អត្ថបទដោយ៖ ខុន សក្ក័ដា
Photo by Steve Halama on Unsplash
ពេលបើកមើលបណ្ដាញសង្គមនៅលើទំព័រដែលផ្តោតលើការជម្រុញទឹកចិត្ត ឬបណ្ដុះផ្នត់គំនិតផ្សេងៗ ច្រើនតែឃើញគេនាំគ្នាឲ្យតម្លៃខ្ពស់ទៅលើការបរាជ័យ ដែលធ្វើឲ្យគ្រប់គ្នាចូលចិត្តសម្តីនោះ ចង់សាក ចិត្តសឿងនឹងបរាជ័យទៅតាមទំនោរដូច្នោះដែរ។
ពួកគេចាប់ផ្ដើមធ្វើអ្វីដែលគេចង់ធ្វើ ដោយមិនខ្វល់ខ្វាយពីសម្ដីរបស់អ្នកដទៃ។ ពេលខ្លះទៅ ឲ្យតែសម្ដីរបស់ អ្នកដទៃឃ្នើសនឹងចិត្តគំនិតរបស់គេបន្តិច ក៏មានអារម្មណ៍ថាធុញទ្រាន់ យល់ថាសម្តីនោះគ្មានបានការ ការគិតរបស់អ្នកដទៃមិនដល់ពួកគេ ឬក៏អ្នកថាបានតែថា។
ពិតណាស់ថាមិនមែនគ្រប់គ្នាសុទ្ធតែចង់ឃើញអ្នកល្អជាងគេទេ តែក៏មិនមែនមានន័យថា គ្មានអ្នកដែល ខ្វល់ពីអ្នកដែរ ដោយពេលខ្លះទៅគេនិយាយ គេថា គេស្ដីឲ្យក៏ព្រោះតែគេបារម្ភពីអ្នក មិនចង់ឲ្យអ្នកជួប បញ្ហាលំបាក ឬដើរផ្លូវខុស ហើយពួកគេទាំងនោះភាគច្រើនជាមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ ដែលអាចថាជាម្ដាយឪពុក បងប្អូន ឬកល្យាណមិត្ត។
ឧទាហរណ៍ខ្លះៗ អ្នកអាចនឹងមានអារម្មណ៍ខឹងអ្នកផ្ទះ ឬមិត្តភក្តិអ្នកនៅពេលពួកគាត់រិះគន់អ្នកពីគំនិត ដែលអ្នកចង់ចេញរកស៊ីផ្ទាល់ខ្លួន ឬក៏រត់ទៅរៀនជំនាញផ្សេងទៀតដែលគាត់មើលមិនឃើញថាវានឹង ជួយអ្នកនៅពេលអនាគត តែអ្វីដែលអ្នកគួរធ្វើវិញនោះគឺយកយោបល់គាត់មកពិចារណាថាវាដូចអ្វីដែល គាត់និយាយមែន ឬអត់ ហានិភ័យខ្ពស់ប៉ុណ្ណា ហើយរៀបចំគម្រោងឲ្យច្បាស់់លាស់។ ពេលខ្លះទៅ ការគិតរបស់អ្នកនៅមានចន្លោះខ្វះខាតបន្តិចបន្តួចដែលអ្នកភ្លេចខ្លួនមិនបានមើលឃើញ។
អ្នកប្រាកដជាធ្លាប់ឮហើយពីជីវប្រវត្តិតស៊ូ រឿងបរាជ័យច្រើនរឿងរបស់អ្នកនិពន្ធល្បីល្ប្ាញ J.K. Rowling ឬក៏សម្រង់សម្ដីរបស់ Thomas A.Edison តែពួកគាត់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់ ប៉ុណ្ណោះដែលទទួលបានជោគជ័យ ឯអ្នកផ្សេងទៀតអាចនឹងទទួលបរាជ័យ នៅតែគ្មានអ្នកណាទទួល ស្គាល់។
ប្រាកដហើយ ការបរាជ័យ ឬការដែលដើរដួល វាមិនមានអ្វីគួរឲ្យខ្លាចនោះទេ។ ដួលងើបៗ! មានអីទៅ ពិបាក តែអ្វីដែលគេខ្លាចបំផុតនោះគឺការដែលបរាជ័យរហូតទាល់តែងើបលែងកើត បរាជ័យរហូតទាល់តែ អ្នករាងចាល ឈប់ចង់ធ្វើអ្វីទៀត មានវិបត្តិផ្លូវចិត្ត ឬក៏បាក់ស្បាតតែម្ដង។
ចង់ជោគជ័យត្រូវតែប្រថុយប្រថាន តែការប្រថុយប្រថាននោះជាការប្រថុយប្រថានដែលឈ្លាសវៃ ប្រកបដោយបញ្ញា មានគម្រោងច្បាស់លាស់ បើអាច ចៀសវាងការដើរមួយជំហានគិតមួយជំហាន មិនមែនជាការដែលនឹកឃើញម្ដងចង់ធ្វើនេះ ម្ដងចង់ធ្វើនោះ ចុងក្រោយសម្រេចសម្រួចទៅរកលទ្ធផល ជាដុំកំភួនមិនឃើញ។
អត្ថបទខ្លីមួយនេះមិនមែនជាការបំបាក់ទឹកចិត្តឲ្យអ្នករួញរាមិនចេញទៅធ្វើអ្វីដែលអ្នកចង់ធ្វើនោះទេ តែជា ការដាស់តឿនបន្តិចបន្តួច ឲ្យអ្នកមានការពិចារណាច្បាស់លាស់ មុននឹងប្រថុយប្រថានដើម្បីទទួលបាន លទ្ធផលគាប់ប្រសើរ។
មិនមាននរណាម្នាក់អាចមកកំណត់ផ្លូវដើររបស់អ្នកនោះទេ មានតែអ្នកនេះហើយដែលកំណត់វាដោយ ខ្លួនឯង។ ចាត់ទុកសម្ដីអ្នកដទៃដូចជាការប្រឹក្សាយោបល់ដោយឥតគិតថ្លៃទៅ ព្រោះពេលខ្លះពួកគេ ទាំងនោះក៏និយាយត្រូវដែរ។
បរាជ័យគ្មានអ្វីគួរឲ្យខ្លាចនោះទេ តែការបរាជ័យរហូតដល់ងើបវិញមិនរួចទើបអ្នកត្រូវខ្លាច។
ទស្សនៈយល់ដែលបង្ហាញនៅទីនេះ គឺជាទស្សនៈយល់ឃើញរបស់អ្នកនិពន្ធ និងមិនតំណាង ឬឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់យូនីសេហ្វ។