អត្ថបទដោយ៖ អម្រិន ពិសី
Photo by Florian Pérennès on Unsplash
ជារៀងរាល់ថ្ងៃ យើងម្នាក់ៗតែងតែរវល់នឹងការងារប្រចាំថ្ងៃ ដោយភាគច្រើនយើងមិនបានយកចិត្តទុកដាក់ និងកត់សម្គាល់ថាមានមនុស្សប៉ុន្មាននាក់ដែលកំពុងរស់នៅក្រោមគំនាបនៃជំងឺផ្លូវចិត្តនោះទេ។
ខ្ញុំជឿថាយើងធ្លាប់ជួប ឬឃើញមនុស្សដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរដើរតាមផ្លូវក្នុងសភាពយ៉ាប់យ៉ឺនយ៉ាងហោចណាស់ក៏ម្តងដែរក្នុងជីវិតរបស់យើង។ ជាទូទៅ យើងតែងតែចាត់ទុកពួកគាត់ថាជាមនុស្សឆ្កួត ហើយព្យាយាមនៅឲ្យឆ្ងាយពីពួកគាត់ ដោយសារតែការខ្ពើមរអើម ឬក៏ខ្លាចថាពួកគាត់អាចបង្កគ្រោះថ្នាក់ដល់យើង។
លើសពីនេះទៅទៀត នៅលើកញ្ចក់ទូរទស្សន៍ ក្នុងវិទ្យុ ឬលើបណ្ដាញសង្គមផ្សេងៗ យើងក៏ធ្លាប់ឃើញ និងឮផងដែរនូវព័ត៌មានមួយចំនួនដែលចុះផ្សាយពីការធ្វើអត្តឃាតដោយសារតែជនរងគ្រោះមានជំងឺធ្លាក់ទឹកចិត្ត។ ជាទូទៅ យើងបែរជាស្តីបន្ទោសពួកគេទៅវិញថាជាមនុស្សកំសាក មិនរឹងមាំ ឬល្ងង់ដោយសារពួកគេមិនឲ្យតម្លៃទៅលើជីវិត។
ក្រៅពីនេះយើងក៏ធ្លាប់ឃើញមិត្តភក្តិនៅលើបណ្ដាញសង្គមចែករំលែកពីស្ថានភាពនៃវិបត្តិផ្លូវចិត្តរបស់ពួកគេ ដែលភាគច្រើនយើងមិនបានយកចិត្តទុក្ខទៅលើសាររបស់ពួកគេឡើយ ដោយយើងយល់ថាពួកគេគ្រាន់តែចង់បានការចាប់អារម្មណ៍ពីអ្នកដទៃ និងនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។
ខាងលើនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗទាក់ទងនឹងអ្នកមានជំងឺផ្លូវចិត្តដែលយើងធ្លាប់បានឃើញ និងអ្វីដែលមនុស្សមួយចំនួនឆ្លើយតបទៅកាន់ពួកគេ។ ប៉ុន្តែមនុស្សមួយចំនួននៅតែមានការភ័ន្តច្រលំ និងមិនទាន់យល់ស៊ីជម្រៅនៅឡើយទេពីនិយមន័យ កត្តាដែលនាំឲ្យមានជំងឺផ្លូវចិត្ត និងការព្យាបាលជំងឺនេះ។ ដូច្នេះ៖
អ្វីជាជំងឺផ្លូវចិត្តឲ្យប្រាកដ?
បើនិយាយពីជំងឺផ្លូវចិត្ត ប្រជាជនខ្មែរមួយចំនួនធំដែលជឿលើអបិយជំនឿយល់ថា វាកើតឡើងដោយសារ ជោគជាតារាសី ខ្មោចព្រាយបិសាច មន្ដអាគមអូមអាម ឬអំពើអាបធ្មប់ជាដើម។
ប៉ុន្ដែបើតាមការពន្យល់បែបវិទ្យាសាស្រ្ត ជំងឺផ្លូវចិត្តកើតឡើងនៅពេលអ្នកជំងឺទទួលរងនូវសម្ពាធ ឬការប៉ះពាល់ផ្លូវចិត្តដែលធ្វើឲ្យការគិត ការយល់ឃើញ អាប្បកិរិយា និងទំនាក់ទំនងជាមួយអ្នកដទៃមានភាពប្រែប្រួលមិនប្រក្រតី។
ជម្ងឺផ្លូវចិត្តចែកចេញជាច្រើនប្រភេទ ប៉ុន្ដែប្រភេទដែលត្រូវបានគេស្គាល់ និងកើតមានលើអ្នកជំងឺភាគច្រើនមានដូចជាជំងឺបាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ ជំងឺវិកលចរឹត និងជំងឺបាក់ស្បាត។
មនុស្សគ្រប់គ្នាមិនថាប្រុស ឬក៍៏ស្រី មិនថាជាយុវវ័យ ឬមនុស្សចាស់ និងមិនថាអ្នកស្ថិតក្នងឋានៈអ្វីនោះទេ អ្នកសុទ្ធតែអាចប្រឈមនឹងជំងឺជំងឺផ្លូវចិត្តនេះ ។
ហេតុអ្វីបានជាមានជំងឺផ្លូវចិត្ត?
ប្រជាជនខ្មែរមួយចំនួនធំបានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃជំងឺផ្លូវចិត្តបន្ទាប់ពីពួកគេបានឆ្លងកាត់រឿងរ៉ាវតក់ស្លុតក្នុងជីវិតដូចជា ការរស់នៅក្នុងសង្រ្គាម ការរំលោភបំពាន និងទទួលដឹងឮនូវរូបភាពឃោរឃៅដូចជាឧក្រិដ្ធកម្មជាដើម។
ក្រៅពីនេះ កត្តាជីវភាពប្រចាំថ្ងៃដូចជា ការរស់នៅក្នុងភាពក្រីក្រ ការរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ការញៀនគ្រឿងស្រវឹង ការគ្មានការងារធ្វើ -ល- ក៏អាចធ្វើឲ្យមនុស្សមួយចំនួនប្រឈមនឹិងជំងឺផ្លូវចិត្តនេះបានដែរ។
ចំពោះយុវវ័យ ការទទួលរងសម្ពាធពីសង្គម គ្រួសារ ការសិក្សា ស្នេហា និងមិត្តភាពអាចងាយឲ្យពួកគេធ្លាក់ខ្លួនកើតជំងឺផ្លូវចិត្តដូចជា ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍ជាដើម។ របាយការណ៍ពីអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) បានឲ្យដឹងថា ប្រជាជនខ្មែរប្រមាណជាង៤០% ធ្លាក់ខ្លួនក្លាយជាអ្នកមានជំងឺផ្លូវចិត្ត ដែលក្នុងនោះភាគច្រើនគឺជាយុវវ័យ។
ចុះអ្នកមានជំងឺផ្លូវចិត្តត្រូវបានគេយកចិត្តទុកដាក់ដែរឬទេ?
©TPO Cambodia Treatment Center/2018
ភាគច្រើនអ្នកមានជំងឺផ្លូវចិត្តត្រូវបានគេមើលរំលងមិនថានៅក្នុងសង្គម គ្រួសារ សាលារៀន និង កន្លែងការងារនោះទេ។ អង្គការ OCDE បានឲ្យដឹងថា អ្នកមានជំងឺផ្លូវចិត្តនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ពុំបានទទួលការព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់មជ្ឈដ្ឋានជុំវិញនោះទេ ដែលក្នុងនោះអ្នកដែលមិនទទួលបានការព្យាបាលទាល់តែសោះមានរហូតដល់ ៥៦,៣% នៃអ្នកជំងឺសរុប។
ក្នុងប្រទេសកម្ពុជា ការផ្ដល់ជំនួយទៅលើផ្នែកចិត្តសាស្រ្តក៏មិនទាន់មានច្រើននៅឡើយ ដូច្នេះការព្យាបាលជំងឺផ្លូវចិត្តនៅមានកម្រិត ដោយសារតែកង្វះខាតផ្នែកសេវាកម្ម និងសម្ភារជាដើម។ ជាងនេះទៅទៀត ប្រជាជនខ្មែរក៏មិនទាន់មានចំណេះដឹងទូលំទូលាយទាក់ទងនឹងជំងឺផ្លូវចិត្តនេះដែរ។
ប្រជាជនខ្មែរពិតជាស្វែងរកការព្យាលបាលជំងឺនេះ ប៉ុន្តែដោយសារកង្វះខាតការយល់ដឹង និងកត្តាជីវភាពបានបង្ខំឲ្យប្រជាជនខ្មែរមួយចំនួនស្វែងរកការព្យាបាលតាមផ្លូវងងឹត ឬតាមបែបអបិយជំនឿជាដើម ។
សង្គមខ្មែរយើងមានទម្លាប់រើសអើងអ្នកមានជំងឺចិត្តវិកល ដូច្នេះហើយគ្រួសារមួយចំនួនធំដែលមានសមាជិកកើតជំងឺនេះបានបង្ខំចិត្តបង្ខាំងសេរីភាពអ្នកជំងឺតាមរយៈការឃុំទុកអ្នកជំងឺនៅក្នុងផ្ទះដើម្បីគេចពីការមាក់ងាយ និងរើសអើងពីមនុស្សជុំវិញខ្លួន។
លើសពីនេះទៅទៀត គ្រួសារមួយចំនួនបានឃុំខ្លួនអ្នកមានជំងឺផ្លូវចិត្តតាមរយៈការចង ឬដាក់ច្រវ៉ាក់ ដោយសារតែគេយល់ថាអ្នកជំងឺនេះជាបុគ្គលហិិង្សា ហើយអាចនឹងបង្កគ្រោះថ្នាក់ដល់មនុស្សនៅជុំវិញខ្លួនជាដើម។
អ្នកជំងឺខ្លះទទួលបានសេរីភាព ក៏ប៉ុន្តែវាជាសេរីភាពតាមរូបភាពផ្សេងៗដូចជាការបោះបង់ចោល ការកាត់កាល់ និងលែងរាប់រកពីសមាជិកគ្រួសារដែលធ្វើឲ្យពួកគេសម្រេចចិត្តដើរហើរគ្មានគោលដៅ និងប្រឈមមុខនឹងគ្រោះថ្នាក់មួយចំនួនដូចជាការសេពគប់ជនពាល ឬទទួលរងការរំលោភបំពាន ជាពិសេសបើសិនជាអ្នកជំងឺជាស្រ្តី។
ដោយសារតែមិនទទួលបានការព្យាបាល និងយកចិត្តទុកដាក់ អ្នកជំងឺភាគច្រើនអាចនឹងគិតខ្លីនិងធ្វើអត្តឃាតទៀតផង។ ក្នុងឆ្នាំ២០១១ សកលវិទ្យាល័យភូមិន្តភ្នំពេញបានធ្វើការស្រាវជ្រាវមួយទាក់ទិននឹងវិបិត្តផ្លូវចិត្តធ្ងន់ធ្ងរ និងការធ្វើអត្តឃាត ដោយរកឃើញថាក្នុងចំណោមប្រជាជន ១សែននាក់ដែលកើតជំងឺផ្លូវចិត្ត អត្រាអត្តឃាតមានដល់ ៤២,៥% ។ ក្នុងចំណោមប្រភេទនៃអ្នកជំងឺផ្លូវចិត្តទាំងអស់ អ្នកជំងឺដែលរងគ្រោះដោយសាជំងឺធ្លាក់ទឹកចិត្តភាគច្រើនតែងតែគិតដល់ការធ្វើអត្តឃាត ឬអាចឈានដល់ការធ្វើអត្តឃាតតែម្ដង។
អ្វីទៅជាសេរីភាពពិតប្រាកដរបស់អ្នកមានជំងឺផ្លូវចិត្ត?
© Serena Wang on Pixabay/2016
សេរីភាពពិតប្រាកដរបស់អ្នកមានជំងឺផ្លូវចិត្តគឺជាសេរីភាពដែលទទួលបានតាមរយៈការដោះលែងពីការឃុំឃាំងទុក ការចង និងការដាក់ច្រវ៉ាក់ជាដើម។
សេរីភាពពិតប្រាកដរបស់អ្នកជំងឺគឺជាសេរីភាពដែលអ្នកជំងឺរួចផុតពីការរើសអើង ការមាក់ងាយ និងការស្ដីបន្ទោសពីសង្គម។ វាជាសេរីភាពដែលអ្នកជំងឺមានសិទ្ធិទទួលបានការផ្ដល់តម្លៃមិនថានៅក្នុងគ្រួសារ សាលារៀន មជ្ឈដ្ឋានការងារ និងសង្គម។
សេរីភាពពិតប្រាកដ មិនមែនជាសេរីភាពដែលបានក្រោយពីការដែលគេបោះបង់ចោលអ្នកជំងឺឲ្យដើរ ហើរគ្មានគោលដៅនោះទេ។ វាជាសេរីភាពដែលទទួលបានតាមរយៈការយកចិត្តទុកដាក់ ការមើលថែ និងការផ្ដល់កម្លាំងចិត្តពីមនុស្សជុំវិញខ្លួន។
វាក៏រឹតតែមិនមែនជាសេរីភាពដែលអ្នកជំងឺគិតថានឹងទទួលបានបន្ទាប់ពីបញ្ចប់ជីវិតខ្លួនឯងនោះដែរ។ វាគួរជាសេរីភាពដែលអ្នកជំងឺបានរួចទុក្ខទោសពីការយាយីពីជំងឺនេះ។ ដូច្នេះពួកគេគួរតែស្វែងរកការប្រឹក្សា និងទទួលបានព្យាបាលត្រឹមត្រូវពីសំណាក់វេជ្ជបណ្ឌិតឯកទេសដើម្បីឲ្យជាសះស្បើយ។
ពាក្យក្នុងចិត្ត
ខ្ញុំមិនដឹងថាខ្ញុំអាចកែប្រែការយល់ឃើញរបស់អ្នកទាំងអស់គ្នាបានប៉ុន្មានភាគរយទៅលើបញ្ហាជំងឺផ្លូវចិត្តតាមរយៈអត្ថបទមួយនេះទេ ខ្ញុំគ្រាន់តែដឹងថានៅពេលនេះខ្ញុំមិនចង់ឃើញអ្នកនៅជុំវិញខ្លួនខ្ញុំ ក្លាយជាជនរងគ្រោះ បាត់បង់ឱកាស និងខូចអនាគតដោយសារតែវិបិត្តផ្លូវចិត្តនោះទេ។ ខ្ញុំរឹតតែមិនចងឃើញមនុស្សរាល់គ្នារស់នៅក្នុងភាពរើសអើង និងមិនឲ្យតម្លៃគ្នានោះដែរ។ ខ្ញុំចង់ឃើញមនុស្សជុំវិញខ្លួនខ្ញុំមានសុខភាពផ្លូវចិត្តល្អ រស់នៅក្នុងសង្គមដែលមានការសន្ដោសប្រណី និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីរួមគ្នាកសាងសង្គមជាតិយើងតទៅមុខទៀត។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។
Best writing.
LikeLiked by 1 person
Reblogged this on luckyleaning.
LikeLike