ផលប៉ះពាល់នៃ ការផ្ដល់ថង់ប្លាស្ទិកឥតគិតថ្លៃ មកលើគោលដៅធ្វើឲ្យ គ្មានថង់ប្លាស្ទិក

ដោយ ឈុំ ចាន់​រចនា​

lance-grandahl-635618-unsplash-minPhoto by Lance Grandahl on Unsplash

កាលពីមុន ខ្ញុំធ្លាប់យក​ថង់​ប្លាស្ទិក​ដែល​អ្នក​លក់​ផ្ដល់​ឱ្យ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។​ រហូត​ដល់​ពេល​ក្រោយ​មក​ ទើប​ខ្ញុំបាន​ដឹង​កំហុស​ថា ​ខ្ញុំ​ពុំ​ត្រូវ​ការ​ថង់​ទាំងអស់​នោះ​ទេ​។ ពេល​ខ្លះ ខ្ញុំ​ក៏​ភ្លេច​យក​ដប​ទឹក​របស់​ខ្ញុំ​ទៅ​សាលា​ដែរ​។ ពេល​ណាដែល​ខ្ញុំភ្លេច​ដបទឹក​បែប​នេះ ខ្ញុំត្រូវ​ទិញទឹក​ដាក់​ក្នុង​ដប​ប្លាស្ទិក​យ៉ាងហោចណាស់ពីរដប​សម្រាប់​ផឹក​​មួយ​ថ្ងៃពេញ។

ខ្ញុំ​បាន​​ឃើញ​​វីដេអូល្បី​ល្បាញមួយ​​ចេញ​​ឆ្នាំ ២០១៥ បង្ហាញ​អំពី​​ការ​ចាប់​ទាញ​បំពង់​បឺត
ប្លាស្ទិកមួយ​​ចេញ​ពី​​ច្រមុះ​របស់​សត្វ​កន្ធាយ​។ គ្រាន់​តែ​មើល​ក៏ខ្ញុំ​​មាន​អារម្មណ៍​ថា ឈឺចាប់​ខ្លាំង​ណាស់​ដែរ​។ ប្លាស្ទិកកំពុង​ហូរ​ចូល​ទៅ​ពាស​ពេញ​មហាសមុទ្រ។ ទន្លេមេគង្គ ​​ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា​ និង​ប្រទេស​​ប្រាំ​ផ្សេងទៀត គឺជា​ទន្លេមួយ​ក្នុង​ចំណោម​ទន្លេ​ទាំង​ដប់​ ដោយ​ទន្លេទាំង​ដប់​នេះ​រួមគ្នា​​នាំ​យក​កាកសំណល់​ប្លាស្ទិកសរុប​ ៩៣ ភាគ​រយ ​​ចូល​ទៅក្នុង​មហាសមុទ្រ​​ក្នុង​​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​។ សត្វ​សមុទ្រ គឺជាជន​រងគ្រោះ​។ សត្វ​សមុទ្រជាង ១ លានក្បាល ត្រូវ​ស្លាប់​ជា​រៀង​រាល់ឆ្នាំ​បណ្ដាលមកពី​ការ​បំពុលបរិស្ថានមហាសមុទ្រ​​​។​

ដោយ​ហេតុ​ថា ​ថង់​ប្លាស្ទិក​ងាយ​ស្រួល​រក​ ជា​រឿយៗ​យើង​តែង​​បាន​ទទួល​ថង់​ទាំង​នោះ ឬ​ភាគ​ច្រើន​ យើង​ក៏​សុំ​ថង់​ពី​អ្នក​លក់​ផងដែរ។ ​ប្លាស្ទិកធ្វើ​ឱ្យ​អ្វី​ៗ​ទាំង​អស់​មើល​ទៅ​មាន​ភាព​ងាយ​ស្រួល​។ ​ប្លាស្ទិក​មាន​តម្លៃ​ថោក។ ​ប្លាស្ទិកមាន​ទម្ងន់​ស្រាល​។ យើង​មិន​ចាំ​បាច់​យួរ​ស្បោង​ធំ​ ឬ​ដប​ទឹក​ធ្ងន់​តាម​ខ្លួន​នោះ​ឡើយ។​ ប៉ុន្តែ​យើង​ហាក់​មើលរំលង​បញ្ហា​ដែល​បាន​កើត​មាន​បន្ទាប់ពីនោះ។

ពេល​បើក​បរ​នៅ​តាម​ដង​ផ្លូវ​ យើង​អាច​មើលឃើញ​ថង់​​ប្លាស្ទិក​ហោះ​ហើរ​ពាសពេញ ឬ​ឃើញ​គំនរ​កាកសំណល់​​ប្លាស្ទិកដែល​រង់​ចាំ​ឡាន​សំរាម​មក​ដឹក​យក​ចេញ​ទៅ។ ​ក្នុងរដូវវស្សា លូបង្ហូរ​ទឹក​​ត្រូវ​កកស្ទះ​ដោយសារ​សំរាម​​ប្លាស្ទិក ពេល​ខ្លះធ្វើ​ឱ្យទឹក​ជន់លិច​ផ្លូវ​ផងដែរ។ ​ប្លាស្ទិកត្រូវ​ការ​ពេល​វេលា​រាប់រយ​ឆ្នាំ​មុន​ពេលត្រូវ​​រលាយបាត់​​ទៅវិញ នេះ​មានន័យ​ថា ​យើង​ចាំ​បាច់​ត្រូវ​ទ្រាំ​ទ្រជាមួយ​បញ្ហានេះ​អស់​ពេល​រាប់​រយ​ឆ្នាំ​ផងដែរ។​

ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​អស់​តម្លៃ​ថោក​

36247005110_55e64b7562_k-minPhoto by garycycles on flickr

ជារៀង​រាល់​ថ្ងៃ មនុស្ស​រស់​នៅក្នុង​ក្រុង​ភ្នំពេញ​ប្រើប្រាស់​ថង់​​ប្លាស្ទិក​ប្រមាណ ១០ លាន​ថង់ ហើយ​មនុស្ស​ម្នាក់ៗ​ប្រើ​ប្រាស់​ថង់​យ៉ាង​ហោចណាស់ ២០០០ ថង់​ ក្នុង​មួយ​ឆ្នាំ។ ដោយហេតុ​ថា ថង់​​ប្លាស្ទិក​មាន​តម្លៃ​ថោក​ អ្នក​លក់​មិន​សូវ​ខ្វល់​ថា គាត់​ផ្ដល់​ថង់​ប៉ុន្មាន​ឱ្យ​ភ្ញៀវ​នោះឡើយ​។ ក្នុង​ឆ្នាំ ២០១៥ ប្រទេស​កម្ពុជា​ បាន​នាំ​ចូលថង់​​ប្លាស្ទិក​​ជា​ច្រើន​តោន​ពីប្រទេសជិត​ខាង​​ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ ១០០ លាន​ដុល្លារ

RAK_2461-min© Theara Rithyrack/ 2018

          អាជីវកម្ម​តូចៗជាច្រើន​ ជា​ពិសេស​ហាង​លក់ទំនិញ​នៅ​តែ​មាន​ផ្នត់​គំនិត​ចាត់​ទុកថា ពួកគាត់​ចាំ​បាច់​ត្រូវ​ចែក​ថង់​​ប្លាស្ទិក​ឱ្យ​ច្រើន ដោយ​ឥតគិត​ថ្លៃ​ ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​របស់​ខ្លួន​សប្បាយ​ចិត្ត។​

ការ​គិត​ប្រភេទ​នេះ គឺ​មាន​នៅក្នុង​សង្គម​អស់​ពេលជា​ច្រើន​ឆ្នាំ​មកហើយ។ មនុស្សជា​ច្រើន​តែង​ឱ្យ និង​យក​ផលិតផល​ប្លាស្ទិក​ បើទោះ​បីជា​ផលិត​ទាំងនោះមិន​ចាំ​បាច់​ទាល់តែ​សោះ​ក្ដី។ នៅ​ពេល​អ្នក​ទៅ​ទិញ​ទឹក​ដាក់​ក្នុង​ដប​​ប្លាស្ទិក​ អ្នក​លក់មួយ​ចំនួន​ក្នុងប្រទេស​កម្ពុជា វេចខ្ចប់​ទឹក​នោះ​នៅក្នុង​ថង់​ថ្លា​ និង​បន្ថែម​បំពង់​បឺតមួយ​ផងដែរ ដោយ​ការ​ធ្វើ​បែបនេះ​គឺ​​​ប្រៀប​ដូចជា​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​​ប្លាស្ទិក​​ដោយ​ឥត​ថ្លៃ។

បន្ថែម​លើនេះទៀត ហាង​លក់​កាហ្វេ​​ម៉ាក​យីហោ​ល្បីៗជា​ច្រើន​ ក៏​ប្រើ​ប្រាស់​ពែង​​ប្លាស្ទិក​ជំនួស​ឱ្យ​ពែង​ធ្វើ​ពីកែវ​ផងដែរ ​នៅពេល​អតិថិជន​ពិសាកាហ្វេនៅក្នុង​ហាង។ អតិថិជន​អាច​យក​បំពង់បឺត​​ប្លាស្ទិក​បានដោយ​សេរី​ផងដែរ។  ចំណែក​នៅ​ក្នុង​ភោជនីយដ្ឋាន​លក់​អាហារ​ចម្អិន​ឆាប់​រហ័ស​ធំៗជា​ច្រើន អតិថិជន​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ស្លាបព្រា និង​​សម​ប្លាស្ទិក​ គឺជា​ជម្រើស​តែមួយ​គត់ដែល​​​មាន​។​

RAK_2467-min© Theara Rithyrack/ 2018

ចាន និង​ប្រអប់​​ប្លាស្ទិក​​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ចម្បង​ គ្រប់​ពេល​ដែល​មាន​ការ​ទិញ​វេចខ្ចប់​ទៅ​ញ៉ាំ​ខាងក្រៅ​ហាង​។ ប្រអប់ស្នោ គឺជា​ប្រភេទ​ប្រអប់​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់ប្រជាជន
​កម្ពុជា​​។ យើង​វេច​ខ្ចប់​អាហារជា​ច្រើន​នៅក្នុងប្រអប់​ស្នោ ទោះជា​​សម្រាប់​សម្លក្ដៅ ឬ​សម្ល​ត្រជាក់​ក្ដី។ ដោយហេតុ​ថា ​ប្រអប់​ស្នោ​ទាំង​នោះ​ ងាយ​ស្រួល​បែក​ទៅជា​បំណែ​ក​តូច​ៗ ហើយ​អណ្ដែត​លើ​ទឹក​ដោយ​សារ​តែ​ប្រអប់​ស្នោ​ទាំងនោះមាន​ទម្ងន់​ស្រាល​ បំណែក​ដែល​មាន​ជាតិ​ពុល​ទាំងអស់​នោះ​ បាន​បំពុលដី ហើយ​ពេល​ក្រោយ​មកទៀត ​សត្វ​សមុទ្រ​នឹង​បរិភោគ​ចូលទៅក្នុង​ខ្លួន​​ ហើយ​វា​ក៏​បន្ត​ស្ថិត​នៅ​ក្នុង​បរិស្ថាន​អស់​ពេល​ដ៏យូរ​។

ជម្រើសប្រសើរជាងនេះ

មាន​ផលិតផល​ប្លាស្ទិកជា​ច្រើន​ប្រភេទ​ ដែល​ត្រូវបាន​ជំនួស​ដោយ​ផលិតផល​អាច​យក​ប្រើ​ប្រាស់​វិញ​បាន​។​

charisse-kenion-556167-unsplash-min

Photo by Charisse Kenion on Unsplash

មាន​ជម្រើសជំនួសជា​ច្រើន​សម្រាប់​អាជីវកម្មនានា​ដែល​គួរ​យកមក​ពិចារណា។ បំពង់បឺតធ្វើ​ពីលោហៈ​ ឫស្សី ឬធ្វើពីកែវ​ អាចជួយដោះស្រាយ​បញ្ហា​បំពង់​បឺត​​ប្លាស្ទិកនៅក្នុង​ហាង ឬ​
ភោជនីយដ្ឋាន​បានដោយ​ងាយ​ស្រួល។ ចាន ​ស្លាព្រា ​និងសម​​ប្លាស្ទិក គួរ​ត្រូវបាន​ជំនួស​ដោយ​ចាន ស្លាព្រា​ និង​សម​ពិត​។ ការ​ផ្ដល់​ទឹកមួយ​កែវ​ដល់​​អតិថិជន​ អាច​ជួយ​បញ្ចៀស​ការទិញទឹក​ក្នុងដប
​​ប្លាស្ទិក។ សម្រាប់​ការ​វេចខ្ចប់​អាហារ​ពី​ភោជនីយដ្ឋាន​ទៅ​ញ៉ាំ​នៅខាង​ក្រៅ​ ភាជនៈជីវសាស្ត្រ​ងាយ​រលាយ ត្រូវបាន​លើកទឹក​ចិត្ត​ឱ្យ​ប្រើ​ប្រាស់។ សម្ភារទាំងអស់​នេះ រលាយ​ចូលទៅក្នុងបរិស្ថាន​វិញ​ដោយសារ​អតិសុខុមប្រាណនានា​​ ដូចជា​បាក់តេរីជា​ដើម។ ផលិតផល​​ប្លាស្ទិកជីវសាស្ត្រ​ដែល​អាច​រលាយ​បាន​ ភាគ​ច្រើន​ចំណាយ​ត្រឹម​តែ ១០ ទៅ ១៨០ ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​ផុយរលួយ​បាត់​ទៅវិញ​។​

គួរ​ឱ្យ​សោកស្ដាយ ផលិត​ផល​ជីវសាស្ត្រ​ដែល​អាច​ផុយ​រលួយ​ងាយ​ស្រួល​ទាំង​នោះ ហាក់​មាន​តម្លៃ​ថ្លៃជាង​ផលិតផល​ដែល​គេ​ប្រើ​ជា​ទូទៅ។ អាច​មាន​ការ​លំបាក​ក្នុងការ​បញ្ចុះ​បញ្ចូល​ភោជនីយដ្ឋាន​ទាំង​នោះ ឱ្យ​ប្រើប្រាស់​ផលិតផល​ប្រភេទ​នេះ នៅ​ពេល​ដែល​អតិថិជន​ផ្ទាល់​ពុំសូវ​ខ្វល់​ខ្វាយ​អំពី​បញ្ហា​ប្លាស្ទិក។ មិន​ថាជា​អ្នក​ចែកចាយ ​ឬជា​អតិថិជន​ក្ដី យើង​ទាំងអស់​គ្នា​គួរចូលរួម​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នេះ​។

សូម​ធ្វើ​ខ្លួន​ឱ្យ​ក្លាយជា​អ្នក​បរិភោគ​ដែល​យក​ចិត្ត​ទុកដាក់​លើ​បរិស្ថាន​វិញ​

សូម​សួរ​ខ្លួន​ឯងនូវសំណួរខាង​ក្រោម​៖​

  • តើ​អ្នក​បាន​យក​ថង់​ប្រើ​ប្រាស់​ឡើង​វិញ​បាន​​មកជាប់ខ្លួន​នៅពេល​អ្នកចេញ​ទៅខាង​ក្រៅ​ ឬទេ?
  • តើ​អ្នក​បាន​យក​ដបទឹក​ ឬ​ចាក់​បំពេញ​ដបទឹក​របស់​អ្នក​រួច​ហើយ ​ឬនៅ?​
  • តើ​ហេតុអ្វី​បានជា​អ្នក​ត្រូវ​ការ​ពែង​​ប្លាស្ទិក​នៅ​ពេល​អ្នក​អង្គុយ​ផឹក​ភេសជ្ជៈ​នៅ​ក្នុងហាង ​កាហ្វេ​​?
  • តើ​អ្នកពិតជា​ត្រូវ​ការ​បំពង់​បឺត​​ប្លាស្ទិក ​ឬទេ?​
  • តើ​ហេតុ​អ្វី​បានជា​អ្នក​យក​ថង់​​ប្លាស្ទិក​ដែល​អ្នក​លក់​ផ្ដល់​ឱ្យ​អ្នក​?
  • តើ​មាន​ផលិតផល​​ប្លាស្ទិក​ប៉ុន្មាន​ដែល​អ្នក​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ​?
  • តើ​អ្នកនឹង​គាំ​ទ្រ​អាជីវកម្ម​ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​បរិស្ថាន​ឬទេ​? ប្រសិន​បើ​អ្នកគាំ​ទ្រ ​តើ​អ្នក​គាំ​ទ្រ​ដោយ​របៀបណា?​

evie-calder-857249-unsplash-minPhoto by Evie Calder on Unsplash

ទីផ្សារ​អាច​ដើរ​តាម​និន្នាការ​សង្គម​​ ហើយ​និន្នាការ​សង្គម​នេះ​ផ្ទាល់​ គឺចាប់​ផ្ដើមពី​​អ្នក​ទាំងអស់​គ្នា​។ ក្នុងនាមជា​អ្នក​ប្រើ​ប្រាស់​ម្នាក់​ អ្នក​ជា​បុគ្គល​ដែល​សម្រេច​ចិត្តអំពី​​អ្វី​ដែល​អ្នក​ត្រូវ​ការ​។ អ្នក​មាន​អំណាច​ក្នុងការ​ចៀសវាង​មិន​ប្រើ​​ប្លាស្ទិក​បន្ថែម​ទៀត។ អ្នក​មាន​អំណាច​ក្នុងការ​គ្រប់​គ្រង​លើ​ទីផ្សារ​។ ប្រសិន​បើអ្នក​កាត់​បន្ថយ​តម្រូវ​ការ​ប្រើ​ប្រាស់​​ប្លាស្ទិក​ អ្នក​នឹង​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​សម្ភារប្លាស្ទិក។

បើ​និយាយ​តាមត្រង់​ ប្រសិន​បើ​អ្នក​លក់​ផ្ដល់​ថង់​ប្លាស្ទិកមកឱ្យ​​ នោះ​យើង​ច្បាស់ជាមាន​ការ​លំបាក​ក្នុងការ​​បដិសេធ​មិន​ទទួលយក។ ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​ក្នុងការ​ប្រើ​ប្រាស់​របស់យើង គឺត្រូវ​ការ​ពេលវេលា​។ ប៉ុន្តែ​អ្នក​គួរ​ចាប់​ផ្ដើមជាមួយ​សកម្មភាព​តូចៗ ដូចជា​ការ​មិន​ប្រើ​បំពង់​​ប្លាស្ទិក និងការ​យក​ថង់​ប្រើ​ប្រាស់​ឡើង​វិញបាន​ និង​ដប​ទឹក​របស់​យើង​​តាម​ខ្លួន​។

យើង​ហាក់​មើលឃើញ​ថា ការ​ធ្វើ​បែបនេះ​ហាក់ជួយ​​កាត់​បន្ថយ​បញ្ហា​​ប្លាស្ទិកនៅក្នុងប្រទេស​មិន​បាន​ច្រើន​ទេ​​។ ប៉ុន្តែ ​ប្រសិនបើយើងទាំងអស់​គ្នា ពោលគឺ​យើង​ទាំងអស់​គ្នា​ក្នុង​នាមជា​ប្រជាជនចំនួន​ ១,៥ លាននាក់ ដែល​កំពុង​រស់​នៅទីក្រុង​ភ្នំពេញ​ ឬ​អាចជា​ប្រជាជន​ទាំង ១៥ លាន​នាក់​ក្នុងប្រទេស​កម្ពុជា​​ អាចចៀសវាង​ផលិតផលប្លាស្ទិក​​មួយ​ ឬពីរ​នៅក្នុងការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន នោះលទ្ធផល​ដែលកើតចេញពី​សកម្មភាព​នេះ គឺ​ប្រាកដជា​ស្ដែងចេញ​ឱ្យ​អាច​មើល​ឃើញ​​យ៉ាង​ច្បាស់​តែក្នុង​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។  ប្រសិន​បើ​ដូច្នេះ​មែន ឱកាស​ដែល​យើង​អាច​មើលឃើញ​ថង់​​ប្លាស្ទិក​ហោះហើរ​គ្រប់​ទិសទី អាច​ក្លាយជា​រឿង​លែងសូវ​កើត​មាន​។ សូម​ចាប់​ផ្ដើម​កាត់​បន្ថយការ​ប្រើ​ប្រាស់​​ប្លាស្ទិកជាមួយ​គ្នា​នៅ​ពេល​ឥឡូវ​នេះ​។

 

 ទស្សនៈដែលបង្ហាញ​ចេញ​នៅទីនេះ គឺជា​ទស្សនៈរបស់​អ្នក​និពន្ធ ហើយពុំ​​ចាំ​បាច់សុទ្ធ​តែ​​ជា​ការ​បង្ហាញ ឬ​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់​អង្គការ​យូនីសេហ្វឡើយ។​

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s