អត្ថបទដោយ៖ ខុន សក្ក័ដា

គ្រប់គ្នាសុទ្ធតែថាចង់អានសៀវភៅ តែទាំងខ្ញុំទាំងគេ បើនិយាយឲ្យមែនទែនទៅ មួយថ្ងៃៗសរុបសាច់អាន ទៅរកតែមួយទំព័រមិនបានផង ដោយហេតុតែការងាររវល់ ឬក៏គ្មានអារម្មណ៍អានជាដើម។ តែខ្ញុំជឿថា ភាគច្រើនមនុស្សម្នាសម័យនេះនាំគ្នាប្រើប្រាស់ស្មាតហ្វូន ឬកុំព្យូទ័រដើម្បីអានជំនួសឲ្យសៀវភៅសន្លឹក
ក្រដាសបែបប្រពៃណី ដោយសារតែវាស្រួលយកតាមខ្លួន ហើយមួយវិញទៀតពួកគេមិនសូវត្រូវចំណាយ លុយច្រើនក្នុងការទិញសៀវភៅ ហេតុតែសៀវភៅ និងអត្ថបទនៅលើអ៊ីធឺណេតមានសម្បូរបែប។
បញ្ហាលំបាកដែលគ្រប់គ្នាឧស្សាហ៍ជួបប្រទះទៅវិញទេនោះគឺជាការផ្ដោតអារម្មណ៍អានសៀវភៅ ឬអត្ថបទ តាមអេក្រង់វាមិនសូវបានយូរឬបើទោះជាប្រឹងអានឲ្យបានយូរក៏ពិបាកនឹងកាត់យល់ន័យសេចក្តីរបស់
សៀវភៅ ឬអត្ថបទនោះដែរ។ ដោយមើលឃើញពីការលំបាកដូច្នោះនៅក្នុងអត្ថបទនេះខ្ញុំនឹងបង្ហាញអ្នក ទាំងអស់គ្នាពីវិធី៣យ៉ាងដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើឲ្យអ្នកអាចអានសៀវភៅ ឬអត្តបទតាម អេក្រង់ឲ្យបានយូរ និងយល់ពីអត្ថន័យរបស់វាឲ្យបានប្រសើរជាងមុន។
១. កាត់បន្ថយការរំខាន
អ្នកអាចផ្តោតអារម្មណ៍មិនបានព្រោះតែសម្បូររបស់រំខាន។ មិនបាច់ទៅមើលអីច្រើនទេ ស្ដាប់តែសម្លេង Messenger របស់អ្នកលោតឡើងមក ខ្ញុំជឿថាអ្នកទ្រាំបានយ៉ាងយូរបំផុតត្រឹម ៥នាទី ដឹងតែចុចឆែកមើល ហើយ ឬបើសិនជាអ្នកមិនមែនជាមនុស្សចូលចិត្តលេងឆាតអ្វីនោះទេ Notification ផ្សេងៗក៏ធ្វើឲ្យអ្នកបែក អារម្មណ៍មិនតិចដែរ ដូច្នេះហើយមុននិងក្រោយអ្នកនឹងឈប់អានឯកឯង។
ដំណោះស្រាយងាយៗគឺគ្រាន់តែបិទ Notification ជាការស្រេច។ តាមពិតទៅ Notification ដែលលោតមក រាល់ថ្ងៃនេះ ប្រសិនបើមើលឲ្យមែនទែនទៅមិនសូវជាបានសាច់ការអីប៉ុន្មាននោះទេ លើកលែងតែទាក់ទង នឹងការងារ។ ហេតុនេះធ្វើការពិនិត្យមើលខ្លួនឯងទៅថា Notification ពីAppមួយណាមានប្រយោជន៍ មួយ ណាគ្មានប្រយោជន៍ បើអាចបិទចោលបានបិទវាទៅ កុំស្ដាយស្រណោះ ព្រោះពេលវេលាមានតម្លៃ ហើយយើង គួរធ្វើអ្វីដែលផ្ដល់គុណប្រយោជន៍ពិតប្រាកដដល់ជីវិត។
ហើយបើចង់ដឹងពីរបៀបប្រើប្រាស់ស្មាតហ្វូនដែលអាចឲ្យអ្នកផ្ដោតអារម្មណ៍បានល្អនោះ អ្នកទាំងអស់គ្នា អាចសាកល្បងប្រើប្រាស់កម្មវិធីទូរស័ព្ទ២ ដែលខ្ញុំបានរៀបរាប់កាលពីអត្ថបទមុន ដោយអ្នកទាំងអស់គ្នា អាចធ្វើការចូលតាមតំណរនេះបាន។
២. ផ្ទាំងសម្រាប់អាន
គេហទំព័រខ្លះមានការរចនាពិបាកមើលយកតែមែនទែន តែអត្ថបទគេល្អ។ ទោះជាយ៉ាងនេះក្តីបើសិនជា អ្នកបើកមកឃើញនេះឃើញនោះលោតមករញ៉េរញ៉ៃ សាច់អត្ថបទមិនដឹងនៅទីណា ឬក៏ការផ្សាយពាណិជ្ជកម្ម លើសលប់ ខ្ញុំជឿថាមិនមានអ្នកណាស៊ូអានទេ ប្រាកដជាបិទចោលហើយអូសរករូបឆ្កែ ឆ្មាខ្យូតៗមើលវិញ ហើយ។ តែអ្នកអាចកាត់បន្ថយការចាកចេញពីវេបសាយដែលមានអត្ថបទល្អៗតែខ្វះការរចនាបានតាមរយៈ ការប្រើប្រាស់ App បន្ថែម។
App មួយល្អមែនទែនដែលគ្រូបង្វឹកខ្ញុំក្នុងកម្មវិធី Voices of Youth របស់UNICEF បងសុរីតា គាត់ណែនាំគឺ Pocket ដោយវាអាចជួយឲ្យយើងរក្សាទុកនូវអត្ថបទនៅលើវេបសាយណាដែលយើងចាប់អារម្មណ៍ ហើយអាច អានវានៅពេលក្រោយ ដោយមិនមានពាណិជ្ជកម្មលោតមកស្អេកស្កាស់រញ៉េរញ៉ៃ។ បន្ថែមទៅលើនេះទៀត កម្មវិធីមួយនេះបានជួយសម្រួលនូវការអានរបស់យើងដូចជា អនុញ្ញាតឲ្យយើងដូរពុម្ពអក្សរ ប្រភេទក្រដាស (ពណ៌ស ខ្មៅ និងក្រដាសចំបើង)។
៣. កុំបង្ខំចិត្តអាន
អ្នកអាចនឹងព្យាយាមបង្ខំខ្លួនឯងឲ្យអានអ្វីមួយដែលខ្លួនឯងមិនចូលចិត្ត មិនថាសៀវភៅ ឬអត្ថបទទេ ហើយដោយសារពិបាកអាន ធ្វើឲ្យយូរៗទៅអ្នកនឹងឈប់អានដោយមិនដឹងខ្លួន។
ដំណោះស្រាយល្អមួយគឺ បើអានមិនយល់ ឈប់អាន ចូលទៅកាន់អត្ថបទឬសៀវភៅថ្មីដែលជក់ចិត្ត ដិត អារម្មណ៍ទាក់ភ្នែកវិញ ព្រោះមិនខ្វះទេអត្ថបទដែលមានគុណភាពនៅលើអ៊ីនធឺណេតនោះ បើទោះជាអត្ថបទ ផុសឡើងច្រើនលើសលប់ក្តី ហើយសម្រាប់សៀវភៅក៏អញ្ចឹងដែរ។ បើពិបាកអានហើយ អានតទៀតមានតែ ចំណាយពេលវេលាមិនសូវបានការទេ ទម្លាក់កំហុសនេះឲ្យទៅអ្នកសរសេរទៅ ព្រោះសរសេរ គេមើលមិនយល់ គេចុចចេញ។
ណ្ហើយ នេះគ្រាន់តែជាក្បួនមួយចំនួនដែលខ្ញុំប្រើប្រាស់ក្នុងរយៈពេល៣ខែកន្លងមកទេ តែសម្រាប់ខ្ញុំ ៣ ចំណុចនេះជួយខ្ញុំឲ្យអានបានច្រើនតាមអេក្រង់ជាងមុន។ ជាងនេះទៅទៀត ពេលវេលាដែលជះទៅលើ ការលេងបណ្ដាញសង្គមមិនសូវបានប្រយោជន៍ក៏កាត់បន្ថយបានច្រើនដែរ តែជួនកាលទៅវិធីខ្ញុំក៏មិនត្រូវ សម្រាប់អ្នកខ្លះដែរ ដោយវិធីដែលល្អបំផុតនោះគឺការស្វែងយល់ពីខ្លួនឯងឲ្យបានកាន់តែច្រើន។ អត្ថបទនេះ ក៏មិនមែនមានន័យថាសៀវភៅសន្លឹកក្រដាសបែបប្រពៃណីលែងមានប្រយោជន៍នោះឡើយ វានៅតែមិន អាចចោលបានទេ។
អរគុណខ្លាំងសម្រាប់ការអានតាំងពីលើរហូតដល់ក្រោម បើមានអ្វីបន្ថែម ឬក៏យល់ថាមានបញ្ហាក្នុងចំណុច ណាមួយនោះ សរសេរមតិយោបល់ដាក់ចូលប្រអប់Comment មក ខ្ញុំរីករាយនឹងរង់ចាំអានមតិយោបល់ក៏ដូចជាគំនិតថ្មីៗពីអ្នកទាំងអស់គ្នា ហើយប្រសិនបើយល់ថាមាន ប្រយោជន៍កុំភ្លេចចុចចែករម្លែកឲ្យគេឯងមើលផងណា!
ទស្សនៈដែលបង្ហាញនៅទីនេះ គឺជាទស្សនៈបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីទស្សនៈយបស់យូនីសេហ្វ។