រឿងរ៉ាវខ្លោចចិត្ត ដែលមិនត្រូវបណ្តោយឲ្យកើតម្តងទៀតឡើយ

ដោយ អ៊ឹង សុភាព

kat-j-525336-unsplash-minរូបថតដោយ Kat J លើ Unsplash

ខ្ញុំបានប្រទះឃើញព័ត៌មានគួរឲ្យសោកសៅមួយលើគេហទំព័រ BBC កាលពីសប្តាហ៍មុននេះ​ ពេលដែលខ្ញុំមើលហ្វេសប៊ុក។​

នៅរដូវក្តៅ ក្មេងប្រុសអាយុប្រាំបួនឆ្នាំ នៅសហរដ្ឋអាមេរិកម្នាក់ឈ្មោះ  Jamel Myles បានប្រាប់ម្តាយរបស់គាត់ថា គាត់គឺជាខ្ទើយ។ ដំបូងឡើយ គាត់មានការភ័យ៉ាងខ្លាំង ប៉ុន្តែម្តាយរបស់គាត់និយាយថា គាត់នៅតែស្រឡាញ់កូនរបស់គាត់ដដែល។ ដូច្នេះ គាត់មានមោទនភាពចំពោះខ្លួនឯង និងបានសម្រេចចិត្តទម្លាយពីនិន្នាការភេទរបស់គាត់ទៅកាន់មិត្តភក្តិនៅក្នុងសាលារៀន។

ស្ថានភាព​ គឺផ្ទុយស្រឡះពីអ្វីដែលគាត់បានគិត។ មិត្តភក្តិរបស់គាត់ ពុំទទួលយកគាត់ឡើយ ហើយពួកគេចាប់ផ្តើមសម្លុតគំរាមមកលើរូបគាត់។ ពួកគេបន្តប្រាប់គាត់ឲ្យសម្លាប់ខ្លួន ហើយ​ដូចអ្វីដែលមិត្តភក្តិទាំងនោះ ចង់បានប្រាកដមែន… គាត់បានធ្វើអត្តឃាត។

Leia Rochelle Pierce រកឃើញសាកសពកូនប្រុសរបស់គាត់ ក្នុងបន្ទ​ប់គេង បួនថ្ងៃ ក្រោយពេលដែលសាលារៀនរបស់កូនគាត់ចាប់ផ្តើមបវេសនកាល។ គាត់មិនដែលភ្លេចពី        សោកនាដកម្មនេះឡើយ ហើយ “បេះដូងរបស់គាត់ខូចខ្ទេចខ្ទាំរៀងរាល់វិនាទី”។ មុនពេលដែលគាត់ស្លាប់ គាត់បានប្រាប់បងស្រីបង្អស់របស់គាត់ អំពីការណ៍ដែលគាត់ជួបប្រទះនឹងការសម្លុតគំរាមអ្នកស្រឡាញ់ភេទដូចគ្នា ព្រោះពួកគេទាំងពីរនាក់មានទំនាក់ទំនងជិតដិតជាមួយគ្នាខ្លាំង។ លោកស្រី Pierce បាននិយាយថា គាត់ប្រាកដជាការពារកូនប្រុសរបស់គាត់ ប្រសិនបើគាត់បានដឹងពីរឿងនេះ។

តើក្មេងប្រុសដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកណា បានធ្វើអ្វីខ្លះ ទើបទទួលរងសោកនាដកម្មបែបនេះ? ហេតុអ្វីបានជាគាត់ត្រូវទទួលរងការឈឺចាប់ សូម្បីតែគាត់មានវ័យក្មេងបែបនេះ?

ហេតុអ្វីបានជាគាត់តែងតែត្រូវបានគេប្រាប់ថា គាត់ជាមនុស្សគ្មានតម្លៃ ដោយសារគាត់ជាមនុស្សផ្សេងពីគេ?

តើវាអយុត្តិធម៌កម្រិតណា សម្រាប់គាត់ និងម្តាយរបស់គាត់?

គាត់គ្រាន់តែជាក្មេងម្នាក់ដែលមានមោទនភាពចំពោះខ្លួនឯងតែប៉ុណ្ណោះ។ គាត់គ្រាន់តែជាក្មេងម្នាក់ដែលចង់បង្ហាញប្រាប់ទៅមនុស្សទូទៅថា ការណ៍ដែលអ្នកជានរណានោះ គឺពុំមែនជាបញ្ហាអ្វីនោះឡើយ។ គាត់គ្រាន់តែជាក្មេងម្នាក់ដែលសង្ឃឹមថា នឹងត្រូវបានគេទទួលយក និងរស់នៅក្នុងជីវិតសប្បាយរីករាយធម្មតា ដូចក្មេងផ្សេងទៀតតែប៉ុណ្ណោះ។

ដោយសារតែការសម្លុតគំរាម ម្តាយម្នាក់ត្រូវទទួលរងការឈឺចាប់ ព្រោះបាត់បង់កូនដែលពុំមានកំហុសរបស់គាត់ ដែលធ្លាប់តែធ្វើឲ្យបេះដូងរបស់គាត់ពពេញដោយភាពសប្បាយរីករាយជារៀងរាល់ថ្ងៃ។

pan-xiaozhen-423533-unsplash-minរូបថតដោយ xiaozhen on Unsplash

ជាការពិត ការសម្លុតគំរាម គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលគួរត្រូវទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត។ រដ្ឋាភិបាលនៃរដ្ឋនៃ Victoria ប្រទេសអូស្រ្តាលី បានរកឃើញថា ការសម្លុតគំរាមអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនបែបច្រើនយ៉ាងដល់សិស្ស។ សិស្សពុំអាចរៀនបានពូកែក្នុងសាលារៀនឡើយ ដោយសារតែពួកគេមានអារម្មណ៍ថា ពួកគេពុំបានទទួលការស្វាគមន៍។ ដូច្នេះ​ ពួកគេច្រើនតែមិនសូវចូលចិត្តសាលារៀន និងលែងមករៀនទៀងទាត់ ឬថែមទាំងបោះបង់ចោលការសិក្សាទៀតផង។ សិស្សដែលទទួលរងការសម្លុតគំរាម អាចផ្តល់តម្លៃលើខ្លួនឯងទាប និងមានបញ្ហាជឿទុកចិត្តអ្នកដទៃ។ ពួកគេក៏ទំនងជាជួបនឹងបញ្ហាធ្លាក់ទឹកចិត្ត អន្ទះអន្ទែងក្នុងចិត្ត និងប្រើប្រាស់សារធាតុញៀនផងដែរ។ ក្នុងករណីធ្ងន់ធ្ងរ ការសម្លុតគំរាមនាំឲ្យមានការធ្វើអត្តឃាត បើទោះបីជាមូលហេតុដែលធ្វើឲ្យមនុស្សម្នាក់សម្រេចចិត្តធ្វើអត្តឃាតពុំបានស្តែងឲ្យឃើញច្បាស់គ្រប់ពេលយ៉ាងណាក៏ដោយ។

បើទោះបីជាការសម្លុតគំរាមកើតមានភាគច្រើននៅប្រទេសលោកខាងលិចយ៉ាងណាក៏ដោយ វាក៏កើតមានក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងអត្ថបទមួយដែលចេញផ្សាយដោយព្រឹត្តិបត្រព័ត៌មាន CIA Spotlight ដែលជាព្រឹត្តិបត្រព័ត៌មានរបស់សាលា CIA FIRST International School សិស្សថ្នាក់ទីប្រាំពីរម្នាក់ដែលរៀនក្នុងសាលារៀននេះ បានលើកឡើងថា នាងធ្លាប់ត្រូវបានគេសម្លុតគំរាមរយៈពេលប្រាំឆ្នាំហើយ។ នៅខាងក្រៅថ្នាក់ សិស្សផ្សេងទៀតហៅនាងដោយប្រើឈ្មោះអសុរោះ។ នាងមានអារម្មណ៍ថា នៅឯកាពីគេ ព្រោះថាគ្មានរណាម្នាក់ចេញមុខ ដើម្បីការពារនាងនោះឡើយ។

ភ្នែករបស់នាងពោរពេញដោយទឹកភ្នែកជារៀងរាល់ថ្ងៃ បន្ទាប់ពីនាងត្រឡប់មកពីសាលារៀនវិញ។ នាងត្រូវដោះស្រាយបញ្ហានេះ តាំងពីនាងមានអាយុប្រាំបួនឆ្នាំមកម្ល៉េះ។ នាងថែមទាំងគិតថាចង់បញ្ចប់ជីវិត នៅពេលដែលមានការសម្លុតគំរាមនាងខ្លាំងពេក។

ទោះជាយ៉ាងណាក៏ដោយ ម្តាយរបស់នាងបានប្រាប់ឲ្យនាងបន្តធ្វើចិត្តឲ្យល្អ បើទោះបីជាទទួលរងការមើលងាយមើលថោកទាំងនោះយ៉ាងណាក៏ដោយ។ ច្រើនឆ្នាំក្រោយមក អ្នកដែលធ្លាប់តែសម្លុតគំរាមនាង ចុងក្រោយបានទទួលស្គាល់កំហុសរបស់ពួកគេ និងសុំទោសនាង។ នោះគឺជាពេលដែលជីវិតដ៏សែនសោកសៅរបស់នាង ក្លាយជាជីវិតស្រស់បំព្រងឡើងវិញ។

neonbrand-426918-unsplash-minរូបថតដោយ  NeONBRAND លើ Unsplash

សាលារៀនត្រូវតែជាកន្លែងសិស្សអាចរៀនសូត្រ និងអភិវឌ្ឍខ្លួន ដោយពុំមានការរើសអើងអ្វីទាំងអស់។ សាលារៀន និងឪពុកម្តាយ ត្រូវចាត់វិធានការ ដើម្បីបញ្ឈប់ការសម្លុតគំរាម។ បើមិនដូច្នេះទេ វាធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត និងលទ្ធផលសិក្សារបស់សិស្សជាមិនខាន។

ឧទាហរណ៍សាលារៀនគួរបង្រៀនសិស្សឲ្យដឹងពីបញ្ហាសម្លុតគំរាម និងឲ្យសិស្សចេះប្រតិបត្តិដាក់គ្នា ដោយសន្តានចិត្ត និងដោយការគោរព។ ឪពុកម្តាយ ជានិច្ចកាលគួរសាកសួរកូនពីស្ថានភាពរបស់ពួកគេក្នុងសាលារៀន។

ក្នុងនាមជាបុគ្គលម្នាក់ៗ យើងគួរដឹងពីពាក្យពេចន៍ និងអាកប្បកិរិយារបស់យើង ចំពោះមនុស្សផ្សេងទៀត។ អ្នកអាចមិនដឹងថា ពាក្យពេចន៍របស់អ្នក អាចនាំឲ្យមនុស្សម្នាក់ទៀតទទួលរងការឈឺចាប់កម្រិតណានោះឡើយ។ គ្រប់គ្នាសមនឹងទទួលបានសេចក្តីស្រឡាញ់ សេចក្តីមេត្តា និងការទទួលយកដោយមិនគិតពីលក្ខណៈផ្សេងរបស់ពួកគេនោះឡើយ។

ប្រសិនបើអ្នកទទួលរងការសម្លុតគំរាម សូមជឿទុកចិត្តខ្ញុំចុះ ជានិច្ចកាលតែងតែមានមនុស្សដែលផ្តល់តម្លៃដល់អ្នក។ សូមកុំបណ្តោយឲ្យពាក្យពេចន៍អសុរោះ ឬឥរិយាបថមិនខ្វល់ពីអ្នកដទៃដែលប្រព្រឹត្តដោយមនុស្សផ្សេងទៀត ធ្វើឲ្យអ្នកផ្លាស់ប្តូរការគិតអំពីខ្លួនឯង។ ខ្ញុំដឹងថា សមរភូមិនេះ គឺជាសមរភូមិក្តៅគគុក ប៉ុន្តែវាជាសមរភូមិដែលអ្នកត្រូវតែឈ្នះ។ សូមកុំស្ទាក់ស្ទើរក្នុងការសុំឲ្យមនុស្សដែលអ្នកជឿទុកចិត្តជួយអ្នកនៅគ្រប់ពេលទាំងអស់ ដូច្នេះសូមធ្វើខ្លួនជាខ្លួនឯង និងបន្តធ្វើអ្វីដែលអ្នកស្រឡាញ់!

ខ្ញុំចង់ស្តាប់ឮគំនិតរបស់អ្នកអំពីបញ្ហានេះ។ សូមកុំស្ទាក់ស្ទើរក្នុងការចែករំលែកគំនិតរបស់អ្នកក្នុងផ្នែកខំមិនខាងក្រោយ។

 

ទស្សនៈយល់ដែលបង្ហាញនៅទីនេះ គឺជាទស្សនៈយល់ឃើញរបស់អ្នកនិពន្ធ និងមិនតំណាង ឬឆ្លុះបញ្ចាំងពីទស្សនៈយល់ឃើញរបស់យូនីសេហ្វ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s