តើការដែលត្រូវបានគេបដិសេធ គឺជារឿងមិនល្អឬ?

ដោយ​ អ៊ុក សុន្ទថារ័ត្ន

steve-johnson-548294-unsplash-min.jpgរូបថតដោយ Steve Johnson on Unsplash

ការដែលត្រូវបានគេបដិសេធ គឺគ្រាន់តែជាជំហានដែលចាំបាច់មួយ ដើម្បីឈានទៅរកជោគជ័យតែប៉ុណ្ណោះបូ បិនណិត

ការដែលត្រូវបានគេបដិសេធ ធ្វើឲ្យអ្នកឈឺចាប់។ ហើយខ្ញុំជឿថា គ្រប់គ្នាសុទ្ធតែបានឆ្លងកាត់បទពិសោធន៍ទាំងនេះ នៅដំណាក់កាលណាមួយក្នុងជីវិតពួកគេ។  មិនថាការបដិសេធមានប្រភពពីគ្រួសារ មិត្តភក្តិ អ្នករួមធ្វើការងារជាមួយ ឬសូម្បីតែនៅកន្លែងធ្វើការនោះទេ ការដែលត្រូវបានគេបដិសេធ នាំឲ្យមានការឈឺចាប់ចាក់ដល់បេះដូង ដែលជាកន្លែងគ្រប់គ្រងអារម្មណ៍របស់យើង។

យើងអាចសួរខ្លួនឯង តើខ្ញុំពិតជាពុំមានសមត្ថភាពគ្រប់គ្រាន់ឬ? ពេលនោះ ស្វ័យទំនុកចិត្តរបស់យើងចាប់ផ្តើមប្រេះស្រាំ ដោយសារតែការរិះគន់របស់យើងចំពោះខ្លួនឯង។ ទោះជាយ៉ាងណាប្រសិនជាយើងវិភាគបន្តិច ការបដិសេធបែបនេះជួយឲ្យយើងកំណត់ទិសដៅរបស់យើងសាជាថ្មី ហើយចុងក្រោយធ្វើឲ្យជីវិតរបស់យើងកាន់តែមានភាពល្អប្រសើរជាងមុន។

ក្នុងនាមជាមនុស្សម្នាក់ដែលធ្លាប់ត្រូវបានគេបដិសេធកន្លងមក ខ្ញុំយល់យ៉ាងច្បាស់ពីការខកចិត្ត និងការបាក់ទឹកចិត្ត ដែលមនុស្សជាច្រើនកំពុងជួបប្រទះ។ ការទទួលបានចម្លើយថា “ទេ” ពីមនុស្សផ្សេងទៀត មិនមែនជារឿងធំដុំឡើយកាលពីខ្ញុំនៅក្មេង។ ប៉ុន្តែ នៅពេលដែលខ្ញុំធំដឹងក្តី កាលដែលត្រូវបានគេបដិសេធ ចាប់ផ្តើមធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់។

បទពិសោធន៍ទទួលបានការបដិសេធដែលខ្ញុំចងចាំជាងគេ គឺក្រោយដែលខ្ញុំបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្របរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ។ កាលពីពេលនោះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានបញ្ចប់ការសិក្សារយៈពេលបួនឆ្នាំ ដោយពុំធ្លាក់មុខវិជ្ជាណាទាំងអស់។ សំខាន់ជាងគេទៅទៀតនោះ ខ្ញុំគិតថា ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលប្រលូកក្នុងពិភពលោកពិតប្រាកដ និងមានការងារធ្វើ។ ប៉ុន្តែការរំពឹងទុករបស់ខ្ញុំខ្ពស់ពេក ហើយវាធ្វើឲ្យខ្ញុំឈឺចាប់ នៅពេលដែលខ្ញុំពុំអាចសម្រេចគោលដៅនេះ។

anh-nguyen-515149-unsplash-minរូបថតដោយ Anh Nguyen លើ Unsplash

វាចាប់ផ្តើមការពីខែកញ្ញា ឆ្នាំមុន នៅពេលដែលខ្ញុំសម្រេចចិត្តដាក់ពាក្យធ្វើការងារដំបូងរបស់ខ្ញុំ។ ខ្ញុំប្រឡងជាប់តេស្តសរសេរ ប៉ុន្តែត្រូវបានគេបដិសេធមិនទទួលយក ក្រោយវគ្គសម្ភាសន៍។ តើអ្នកដឹងថា អារម្មណ៍ពេលនោះយ៉ាងដូចម្តេចទេ? ជាការពិត ខ្ញុំមានអារម្មណ៍អាម៉ាស់ផង   ខ្មាសគេផង និងគិតថាខ្លួនឯងពុំមានតម្លៃផង។ គួរឲ្យសោកស្តាយ អ្វីៗមិនមែនឈប់ត្រឹមនោះឡើយ។ ក្រោយមកខ្ញុំបានផ្ញើពាក្យសុំធ្វើការងាររបស់ខ្ញុំទៅកន្លែងរបស់ខ្ញុំទៅកន្លែងជាច្រើន ប៉ុន្តែអ្វីដែលខ្ញុំទទួលបាន គឺការបដិសេធ

អ្នកប្រហែលជាឆ្ងល់ តើគេអាចទទួលការបដិសេធជាបន្តបន្ទាប់បែបនេះដែរឬទេ? បាទ វាជាការពិត។ ខ្ញុំគឺជាឧទាហរណ៍របស់មនុស្សពិតប្រាកដម្នាក់។ ហើយច្បាស់ណាស់ ខ្ញុំមិនមែនជាមនុស្សតែម្នាក់ ដែលធ្លាប់ទទួលរងបទពិសោធន៍បែបនេះនោះឡើយ។ បើទោះជាវាជារយៈពេលដែលខ្ញុំទទួលរងការធ្លាក់ទឹកចិត្តយ៉ាងណាក៏ដោយ ខ្ញុំអាចបន្តដំណើរជីវិតទៅមុខទៀត និងពុំបានលះបង់ឡើយ។ តើអ្នកដឹងថាខ្ញុំធ្វើយ៉ាងដូចម្តេចនោះទេ? នេះគឺជាចម្លើយ!

១. ចាត់ទុកការបដិសេធថាជាការកំណត់ទិសដៅសាជាថ្មី

ការទទួលរងការបដិសេធពីមនុស្សផ្សេងទៀត ពុំមានន័យថាអ្នកបរាជ័យនោះឡើយ។ សូមកុំយករឿងដែលគេបដិសេធអ្នកនេះ មកទុកក្នុងខ្លួន ហើយកុំបន្ទោសខ្លួនឯង។ ពេលខ្លះ នៅពេលនរណាម្នាក់បដិសេធយើង វាពុំមានអ្វីពាក់ព័ន្ធជាមួយនឹងកំហុសរបស់យើងនោះទេ។ វាគ្រាន់តែមានន័យថា យើងមិនស័ក្តិសមសម្រាប់ការងារនោះ មនុស្សនោះ ឬឱកាសនោះតែប៉ុណ្ណោះ។ ជាជាងខាតបង់ពេលវេលាសោកស្តោយអ្វីដែលអ្នកចង់បាន ហេតុអ្វីបានជាអ្នកមិនព្រមធ្វើការផ្លាស់ប្តូរផ្នត់គំនិត និងចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់លើសក្តានុពលផ្សេងទៀត ដែលអ្នកមិនទាន់បានស្វែងរកឃើញនៅឡើយ?

និយាយដោយត្រង់ទៅ ខ្ញុំធ្លាប់ចាត់ទុករាល់ពេលខ្ញុំត្រូវបានគេបដិសេធ ថាជាបរាជ័យ ប៉ុន្តែឥឡូវនេះ ខ្ញុំចាត់ទុកវាថាគ្រាន់តែជាសញ្ញាសម្រាប់ឲ្យខ្ញុំផ្លាស់ប្តូរទិសដៅក្នុងជីវិត និងជាមេរៀនមួយក្នុងជីវិតតែប៉ុណ្ណោះ។ ដំបូងឡើយ ពេលដែលខ្ញុំត្រូវបាននិយោជកជាច្រើននាក់ បដិសេធមិនទទួលយក ខ្ញុំមានអារម្មណ៍ដូចជាមនុស្សបរាជ័យម្នាក់ ដែលពុំអាចធ្វើអ្វីមួយឲ្យត្រូវឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំត្រិះរិះពិចារណាឲ្យកាន់តែស៊ីជម្រៅ ខ្ញុំបានដឹងថា ប្រហែលវាគ្រាន់តែជាសញ្ញាឲ្យខ្ញុំធ្វើការផ្លាស់ប្តូរទិសដៅក្នុងជីវិតរបស់ខ្ញុំ។ អាចថាពេលវេលាដែលល្អរបស់ខ្ញុំមិនទាន់មកដល់នៅឡើយ។ អាចថាខ្ញុំគួរអត់ធ្មត់ និងបណ្តោយខ្លួនទៅតាមខ្យល់សិនចុះ។

២. ចូលទៅក្នុងចំណោមអ្នកដែលផ្តល់ការគាំទ្រ

ចំណុចសំខាន់ដែលត្រូវចងចាំមួយទៀត គឺត្រូវនៅឲ្យឆ្ងាយពីមនុស្សដែលគិតរឿងមិនល្អ និងដែលចូលចិត្តវិនិច្ឆ័យអ្នកដទៃទៀត ដែលពុំអាចផ្តល់អ្វីដល់ជីវិតរបស់អ្នកឡើយ ក្រៅតែពីការឈឺចាប់ ជាពិសេសក្នុងអំឡុងពេលដែលអ្នកធ្លាក់់ទឹកចិត្ត បន្ទាប់ពីអ្នកត្រូវបានគេបដិសេធរួច។

ខ្ញុំសំណាងណាស់ ដែលមានគ្រួសារ និងមិត្តភក្តិ ជួយផ្តល់ការគាំទ្រដែលពួកគេជានិច្ចកាលតែងនៅខាងខ្ញុំ និងលើកទឹកចិត្តមិនឲ្យខ្ញុំលះបង់ចោលអ្វីនោះឡើយ។ ពួកគេតែងតែលួងលោមខ្ញុំគ្រប់ពេល បន្ទាប់ពីខ្ញុំទទួលរងការបដិសេធ ធ្វើឲ្យខ្ញុំចាប់ផ្តើមញញឹមឡើងវិញ និងធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សសំខាន់។ ប្រសិនបើពុំមានមនុស្សបែបនេះ នៅជុំវិញខ្លួនខ្ញុំនោះទេ ខ្ញុំមិនដឹងថាតើមានអ្វីកើតមានឡើង ចំពោះផ្លូវចិត្ត និងផ្លូវកាយរបស់ខ្ញុំឡើយ។

ដូចដែលលើកឡើងក្នុងសម្រង់សម្តីដែលខ្ញុំយកពីអ៊ីនធឺណែតនេះ “នៅក្នុងចំណោមអ្នកដែលផ្តល់តម្លៃដល់ភាពល្អរបស់អ្នក និងជួយឲ្យអ្នកកែលម្អកំហុសរបស់អ្នក មិនមែនឋិតក្នុងចំណោមមនុស្សមើលមិនឃើញពីចំណុចល្អរបស់អ្នក និងមើលឃើញតែកំហុសរបស់អ្នកនោះឡើយ។”

៣.កុំបាត់បង់ជំនឿចិត្តលើខ្លួនឯង និងមិនត្រូវប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឡើយ

ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទៀត បង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក។ សូមចាំថា អ្នក និងមនុស្សផ្សេងទៀត រស់នៅក្នុងដំណាក់កាលផ្សេងគ្នានៃជីវិត។ ពេលខ្លះនៅពេលដែលពួកគេអាចសម្រេចបានអ្វីមួយ វាមិនមែនមានន័យថា អ្នកនឹងអាចធ្វើបានដូចគ្នា នៅពេលដែលអ្នកសាកល្បងនៅត្រឹមតែលើកទីមួយនោះឡើយ។ វាអាចត្រូវការពេលខ្លះ មុននឹងអ្នកអាចទទួលបានជោគជ័យ ប៉ុន្តែវាពុំមានន័យថា អ្នកពុំមានសមត្ថភាពនោះឡើយ។ វាគ្រាន់តែមានន័យថា ឱកាសរបស់អ្នកមិនទាន់មកដល់ តែប៉ុណ្ណោះ។

ដូច្នេះ សូមចំណាយពេលដុសខាត់ខ្លួនឯង ជាជាងប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ។ សំខាន់ជាងគេនោះ សូមកុំបាត់បង់ជំនឿចិត្តលើខ្លួនឯង ព្រោះអ្នកគឺជាមេបញ្ជាការនៃជីវិតរបស់អ្នក។ ប្រសិន បើអ្នកមិនជឿទុកចិត្តខ្លួនឯង ហើយអ្នកលះបង់ចោលនោះ ពុំមាននរណាម្នាក់អាចជួយឲ្យអ្នកទទួលបានទំនុកចិត្តដែលអ្នកធ្លាប់មាននោះឡើយ។

miguel-bruna-503098-unsplash-minរូបថតដោយ Miguel Bruna លើ Unsplash

វិធីសាស្រ្តទាំងបីនេះ បានជួយឲ្យខ្ញុំឆ្លងកាត់រយៈពេលធ្លាក់ទឹកចិត្តក្នុងជីវិតរបស់ខ្ញុំ។ ហើយពេលដែលខ្ញុំមើលត្រឡប់ក្រោយវិញ ខ្ញុំសប្បាយចិត្តដែលធ្លាប់ត្រូវបានមនុស្សជាច្រើនបដិសេធមិនទទួលយក ព្រោះថាប្រសិនបើពួកគេមិនបដិសេធខ្ញុំនោះទេ ខ្ញុំមិនអាចក្លាយទៅជាមនុស្សដូចថ្ងៃនេះឡើយ។ សំខាន់ជាងគេនោះ ខ្ញុំពុំអាចទទួលបានការងារ ដូចក្នុងក្តីសុបិន្តរបស់ខ្ញុំឡើយ។

ខ្ញុំសង្ឃឹមថា អ្នកបានរៀ​នសូត្រចំណេះដឹងខ្លះពីអ្វីដែលខ្ញុំសរសេរដាក់ក្នុងប្លក់របស់ខ្ញុំនៅសប្តាហ៍នេះ។ ប្រធាននេះ ជាប្រធានបទពិសេសសម្រាប់ខ្លួនខ្ញុំ។ ហើយខ្ញុំកម្រចែករំលែករឿងនេះជាមួយអ្នកផ្សេងណាស់។ ប៉ុន្តែឥឡូវនេះ ខ្ញុំដឹងថា វាជារឿងល្អ ដែលខ្ញុំអាចចែករំលែកបទពិសោធន៍​របស់ខ្ញុំ ដោយសង្ឃឹមថា ខ្ញុំអាចជួយលើកទឹកចិត្តអ្នកដែលធ្លាក់ចូលទៅក្នុងស្ថានភាពដូចខ្ញុំកន្លងមក។ ខ្ញុំសង្ឃឹមថា អ្នកបានទទួលសាររបស់ខ្ញុំ និងទទួលបានការលើកទឹកចិត្ត ដើម្បីបន្តសម្រេចក្តីសុបិន្តរបស់អ្នក មិនថាអ្នកជួបប្រទះឧបសគ្គអ្វីនោះឡើយ សូមកុំចុះចាញ់!

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s