ដោយ៖ សុខ រិទ្ធា
© Nik Frey (niksan)/ 2004/ Licensed under CC By 2.5
បន្ទាប់ពីបានជួបប្រទះ និងប្រឈមមុខជាមួយបញ្ហាជាច្រើនពេញមួយថ្ងៃ មនុស្សមួយចំនួនប្រហែលជាចង់ ទៅផឹកគ្រឿងស្រវឹងមួយដបពីរដបនៅពេលល្ងាច ឬយប់ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងក្តីកង្វល់របស់ ខ្លួន។ នៅពេលមានទុក្ខកង្វល់ច្រើន ពួកគេអាចនឹងផឹកគ្រឿងស្រវឹងកាន់តែច្រើនដោយគិតថាគ្រឿង ស្រវឹងច្រើនទើបអាចកាត់បន្ថយទុក្ខកង្វល់ដែលគេកំពុងមានបាន។ មនុស្សមួយចំនួនទៀតក៏បានប្រែក្លាយ ជាមានទម្លាប់ផឹកគ្រឿងស្រវឹងជាប្រចាំដើម្បីជាការសម្រួលដល់អារម្មណ៍មិនល្អក្នុងចិត្តរបស់ពួកគេ។ ទាំងនេះកើតឡើងដោយសារការយល់ថា «ផឹកស្រាបំបាត់ទុក្ខ»។
ពាក្យ «ផឹកស្រាបំបាត់ទុក្ខ» មិនមែនជាពាក្យថ្មីទេ ផ្ទុយទៅវិញ វាគឺជាពាក្យដែលគេតែងតែនិយាយ។ ការគិត បែបនេះបានធ្វើឲ្យមនុស្សមួយចំនួន ជ្រើសរើសយកការផឹកស្រាធ្វើជាដំណោះស្រាយនៃការកើតទុក្ខរបស់ខ្លួន។ យើងគួរបញ្ឈប់ការនិយាយ និងការគិតបែបនេះហើយ ព្រោះតាមពិតទៅ ផឹកស្រាមិនអាចបំបាត់ទុក្ខបានទេ។ ស្រាមិនត្រឹមតែមិនអាចបំបាត់ទុក្ខបានទេ វាថែមទាំងបង្កើនទុក្ខ និងផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ អ្នកផឹកវិញទៀតផង។
គ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត
ការផឹកគ្រឿងស្រវឹងច្រើននិងជាប្រចាំផ្តល់ផលប៉ះពាល់ដល់ផ្នែកខួរក្បាល(ប្រព័ន្ធប្រសាទ)ជាច្រើន ដែលអាចនឹងបង្កើតបានទៅជាជំងឺធ្លាក់ទឹកចិត្ត(depression) ការថប់អារម្មណ៍(anxiety) និង ការតានតឹងក្នុងអារម្មណ៍(stress)។ លើសពីនេះទៀត គ្រឿងស្រវឹងក៏ធ្វើឲ្យសមត្ថភាពនៃការចងចាំ ធ្លាក់ចុះដែរ ហើយនៅពេលផឹកគ្រឿងស្រវឹង សមត្ថភាពនៃការសង្កេតពីទិដ្ឋភាពជុំវិញនិងការគិតពិចារណា ក៏នឹងធ្លាក់ចុះផងដែរ។
Photo by Aarón Blanco Tejedor on Unsplash
គ្រឿងស្រវឹងក៏មានផលប៉ះពាល់ដល់ដំណេកផងដែរ។ មនុស្សដែលផឹកគ្រឿងស្រវឹងនឹងប្រឈមនឹងការដេក មិនបានស្កប់ស្កល់ដែលនឹងនាំឲ្យគេនឿយហត់អស់កំលាំងនៅថ្ងៃបន្ទាប់។ ជាងនេះទៅទៀត ការដេកមិនបាន ស្កប់ស្កល់នេះក៏នាំឲ្យកើតជំងឺធ្លាក់ទឹកចិត្ត ការថប់អារម្មណ៍ និងបញ្ហាផ្លូវចិត្តផេ្សងៗទៀតផងដែរ។
គ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពរាងកាយ
ក្រៅពីផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពផ្លូវចិត្ត គ្រឿងស្រវឹងក៏ផ្តល់ផលអវិជ្ជមានជាច្រើនដល់សុខភាព ផ្លូវកាយផងដែរ ដូចជាការនាំឲ្យកើតជំងឺបេះដូង ថ្លើម លំពែង និងទឹកនោមផ្អែម។ ល។
ការផឹកគ្រឿងស្រវឹងច្រើនធ្វើឲ្យសុខភាពបេះដូងចុះខ្សោយ។ លំហូរនៃការបញ្ជូនអុកស៊ីសែន និងជីវជាតិចិញ្ចឹម រវាងបេះដូង និងសរីរាង្គដទៃទៀតនឹងរងការប៉ះពាល់។ ផលប៉ះពាល់ជំហានដំបូងអាចមានដូចជា សំពាធឈាមឡើងខ្អស់ និងចង្វាក់បេះដូចមិនទៀងទាត់ ហើយវានឹងនាំឲ្យកើតជាបញ្ហាជាច្រើនទៀត នៅពេលខាងមុខ។ បន្ថែមលើនេះទៀត កម្រិតនៃTriglyceride(ប្រភេទនៃជាតិខ្លាញ់ក្នុងឈាម) ក៏អាចនឹងកើនឡើងខ្ពស់ដោយសារការផឹកគ្រឿងស្រវឹងច្រើនផងដែរ ហើយវាអាចបង្កទៅជាជំងឺបេះដូង និងទឹកនោមផ្អែម។ វាក៏អាចបង្កជាការគាំងបេះដូងភ្លាមៗ(sudden cardiac death) ផងដែរ។
គ្រឿងស្រវឹងក៏ជាកត្តាដែលនាំឲ្យកើតជំងឺថ្លើម និងលំពែងដែរ។ ការផឹកគ្រឿងស្រវឹងច្រើនធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់ដំណើរការរបស់ថ្លើម ហើយក្នុងរយៈពេលយូរ វានឹងបង្កជាជំងឺថ្លើមដែលពិបាកនឹងព្យាបាល និងអាចប៉ះពាល់ដល់អាយុជីវិតទៀតផង។ មួយវិញទៀត ការផឹកគ្រឿងស្រវឹងជាប្រចាំក្នុងរយៈយូរឆ្នាំក៏ នឹងធ្វើឲ្យសុខភាពលំពែងចុះអន់ថយផងដែរ។ បញ្ហាលំពែងជាច្រើនមិនបញ្ចេញអាការៈឲ្យដឹងទេពេលនៅ ដំណាក់កាលដំបូង ហើយនេះនាំឲ្យអ្នកជំងឺមិនអាចធ្វើការព្យាបាលទាន់ពេលនៅស្រាល។ ការបន្តផឹក គ្រឿងស្រវឹងច្រើននឹងបង្កទៅជាជំងឺមហារីកលំពែងទៀតផង ហើយវាជាមហារីកម្យ៉ាងដែលរីករាលដាល លឿន និងមានគ្រោះថ្នាក់ខ្លាំង។
មួយថ្ងៃមួយកែវ (ឬមួយកំប៉ុង) ក៏មានបញ្ហាដែរ
មានការនិយាយតៗគ្នា និងមានអត្ថបទជាច្រើនដែលលើកឡើងថាការផឹកស្រា (ឬស្រាបៀរ)មួយថ្ងៃមួយដប (ឬមួយកែវ) អាចនាំឲ្យមានសុខភាពល្អ ក៏ប៉ុន្តែ តាមការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយថ្មីៗនេះលើ ទិនានុប្បវត្តិ(journal) វេជ្ជសាស្រ្ត The Lancet បានបង្ហាញថា “គ្រឿងស្រវឹងគ្មានបរិមាណសុវត្ថិភាព(ល្អ)ទេ”។ នេះមានន័យថា ការផឹកគ្រឿងស្រវឹងតិច ឬច្រើន (ឬមួយថ្ងៃមួយកែវ) សុទ្ធតែអាចប៉ះពាល់ដល់សុខភាព និង នាំឲ្យកើតជំងឺផ្សេងៗ។
សរុបសេចក្តីមក ចូរបញ្ឈប់ការនិយាយ ឬការជ្រើសរើសយកការ “ផឹកស្រាដើម្បីបំបាត់ទុក្ខ” ទៀត ព្រោះវាមិន ពិត និងមិនត្រឹមត្រូវ។ ការផឹកគ្រឿងស្រវឹងគឺដូចជាការចាក់ទឹកអាល់កុលម្យ៉ាង ដែលផ្តល់ផលប៉ះពាល់អាក្រក់ ដល់សុខភាពរាងកាយ និងផ្លូវចិត្ត ចូលទៅក្នុងខ្លួនអញ្ចឹង។ វាមិនបានបំបាត់ទុក្ខទេ ផ្ទុយទៅវិញ វាបង្កើនទុក្ខ ទៅវិញទេ។ ដូចនេះ ការជ្រើសរើសយកការផឹកគ្រឿងស្រវឹងដើម្បីបំបាត់ទុក្ខគឺជាជម្រើសដ៏អាក្រក់បំផុត មួយ។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។
Reblogged this on luckyleaning.
LikeLike