ភាពអស្ចារ្យ នៃទម្លាប់សរសេរដែលយើងមិនបានដឹង

ដោយ៖​ សុខ​ រិទ្ធា

fullsizeoutput_6d3
© SOK_RITHEA

តើលើកចុងក្រោយដែលអ្នកសរសេរអ្វីមួយគឺនៅពេលណា? (ពាក្យ “សរសេរ” ក្នុងន័យនេះគឺសំដៅលើការ សរសេរ​ដើម្បីកត់ត្រា ឬចងក្រងអ្វីមួយ ដោយបូករួមទាំងការសរសេរដៃ និងវាយលើក្តារចុច) ហើយ​​ ការសរសេរ​ហ្នឹងមកពីចង់សរសេរ ឬក៏មកពីចាំបាច់? យើងគួរតែសរសេរមកពីចង់សរសេរ ព្រោះចំណង់​​ ចំណូលចិត្តអាចធ្វើឲ្យយើងមិនហត់ និងមិនធុញក្នុងការធ្វើវា។ លើសពីនេះទៀត ចំណូលចិត្ត និងទម្លាប់ នៃការសរសេរជាប្រចាំ ដូចជាការសរសេរកំណត់ហេតុ សរសេររឿងរ៉ាវដែលបានជួបប្រទះ  ឬការស្រមើ ស្រមៃ។ល។ អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់យើង។

ខាងក្រោមនេះគឺអត្ថប្រយោជន៍នៃទម្លាប់សរសេរជាប្រចាំដែលយើងមិនគួរមើលរំលង៖

ការសរសេរជួយបង្កើនការគិត និងយល់ពីខ្លួនឯង

មនុស្សម្នាក់ៗសុទ្ធតែមានគំនិតក្នុងខ្លួនទាំងអស់ ប៉ុន្តែយើងមិនអាចដឹងពីទំហំ និងវិសាលភាពពិតនៃ គំនិតរបស់យើងបានទេ បើយើងមិនដែលយកវាមកពិនិត្យ។​​ ពេលយើងមានទម្លាប់សរសេរពីគំនិត របស់យើងចេញមក យើងមានឱកាសបានស្វែងយល់ពីវាកាន់ដែលច្បាស់។​ យើងអាចមើលឃើញនឹងភ្នែក ថាវាល្អដូចយើងធ្លាប់គិត ឬអត់​ ត្រូវនឹងអ្វីដែលយើងចង់បានកម្រិតណា និងមានចន្លោះប្រហោងត្រង់ ណា ហើយយើងក៏អាចដឹងថាហេតុអ្វីយើងមានការគិតបែបនោះផងដែរ។

ពេលបានយល់ច្បាស់ពីគំនិតខ្លួនឯងបែបនេះ យើងនឹងអាចកែលម្អការគិតរបស់យើង ដោយយើងអាច ស្វែងរកគំនិតផ្សេងៗមកបំពេញបន្ថែមដើម្បីធ្វើឲ្យគំនិតចុងក្រោយរបស់យើងល្អគ្រប់គ្រាន់ និងត្រឹមត្រូវ តាមចិត្តដែលយើងចង់បាន។ ឧទាហរណ៍ ពេលសរសេរតែងសេចក្តី គឺជាពេលដែលយើងសរសេរគំនិត យើងចេញមក ប៉ុន្តែមុនពេលដែលយើងអាចសរសេរចប់បាន យើងត្រូវលុបគំនិតមួយចំនួនចោល កែ គំនិតខ្លះៗ និងគិតរកគំនិតថ្មីបន្ថែមចូល។ ទាល់តែបានសរសេរចេញមកបែបនេះ ទើបយើងអាចយល់ពី អ្វីដែលយើងចង់បាន ពីលក្ខណៈសម្បត្តិនៃគំនិតនីមួយៗ និងចំណុចដែលយើងខ្វះខាត។ ការសរសេរបែប នេះធ្វើឲ្យយើងអាចស្គាល់កាន់តែច្បាស់ពីគំនិតនីមួយៗរបស់យើង ដែលជាលទ្ធផលធ្វើឲ្យយើងអាចយល់ពី ខ្លួនឯងកាន់តែច្បាស់។

ការសរសេរជួយបង្កើនសមត្ថភាពនិយាយ

ធ្លាប់អត់ មានគំនិតក្នុងខ្លួនហើយតែមិនដឹងថាបរិយាយវាចេញមករបៀបម៉េច? គំនិត ពេលនៅក្នុង ក្បាលរបស់យើង ប្រៀបដូចជាបន្លែឆៅមួយចានអញ្ចឹង មើលទៅធំហើយច្រើនទៀត ប៉ុន្តែដល់ពេលត្រូវ យកមក​បរិយាយ វាអាចនឹងរួមតូចដូចបន្លែត្រូវទឹកក្តៅ។ ​ធម្មតាទេ បើយើងមិនធ្លាប់បានឃើញអ្វីមួយ យើងប្រហែលជាពិបាកពិពណ៌នាអំពីវាទៅកាន់អ្នកដទៃហើយ​។ គំនិតក៏ដូចគ្នា បើចង់ឲ្យគេយល់ យើង ត្រូវនិយាយឲ្យស្រួលយល់ ហើយដើម្បីអាចនិយាយឲ្យស្រួលយល់បាន យើងត្រូវឃើញវាសិន ទើបយើងអាច ដឹងថាកន្លែងណាចាំបាច់លើកមកនិយាយ និងកន្លែងណាមិនបាច់ និងគួរចាប់និយាយពីចំនុចណាទៅ ហើយបញ្ចប់វិញត្រង់ណា ដែលនេះហើយគឺសមត្ថភាពក្នុងការនិយាយ។ ពេលយើងមានទម្លាប់តែងតែ សរសេរគំនិតយើងចេញមក យើងអាចមើលឃើញពីវាច្បាស់ ហើយដល់ពេលត្រូវនិយាយវាចេញមក យើង នឹងអាចដឹងថាគួររៀបក្បាលកន្ទុយបែបណា និយាយចំនុចអី ប្រើពាក្យណាខ្លះ និងភ្ជាប់ឃ្លាមួយៗរបៀប ម៉េច ទើបធ្វើឲ្យការនិយាយរបស់យើងស្រួលយល់សម្រាប់អ្នកស្តាប់ ហើយដែលសំខាន់ដែរនោះគឺ គេអាច យល់ត្រូវមួយរយភាគរយពីការនិយាយរបស់យើងទៀត។  មេដឹកនាំប្រទេស អ្នកជំនួញ មេធាវី សាស្រ្តាចារ្យ​ ។ល។ តែងតែសរសេរការគិតខ្លួនឯងចេញជាសំណេរសិន មុននឹងថ្លែងពីវាទៅកាន់អ្នកដទៃ ហើយមាន ពេលខ្លះ ពួកគេអានតាមវាទៀត ដើម្បីធានាថា និយាយចេញមកបានល្អ និងអាចយល់បាន។ ដើម្បីអាច និយាយគំនិតយើងចេញមកឲ្យបានល្អ យើងត្រូវដឹងឲ្យច្បាស់ពីវាថា ពេលឆៅប៉ុណ្ណា ហើយពេលត្រូវទឹកក្តៅ ប្រែទៅប៉ុណ្ណា​ ហើយយើងអាចដឹងវាបានតាមរយៈទម្លាប់នៃការសរសេរវាចេញមក។

gift-habeshaw-517714-unsplash
Photo by Gift Habeshaw on Unsplash

ការសរសេរអាចជួយកាត់បន្ថយអារម្មណ៍មិនល្អ

ធ្លាប់មានគេនិយាយថា ប្រសិនបើយើងឈឺចាប់ដោយសាររឿងស្នេហា ហើយយើងចង់បំបាត់អារម្មណ៍ឈឺ ចាប់នោះ យើងគួរតែសរសេរពីអារម្មណ៍ឈឺចាប់របស់យើងចេញមក។ ថ្ងៃនេះឈឺយ៉ាងម៉េចខ្លះ នឹកឃើញអី ខ្លះ សរសេរចេញមកឲ្យអស់ ហើយស្អែក ខានស្អែក មានអារម្មណ៍យ៉ាងម៉េចពិបាកយ៉ាងម៉េចសរសេរវាចេញ មកទៀត។ ពេលសរសេរចប់ម្តងៗ យើងដូចបានបញ្ចេញការឈឺចាប់នោះចេញពីខ្លួនអញ្ចឹង ហើយយើង នឹងឃើញថាការសរសេររបស់យើងមួយថ្ងៃខ្លីជាងមួយថ្ងៃ និងអារម្មណ័ឈឺចាប់របស់យើងក៏បានកាត់ បន្ថយផងដែរ។ អ្នកខ្លះវិញ ក្នុងពេលមួយថ្ងៃពីរ គឺបានកាត់បន្ថយយ៉ាងច្រើនព្រោះគាត់ខ្ជិលសរសេរបន្ត ដូចនេះគាត់ក៏សម្រេចចិត្តឈប់នឹកគិតពីរឿងមិនល្អទាំងនោះ ដែលនេះហើយជាអ្វីដែលវិធីនេះចង់បាន គឺកាត់បន្ថយអារម្មណ៍មិនល្អដោយសុវត្ថិភាព និងឆាប់រហ័ស។ ចាត់ទុកទឹកប៊ិចជាទឺកភ្នែក សម្រក់វាមក ជាអក្សររៀបរាប់ពីអារម្មណ៍មិនល្អ ខឹង ស្អប់ ស្តាយ កើតទុក្ខ​ និងឈឹចាប់ក្នុងចិត្តយើង​។ ការសរសេរពី អារម្មណ៍យើងបែបនេះមិនត្រឹមអាចជួយបន្ថយអារម្មណ៍អវិជ្ជមានបានទេ វាក៏ជាការឲ្យយើងបានកត់ត្រា ទុកនូវរឿងទាំងនោះទុកជាមេរៀនសម្រាប់ថ្ងៃក្រោយទៀតផង។

ការសរសេរចងក្រងពីដំណើរជីវិត

យើងមិនអាចត្រលប់ទៅពេលវេលាណាមួយក្នុងអតីតកាលនោះទេ មិនថាយើងចង់ប៉ុណ្ណាឡើយ ក៏ប៉ុន្តែ ការសរសេរពីគំនិតយើង រឿងរ៉ាវយើង អ្វីដែលយើងបានដឹង​ រៀន ស្គាល់ និងជួបប្រទះ អាចឲ្យយើង ចងក្រងទុកនូវគ្រប់គ្រា គ្រប់ទំព័រជីវិតរបស់យើង។ មិនថាថ្ងៃនេះយើងសរសេរពីរឿងរបស់មិត្តរួមថ្នាក់​ ពីរឿងដែលឃើញតាមផ្លូវ ឬពីរឿងដែលបានឮតគ្នា និងសប្តាហ៍ក្រោយយើងប្តូរទៅសរសេរពីគំនិតយើង ពីចំណេះ និងបទពិសោធន៍ដែលយើងរៀនបាន ឬពីការស្រមើស្រមៃរបស់យើងនោះទេ ទាំងអស់នេះសុទ្ធ តែជាការចងក្រងពីដំណើរជីវិត ព្រោះរឿងទាំងអស់កើតឡើងនៅលើផ្លូវជីវិតរបស់យើង។ វាបង្តើតជាអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើង និងជាស្លាកស្នាមនៃដំណើររបស់យើង ដោយវាចងក្រងទុក នូវអ្វីដែលយើងបានធ្វើ និងជួបនៅថ្ងៃណាមួយ ម៉ោងណាមួយ និងនៅទីណាមួយ ហើយទាំងអស់នោះក៏ អាចជាមេរៀនអ្វីមួយសម្រាប់មនុស្សណាម្នាក់ទៀតផង ដែលនឹងធ្វើឲ្យការចងក្រងរបស់យើងកាន់តែ មានតម្លៃ។ រូបថត និងវីឌីអូ រក្សាទុកនូវរូបភាពនៃពេលមួយ ប៉ុន្តែអក្សរមួយព្យាង្គៗអាចចងក្រងទុក នូវអត្ថន័យរបស់ពេលនោះ។ បើយកវាមកអាន យើងហាក់ដូចជាអាចត្រលប់ទៅកាន់ល្ងាចថ្ងៃអាទិត្យ មួយកាលពីបួនឆ្នាំមុនអញ្ចឹង។​

brent-gorwin-674995-unsplash
Photo by Brent Gorwin on Unsplash

ការសរសេរបង្កើនចំណេះដឹងផ្នែកវាក្យស័ព្ទ

ពេលនិយាយ យើងប្រហែលជាមិនបានចាប់អារម្មណ៍ពីពាក្យដដែលៗដែលយើងប្រើក្នុងពេលតែមួយទេ ប៉ុន្តែពេលសរសេរ យើងនឹងចាប់អារម្មណ៍ភ្លាមប្រសិនបើយើងប្រើវាក្យស័ព្ទតែមួយច្រើនដង វានឹងធ្វើឲ្យ យើងយល់ថាការសរសេររបស់យើងមិនពិរោះ និងមិនសូវល្អទាក់ចិត្ត។ ពេលនោះ យើងនឹងខិតខំស្វែងរក វាក្យស័ព្ទផ្សេងទៀតដែលមានន័យដូច យកមកប្រើដើម្បីលើកសោភ័ណភាពអត្ថបទដែលយើងសរសេរ​ ហើយបន្តិចម្តងៗ ចំណេះដឹងផ្នែកវាក្យស័ព្ទរបស់យើងនឹងកើនឡើង។ បន្ថែមលើនេះទៀត វាក៏បង្កើន ចំណេះដឹងផ្នែកតាក់តែងឃ្លាឃ្លោងឲ្យកាន់តែខ្លី និងកាន់តែមានន័យ។​ ទម្លាប់សរសេរជាប្រចាំមិនត្រឹម ជួយអភិវឌ្ឍន៍សមត្ថភាពប្រើប្រាស់ពាក្យ និងឃ្លារបស់យើងឲ្យកាន់តែសម្បូរបែបប៉ុណ្ណឹងទេ នៅពេលយើង និយាយ យើងក៏នឹងនឹកឃើញប្រើប្រាស់វាក្យស័ព្ទទាំងនោះក្នុងការសន្ទនារបស់យើងដែរ។ ជាលទ្ធផលយើង នឹងឈានទៅជាបុគ្គលម្នាក់ដែលជំនាញក្នុងការសរសេរ​​ និងនិយាយបានពិរោះ ខ្លី​ និងខ្លឹម។

តាមពិតទៅ ទម្លាប់សរសេរជាប្រចាំមានគុណសម្បត្តិជាច្រើនទៀតសម្រាប់អ្នក ប៉ុន្តែអានត្រឹមប៉ុណ្ណឹងសិន ព្រោះអ្វីដែលអ្នកគួរធ្វើពេលនេះគឺចាប់ផ្តើមសរសេរម្តង។ កុំគិតថាអ្នកគ្មានអីសរសេរ!​ អ្នកមានរឿងច្រើន ណាស់ដែលអាចកត់ត្រាបាន ដូចជាអារម្មណ៍របស់អ្នកថ្ងៃនេះ មនុស្សដែលអ្នកជួបម្សិលមិញ ចំណេះដឹង ឬ បទពិសោធន៍ដែលអ្នកមាន ឬយោបល់របស់អ្នកចំពោះរឿងអ្វីមួយ។​ល។ វាសុទ្ធតែមានតម្លៃនឹងសរសេរ ទុក ហើយវាអាចមានតម្លៃសម្រាប់អ្នកដទៃអាន និងរៀនតាមទៀតផង។ ហើយក៏កុំគិតថាអ្នកគ្មានពេល សរសេរ! មួយសប្តាហ៍សរសេរម្តងក៏បាន ឬពីរបីថ្ងៃម្តងក៏ល្អ ហើយសរសេរខ្លី ឬវែងសុទ្ធតែល្អទាំងអស់ ឲ្យតែ អ្នកចាប់ផ្តើមធ្វើវា។

បើមិនយល់ទាស់ទេ សរសេរពីគំនិតរបស់អ្នកបន្ទាប់ពីបានអានអត្ថបទនេះក្នុងប្រអប់យោលបល់ ក៏បាន។ វាអាចជាមេរៀនសម្រាប់ខ្ញុំក៏ថាបាន។

 

ទស្សនៈដែលបង្ហាញនៅទីនេះ គឺជាទស្សនៈបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីទស្សនៈយបស់យូនីសេហ្វ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s