សម្លេងយុវជនកម្ពុជា នេះគឺជារបៀប ដែលយើងអាចប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី!

ដោយ អំរិន ពិសី

katherine-hanlon-594109-unsplash.jpgរូបថតដោយ Katherine Hanlon លើ Unsplash

នៅសាលារៀន គេប្រាប់ខ្ញុំថា អំពើហិង្សាលើស្រ្តីគឺជាទង្វើខុសច្បាប់ ហើយខ្ញុំត្រូវ​បានគេបង្រៀនឲ្យស្អប់អំពើហិង្សាបែបនេះ។ ជារឿងរាល់ថ្ងៃ នៅពេលដែលខ្ញុំបើកទូរទស្សន៍មើល ខ្ញុំតែងតែឃើញការផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួសារលើស្រ្តី។ វាហាក់បីដូចជាមនុស្សជាច្រើន កំពុងខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីការពារស្រ្តី តើពិតមែនទេ?

ប៉ុន្តែ ក្នុងសម័យឌីជីថល តើយើងធ្លាប់ដឹងទេថា អំពើហិង្សាលើស្រ្តី ក៏កើតមានឡើងលើ​បណ្តាញទំនាក់ទំនងសង្គមដែរ?

ជាទូទៅនៅពេលឮពាក្យថា “អំពើហិង្សាលើស្រ្តី” មនុស្សភាគច្រើនគ្រាន់តែគិតពីផ្នែកតូចមួយនៃអំពើហិង្សា ដូចជា អំពើហិង្សាផ្លូវកាយ ឬអំពើហិង្សាក្នុងគ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែធាតុពិត អំពើហិង្សាលើស្រ្តីមានអត្ថន័យធំធេងជាងនេះទៅទៀត។

អង្គការសហប្រជាជាតិ ផ្តល់និយមន័យពាក្យថាអំពើហិង្សាលើស្រ្តី ឬ “អំពើហិង្សាផ្អែកតាមយេនឌ័រ” ថាជាទង្វើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពជាទូទៅរបស់ស្រ្តី ទាំងសុខុមាលភាពផ្លូវកាយ ទាំងសុខុមាលភាពផ្លូវចិត្ត មិនថាផ្នែកណានៃជីវិតរបស់នាងនោះទេ។ សកម្មភាពទាំងនេះ រួមមាន ការបំពានផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្តលើស្រ្តី ការគំរាមប្រព្រឹត្តអំពើបែបនេះ ឬការធ្វើឲ្យស្រ្តីទទួលរងការឈឺចាប់។

បច្ចុប្បន្ននេះ ស្ត្រីជាច្រើននាក់ ក្លាយខ្លួនជាជនរងគ្រោះ ដោយសារអំពើហិង្សាតាមប្រព័ន្ធអនឡាញ ដោយសារតែមនុស្សមួយចំ​នួនប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្កភាពអាម៉ាស់ ដាក់ការបន្ទោស គំរាមកំហែង រំលោភបំពាន ឬបៀតបៀនពួកគេ។

ក្នុងប្រទេសកម្ពុជា អំពើហិង្សាលើស្រ្តីជាច្រើនករណី ត្រូវបានគេផ្សព្វផ្សាយតៗគ្នាលើហ្វេសប៊ុក។ ការផុស្តអំពីករណីរំលោភសេពសន្ថវៈ គឺជាការផុស្តដែលតែងតែឃើញជាធម្មតា ហើយដែលត្រូវបានគេចែករំលែកបន្ត (ស្ហ៊ែរ) ជាញឹកញាប់។ កាលពីពេលថ្មីៗនេះ មានស្រ្តីម្នាក់ដែលត្រូវបានគេចាប់ខ្លួនពី​បទលួច ត្រូវបានគេវាយដំដោយគ្មានក្តីអាណិតអាសូរ ហើយឈុតឆាកវាយដំធ្ងន់ធ្ងរ និងបន្ទាបបន្ថោកនេះ ត្រូវបានគេថត និងផុស្តលើហ្វេសប៊ុក។ ក្នុងករណីមួយទៀត ស្រ្តីម្នាក់ត្រូវបានគេវាយ និងចាប់សម្រាតខោអាវ ព្រោះនាងត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនង  សាហាយស្មន់ជាមួយនឹងប្តីគេ។ អ្វីដែលគួរឱ្យខ្លាចនោះ គឺក្រោយពេលទទួលរងការរំលោភបំពានផ្លូវកាយ និងផ្លូវភេទរួចហើយ ស្ត្រីទាំងនោះត្រូវបានគេបន្ទោស និងទទួលរងភាពអាម៉ាស់តាមប្រព័ន្ធអនឡាញថែមទៀតផង។

បញ្ហាដែលរីកធំទៅៗតាមបណ្តាញទំនាក់ទំនងសង្គមនេះ គឺជាផ្នែកមួយនៃស្ថានភាពអំពើហិង្សាលើស្រ្តីទូទៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេរកឃើញថា ធ្ងន់ធ្ងរ និងមិនត្រូវបានគេរាយការណ៍ ឲ្យបានគ្រប់គ្រាន់ឡើយ។ ក្នុងឆ្នាំ ២០១៥ ការអង្កេតមួយដែលធ្វើឡើងទូទាំងប្រទេសបានរកឃើញថា មានស្ត្រីកម្ពុជាជាង ៣០% ធ្លាប់ទទួលរងការរំលោភបំពានផ្លូវចិត្ត ក្នុងទំនាក់ទំនងរបស់ពួកគេនៅពេលណាមួយ។ ស្រ្តីដែលបានចូលរួមក្នុងការអង្កេត ២១% ទៀត ធ្លាប់ទទួលរងការរំលោភបំពានផ្លូវកាយ និងផ្លូវភេទ និង ៨% រាយការណ៍ថា ធ្លាប់រងគ្រោះដោយសារអំពើហិង្សាបែបនេះក្នុងមួយឆ្នាំ មុនពេលមានការអង្កេតនេះ។

ការរកឃើញទាំងនេះ ស្តាប់ទៅគួរឲ្យភ័យខ្លាចមែនទេ? ឥឡូវនេះ តើអ្នកបារម្ភថា អ្នក ឬមនុស្សគួរឲ្យស្រឡាញ់របស់អ្នក ក៏អាចក្លាយជាជនរងគ្រោះ ដោយអំពើហិង្សាដែរ មែនទេ? តើអ្នកចង់រិះរកវិធី ដើម្បីបញ្ចប់បញ្ហានេះដែរឬទេ? អ្នកទាយទៅមើល អ្នកមានឧបករណ៍នៅក្នុងដៃរួចទៅហើយ នោះគឺបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក។ សូមពិនិត្យមើលពីរបៀបដែលយើងទាំងអស់គ្នា អាចចាប់ផ្តើមធ្វើសកម្មភាពប្រឆាំងនឹងអំពើហិង្សាផ្អែកតាមយេនឌ័រ តាមរយៈមធ្យោបាយទាំងនេះ៖

១.​  នៅក្នុងការសរសេរខំមិន និងផុស្តរបស់អ្នក សូមកុំបន្ទោសជនរងគ្រោះ

gilles-lambert-8649-unsplash.jpgរូបថតដោយ Gilles Lambert on Unsplash

នៅពេលឃើញព័ត៌មានអំពីស្រ្តីម្នាក់ទទួលរងការរំលោភបំពាន ការបៀតបៀន ឬការរំលោភសេពសន្ថវៈ មនុស្សភាគច្រើនតែចោទប្រកាន់ និងបន្ទោសស្រ្តីដែលរងគ្រោះ ថាជាអ្នកដែលនាំឲ្យមានហេតុការណ៍បែបនេះកើតមានចំពោះខ្លួននាង។ ជារឿយៗ មនុស្សយល់ច្រឡំពីមូលហេតុដែលនាំឲ្យអំពើហិង្សាកើតមានលើស្រ្តី។ ឧទាហរណ៍ មនុស្សជាច្រើននាក់ជឿថា ដោយសារតែរបៀបស្លៀកពាក់ និងការសម្តែងអាកប្បកិរិយារបស់ស្រ្តី បុរសមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ រឿងមួយទៀតដែលគេបន្ទោស ថានាំឲ្យអំពើហិង្សាកើតមានឡើង គឺការប្រើប្រាស់គ្រឿងស្រវឹង។ ការបន្ទោសមិនត្រឹមត្រូវបែបនេះ គឺជាការការពារអ្នកប្រព្រឹត្ត និងធ្វើឲ្យពួកគេរួចខ្លួនទៅវិញ។ ការផ្តោតលើអ្នកដែលប្រព្រឹត្ត មិនមែនជាវិធីដែលយើងអាចបញ្ឈប់អំពើហិង្សានោះឡើយ។

មូលហេតុចម្បងជាក់ស្តែងដែលនាំឲ្យមានអំពើហិង្សាលើស្រ្តីកើតមានឡើង ពុំពាក់ព័ន្ធច្រើន​ជាមួយនឹងជនរងគ្រោះ ឬការស្រវឹងនោះឡើយ។ ការស្រាវជ្រាវបានបង្ហាញថា កត្តាដែលអាចព្យាករដឹងអំពីអំពើហិង្សាផ្អែកតាមយេនឌ័រ គឺនៅពេលដែលស្រ្តីមានអំណាចគ្រប់គ្រង និងធនធានតិចជាបុរស។ បុរសប្រកាន់ខ្លាំងទៅនឹងគំនិតថា បុរសនិងស្រ្តី ត្រូវគោរពទៅតាមវិធានយេនឌ័រដ៏តឹងរឹង ដែលកំណត់ថា ពួកគេត្រូវធ្វើសកម្មភាពណាមួយតាមរបៀបណា និងប្រកាន់របៀបអ្វីមួយ ក៏ច្រើនតែជាអ្នកប្រព្រឹត្តអំពើហិង្សានោះដែរ។

មនុស្សមួយចំនួនអាចគិតថា តាមរយៈការរិះគន់ឥរិយាបថរបស់ស្រ្តី វាគឺជាការព្រមានយ៉ាងច្បាស់ប្រាប់ទៅស្រ្តីដទៃទៀតថា មិនត្រូវធ្វើបែបនេះ ដើម្បីឲ្យពួកគេនៅតែអាចបន្តមានសុវត្ថិភាព។ ប៉ុន្តែប្រសិនបើយើងនៅតែបន្ទោសស្រ្តីចំពោះអំពើហិង្សាដែលកើតមានឡើង និងប្រកាន់គំនិតថា វាជាកំហុសរបស់ស្រ្តី ហើយស្រ្តីជាអ្នកទទួលខុសត្រូវ ក្នុងការធ្វើយ៉ាងណាមិនឲ្យបុរសបង្កការឈឺចាប់ដល់ពួកគេ អំពើហិង្សាផ្អែកតាមយេនឌ័រនៅតែបន្តមាន។ ហើយស្រ្តីនៅតែជាជនរងគ្រោះជារៀងរហូត។

ទោះនៅក្នុងស្ថានភាពណាក៏ដោយ សូម្បីតែក្នុងករណីដែលស្ត្រីប្រព្រឹត្តអំពើលួច អំពើហិង្សា មានន័យថាជាការមិនគោរព និងជាការបំពានសិទ្ធិរបស់ស្ត្រី។ ករណីកំហុសធ្ងន់ធ្ងរ គួរដោះស្រាយដោយច្បាប់ មិនមែនដោយសារការំលោភបំពាន ឬការបៀតបៀននោះទេ។

អ្នកទាំងអស់គ្នា! សូមកុំឲ្យបទដ្ឋានទាំងនេះ កំណត់គំនិតរបស់អ្នក។ អ្នកដឹងថា ការរំលោភសេពសន្ថវៈ ការបៀតបៀន និងការរំលោភបំពានស្រ្តី គឺជារឿងមិនត្រឹមត្រូវមែនទេ? ដូច្នេះ យើងអាចបញ្ឈប់ការបន្ថែមវប្បធម៌បន្ទោសជនរងគ្រោះ តាមរយៈការសរសេរក្នុងខំមិន និងផុស្តរបស់យើង ឲ្យមានការបញ្ចប់ការបន្ទោសលើស្ត្រី។ អ្នកដែលគួរទទួលខុសត្រូវចំពោះអំពើហិង្សា គឺអ្នកប្រព្រឹត្ត មិនមែនជនរងគ្រោះនោះឡើយ។

២. ប្រើប្រាស់សម្លេងរបស់អ្នកលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីផ្សព្វផ្សាយការយល់ដឹង

Capture©ទីក្រុងមានសុវត្ថិភាពសម្រាប់ស្ត្រីនៅកម្ពុជា /២០១៨

មានយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមជាច្រើនដែលអំពាវនាវឲ្យមនុស្សក្នុងពិភពលោកចូលរួម និងបំបែកបទដ្ឋានសង្គម ដែលនាំឲ្យមានអំពើហិង្សាកើតមានឡើង។

ចាប់តាំងពីឆ្នាំ ២០១៣ មក UN Women មកបានរៀបចំយុទ្ធនាការប្រចាំឆ្នាំជាសកល ដែលមានឈ្មោះយុទ្ធនាការសកម្មភាព ១៦ ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ កន្លងមក មានមនុស្សរាប់លានទូទាំងពិភពលោក បានគាំទ្រ និងចូលរួមក្នុងយុទ្ធនាការនេះ ទាំងក្នុង ទាំងក្រៅបណ្តាញទំនាក់ទំនងសង្គម តាមរយៈការប្រើប្រាស់ពណ៌ទឹកក្រូច។ យុទ្ធនាការនេះ នឹងត្រឡប់មកវិញនៅឆ្នាំនេះ ដូច្នេះសូមរង់ចាំទទួលព័ត៌មានបន្ថែម។

ក្នុងប្រទេសកម្ពុជា យើងក៏មានយុទ្ធនាការមួយដែលមានឈ្មោះថា ទីក្រុងមានសុវត្ថិភាពសម្រាប់ស្រ្តីនៅកម្ពុជា។ យុទ្ធនាការនេះ មានគោលបំណងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្អែកតាមយេនឌ័រ និងផ្តល់ឲ្យស្រ្តីនូវបរិយាកាសប្រកបដោយសុវត្ថិភាព ដែលពួកគេអាចរស់នៅ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព​ដោយពុំមានការភ័យខ្លាចទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវភេទ។

ដូច្នេះ ក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់យើង  យើងអាចចូលរួម និងផ្តល់ការគាំទ្រដល់យុទ្ធនាការនេះ តាមរយៈការចែករំលែកព័ត៌មានអំពីបញ្ហា និងផ្សព្វផ្សាយសារល្អៗ ដែលផ្តល់ភាពអង់អាចដល់ស្រ្តីទៅកាន់មិត្តភក្តិរបស់អ្នក ក៏ដូចជាមនុស្សទូទាំងពិភពលោកផងដែរ។

ហើយនៅពេលដែលអ្នកឃើញវីដេអូអប់រំអំពីអំពើហិង្សាផ្អែកតាមយេនឌ័រ សូមកុំអូសរំលង! សូមមើលវីដេអូនោះ ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហានេះ និងទទួលបានចំណេះដឹងទូទៅ។ នេះគឺជាវីដេអូអប់រំមួយ ដែលផលិតដោយអង្គការ Oxfam អន្តរជាតិ ដែលខ្ញុំចង់ចែករំលែកជាមួយអ្នក។ អ្នកក៏អាចចែករំលែកវីដេអូនេះផងដែរ!

https://www.youtube.com/watch?time_continue=44&v=ova_C9v7F90

៣. ចែករំលែករឿងរ៉ាវរបស់អ្នក និងរាយការណ៍ពីបទល្មើសតាមបណ្តាញទំនាក់ទំនងសង្គម

fvfv© ទីក្រុងមានសុវត្ថិភាពសម្រាប់ស្រ្តីនៅកម្ពុជា / ២០១៨

យើងក៏អាចប្រើប្រាស់បណ្តាញសង្គម ដើម្បីនិយាយដោយចំហប្រឆាំង និងរាយការណ៍ពីគណនី ទំព័រ ឬព័ត៌មាននានា ដែលគាំទ្រ ឬបង្កអំពើហិង្សាលើស្រ្តី។ នគរបាលមិនអាចទទួលយកសារ ខំមិន រូបភាពវីដេអូមិនល្អតាមបណ្តាញទំនាក់ទំនងសង្គមឡើយ ប៉ុន្តែយើងអាចធ្វើជាអ្នកស៊ើបអង្កេតដែលអាចជួយរាយការណ៍អំពីករណីទាំងនេះ។

ប្រសិនបើអ្នក ឬមិត្តភក្តិរបស់អ្នកទទួលរងការបៀតបៀន ឬគំរាមកំហែងតាមប្រព័ន្ធអនឡាញ អ្នកមិនគួរនៅស្ងៀមស្ងាត់ និងឲ្យអ្នក​ប្រព្រឹត្តល្មើសនេះរួចខ្លួននោះឡើយ។ សូមចែករំលែកអ្វីដែលកើតមានជាមួយនឹងមិត្តភក្តិរបស់អ្នក និងគ្រួសាររបស់អ្នក ដើម្បីជួយស្វែងរកជំនួយ និងរួមគ្នាប្រុងប្រយ័ត្ន។ វិធីដែលល្អមួយទៀត គឺត្រូវរាយការណ៍ និងរាំងខ្ទប់ (ប្លក់) អ្នកដែលផ្ញើសារគំរាមកំហែង ឬប្រមាថមើលងាយអ្នក។ ជាងនេះទៅទៀត វារឹតតែល្អ ប្រសិនបើអ្នកមិន check in ឬចែករំលែកទីតាំងដែលអ្នកបានទៅ ដើម្បីឲ្យអ្នកមានសុវត្ថិភាពពីការតាមព្យាបាទរបស់ជនដែលមានបញ្ហាខាងសតិអារម្មណ៍មួយចំនួន។

សូមកុំបន្តរក្សាភាពស្ងៀមស្ងាត់ទៀត។ យើងទាំងអស់គ្នា ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី។ យើងអាចជួយបញ្ចប់អំពើហិង្សាលើស្រ្តីនៅគ្រប់ទិសទី សូម្បីតែតាមបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ សូមជ្រើសរើសប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីប្រយោជន៍នៃសង្គមរបស់យើង។

តើអ្នកមានគំនិតផ្សេងអំពីរបៀបដែលយើងអាចប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ស្រ្តីដែរឬទេ? សូមចែករំលែកគំនិតរបស់អ្នកក្នុងផ្នែកខំមិនខាងក្រោម!

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s