ម្នាក់ឯង

ដោយ៖ សុខ រិទ្ធា

“ម្នាក់ឯង” គឺជាគ្រូដ៏ល្អម្នាក់របស់ខ្ញុំ។
“កម្សត់ដល់ហើយ អង្គុយម្នាក់ឯង”
“ឯកាដល់ហើយ ដើរម្នាក់ឯង”
“ម្នាក់ឯង ចង់ធ្វើអីក៏ពិបាក”

មនុស្សមួយចំនួនចាត់ទុកថាការនៅម្នាក់ឯងគឺតំណាងឲ្យភាពកម្សត់ ភាពឯកា ភាពសោកសៅ និង ភាពទន់ខ្សោយ។ គេក៏មានអារម្មណ៍ខ្លាចដើរតែឯង ខ្លាចទៅធ្វើអីម្នាក់ឯង និងខ្លាចត្រូវគេមើលថាខ្លួន ជាមនុស្សឯកោ។ តើការនៅម្នាក់ឯងពិតជាគួរឲ្យខ្លាច និងមិនល្អបែបនេះមែនឬ? …មិនមែនទេ។ ពេលយើងដើរចូលទៅឲ្យជិតវាបន្តិច នៅឲ្យកៀកវាបន្តិច យើងនឹងឃើញថា ការនៅម្នាក់ឯងមិនត្រឹមតែ មិនអាក្រក់ និងមិនគួរឲ្យខ្លាចទេ វាថែមទាំងអាចឲ្យយើងរៀនបានរឿងជាច្រើនពីវាទៀតផង។

fullsizeoutput_32e
© SOK_RITHEA

យើងរឹងមាំ

ការនៅម្នាក់ឯង វាបង្រៀនយើងឲ្យចេះផ្តល់ទំនុកចិត្តលើខ្លួនឯង តាំងចិត្តឲ្យរឹងមាំ និងធ្វើជំហរឲ្យរឹង​ ពឹង។ ពេលដែលយើងទៅធ្វើអីមួយម្នាក់ឯង យើងនឹងឃើញថា តាមពិតទៅគឺយើងអាចធ្វើវាបាន ហើយ វាក៏មិនពិបាកដូចយើងធ្លាប់គិតដែរ។ បើយើងធ្វើវាមិនបានល្អ យ៉ាងហោចណាស់យើងក៏អាចដឹងពី ចំនុចខ្សោយរបស់យើងដែរ​​ ថាតើមកពីឆាប់ភ័យខ្លាំង គ្មានជំហរស្រួលបួល គ្មានការតាំងចិត្តរឹងមាំ ឬ មកពីអ្វី? បន្ទាប់មកយើងនឹងដឹងថាត្រូវទៅពង្រឹងបន្ថែមផ្នែកមួយណាទៀតនៃខ្លួនយើងដើម្បីឲ្យយើង ខ្លាំងជាងនេះ។ មិនថាលទ្ធផលបែបណា វាសុទ្ធតែផ្តល់មេរៀនដ៍ល្អដល់យើង ធ្វើឲ្យយើងពូកែជាង មាន ទំនុកចិត្តជាង និងសំខាន់បំផុតនោះគឺ រឹងមាំជាងខ្លួនយើងកាលពីម្សិលមិញ។

យើងក្លាហាន

ពេលយើងសម្រេចចិត្តទៅធ្វើអ្វីមួយដែលយើងមិនហ៊ានធ្វើម្នាក់ឯងពីមុនមក យើងបានឈានជើងចូល ក្នុងរង្វង់នៃភាពក្លាហានហើយ។ វាបង្រៀនយើងកុំឲ្យខ្លាចខ្សែភ្នែករបស់អ្នកដទៃ កុំខ្លាចគេមើលមកថា យើងជាមនុស្សកម្សត់ ឬជាមនុស្សឯកោ។ បន្តិចម្តងៗ វាក៏ជួយពង្រឹងភាពក្លាហានរបស់យើង ដើម្បីឲ្យ យើងហ៊ានទៅប្រឈមមុខ និងតតាំងជាមួយមនុស្ស និងបញ្ហានានា។ ភាពក្លាហានមួយនេះនឹងក្លាយជា គំរូរបស់យើងនៅថ្ងៃក្រោយ មានន័យថា នៅថ្ងៃខាងមុខ ពេលយើងមិនហ៊ានធ្វើអ្វីមួយ យើងនឹងអាច ប្រាប់ខ្លួនឯងថា ថ្ងៃមុនយើងក៏ខ្លាចធ្វើអីមួយនោះម្នាក់ឯងដែរ តែយើងនូវតែអាចក្លាហាន និងធ្វើវា បាន អញ្ចឹងពេលនេះយើងក៏ត្រូវក្លាហាននឹងទៅធ្វើរឿងនេះដែរ ព្រោះយើងនឹងអាចធ្វើវាបានដូចគ្នា។

 

chen-hu-609358-unsplash
Enter a cPhoto by Chen Hu on Unsplash

យើងចេះដោះស្រាយបញ្ហា

ពេលយើងនៅម្នាក់ឯង យើងអាចរៀនគិតគូរពីរឿងរ៉ាវការងារ វាយតម្លៃស្ថានភាព និងស្វែងរកដំណោះ ស្រាយដោយខ្លួនឯង។ វាជាការលត់ដំមួយ ដោយវាឲ្យយើងទុកការស្វែងរកជំនួយជាជម្រើសចុងក្រោយ ហើយមកគិតខ្លួនឯងសិន សួរខ្លួនឯងសិន និងខំរកវិធីស្រាស្តដោះស្រាយដោយខ្លួនឯងសិន។ ពេលយើង នៅម្នាក់ឯង យើងមិនមែនមានឱកាសត្រឹមតែគិតពីដំណោះស្រាយនោះទេ យើងក៏មានឱកាសលើកយក ដំណោះស្រាយនោះមកអនុវត្តផងដែរ។ នេះមានន័យថា លើសពីបង្រៀនយើងឲ្យចេះគិតរកដំណោះស្រាយ វាបង្រៀនយើងឲ្យចេះជ្រើសរើសដំណោះស្រាយ រៀបចំដំណាក់កាលនៃការដោះស្រាយ និងយល់ដឹងពី គុណភាព និងប្រសិទ្ធិភាពនៃដំណោះស្រាយរបស់យើងទៀតផង។ ជោគជ័យ និងបរាជ័យពីការដោះស្រាយ បញ្ហាម្តងៗ​​ ធ្វើឲ្យយើងកាន់តែស្គាល់ពីខ្លួនឯង និងពីបញ្ហា កាន់តែមានជំនាញ និងបទពិសោធន៍ ដោះស្រាយបញ្ហា និងកាន់តែមានសមត្ថភាពឈរតទល់នឹងបញ្ហា ទោះឈរតែឯងក៏មិនដួលដែរ។

យើងចេះចាត់ចែងការងារ

មានគ្នាច្រើន មានអ្នកជួយចាត់ចែងការងារមួយនេះមួយនោះឲ្យយើងធ្វើ ដែលធ្វើឲ្យយើងមិនចាំបាច់ រៀបចំអីច្រើនទេ ដឹងតែធ្វើមួយៗតាមគេរៀបឲ្យទៅបានហើយ។ ប៉ុន្តែការធ្វើអីមួយតែម្នាក់ឯងខុសគ្នា វាធ្វើឲ្យយើងចេះចាត់ចែងការរស់នៅរបស់យើងដោយខ្លួនឯង។ វាធ្វើឲ្យយើងចេះបង្កើតផែនការការងារ ចេះរៀបអាទិភាពដល់កិច្ចការនីមួយៗ និងចេះកំណត់ពីរបៀបធ្វើការងារទាំងនោះដោយខ្លួនឯង។ ឱកាសចាត់ចែងការងារដោយខ្លួនឯងនេះ ធ្វើឲ្យយើងដឹងកាន់តែច្បាស់ពីតម្លៃនៃការងារដែលយើង កំពុងធ្វើ និងពីភាពសំខាន់នៃការធ្វើវាឲ្យបានល្អតាមផែនការកំណត់របស់យើង ព្រោះយើងដឹងថា ការធ្វេសប្រហែស ឬការខកខានធ្វើការងារណាមួយនៅថ្ងៃនេះ នឹងបន្ថែមបញ្ហា ឬចំនួនការងារដល់យើង នៅថ្ងៃស្អែក ហើយខ្លួនយើងគឺជាអ្នកទទួលខុសត្រូវ។ ចុងក្រោយ នៅម្នាក់ឯងបានលត់ដំយើងឲ្យចេះ ចាត់ចែងការងាររបស់យើងឲ្យមានប្រសិទ្ធិភាព។

យើងគាប់ចិត្តខ្លួនឯង
បើយើងហ៊ុំព័ទ្ធខ្លួនឯងក្នុងចំនោមមនុស្សដទៃពេក យើងនឹងលឺសំលេងរបស់គេជាងសំលេងរបស់ខ្លួន ឯង។ វានឹងទាញចិត្តយើងឲ្យយកការយល់ឃើញរបស់គេមកដាក់លើខ្លួនឯង ហើយភាគច្រើន លទ្ធផល ដែលយើងបានមកវិញគឺអារម្មណ៍មិនពេញចិត្ត មិនចូលចិត្ត និងមិនអស់ចិត្តទៅវិញ។ ពេលនៅម្នាក់ឯង យើងមិនត្រឹមតែលឺច្បាស់ពីចិត្តយើងចង់បានអីទេ យើងថែមទាំងអាចទៅធ្វើតាមចិត្តរបស់យើងចង់ បានទៀត មិនមានការសើចចំអក មិនមានការរារាំង មិនមានការស្តាយក្រោយ និងគ្មានការចូលដេក ទាំងមិនសប្បាយចិត្ត។ នៅម្នាក់ឯង យើងអាចស្គាល់ខ្លួនឯង អាចធ្វើតាមខ្លួនឯងចង់ ញុំាតាមខ្លួនឯង ចូលចិត្ត​ និងដើរតាមគំនូសផ្លូវខ្លួនឯងគូស ហើយបែបនេះទើបយើងអាចគាប់ចិត្តខ្លួនឯងបានល្អ។

 

brooke-cagle-1162071-unsplash
Photo by Brooke Cagle on Unsplash

ពេលយើងដើរម្នាក់ឯងមិនមានន័យថាយើងត្រូវមានអារម្មណ៍កម្សត់ ឬឯកោទេ។ កុំខ្លាចនឹងដើរម្នាក់ ឯង កុំខ្លាចធ្វើអីម្នាក់ឯង ហើយរឹតតែកុំខ្លាចថាអ្នកដទៃគិតយ៉ាងណាពេលយើងនៅ “តែឯង”។ នៅ ម្នាក់ឯងមិនអាក្រក់ទេ ហើយក៏មិនគួរឲ្យខ្លាចដែរ វាគ្រាន់តែជាជម្រើសរបស់យើង ជាជម្រើសដែលយើង រើសដើម្បីភាពរីករាយខ្លួនឯង ហើយវាជាជម្រើសដែលអាចបង្រៀនយើងបានច្រើន។ វាជាគ្រូដ៍ល្អម្នាក់ របស់យើង។

ពិតណាស់ ក្តីស្រលាញ់ ការរាប់អាន ពេលវេលា និងការរួមដំណើរគ្នា រវាងយើង និងមនុស្សជាទីស្រលាញ់ គ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួនយើង គឺជាធាតុផ្សំដ៍សំខាន់មួយទៀតសម្រាប់ជីវិតរីករាយ និង ជោគជ័យ។ ការនិយាយពីភាពល្អនៃការនៅម្នាក់ឯងនៅទីនេះ មិនមែនជំរុញឲ្យយើងចាត់ទុកវាជា ជម្រើសតែមួយគត់នោះទេ ប៉ុន្តែចង់ប្រាប់ពីអត្ថប្រយោជន៍របស់វា ដើម្បីកុំឲ្យយើងខ្លាចវា​ និងគេចពីវា។ ផ្ទុយទៅវិញ យើងគួររៀនពីវាវិញ ព្រោះក្នុងដំណើរជីវិតរបស់យើងមួយនេះ មានពេលច្រើនណាស់ដែលយើង នឹងត្រូវដើរតែម្នាក់ឯង។

អ្នកក៏អាចចែករំលែកពីបទពិសោធន៍ និងការយល់ឃើញពីការដើរម្នាក់ឯងក្នុងប្រអប់យោបល់បានដែរ នោះយើងអាចដឹងបានកាន់តែច្រើនពីវាទាំងអស់គ្នា។

 

ទស្សនៈដែលបង្ហាញនៅទីនេះ គឺជាទស្សនៈបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីទស្សនៈយបស់យូនីសេហ្វ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s