ថ្លៃកំហឹង

ដោយ៖ សុខ​ រិទ្ធា

ថ្ងៃមួយ ខ្ញុំ និងមិត្តភក្តិម្នាក់បានជិះម៉ូតូឡើងទៅលេងលើភ្នំមួយដែលមានផ្លូវចុះឡើងចោទខ្ពស់ និងមានកំណាត់ផ្លូវខ្លះត្រូវបានគេឈូសឆាយ និងចាក់ខ្សាច់ឲ្យវារាបស្មើបន្តិច។ ខ្ញុំជិះរៀងលឿន ហើយពេលខ្ញុំជិះដល់ចំនុចមួយដែលជាផ្លូវកោងចោទចុះក្រោម ខ្ញុំក៏មិនបង្អង់ល្បឿនដែរ ដោយ គិតថាវាមិនអី និងចង់លឿនផង។ ចុះបានមិនឆ្ងាយប៉ុន្មានផង ខ្ញុំក៏ឃើញក្រលុកតូចធំ និង ក្បាលថ្មភ្នំលៀនចេញមកជាច្រើន។ អុកពីក្រលុកមួយទៅក្រលុកមួយ ខ្ញុំគ្រប់គ្រងចង្កូតសឹងមិន ជាប់ ហើយវាបានរុញម៉ូតូខ្ញុំចូលគ្រហូងដីវែងមួយធ្វើឲ្យម៉ូតូរេឡើងរេចុះស្ទើរដួលអូសដី។ ពេលខ្ញុំ ទប់ម៉ូតូឈប់ជាប់ ប្រអប់ជើងទាំងពីររបស់ខ្ញុំកប់លិចក្នុងដី ខ្ញុំភាំងអស់មួយសន្ទុះ។ ខ្ញុំក្រឡេក មើលស្ថានភាពជុំវិញខ្លួន ហើយខ្ញុំសួរមិត្តខ្ញុំថាមានត្រូវអីអត់។ អរគុណទេវតា យើងទាំងពីរគ្មាន​ ត្រូវអីធ្ងន់ទេ។ បើពេលនោះខ្ញុំទប់មិនជាប់ តើរឿងនោះនឹងបន្តទៅជាយ៉ាងណា?

ល្ងាចថ្ងៃដដែលនោះ ខ្ញុំ និងមិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្ញុំម្នាក់មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង​ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ខឹងយ៉ាងខ្លាំងនៅក្នុងចិត្ត។ ពេលដែលខ្ញុំនៅម្នាក់ឯងគិតពីការឈ្លោះ គ្នានោះ ទិដ្ឋភាពដែលខ្ញុំជិះចុះពីលើភ្នំស្ទើរដួលកាលពីព្រឹកថ្ងៃនោះក៏បានផុសចេញក្នុងខួរក្បាលខ្ញុំ វាធ្វើឲ្យខ្ញុំយល់ថា ការខឹងដូចការជិះម៉ូតូចុះពីភ្នំអ៊ីចឹងដែរ។

ពេលយើងចាប់ផ្តើមខឹង វាហាក់ដូចយើងរៀបនឹងជិះចុះពីភ្នំមួយដែលមានជំរាលចោទខ្លាំង ទាំងយើងមិនបានដឹងពីស្ថានភាពផ្លូវនោះច្បាស់លាស់។ ការបណ្តោយខ្លួនទៅតាមកំហឹងរបស់ យើង ប្រៀបដូចជាការជិះទម្លាក់ខ្លួនចុះមកដោយមិនបានគ្រប់គ្រងល្បឿន។ ល្បឿនដែលចុះគឺ លឿនទៅៗ ដូចកំហឹងដែលមានប្រែខ្លាំងទៅៗ។ ការបញ្ចេញកំហឹង ដូចជាការស្រែកគំហក ប្រើ ពាក្យពេចន៍អសុរោះ និយាយសំដីគ្មានហេតុផល និងសកម្មភាពហិង្សាគឺជា ក្រលុកតូចធំនៅលើ ផ្លូវដែលយើងកំពុងជិះចុះមកនោះ។ ​ ខុសពីក្រលុកលើផ្លូវ ក្រលុកកំហឹងគឺជាក្រលុកដែលយើង ជីកដោយខ្លួនឯង ធ្វើឲ្យពិបាកខ្លួនឯង និងអ្នកដទៃ។  ភ្លើងកំហឹងខ្លាំង បូកនឹងក្រលុកតូចធំ ដែលយើងជីកដាក់ខ្លួនឯង នឹងធ្វើឲ្យយើងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់។ អ្នកនៅក្បែរយើង ដូចអ្នកដែលជិះពីក្រោយយើងអ៊ីចឹង នឹងរងការឈឺចាប់ពីការធ្លាក់ចូលក្នុងក្រលុកនោះផងដែរ។ ពេលខ្លះ វាអាចជាគ្រោះថ្នាក់តូចដែលមានការប៉ះពាល់តិចតួច និងអាចស្ដារឡើងវិញបាន ប៉ុន្តែ ពេលខ្លះទៀត វាអាចជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយដែលមិនអាចស្រោចស្រង់វិញបាន។

gabriel-matula-300398-unsplash
Photo by Gabriel Matula on Unsplash

អារម្មណ៍ខឹងមិនគួរឲ្យខ្លាចទេ អ្វីដែលគួរឲ្យខ្លាចនោះគឺទឹកចិត្តក្តៅពុះកញ្ជ្រោល ដែលចង់បញ្ចេញ កំហឹងចេញមកដើម្បីផ្គាប់ចិត្តខឹងដែលមាន។ ការបញ្ឆេះចិត្តខឹងនេះព័ទ្ធយើងជាប់ ក្នុងរង្វង់ កំហឹង ដែលធ្វើឲ្យយើងផ្តោតការគិតច្រើនលើភាពគួរឲ្យខឹងរបស់រឿងនោះ ហើយយើងនឹងគិត ឃើញតែថាវាធ្វើឲ្យយើងមិនសប្បាយចិត្តប៉ុណ្ណា​ ខកចិត្តប៉ុណ្ណា ពិបាកប៉ុណ្ណា ឬឈឺចាប់ប៉ុណ្ណា។ នៅពេលដែលយើងកាន់តែផ្តោតគិតពីវាបែបនេះ យើងនឹងកាន់តែខឹង ហើយយើងនឹងកាន់តែ ចង់ធ្វើតាមចិត្តខឹងនោះ។ការបណ្តោយឲ្យកំហឹងយើងរីករាលដាលបែបនេះអាចធ្វើឲ្យយើងមិនបានគ្រប់គ្រងខ្លួនបានល្អ និងមិនប្រយ័ត្នប្រយែងលើការបញ្ចេញកំហឹងរបស់យើង។ វាអាចនាំឲ្យ យើងប្រើប្រាស់ពាក្យពេចន៍អាក្រក់ស្តាប់ លើកមូលហេតុមិនសមហេតុផល ធ្វើឥរិយាបថមិនសម គួរ ឬលើសពីនេះទៀត យើងអាចនឹងឈានទៅធ្វើសកម្មភាពហិង្សាដើម្បីបញ្ចេញកំហឹងយើង ចេញមក។ គ្រប់យ៉ាងគឺដើម្បីផ្គាប់ចិត្តខឹងរបស់យើង។

ការបញ្ចេញកំហឹងដើម្បីផ្គាប់ចិត្តខឹងរបស់យើងនឹងធ្វើឲ្យរឿងអាក្រក់មួយប្រែរឹតតែអាក្រក់និងបន្ថែមរឿងអាក្រក់ផ្សេងៗចូលមកបន្ថែមទៀត។ មិនត្រឹមតែបញ្ហាមិនត្រូវបានដោះស្រាយនោះ ទេ មិត្តភាព ភាពជិតស្និទ្ធ មនោសញ្ចេតនា និងទំនាក់ទំនងល្អរវាងយើង និងនរណាម្នាក់ក៏នឹង ត្រូវបែកបាក់ និងបាត់បង់ទៀតផង។ លើសពីនេះទៀត សុខភាពផ្លូវចិត្តរបស់យើងក៏នឹងរង ផលប៉ះពាល់អវិជ្ជមានផលដែរ។ទាំងនេះគឺជាគឺជាថ្លៃចំណាយដែលយើងអាចនឹងត្រូវបង់ឲ្យកំហឹង របស់យើង។

យើងមិនអាចបញ្ជាខ្លួនយើងមិនឲ្យមានអារម្មណ៍ខឹងនោះទេ ប៉ុន្តែយើងត្រូវគ្រប់គ្រង និង ប្រយ័ត្នចំពោះការបញ្ចេញកំហឹងរបស់យើង។ ដូចរឿងជិះម៉ូតូចុះផ្លូវចោទអញ្ចឹង យើងកុំបណ្តោយ ឲ្យវាធ្លាក់ចុះមកដោយមិនមានការគ្រប់គ្រងល្បឿនរបស់វា ផ្ទុយទៅវិញ យើងត្រូវដឹងថា មិនថា យើងមានអារម្មណ៍ខឹងប៉ុណ្ណាទេ យើងត្រូវចេះទប់ការបញ្ចេញកំហឹងរបស់យើង។ ការមិនប្រយ័ត្ន ក្នុងការគ្រប់គ្រងកំហឹង នឹងធ្វើឲ្យយើងធ្លាក់ក្នុងក្រលុកនៃការប្រើពាក្យពេចន៍មុតស្រួច សំដី គ្មានហេតុផលចង់យកតែឈ្នះ កាយវិការខ្វះសីលធម៌ និងអំពើហិង្សា ដែលនឹងធ្វើឲ្យមនុស្ស ក្បែរយើង ជាពិសេសមនុស្សជាទីស្រលាញ់របស់យើងរងការឈឺចាប់។ ចុងក្រោយយើងខ្លួនឯងក៏ នឹងដួលធ្លាក់ចុះក្រោមក្លាយជាជនរងគ្រោះនៃកំហឹងខ្លួនឯងដែរ ហើយយើងនឹងស្តាយក្រោយ ដែលមិនបានគ្រប់គ្រងចង្កូតកំហឹងរបស់យើងឲ្យបានល្អ។

matthew-henry-58760-unsplash
Photo by Matthew Henry on Unsplash

កំហឹងមិនមែនជារឿងអាក្រក់នោះទេ។ វាអាចជាមេរៀន ជាការក្រែងរំលឹក និងជាកត្តាជំរុញ ការខំប្រឹងប្រែងដ៏ល្អមួយរបស់យើង។ ការបញ្ចេញកំហឹងតាមតែចិត្តខឹងទើបជារឿងមិនល្អ ព្រោះ ថ្លៃដែលយើងត្រូវបង់ឲ្យវាច្រើនហួសការគួរ។ នៅពេលអារម្មណ៍ខឹងចាប់ផ្តើមផ្ទុះឡើង យើងគួរ រំលឹកខ្លួនឯងឲ្យគិតពីរឿងដែលបានកើតឡើងនោះឲ្យបានគ្រប់ជ្រុងជ្រោយ។ មើលថាវាពិតជា រឿងមិនល្អមែន ឬគ្រាន់តែជារឿងខុសពីការគិតរបស់យើង។ មិនមែនឲ្យតែអ្វីដែលខុសពី ការគិតរបស់យើងសុទ្ធតែមិនល្អនោះទេ ដូចនេះកុំខឹងពេលអ្វីមួយដើរខុសពីការគិតរបស់យើង ព្រោះវាជារឿងធម្មតាដែលឧស្សាហ៍កើតឡើងណាស់។ តែបើវាជារឿងអាក្រក់មែន យើងក៏គួរសួរ ខ្លួនឯងថាការបញ្ចេញកំហឹងរបស់យើងអាចជួយឲ្យរឿងនោះប្រែល្អវិញប៉ុណ្ណា និងផ្តល់ផល អវិជ្ជមានវិញអ្វីខ្លះ។ បើការបញ្ចេញកំហឹងរបស់យើងមិនអាចកែប្រែស្ថានភាពនោះបានទេ ថែម ទាំងបន្ថែមរឿងអាក្រក់ចូលមកទៀត យើងក៏មិនចាំបាច់ទៅខឹងដែរ។

ជារួម កុំចំណាយលើកំហឹង! កុំបណ្តោយឲ្យទំនាក់ទំនង មនោសញ្ចេតនា មិត្តភក្តិ សុខភាព និងលុយកាក់ក្លាយជាថ្លៃចំណាយរបស់យើងលើកំហឹងព្រោះវាជាការចំណាយដ៏ថ្លៃមួយដែលគ្មាន ផ្តល់ផលចំណេញមកវិញទេ។

ទស្សនៈដែលបង្ហាញនៅទីនេះ គឺជាទស្សនៈបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីទស្សនៈយបស់យូនីសេហ្វ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s