លិខិតពីស្រ្តីម្នាក់ជូនចំពោះសង្គមអភិរក្សនិយម ស្ដីអំពីអាពាហ៍ពិពាហ៍

ដោយ​ អ៊ឹង សុភាព

IMG_9547©BONGJOYEvents/2016

ជូន​ចំពោះ​សង្គម​អភិរក្ស​និយម​

សូម​មេត្តាទុក​​ឱ្យ​អាពាហ៍ពិពាហ៍គឺ​​ជា​ជម្រើស។​ ​អាពាហ៍ពិពាហ៍គួ​ជា​ជម្រើស ដែល​ស្រ្តីគ្រប់​រូបអាច​​ជ្រើស​រើស​​ដោយ​ខ្លួន​ឯង​​ ពុំ​មែន​ដោយសារ​តែអ្នក​​ដាក់​សម្ពាធ​លើ​​នាងនោះ​​ឡើយ។​ នាងមាន​សិទ្ធិ​ក្នុងការ​សម្រេច​​ថាតើ​នាងនឹង​សរសេរ​​លើ​​ទំព័រជីវិត​នីមួយៗ​​របស់​នាង​ដោយ​របៀប​ណា​។ នាងសក្តិសមនឹងទទួល​​បានជម្រើសនោះ​។ ​ដូច្នេះ មិន​មាន​ជា​ការខុសទាស់​អ្វី​នោះ​ទេ​ ប្រសិន​បើ​នាង​ចង់​ឱ្យ​ជីវិត​របស់នាង​ខុស​ប្លែក​ពី​ជីវិត​​របស់​មនុស្ស​ដទៃ​។ អ្នក​មិន​អាច​រំពឹង​ថា កាលវិភាគ​ពេល​វេលាដែល​អ្នក​បាន​កំណត់​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍ គឺ​សុទ្ធ​តែ​ត្រឹម​ត្រូវ​សម្រាប់​មនុស្ស​គ្រប់​រូប​នោះ​ឡើយ។​

អ្នក​ជឿ​​ថា ស្រ្តី​គួរ​រៀប​ការ​នៅ​អាយុ​ខ្ទង់ ២០ឆ្នាំ​ និង​​យ៉ាង​យូរ​បំផុតត្រឹម​អាយុ​​ ៣០ឆ្នាំ។​ ប្រសិន​បើ​រៀប​ការ​នៅ​ក្រោយ​អាយុនេះ ស្រ្តី​ត្រូវបាន​ចាត់​ទុកជា​ក្រមុំ​ចាស់។​ នៅ​ពេល​នោះ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ចង់​រៀប​ការជាមួយ​នាង​។ អ្នក​ធ្វើ​​​​​ហាក់ដូចជា​មាន​កាលបរិច្ឆេទ​ផុត​កំណត់​សម្រាប់​ការរៀប​អាពាហ៍ពិពាហ៍​ ធ្វើ​ឱ្យ​ស្រ្តី​ចាប់​ផ្ដើម​ភ័យ​ខ្លាច​នៅ​ពេល​ពួកគេឈានជិត​ដល់​អាយុ​ខ្ទង់ ៣០ឆ្នាំ។

ប៉ុន្តែ​ តាមពិត អាពាហ៍ពិពាហ៍​គឺ​ពាក់ព័ន្ធ​​ជាមួយ​ការ​ប្ដេជ្ញាចិត្ត​ ច្រើន​​ជាងជា​មួយ​អាយុ។ មាន​ការ​ទទួល​ខុស​ត្រូវជា​ច្រើន​ដែលរង់​ចាំ​យើង​ក្រោយ​ពេល​រៀប​ការរួច​។ ស្រ្តីគួររៀប​ការ​នៅ​ពេល​ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ ហើយបាន​​ដាក់​ចិត្តដាក់​កាយ​ចំពោះបុគ្គលម្នាក់​នោះ និង​​​ចាប់​យក​ការ​ទទួល​ខុស​ត្រូវ​ទាំងនោះ​។​

អ្នកមិន​គួរជំរុញ​​ស្រ្តីឱ្យ​​ប្រញិបប្រញាប់​រៀប​ការ ​ដើម្បី​គ្រាន់​តែ​ឱ្យ​សមស្រប​ទៅ​តាម​បទដ្ឋានសង្គម​នោះ​ឡើយ។​ ព្រោះ​ថា ការ​ប្រញិបប្រញាប់​អាចនាំ​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​ខុស និង​គ្មាន
សុភមង្គល​ក្នុងជីវិត​។ នៅ​ពេល​ក្រោយ​មក​ទៀត ពួកគេ​បែរ​ជា​មើល​​ឃើញ​ថា ខ្លួន​បាន​ជ្រើស​រើស​មនុស្សខុស ឬ​​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ហួស​ពី​អ្វី​ដែល​គេ​អាច​រ៉ាប់រងរួច​។ អាពាហ៍ពិពាហ៍​ បែរ​ជា​​ស្ថិត​នៅ​យ៉ាង​​ឆ្ងាយណាស់​ពី​ “ការ​​​រស់​នៅ​ដោយ​មានសុភមង្គល​ជា​រៀង​រហូត​ទៅ” ដូច​ដែល​ពួកគេធ្លាប់​បាន​នឹក​ស្រមៃ។​

អ្នកក៏​សន្មត​ផងដែរ​ថា គ្មាន​ប្រយោជន៍​អ្វីដែល​ស្រ្តី​ត្រូវ​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​រៀន​សូត្រ​​ខ្ពស់ ជំនួស​ឱ្យ​ការរៀប​ការ​នោះ​ឡើយ​។ ការអប់រំនឹង​ក្លាយជា​​គ្មាន​ប្រយោជន៍ ព្រោះ​ថា​​នៅ​ទី​បំផុត​ ​ស្រ្តីនឹង​ក្លាយទៅជា​មេផ្ទះ។ ម្យ៉ាងទៀត បុរសមួយ​ចំនួន​អាច​មាន​ការ​ភ័យ​ខ្លាច​នៅ​ពេល​គិត​ដល់​ចំណុច​ដែល​ខ្លួន​ត្រូវ​មាន​ប្រពន្ធ​ដែល​ឆ្លាតវៃ និង​មាន​សមត្ថភាព​ជាង​ខ្លួន​។ ហេតុនេះ ការ​ចង់​មាន​ការ​អប់រំខ្ពស់​ពុំ​មែនជា​គំនិត​ល្អ​​ទេ​សម្រាប់​ស្រ្តី​។​

photo-1523580846011-d3a5bc25702bPhoto by MD Duran on Unsplash

          ផ្ទុយ​ទៅវិញ ​ស្រ្តី​មាន​ការ​អប់រំ​ល្អ ច្រើន​តែ​ធ្វើ​ការសម្រេច​ចិត្តសមហេតុ​ផល​ សម្រាប់​អាពាហ៍ពិពាហ៍​​របស់​ខ្លួន មិន​ថាជា​ការសម្រេច​ចិត្ត​អំពី​ការជ្រើស​រើស​គូនិស្ស័យ​របស់​ខ្លួន​ ឬ​ក្នុងការដោះ​ស្រាយជាមួយ​ក្នុងការ​ទទួល​ខុស​ត្រូវ​ដទៃទៀត​។ ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​នេះ​ ច្រើន​តែជួយកាត់បន្ថយ​ហានិភ័យ​នៃ​ការ​លែង​លះ។ បន្ថែម​លើនេះ ស្រ្តី​ក៏​អាច​ចែករំលែក​បន្ទុក​ហិរញ្ញវត្ថុ​របស់​ប្ដី​ខ្លួន​បាន​ដែរ ប្រសិន​បើ​នាង​មាន​អាជីព​ការ​ងារ​របស់​ខ្លួន​ផ្ទាល់​។ នាង​ក៏​អាច​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​កូនៗ និង​អប់រំ​កូនៗ​បាន​ល្អ​ផងដែរ។

ដូច​អ្នកឃើញ​ហើយ​ថា ទស្សនាទាន​តាម​បែប​ប្រពៃណីដែល​អ្នក​បាន​​កំណត់មកទាំង​នេះ គឺ​ហួស​សម័យ​ទៅហើយសម្រាប់​​សតវត្ស​ទី ២១ នេះ​។ នៅ​ពេល​អតីតកាល​​​ ស្ត្រី​ចាំបាច់​ត្រូវ​តែស្ដាប់​បង្គាប់ និង​មើល​ថែទាំ​ផ្ទះ​ ចំណែក​បុរស​ត្រូវ​រក​ចំណូលចិញ្ចឹម​គ្រួសារ​។ ប៉ុន្តែ​នៅក្នុង​ពិភពលោក​សម័យ​ទំនើបនេះ ស្រ្តី​មាន​សមត្ថភាព​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់​ ហើយ​ស្រ្តី​ក៏​មាន​សិទ្ធិ​ស្មើ​គ្នាជាមួយ​បុរស​ផងដែរ។​

សំខាន់ជាង​នេះទៀត ​ការ​រៀប​អាពាហ៍ពិពាហ៍​ពុំ​មែនមាន​ន័យថា​មាន​សុភមង្គល​នោះ​ឡើយ​។ អាពាហ៍ពិពាហ៍​ អាចជា​ប្រភព​នៃ​សុភមង្គល ប៉ុន្តែ​ ​ក៏នៅ​​មាន​ប្រភព​ដទៃ​ទៀតជា​ច្រើ​នដែល​ផ្ដល់​សុភមង្គល​ដល់ជីវិត​ផងដែរ​។ ស្រ្តីមួយចំនួន​ស្រឡាញ់​ការ​អប់រំ​យ៉ាង​ខ្លាំង។ ពួកគេ​ចង់​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​​រៀន​បន្ត និងសម្រេច​បាន​លទ្ធផល​​ក្នុង​អាជីព​ការ​ងារ​មុន​ពេល​រៀបការ។ ស្រ្តីមួយចំនួន​ចង់​មាន​​ពេល​វេលា​សម្រាប់​ចំណង់​ចំណូល​ចិត្ត​កម្សាន្តរបស់​ខ្លួន ដូចជាការធ្វើ​ដំណើរ​ជា​ដើម​។ ពួកគេ​ចង់​ស្វែង​យល់ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​ដែល​​ពុំធ្លាប់​បាន​ដឹង​ពីមុន​មក នៅ​​មុន​ពេលពួកគេ​ចាប់​​ផ្ដើម​កសាង​គ្រួសារ​។ ចំណែកស្រ្តីមួយចំនួនទៀត​ប្រហែល​នៅ​ពុំ​ទាន់​រក​ឃើញគូអនាគត​​​នៅ​ឡើយ។

ដូច្នេះ សូមមេត្តា​ឈប់ប្រាប់​​​ស្ដ្រីថា ពួកគេគួរធ្វើ​​អ្វី ​នៅ​ពេលណា​ក្នុងជីវិត​។ ​​សូម​ផ្ដល់​ឱកាស​ឱ្យ​ស្រ្តី​សម្រេច​ចិត្ត​រក​អ្វីដែល​ល្អ​បំផុតសម្រាប់​​ខ្លួន​ឯង​​​ដោយ​ខ្លួនឯង។ ដំណើរ​ពេល​វេលា​របស់មនុស្ស​ម្នាក់​ៗ ពុំមែន​សុទ្ធតែ​ដូចគ្នា​បេះបិទ​នោះ​ឡើយ។​

សូមទទួល​ការ​រាប់​អាន​ពីខ្ញុំ​!

សុភាព​

 

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s