ដោយ ជា ដារ៉ា
©Simone/2008/licensed under CC BY-SA 2.0
បើសិនជាយើងក្រឡេកមើលទៅសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ យើងឃើញថាមានបញ្ហា
ចាក់ស្រេះជាច្រើនដែលកំពុងកើតមានឡើង ប៉ុន្តែបែរជាមនុស្សខ្មែរយើងភាគច្រើនមិនសូវ
ជាយកចិត្តទុកដាក់ចូលរួមចំណែកដោះស្រាយ ឬធ្វើសកម្មភាពអ្វីមួយជាដុំកំភួនទៅវិញ។ ពេល
ដែលមានបញ្ហាកើតឡើងម្ដងៗ គិតតែពីនាំគ្នាយករួចខ្លួន ហើយស្ដីបន្ទោសជេរគ្នាទៅវិញទៅ
មក។ ឯពេលខ្លះទៀតបើឃើញនរណាម្នាក់ចាប់ផ្ដើមគិត និងព្យាយាមដោះស្រាយបញ្ហាអ្វីមួយ
នោះបែរជាទៅនិយាយថាឲ្យគេ «ជោម៉េសហា៎! កុំជោពេក កុំស្នេហាជាតិពេក គិតតែពីរឿងក្រពះ ទៅបានហើយ» ។
ហើយអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍បំផុតក្នុងរយៈពេលចុងក្រោយនេះ គីវប្បធម៌ជេរគ្នានៅ
តាមបណ្ដាញសង្គមដូចជាហ្វេសប៊ុក (Facebook) ជាដើម។ ឥឡូវវាស្ទើរតែក្លាយទៅជាទំលាប់
ទៅហើយដែលមនុស្សមួយចំនួនបានយកបណ្ដាញសង្គមជាកន្លែងជេរ ឬវាយប្រហារគ្នាដែលជា
ជាតិសាសន៍ ឈាមជ័រខ្មែរដូចគ្នា ឬមួយក៏ទៅលើជាតិសាសន៍ដទៃទៀតផង តាមរយៈការ comment ឬបើមិនអញ្ចឹងទេការបង្ហោះវីដេអូ តបតនឹងគ្នា បកស្រាយនេះបកស្រាយនោះ ឲ្យ ឡើងហូរហែរដូចរឿងភាគអ៊ីចឹង។
ពេលខ្លះទៀតនាំគ្នាស៊ែរព័ត៌មានតៗគ្នាលើហ្វេសប៊ុក និងបញ្ចេញមតិរិះគន់វាយប្រហារបាត់ទៅ
ហើយ ទាំងដែលមិនទាន់បានដឹងពីប្រភពព័ត៌មានច្បាស់ការ ឬបានអាន និងធ្វើការគិតត្រិះរិះ ពិចារណាបានស៊ីជម្រៅផង។ យើងគួរតែគិតឡើងវិញពីទម្លាប់ទាំងនេះ ព្រោះថាមើលទៅនៅពេល ដែលមានរឿងណាមួយផ្ទុះឡើង មនុស្សភាគច្រើនបានត្រឹមតែនិយាយដ្រាម៉ានៅលើហ្វេសប៊ុក តែ
មួយឆាវ ដល់ហើយស្ងាត់ទៅវិញ គ្មានបាននាំគ្នាធ្វើសកម្មភាពអ្វីឲ្យជាដុំកំភួននោះទេ។
តើការស្ដីបន្ទោស ជេរប្រមាថគ្នាល្អត្រង់ណា?
សួរថាស្ដីបន្ទោស ជេរប្រមាថគ្នាហើយបានអីមកវិញ? មានចំណេញដល់ប្រទេសជាតិទេ? ចម្លើយគឺ
ថាអត់ទាល់តែសោះ វាមានតែធ្វើឲ្យបញ្ហាកាន់តែរីកធំឡើងៗ និងស្មុគស្មាញពិបាកដោះស្រាយ។ ឈប់បានឈប់ទៅរឿងជេរគ្នាប្រើពាក្យអសុរោះហ្នឹង ព្រោះវាគ្មានផ្ដល់ផលចំណេញអ្វីដល់យើង
ទាំងអស់គ្នាទេ ក្រៅតែពីបង្កឲ្យមានភាពក្ដៅក្រហាយ និងធ្វើឲ្យវប្បធម៌ដ៏ផូរផង់របស់យើងធ្លាក់ ដុនដាបទៅៗ។
មួយវិញទៀត វាក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការធ្លាក់ចុះនូវសីលធម៌ និងកម្រិតវប្បធម៌របស់ប្រជាជន
ខ្មែរយើង ហើយក៏អាចនាំទៅរកការបែកបាក់សាមគ្គីភាពនៅក្នុងសង្គមផងដែរ។ សាកគិតតិច មើល បើយើងរវល់តែវាយប្រហារ ទាស់ពាក្យសំដីគ្នា តើយើងអាចចាប់ដៃគ្នាចូលរួមចំណែកធ្វើ អ្វីមួយដែលមានប្រយោជន៍ដល់ប្រទេសជាតិទេ?
យើងអាចក្រលេកមើលការអភិរក្សសម្បត្តិវប្បធម៌ជាដើម។ ខណៈពេលជាតិសាសន៍ដទៃកំពុង
ពួតដៃគ្នាបង្រៀនកូនចៅគេឲ្យចេះស្រលាញ់អភិរក្ស ហើយថែមទាំងលើកតម្កើងវប្បធម៌ជាតិ សាសន៍ គេដោយព្យាយាមដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀត។ ខ្មែរយើង
វិញហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ស្រលាញ់ និងថែរក្សាអ្វីដែលជារបស់ខ្លួននោះទេ។
ឧទាហរណ៍ដូចជាករណីរឿងល្ខោនខោលជាដើម សួរថាយើងដែលមានឈាមជ័រខ្មែរ ជាប្រជាជន
កើតនៅលើដែនដីសុវណ្ណាភូមិមួយនេះ ម្នាក់ៗតាំងពីធំដឹងក្ដីមក តើមានប៉ុន្មាននាក់ដែលយក
ចិត្តទុកដាក់់ខ្វល់ខ្វាយលើរឿងវប្បធម៌របស់ខ្លួន? វាពិតជាគួរឲ្យខ្មាសបរទេសខ្លាំងណាស់ដែល
យើងជាម្ចាស់ប្រទេស ម្ចាស់វប្បធម៌ដ៏ល្អផូរផង់មួយនេះ មិនដែលសូវយកចិត្តទុកដាក់ ស្រលាញ់
ថែរក្សា និងអភិរក្សអ្វីដែលខ្លួនមានជាពិសេស គឺកេរ្ដិ៍ដំណែលដូនតាបានបន្សល់ទុកឲ្យដែល
ជាដួងព្រលឹងនៃជាតិយើង។ ទាល់តែពេលដែលជាតិសាសន៍ដទៃគេយកល្ខោនរបស់គេដាក់
ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកដែរ ទើបយើងនាំគ្នាចេះព្រួយបារម្ភ ភ័យខ្លាច
បាត់បង់របស់ខ្លួន។
គិតមើលទៅតើសមដែរឬទេ ពេលគោបាត់ទើបធ្វើរបង? ទាល់តែឃើញអ៊ីចឹងបានម្នាក់ៗខ្នះ
ខ្នែង ចេះចាប់ផ្ដើមស្រលាញ់វប្បធម៌របស់ខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ មានអ្នកខ្លះទៅ share ព័ត៌មាន post ឬក៏ comment ជេរជាតិសាសន៍ដទៃដោយប្រើពាក្យអសុរោះទៀត។ សួរថា ការធ្វើបែបហ្នឹងអាចជាដំណោះស្រាយល្អទេ? សាកគិតបែបនេះវិញ ទោះបីជាថាគេលួចចម្លង របស់យើង គេមានវប្បធម៌ស្រដៀងយើង ឬយ៉ាងម៉េចក៏ដោយទៅចុះ យើងមិនបាច់ទៅជេរ តិះដៀលថាឲ្យគេទេ វាគ្មានបានប្រយោជន៍ទេ គឺមានតែឲ្យគេមើលងាយមើលថោកជាតិសាសន៍ យើងទេ។ អ្វីដែលសំខាន់យើងគួរតែធ្វើនោះគឺ ខិតខំស្រលាញ់ យកចិត្តទុកដាក់ថែរក្សា និង អភិរក្សអ្វីដែលជារបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនទៅ កុំបានតែមាត់លើហ្វេសប៊ុក តែមួយភ្លែត។
សាកគិតស្រម៉ៃបន្តិចទៅមើល៎បើសិនជាយើងឈប់ស្ដីបន្ទោសជេរគ្នាហើយនាំគ្នាចាប់ផ្ដើមចូលរួមចំណែកដោះស្រាយបញ្ហាទាំងអស់គ្នាវិញ ថាតើប្រទេសរបស់យើងនឹងល្អយ៉ាងណា? មុននឹងយើង
ថាឲ្យអ្នកដទៃ ឬជាតិសាសន៍ដទៃ ម្នាក់ៗគួរតែចាប់ផ្ដើមសួរខ្លួនឯងសិន ថាតើយើងបានធ្វើអ្វី
ខ្លះហើយដែលជាប្រយោជន៍ដល់ប្រទេសជាតិយើង ចាប់តាំងពីពេលយើងម្នាក់ៗមានកំណើត
លើដែនដីមាតុភូមិមួយនេះ? ថាតើយើងខ្លួនឯងឈប់ចោលសំរាមផ្ដេសផ្ដាសហើយឬនៅ? ឈប់ ជិះបញ្រ្ចាស ឬបំពានភ្លើងក្រហមហើយឬនៅ?
អ៊ីចឹងសួរថាតើយើងអាចធ្វើអ្វីបានខ្លះក្រៅពីការស្ដីបន្ទោស ជេរប្រមាថគ្នា?
មែនហើយការនិយាយវាស្រួលជាងធ្វើ ហើយអ្នកប្រហែលជាគិតថាវាមិនអាចទៅរួចនោះទេក្នុង
ការចូលរួមដោះស្រាយបញ្ហានៅក្នុងសង្គម ទាល់តែអ្នកដឹកនាំទើបអាចធ្វើបាន។ ប៉ុន្តែអ្នកធ្លាប់
គិតទេថាយើងអាចធ្វើបាន ជឿទេថាខ្មែរម្នាក់ៗអាចធ្វើបាន? ប្រាកដជាបានដូចពាក្យស្លោក មួយលើកឡើងថា “ចាប់ផ្ដើមពីយើងទាំងអស់គ្នា” ។
ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកត្រលប់មកគិតបែបសាមញ្ញៗវិញថា ទោះបីជាយើងមិនមាន លទ្ធភាព ទៅទូលភ្នំមួយតែឯងបានមែន ប៉ុន្តែយើងម្នាក់ៗអាចចូលរួមចំណែកក្នុងការធ្វើឲ្យជ្រុង
មួយនៃសង្គមដែលយើងរស់នៅល្អប្រសើរបាន។ មិនថាចាស់ឬក៏ក្មេង មានឬក្រ ខ្មៅឬស នោះទេ គឺយើងសុទ្ធតែអាចជួយកែលម្អប្រទេសជាតិយើងបាន។ តាមពិតទៅការចូលរួមចំណែកជួយ
ប្រទេសជាតិនោះ មិនមែនទាល់តែចាប់ផ្ដើមធ្វើរឿងប៉ុនភ្នំបានហៅថាការជួយនោះទេ។ អ៊ីចឹង អ្នកប្រហែលជាចង់សួរហើយថាតើខ្ញុំអាចចូលរួមយ៉ាងម៉េចទៅ? ធ្វើអ្វីខ្លះមានប្រយោជន៍ដល់ ប្រទេសជាតិ?
មែនហើយពេលខ្លះយើងអាចចូលរួមតាមរយៈការបញ្ចេញមតិ និងរិះគន់ទៅលើបញ្ហាអ្វីមួយ។ ប៉ុន្តែពេលយើងចង់បញ្ចេញមតិរិះគន់ យើងគួរធ្វើការរិះគន់បែបស្ថាបនា មិនមែនជាន់ពន្លិច នោះទេ។ យើងគួរយកចំណេះដឹងដែលយើងមានមកធ្វើការវិនិច្ឆ័យ មិនមែនអាងអីតិចជេរ ប្រើ ប្រាស់ពាក្យអសុរោះខ្វះសីលធម៌នោះទេ។
តាមពិតទៅការស៊ែរព័ត៌មាន ឬការបញ្ចេញមតិតរបស់យើងទៅលើបញ្ហាអ្វីមួយនៅលើហ្វេសប៊ុក ក៏ជារឿងមួយល្អដែរ ព្រោះវាបញ្ជាក់ថាយើងព្រួយបារម្ភអំពីបញ្ហានៅក្នុងសង្គមរបស់យើង ប៉ុន្តែ ការធ្វើបែបហ្នឹងមិនទាន់គ្រប់គ្រាន់ និងមានប្រសិទ្ធិភាពប៉ុន្មានទេ។ បើសិនជាយើងពិតជាចង់ ចូលរួមដោះស្រាយបញ្ហាសង្គមរបស់យើងមែន យើងគួរតែចាប់ផ្ដើមចូលរួមធ្វើសកម្មភាព ណា មួយនៅក្នុងសង្គមចៀសជាងការបានតែនិយាយ បញ្ចេញមតិ ហើយស្រែកជេរមិនពេញចិត្ត នៅ លើ Status ឬ Comment របស់យើង។ សាកគិតបន្តិចមើល៎ បើយើងនាំគ្នាឈប់ដ្រាម៉ា នៅលើហ្វេសប៊ុក ហើយចំណាយពេលមកធ្វើសកម្មភាពនៅក្នុងសង្គមវិញមិនល្អជាង។
©Urban Voice Cambodia/2018
ជាឧទាហរណ៍ បើសិនជាយើងស្រលាញ់ខ្លាចបាត់ល្ខោនខោលមែន ចូលរួមអភិរក្សទាំងអស់គ្នាទៅ
ដូចជា៖ ចូលរួមគាំទ្រទស្សនា ឬ ស្ម័គ្រចិត្តរៀបចំការសម្ដែងក្នុងកម្មវិធីណាមួយដែលទាក់ទង
នឹងល្ខោនខោល។ បើសិនជាយើងខ្វល់ខ្វាយពីរឿងសំរាមនៅក្នុងទីក្រុងមែន នាំគ្នាចូលរួមធ្វើ
យុទ្ធនាការមួយដើម្បីបរិស្ថានទៅដូចជា៖ ការបង្កើតក្រុមស្ម័គ្រចិត្ត ដើររើសសំរាមនៅក្នុងសាលា កន្លែងធ្វើការ ឬសហគមន៍របស់អ្នក ផលិតជាវីដេអូអប់រំខ្លីមួយ ឬបង្កើតជាកិច្ចពិភាក្សាមួយ
ទាក់ទងនឹងការទុកដាក់សំរាម។ល។ ហើយបើសិនជាយើងមិនទាន់អាចផ្ដួចផ្ដើមគម្រោង ឬ
យុទ្ធនាការនៅឡើយទេ យើងអាចចូលរួមធ្វើការងារស្ម័គ្រចិត្តបាន។ ការងារស្ម័គ្រចិត្តត្រូវបាន
មនុស្សជាច្រើនទទួលស្គាល់ថាជាការងារដែលអាចផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ ហើយមានស្ថាប័ន ឬអង្គការច្រើនណាស់ដែលកំពុងធ្វើការងារលើបញ្ហាសង្គមផ្សេងៗគ្នា។ បើសិន
ជាយើងពិតជាចង់រួមចំណែកផ្លាស់ប្ដូរសង្គមអ្នកមែន គួរតែចាប់យកការងារស្ម័គ្រចិត្តមួយពី
ឥឡូវនេះទៅ។
ជាក់ស្ដែងសម្រាប់រូបខ្ញុំផ្ទាល់ ក្នុងនាមជាយុវជនម្នាក់ខ្ញុំបានចូលរួមស្ម័គ្រចិត្តធ្វើការងារសង្គម
ជាច្រើន។ ទោះបីជាខ្ញុំមិនសូវមានពេលវេលា និងធនធានគ្រប់គ្រាន់ក៏ដោយក៏ខ្ញុំនៅតែរីករាយ
ក្នុងការចូលរួមចំណែកធ្វើសកម្មភាពខ្លះដើម្បីសង្គមតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន។
ដូច្នេះខ្ញុំសង្ឃឹមថាពេលដែលអ្នកអានអត្ថបទនេះហើយ អ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរនូវទម្លាប់
មិនល្អដូចជាការស្ដីបន្ទោសគ្នាទៅវិញទៅមក ឫការជេរប្រមាថគ្នាហើយងាកមករកការសន្ទនា
គ្នា រិះគន់បែបស្ថាបនា និងជាពិសេសនោះគឺការចូលរួមរបស់ទាំងអស់គ្នាឲ្យកាន់តែផុសផុលក្នុង ការធ្វើសកម្មភាពផ្សេងៗនៅក្នុងសង្គមទៅតាមលទ្ធភាព និងសម្ថភាពរៀងៗខ្លួន។ កុំចាំគេ ចាប់ផ្ដើមពីខ្លួនឯងឥលូវនេះទៅ។ ត្រូវធ្វើឲ្យបានច្រើនជាងហ្វេសប៊ុក នោះទើបយើងអាចជួយ
កែលម្អប្រទេសជាតិរបស់យើងបានប្រសើរឡើង។
ទស្សនៈយល់ដែលបង្ហាញនៅទីនេះ គឺជាទស្សនៈយល់ឃើញរបស់អ្នកនិពន្ធ និងមិនតំណាង ឬឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់យូនីសេហ្វ។