សារៈសំខាន់នៃការអានសៀវភៅចំពោះកុមារ

អត្ថបទដោយ៖ អម្រិន ពិសី

FB_IMG_1540653154827-min.jpg©Room to Read Cambodia/2018

ខ្ញុំជាកូនអ្នកជនបទ រស់នៅក្នុងតំបន់មួយដែលការអានភាគច្រើនមិនសូវត្រូវបានគេឲ្យតម្លៃនោះទេ។ ខ្ញុំនៅចាំថា កាលពីខ្ញុំនៅក្មេង នៅក្នុងសហគមន៍ខ្ញុំពុំសូវមានសៀវភៅសំបូរបែបឡើយ។ បើខ្ញុំចង់អាន ខ្ញុំត្រូវចាំដល់ពេលទៅសាលាព្រោះមានតែនៅទីនោះទេដែលមានបណ្ណាល័យ​​ និងមានសៀវភៅ។ ដោយសារ តែអ្នកនៅជុំវិញខ្លួនមិនមានអ្នកណាអាន និងពុំមានសៀវភៅគ្រប់គ្រាន់ដើម្បីអានទៀត ខ្ញុំក៏មិនសូវ ជាបានយកចិត្តទុកដាក់ក្នុងការអាន និងមិនបានបណ្តុះទម្លាប់អានសៀវភៅនោះឡើយ។

ពេលខ្ញុំធំឡើងហើយបន្តការសិក្សានៅមហាវិទ្យាល័យ ខ្ញុំក៏ឆ្លៀតធ្វើការងារសង្គមខ្លះៗ។​​ ក្នុងចំណោម ការងារសង្គមទាំងនោះខ្ញុំក៏ធ្លាប់ធ្វើជាអ្នកមើលការខុសត្រូវនៅបណ្ណាល័យក្នុងសាលាបឋមសិក្សា មួយ​ដែរ។ អំឡុងពេលធ្វើការក្នុងបណ្ណាល័យនោះ ខ្ញុំសង្កេតឃើញថាទោះបីជាមានបណ្ណាល័យ និងមាន សៀវភៅគ្រប់គ្រាន់ក៏ដោយ ក្មេងៗភាគច្រើនហាក់បីដូចជាមិនសូវចាប់អារម្មណ៍លើការអានដដែល។

ខ្ញុំគិតថាមូលហេតុដែលកុមារមិនសូវយកចិត្តទុកដាក់ក្នុងការអាននោះគឺមិនមែនមកពីកុមារខ្លួនឯង តែម្យ៉ាងនោះទេ តែក៏អាចដោយសារតែពួកគេពុំមានការជម្រុញ ការជួយជ្រោមជ្រែង និងលើកទឹកចិត្តពី ឪពុកុម្ដាយ បងប្អូន លោកគ្រូ អ្នកគ្រូ។ល។ ជួនកាលដោយសារតែរវល់នឹងការងារ និងកិច្ចការផ្ទាល់ខ្លួន ផ្សេងៗ ទើបពួកគាត់មិនសូវជាចាប់អារម្មណ៍ថាការជម្រុញកុមារឲ្យអានតាំងពីតូចមានសារៈប្រយោជន៍ យ៉ាងណាខ្លះ។ ដូច្នេះក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញពីសារៈប្រយោជន៍ចំបងមួយចំនួនដែលកុមារអាច ទទួលបានពីការអាន។

តើការអានជួយអ្វីខ្លះដល់កុមារ?

IMG20180721101144-min.jpg©Amrin Pisey/2018

១.ការអានជួយឲ្យក្មេងរៀនពូកែ

ក្មេងៗដែលមានទម្លាប់អានភាគច្រើនគឺទទួលបានលទ្ធផលនៃការសិក្សាល្អ ព្រោះការអានធ្វើឲ្យ ពួកគេឧស្សាហ៍ និងព្យាយាមក្នុងការរៀនសូត្រ។ តាមការស្រាវជ្រាវបានឲ្យដឹងថាកុមារដែលអាន ភាគច្រើនទទួលបានពិន្ទុល្អជាងកុមារផ្សេងទៀតដែលមិនបានអាន។ ការអានជួយបណ្តុះ ទឹកចិត្តឲ្យកុមារ ស្រឡាញ់ការសិក្សា​ ជួយរុញច្រានឲ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រនិង ទទួលបានពិន្ទុល្អ ផងដែរ។ តាមរយៈការអាន កុមារអាចពង្រីកចំណេះដឹងផ្នែកវាក្យសព្ទ និងជួយឲ្យពួកគេមាន ការយកចិត្តទុកដាក់ និងផ្ដោតអារម្មណ៍បានល្អ​ ដែលអាចជួយឲ្យកុមាររៀន និងទទួលយកចំណេះដឹងពី បរិស្ថានជុំវិញខ្លួនបានល្អប្រសើរ។ សមត្ថភាពនៃការអានរបស់គេអាចធ្វើឲ្យកុមារចេះប្រើប្រាស់ចំណេះដឹង ដែលពួកគេទទួលបានពីសៀវភៅទៅប្រើប្រាស់បានយ៉ាងល្អ។

២.ការអានជួយឲ្យក្មេងមានទម្លាប់ល្អ

មានប្រភេទសៀវភៅមួយចំនួនដែលជួយបណ្តុះទម្លាប់ល្អដល់កុមារដូចជាសៀវភៅអនាម័យខ្លួនប្រាណ អនាម័យក្នុងការហូបចុក ការចេះរៀបចំទុកដាក់ សៀវភៅទាក់ទងនឹងបរិស្ថាន និងសៀវភៅអប់រំមួយ ចំនួនទៀតរួមបញ្ចូលទាំងរឿងនិទានអប់រំមួយចំនួនផងដែរ។​ តាមរយៈសាច់រឿងទាំងអស់នោះពួកគេ នឹងអនុវត្តនូវទម្លាប់ល្អៗតាមតួអង្គក្នុងរឿង និងជៀសវាងទម្លាប់អាក្រក់ផ្សេងៗ។ ដូច្នេះពួកគេទទួល បានចំណេះដឹងផ្នែកសុខភាពតាមរយៈសាច់រឿងក្នុងសៀវភៅទាំងនោះដូចជារបៀបថែរក្សាអនាម័យ
ខ្លួនប្រាណ ផលវិបាកនៃការខ្វះអនាម័យ របៀបថែរក្សាបរិស្ថាន។ល។  ម្យ៉ាងវិញទៀតការអានអាចជា ការដុសខាត់​ផ្នែកស្មារតីដូចជាជួយពង្រឹងទំនុកចិត្ត ឯករាជ្យភាព សុជីវធម៌ និងសីលធម៌ផងដែរ។

៣.ការអានជាការកំសាន្តដែលមានសុវត្ថិភាព

ភាគច្រើនក្មេងៗចូលចិត្តលេង  ជួនកាលល្បែងដែលពួកគេលេងអាចបង្កជាជម្លោះ ឬបង្កជាគ្រោះថ្នាក់ ផ្សេងៗផងដែរ។ ប៉ុន្តែបើសិនជាពួកគេចាប់យកការអានជាការកំសាន្ត ពួកគេនឹងបង្កើតទំនាក់ទំនង ល្អជាមួយគ្នា​ និងមិនអាចមានគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ។ ម្យ៉ាងវិញទៀតការអានខុសពី ការបណ្តោយឲ្យក្មេងលេងទូរសព្ទ័ដូចជាលេងហ្គេម ឬ​មើលវីឌីអូផ្សេងៗជាដើម។ ចំពោះការអានភាគច្រើន ក្មេងៗទទួលបានចំណេះដឹងពីការអប់រំល្អៗដែលមានក្នុងសៀវភៅ ខុសពីការលេងទូរសព្ទ័ដែលភាគច្រើន ពួកគេទទួលបានភាពអវិជ្ជមាន​ តួយ៉ាងដូចជាការប្រើអំពើហិង្សាជាដើម។

៤.ការអានជួយឲ្យក្មេងក្លាយជាបុគ្គលជោគជ័យពេលគេធំឡើង

បើសិនជាក្មេងចូលចិត្តអានតាំងពីតូច ការអាននឹងក្លាយជាទម្លាប់មួយសម្រាប់ពួកគេ។ ពួកគេនឹងបន្ត ការអានទៅលើគ្រប់ប្រភេទសៀវភៅរាប់ចាប់ពីសៀវភៅរឿងនិទាន សៀវភៅប្រលោមលោក សៀវភៅ ប្រវត្តិសាស្រ្ត សៀវភៅចិត្តសាស្ត្រ​។ ល។ សៀវភៅទាំងនោះនឹងផ្ដល់ចំណេះដឹងដែលមិនចេះរីងស្ងួត ដល់ពួកគេ។ ចំណេះដឹងទាំងនេះអាចធ្វើឲ្យពួកគេក្លាយជាបុគ្គលពូកែមិនថាតែនៅក្នុងសាលា​ ក្នុងសង្គម ឬក្នុងវិស័យការងារឡើយ។ បុគ្គលល្បីល្បាញ អ្នកដឹកនាំ និងមហាសេដ្ឋីពិភពលោកជាច្រើនដែលបាន ទទួលជោគជ័យក្នុងជីវិតគឺសុទ្ធតែជាអ្នកអានផងដែរ ដូចជា មហាត្មៈ ហ្កាន់ធី (Mahatma Gandhi) លោក  ប៊ីល ហ្គេត (Bill Gate) ប្រធានាធិបតីអាមេរិក​លោក​ ហារី ទ្រូម៉ាន់ (Harry Truman) និង បារ៉ាក់ អូបាម៉ា​(Barak Obama)។ល។

“មិនមែនអ្នកអានទាំងអស់សុទ្ធតែជាអ្នកដឹកនាំនោះទេ តែអ្នកដឹកនាំទាំងអស់សុទ្ធតែជាអ្នកអាន។”
—ដោយលោក ហារី ទ្រូម៉ាន់

តើកុមារអាចអាននៅទីណា និងតាមរបៀបណា​ខ្លះ?

IMG20180702153639-min.jpg©Amrin Pisey/2018

ខ្ញុំជឿថាបច្ចុប្បន្ននេះ ការអានពិតជាទូលំទូលាយណាស់មិនដូចពេលដែលខ្ញុំនៅពីក្មេងទេ។ សព្វថ្ងៃ ក្រសួងអប់រំកម្ពុជាយើងក៏កំពុងយកចិត្តទុកដាក់ និងសាបព្រោះវប្បធម៌ការអាននៅកម្ពុជាយើងដែរ។ ក្រៅពីសាលា និង ក្រសួងអប់រំ លោកអ្នកក៏អាចដើរតួនាទីយ៉ាងសំខាន់​ ក្នុងការជួយជម្រុញការអាន ដល់កូនៗ និងប្អូនៗរបស់លោកអ្នកបានដែរ។ នេះជាគន្លឹះខ្លះៗដែលលោកអ្នកអាចជួយពួកគេបាន៖

    ក. លើកទឹកចិត្តឲ្យពួកគេចូលបណ្ណាល័យរួមានបណ្ណាល័យចល័ត និងសហគមន៍

នៅតាមសាលារៀនភាគច្រើនសុទ្ធតែមានបណ្ណាល័យដែលផ្ទុកទៅដោយសៀវភៅរាប់សិបក្បាល និងគ្រប់ប្រភេទ។ ដូច្នេះកុមារអាចអានបាននៅតាមបណ្ណាល័យក្នុងសាលារៀនរបស់ពួកគេជារៀងរាល់ថ្ងៃ។  ក្រៅពីនៅក្នុងសាលា ប្រទេសកម្ពុជាយើងក៏មាន បណ្ណាល័យចល័ត និង បណ្ណាល័យសហគមន៍មួយចំនួនដែលបានបើកឲ្យដំណើរការនៅតាមទីរួមខេត្ត និងភូមិ ស្រុក មួយចំនួន។ ដូច្នេះអ្នកអាចជម្រុញឲ្យកូនៗ ឬប្អូនៗរបស់អ្នកចូលរួមអាន ក៏ដូចជាសកម្មភាព ផ្សេងៗទៀតដែលមាននៅក្នុងបណ្ណាល័យសហគម៍នោះ។

ខ. ណែនាំពួកគេពីសៀវភៅអេឡិចត្រូនិច និងបណ្ណាល័យឌីជីថល   

កម្ពុជាយើងក៏មានបណ្ណាល័យឌីជីថលដែលបង្កើតឡើងដោយអង្គការមូលនិធីអាស៊ីផងដែរ។​ តាមរយៈបណ្ណាល័យឌីជីថលនេះ អ្នកអាចឲ្យក្មេងៗអានបានគ្រប់ពេលវេលា និងមិនចាំបាច់ ចំណាយថវិកាក្នុងការទិញសៀវភៅឡើយ​ដោយគ្រាន់តែមានទូរស័ព្ទដៃទំនើបមួយតែប៉ុណ្ណោះ។

គ. នាំពួកគេចូលរួមក្នុងកម្មវិពីអានផ្សេងៗ មានកម្មវិធីជាច្រើនដែលធ្វើឡើងដើម្បីលើកកម្ពស់ការអាន​ ដូចជាទិវាអំណាន និង ពិព័រណ៍សៀវភៅកម្ពុជាជាដើម។ បើសិនជាទំនេរ អ្នកអាចនាំកូនៗ ឬប្អូនៗរបស់អ្នក ទៅចូលរួមបាន។​ ខ្ញុំធានាថាសប្បាយហើយទទួលបានប្រយោជន៍ទៀតផង។

    ឃ. អានជាមួយពួកគេ

អ្នកអាចធ្វើជាគំរូដ៏ល្អដល់ក្មេងៗតាមរយៈការចូលរួមអានជាមួយពួកគេ​ និងជួយពួកគេ ពេលពួកគេមានការពិបាកក្នុងការអាន។ ការអានជាមួយកុមារអាចធ្វើឲ្យពួកគេមាន អារម្មណ៍កក់ក្ដៅ ស្រស់ថ្លា ​មិនមានសម្ពាធ និងមិនធុញ ដូច្នេះពួកគេអាចបន្តទម្លាប់នេះរហូត។​ អ្នកអាចចុចមើលវីឌីអូដោយLet’s read Cambodia នៅទីនេះដើម្បីដឹងថាហេតុអ្វីការអាន ជាមួយពួកគេជាវិធីដល់ល្អ។

តើក្មេងៗក្នុងសហគមន៍អ្នកបានអានឬទេ?​

received_229535961096353-min.jpeg©Room to Read/2017

ជាចុងក្រោយខ្ញុំមានសំណួរចង់សួរអ្នកទាំងអស់គ្នាថា​ តើកូនៗ ប្អូនៗ ក្មួយៗ ឬក្មេងៗក្នុងសហគមន៍ អ្នកបានអាន និងចូលចិត្តអានឬទេ? បើសិនជាពួកគេបានបង្កើតទម្លាប់នៃការអានហើយ សូមបន្ត លើកទឹកចិត្តពួកគេបន្តទៀតណា ប៉ុន្ដែបើពួកគេមិនទាន់មានទម្លាប់នៃការអាននៅឡើយទេ អ្នកគួរ តែចាប់ផ្ដើមលើកទឹកចិត្តពីពេលនេះទៅណា ព្រោះថាវាជាមូលដ្ធានគ្រឹះនៃការបណ្ដុះធនធានមនុស្សក្នុង ប្រទេសយើង។

ទស្សនៈយល់ដែលបង្ហាញនៅទីនេះ គឺជាទស្សនៈយល់ឃើញរបស់អ្នកនិពន្ធ និងមិនតំណាង ឬឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់យូនីសេហ្វ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s