្រទេសផ្សេងៗទៀត ព្រមទាំងពិភាក្សាជាមួយពួកគេ ដែលនាំឲ្យខ្ញុំបានយល់ពីទស្សនៈរបស់ពួកគេ និងបញ្ហាមួយចំនួនដែលខ្ញុំមិនដែលបានគិតពីមុនមក។
តើហេតុអ្វីបានជាអ្នកចូលរួមកម្មវិធីសម្លេងយុវជន ក្នុងឆ្នាំ២០១៦?
ពេលនោះ នាងខ្ញុំចង់ទទួលបានបទពិសោធន៍ខាងផ្នែកសរសេរប្លក់យ៉ាងខ្លាំង និងចង់បង្ហាញស្នាដៃរបស់ខ្ញុំទៅអ្នកដទៃ។ ពេលដែលខ្ញុំបានឃើញការបើកទទួលពាក្យរបស់កម្មវិធី VoY ខ្ញុំដឹងភ្លាមតែម្តងថាខ្ញុំនឹងសាកល្បងដាក់ពាក្យចូលរួមកម្មវិធីនេះ។
តើជំនាញអ្វីខ្លះដែលអ្នកបានអភិវឌ្ឍកំឡុងពេលវគ្គបណ្តុះបណ្តាល?
ខ្ញុំបានយល់ដឹងកាន់តែច្រើនអំពីរបៀបសរសេរដែលខ្លីហើយច្បាស់ដើម្បីបញ្ចេញទស្សនៈរបស់ខ្ញុំ។ ខ្ញុំក៏កាន់តែមានភាពក្លាហានឡើងក្នុងការបញ្ចេញមតិរបស់ខ្លួន ហើយគិតគូរឲ្យបានជ្រៅជាងមុននូវបញ្ហាសង្គមមួយចំនួនដែលខ្ញុំមិនសូវបានយកចិត្តទុកដាក់ពីមុន។ ខ្ញុំក៏យល់អំពីសារសំខាន់នៃការលើកទឹកចិត្ត និងរិះគន់បែបស្ថាបនាផងដែរពីគ្រូបណ្តុះបណ្តាលរបស់ខ្ញុំក្នុងកម្មសិក្សា VoY ដែលសព្វថ្ងៃនេះខ្ញុំកំពុងតែព្យាយាមធ្វើត្រាប់តាមគាត់ក្នុងមុខងារបស់ខ្ញុំជាគ្រូបណ្តុះបណ្តាល។
តើអ្នកគិតថាក្នុងនាមជាសិក្ខាកាមនៃកម្មវិធីសម្លេងយុវជន អាចជួយអ្នកឲ្យសម្រេចបាននូវគោលដៅអាជីពដូចម្តេចខ្លះ?
ក្រោយពីខ្ញុំបានបញ្ចប់កម្មសិក្សាVoYនោះ ខ្ញុំទទួលបានឱកាសក្លាយជាអ្នកហាត់ការនៅការិយល័យអង្គការយូនីសេហ្វក្នុងប្រទេសកម្ពុជា។ ខ្ញុំមិនដែលនឹកស្មាននោះឡើយថាខ្ញុំនឹងអាចទទួលបានឱកាសដូច្នោះ។ ថែមពីលើនេះទៀត បទពិសោធន៍នេះក៏បានជួយខ្ញុំក្នុងការងារជាអ្នកកាសែតផងដែរ ដោយខ្ញុំមានស្នាដៃដើម្បីបង្ហាញទៅនិយោជកក្នុងស្ថាប័នសារព័ត៌មានដែលខ្ញុំចង់ធ្វើការ។
ប្រសិនបើអ្នកមិនមែនជាសិក្ខាកាមនៃកម្មវិធីសម្លេងយុវជន តើអ្នកគិតថាអាជីពរបស់អ្នកនឹងប្រែប្រួលឬទេ?
ខ្ញុំគិតថាជីវិតរបស់ខ្ញុំច្បាស់ជាខុសប្លែកពីនេះ ព្រោះខ្ញុំប្រហែលជាមិនទទួលបានឱកាសទាំងឡាយកន្លងមកនេះទេ ហើយក៏មិនបានបណ្តុះជំនាញ និងជំនឿទុកចិត្តលើការសរសេររបស់ខ្ញុំដែរ។ មួយទៀតនោះ ខ្ញុំប្រហែលជាមិនសូវខ្វាយខ្វល់ពីបញ្ហាសង្គមនោះឡើយបើខ្ញុំមិនបានចូលរួមជាអ្នកហាត់ការក្នុង VoY។
តើអ្នកគិតថាអ្នកនឹងក្លាយជាអ្វីក្នុងរយៈពេល៥ឆ្នាំខាងមុខ?
ខ្ញុំមិនទាន់ច្បាស់នៅឡើយទេថាខ្ញុំនឹងមានមុខងារអ្វីនៅ៥ឆ្នាំខាងមុខនេះ ប៉ុន្តែខ្ញុំជឿជាក់ថាបើខ្ញុំបន្តយល់ដឹង និងសាកល្បងកាន់តែច្រើន ខ្ញុំនឹងស្វែងយល់កាន់តែច្រើនអំពីខ្លួនឯង និងបង្កើនសមត្ថភាពរបស់ខ្ញុំដើម្បីជួយដល់សង្គមវិញ។
តើអ្នកមានដំបូន្មានអ្វីខ្លះដល់សិក្ខាកាមក្នុងពេលបច្ចុប្បន្ន ឬអនាគត?
ខ្ញុំគិតថាអ្វីដែលសំខាន់បំផុតនោះគឺយើងត្រូវជឿជាក់ថាយើងមានអ្វីដែលមានតម្លៃដើម្បីនិយាយ មិនថាវាជាបទពិសោធន៍ មតិ ឬទស្សនៈរបស់យើងនោះទេ។ ការសរសេរប្លក់គឺជាវិធីដ៏ល្អម្យ៉ាងដើម្បីចែករំលែកការយល់ដឹងរបស់យើងជាមួយអ្នកដទៃ ហើយរៀនអំពីអ្នកដទៃវិញផងដែរ។ ដូច្នេះយើងគួរចាប់យកឱកាសបង្កើនទំនាក់ទំនងជាមួយអ្នកចូលរួមដទៃ និងព្យាយាមបើកចិត្តគំនិតដើម្បីយល់ដឹងពីការយល់ឃើញរបស់គេ។