មានលុយប៉ុន្មានក៏មិនសល់ដែរ បើមិនចេះចាយ​

អត្ថបទដោយ៖ ខុន សក្ក័ដា

photo by sharon mccutcheon on unsplash
Photo by Sharon McCutcheon on Unsplash

លុយជារបស់ក្រៅខ្លួន ពេលស្លាប់ទៅមិនអាចយកទៅតាមបានទេ ហើយវាក៏មិនអាច​ទិញសុភមង្គលបាន​ដែរ ប៉ុន្តែ​ពេលខ្លះក៏យើងឈឺក្បាលមិនតិច​ដែរដោយហេតុតែយើងមិនទាន់ចេះប្រើប្រាស់​វាឲ្យបានត្រឹមត្រូវ។ អ្នកខ្លះមានចំណូល ឬប្រាក់ខែច្រើនតែមិនសល់ ដល់ចុងខែជួបប្រទះនឹងបញ្ហា ឯអ្នកខ្លះទៀតមានចំណូលតិចទេ តែនៅពេលដែលត្រូវការលុយក្នុងពេលចាំបាច់​ គាត់មាន។

មិនបាច់ទៅមើលឯណាច្រើនទេ ប្រសិនបើអ្នកកើតនៅក្នុងត្រកូលគ្រួសារ​ដែលមិនសូវធូរធារ ឬមានចំណូលមធ្យម អ្ន​​​​​​​​​​កនឹងឃើញថា ឪពុកម្ដាយអ្នករកចំណូលមិនសូវជាបានច្រើនទេ តែគាត់​អាច​មាន
លទ្ធភាពចញ្ចឹម​ អ្នករហូតដល់រៀនចប់បរិញ្ញាបត្រ ឬក៏អាច​ថាដល់ពេលអ្នកមានការងារល្អៗធ្វើទៀត​ក៏មាន។ មានដែលឆ្ងល់អត់ថាហេតុអី ហើយគាត់ចាយលុយដូច​អ្នកដែរ ឬអត់?

លុយមិនមែនជារបស់ស្រួលរកទេ តែក៏មិនមែនមានន័យថាជីវិត​របស់​អ្នក​ត្រូវ​ផ្ដោត​ទៅលើលុយតែមួយមុខនោះឡើយ។ អ្វីដែលសំខាន់នោះគឺគ្រាន់តែកុំធ្វើឲ្យវាក្លាយទៅជារឿង​មួយដែលធ្វើឲ្យអ្នកឈឺក្បាលក្នុងចំណោមបញ្ហា​ជីវិត​រាប់ជំពូកទៀត។ ហេតុដូច្នេះនៅក្នុងអត្ថបទនេះ ខ្ញុំនឹង​ព្យាយាមចែករំលែក​ចំណេះដឹងខ្លះៗទាក់ទងនឹងការ​ចាយវាយ គ្រប់គ្រងហិរញ្ញវត្ថុ ដែលខ្លួនខ្ញុំផ្ទាល់​ក៏កំពុង​ចាប់ផ្ដើមធ្វើវាដែរ ព្រោះអ្នកសរសេរ​នេះក៏ដាច់បាយម្ដងម្កាលដែរ 😂

១. ដឹង​ថាខ្លួនឯងមានប៉ុន្មានឲ្យប្រាកដ

ដំបូង​ឡើយវាគ្មានអ្វីធ្វើឲ្យអស់លុយលឿនជាងការដែលចាយមិនដឹង​មុខក្រោយ ហើយមិនដឹង​ថា​ក្នុងកាបូបខ្លួនឯងមានប៉ុន្មានឲ្យប្រាកដនោះទេ។ ដំបូង​នៅក្នុងកាបូបឃើញលុយក្រាស់ច្រើនដែរ តែមិនដឹងប៉ុន្មាន ក៏ចេះតែ​ដកចាយៗងាយផុយៗ។ ​ពេលដល់ផ្ទះបើកមើលកាបូបរកលុយមិនឃើញបាន​ចាប់ផ្ដើមពិបាកចិត្ត​ស្ដាយក្រោយ។

ពេលចាប់ផ្ដើមថ្ងៃថ្មីដំបូង​ ពេលព្រឹកឡើង ឬពេលយប់មុនចូលគេង ​ ចាប់​ផ្ដើម​រាប់មើលលុយថាខ្លួនឯង ​មាន​ប៉ុន្មាន​នៅក្នុងកាបូបនោះឲ្យច្បាស់​ ហើយត្រូវដកប៉ុន្មានដាក់ក្នុងកាបូបសម្រាប់ចេញក្រៅនៅថ្ងៃហ្នឹង ឬ​ស្អែក។ ការដែលដឹងពីចំនួនលុយខ្លួនឯងច្បាស់​ដូចនេះ​ វាងាយស្រួលឲ្យយើងតាមដាន​ចំណូលចំណាយរបស់យើង។

២. ធ្វើតារាង​ចំណូលចំណាយ

ចំណុចទី១មិញនេះ គ្រាន់តែ​ជាការពញ្ញាក់អារម្មណ៍របស់អ្នកឲ្យតាមដាន​ការចាយវាយរបស់ខ្លួនប្រចាំថ្ងៃ តែអ្វីដែលជាស្នូលមិនធ្វើឲ្យអ្នករត់រកមីកំប៉ុង​នៅចុងខែនោះ គឺការតាមដាន​ប្រចាំខែ។ វាជាការធ្វើបញ្ជីមួយឲ្យច្បាស់លាស់ពីចំណូល ចំណាយ ប្រាក់សន្សំសម្រាប់ខែនេះ និងគម្រោងចាយវាយនៅខែក្រោយ។

មានអត្ថបទមួយល្អមែនទែន របស់វេបសាយ​ខ្មែរ​យើង Wapatoa.com ដែលអ្នកសរសេរ គាត់​បានរៀបរាប់​ យ៉ាងលម្អិតពីការរៀបគម្រោងចាយវាយ និងបញ្ជី​ចំណូលចំណាយ​ ដោយអ្នកទាំងអស់គ្នាអាចចុចចូលអាន បន្តបានតាមរយៈ​តំណនេះ សម្រាប់ខេមរភាសា ហើយតំណនេះសម្រាប់ភាសាអង់គ្លេស។

៣. ទិញរបស់ដែលសំខាន់ពិតប្រាកដ

គ្រប់គ្នាប្រហែលសុទ្ធតែ​បានចំណាយលុយទិញរបស់របរច្រើនមែនទែន ប៉ុន្តែ​សួរ​ថា​របស់​ដែលទិញហើយនោះ តើបានប្រើវាឲ្យអស់​ពីលទ្ធភាពដែរ ឬអត់ ហើយទិញវាមកពេញចិត្ត ឬអត់។ របស់សំខាន់ពិតប្រាកដ​ដែលត្រូវ ប្រើប្រាស់​ប្រហែលជាមានមិនច្រើននោះទេ ហេតុនេះអ្នកគួរ​តែ​ព្យាយាមកាត់បន្ថយការទិញរបស់​ដែលមិនចាំបាច់។ រស់​នៅជីវិតមួយដ៏សាមញ្ញ បើមានពេលអ្នកអាច​ព្យាយាមយល់ពីការរស់នៅមួយបែប ដែលគេ ហៅថា Minimalismដោយខ្ញុំសូមណែរនាំកន្លែងល្អពីរ ទីមួយគឺវេបសាយ The Minimalists និង មួយទៀត​ ជាប៉ុស្ដិវីឌីអូយូធូបរបស់លោក Matt D’Avella

ចំណុច​ទាំង​បីខាង​លើនេះ ស្រួលនិយាយ​តែពិបាកធ្វើ។ ចំណុច​ទីពីរ​ និង​ទីបីអ្នកអាច​នឹង​ធ្វើបានតែដំបូង​ៗ មួយភ្លែតបោះបង់ចោល ឬពិបាក តែមិនអីទេបើពិបាកគួរធ្វើ​ចំណុច​ទី១ឲ្យបាន​ជាប់លាប់ព្រោះថា​វានឹង​ជួយ​ពញ្ញាក់​អារម្មណ៍អ្ន​កខ្លះៗឲ្យគិតគូរ​ពីការចាយវាយជាងមុន។

អរគុណសម្រាប់​ការ​ចំណាយពេលអានអត្ថបទមួយនេះ សង្ឃឹមថា​វាអាច​នឹង​ជួយអ្នក​បានខ្លះ ហើយប្រសិនបើ​អ្នកមាន​គំនិត​អ្វីបន្ថែមល្អជាងនេះ កុំស្ទាក់ស្ទើរ​នឹង​បញ្ចេញវានៅក្នុង​កន្លែងបញ្ចេញមតិនៅខាង​ក្រោមនេះ ហើយកុំភ្លេច​ចែករម្លែកផងបើអ្នកយល់ថាមានប្រយោជន៍😚

 

ទស្សនៈយល់ដែលបង្ហាញនៅទីនេះ គឺជាទស្សនៈយល់ឃើញរបស់អ្នកនិពន្ធ និងមិនតំណាង ឬឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់យូនីសេហ្វ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s