ជំងឺផ្លូវចិត្ត​ និងសេរីភាព

អត្ថបទដោយ៖​ អម្រិន ពិសី

Depress-1.PNGPhoto by Florian Pérennès on Unsplash

ជារៀងរាល់ថ្ងៃ យើងម្នាក់ៗតែងតែរវល់នឹងការងារប្រចាំថ្ងៃ ដោយភាគច្រើនយើងមិនបានយកចិត្តទុកដាក់​ និងកត់សម្គាល់ថាមានមនុស្សប៉ុន្មាននាក់ដែលកំពុងរស់នៅក្រោមគំនាបនៃជំងឺផ្លូវចិត្តនោះទេ។

ខ្ញុំជឿថាយើងធ្លាប់ជួប ឬឃើញមនុស្សដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរដើរតាមផ្លូវក្នុងសភាពយ៉ាប់យ៉ឺនយ៉ាងហោចណាស់ក៏ម្តងដែរក្នុងជីវិតរបស់យើង។ ជាទូទៅ​ យើងតែងតែចាត់ទុកពួកគាត់ថាជាមនុស្សឆ្កួត ហើយព្យាយាមនៅឲ្យឆ្ងាយពីពួកគាត់ ដោយសារតែការខ្ពើមរអើម ឬក៏ខ្លាចថាពួកគាត់អាចបង្កគ្រោះថ្នាក់ដល់យើង។

លើសពីនេះទៅទៀត នៅលើកញ្ចក់ទូរទស្សន៍ ក្នុងវិទ្យុ ឬលើបណ្ដាញសង្គមផ្សេងៗ យើងក៏ធ្លាប់ឃើញ និងឮផងដែរនូវព័ត៌មានមួយចំនួនដែលចុះផ្សាយពីការធ្វើអត្តឃាតដោយសារតែជនរងគ្រោះមានជំងឺធ្លាក់ទឹកចិត្ត។ ជាទូទៅ យើងបែរជាស្តីបន្ទោសពួកគេទៅវិញថាជាមនុស្សកំសាក មិនរឹងមាំ ឬល្ងង់ដោយសារពួកគេមិនឲ្យតម្លៃទៅលើជីវិត។

ក្រៅពីនេះយើងក៏ធ្លាប់ឃើញមិត្តភក្តិនៅលើបណ្ដាញសង្គមចែករំលែកពីស្ថានភាពនៃវិបត្តិផ្លូវចិត្តរបស់ពួកគេ ដែលភាគច្រើនយើងមិនបានយកចិត្តទុក្ខទៅលើសាររបស់ពួកគេឡើយ ដោយយើងយល់ថាពួកគេគ្រាន់តែចង់បានការចាប់អារម្មណ៍ពីអ្នកដទៃ និងនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។

ខាងលើនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗទាក់ទងនឹងអ្នកមានជំងឺផ្លូវចិត្តដែលយើងធ្លាប់បានឃើញ និងអ្វីដែលមនុស្សមួយចំនួនឆ្លើយតបទៅកាន់ពួកគេ។ ប៉ុន្តែមនុស្សមួយចំនួននៅតែមានការភ័ន្តច្រលំ និងមិនទាន់យល់ស៊ីជម្រៅនៅឡើយទេពីនិយមន័យ កត្តាដែលនាំឲ្យមានជំងឺផ្លូវចិត្ត និងការព្យាបាលជំងឺនេះ។ ដូច្នេះ៖

អ្វីជាជំងឺផ្លូវចិត្តឲ្យប្រាកដ?

បើនិយាយពីជំងឺផ្លូវចិត្ត ប្រជាជនខ្មែរមួយចំនួនធំដែលជឿលើអបិយជំនឿយល់ថា វាកើតឡើងដោយសារ ជោគជាតារាសី ខ្មោចព្រាយបិសាច មន្ដអាគមអូមអាម ឬអំពើអាបធ្មប់ជាដើម។

ប៉ុន្ដែបើតាមការពន្យល់បែបវិទ្យាសាស្រ្ត ជំងឺផ្លូវចិត្តកើតឡើងនៅពេលអ្នកជំងឺទទួលរងនូវសម្ពាធ ឬការប៉ះពាល់ផ្លូវចិត្តដែលធ្វើឲ្យការគិត ការយល់ឃើញ អាប្បកិរិយា និងទំនាក់ទំនងជាមួយអ្នកដទៃមានភាពប្រែប្រួលមិនប្រក្រតី។

ជ​ម្ងឺផ្លូវចិត្តចែកចេញជាច្រើនប្រភេទ ប៉ុន្ដែប្រភេទដែលត្រូវបានគេស្គាល់ និងកើតមានលើអ្នកជំងឺភាគច្រើនមានដូចជាជំងឺបាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ ជំងឺវិកលចរឹត និងជំងឺបាក់ស្បាត។

មនុស្សគ្រប់គ្នាមិនថាប្រុស ឬក៍៏ស្រី មិនថាជាយុវវ័យ ឬមនុស្សចាស់​ និងមិនថាអ្នកស្ថិតក្នងឋានៈអ្វីនោះទេ អ្នកសុទ្ធតែអាចប្រឈមនឹងជំងឺជំងឺផ្លូវចិត្តនេះ ។

ហេតុអ្វីបានជាមានជំងឺផ្លូវចិត្ត?

ប្រជាជនខ្មែរមួយចំនួនធំបានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃជំងឺផ្លូវចិត្តបន្ទាប់ពីពួកគេបានឆ្លងកាត់រឿងរ៉ាវតក់ស្លុតក្នុងជីវិតដូចជា ការរស់នៅក្នុងសង្រ្គាម ការរំលោភបំពាន និងទទួលដឹងឮនូវរូបភាពឃោរឃៅដូចជាឧក្រិដ្ធកម្មជាដើម។

ក្រៅពីនេះ​ កត្តាជីវភាពប្រចាំថ្ងៃដូចជា ការរស់នៅក្នុងភាពក្រីក្រ ការរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ការញៀនគ្រឿងស្រវឹង ការគ្មានការងារធ្វើ​ -ល- ក៏អាចធ្វើឲ្យមនុស្សមួយចំនួនប្រឈមនឹិងជំងឺផ្លូវចិត្តនេះបានដែរ។

ចំពោះយុវវ័យ ការទទួលរងសម្ពាធពីសង្គម គ្រួសារ  ការសិក្សា ស្នេហា និងមិត្តភាពអាចងាយឲ្យពួកគេធ្លាក់ខ្លួនកើតជំងឺផ្លូវចិត្តដូចជា ជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៍ជាដើម។ របាយការណ៍ពីអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) បានឲ្យដឹងថា ប្រជាជនខ្មែរប្រមាណជាង៤០% ធ្លាក់ខ្លួនក្លាយជាអ្នកមានជំងឺផ្លូវចិត្ត ដែលក្នុងនោះភាគច្រើនគឺជាយុវវ័យ។

ចុះអ្នកមានជំងឺផ្លូវចិត្តត្រូវបានគេយកចិត្តទុកដាក់ដែរឬទេ?

Depress-2.PNG©TPO Cambodia Treatment Center/2018

ភាគច្រើនអ្នកមានជំងឺផ្លូវចិត្តត្រូវបានគេមើលរំលងមិនថា​នៅក្នុងសង្គម គ្រួសារ សាលារៀន និង កន្លែងការងារនោះទេ។ អង្គការ OCDE បានឲ្យដឹងថា អ្នកមានជំងឺផ្លូវចិត្តនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ពុំបានទទួលការព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់មជ្ឈដ្ឋានជុំវិញនោះទេ​ ដែលក្នុងនោះអ្នកដែលមិនទទួលបានការព្យាបាលទាល់តែសោះមានរហូតដល់ ៥៦,៣% នៃអ្នកជំងឺសរុប។

ក្នុងប្រទេសកម្ពុជា ការផ្ដល់ជំនួយទៅលើផ្នែកចិត្តសាស្រ្តក៏មិនទាន់មានច្រើននៅឡើយ ដូច្នេះការព្យាបាលជំងឺផ្លូវចិត្តនៅមានកម្រិត ដោយសារតែកង្វះខាតផ្នែកសេវាកម្ម និង​សម្ភារជាដើម។ ជាងនេះទៅទៀត ប្រជាជនខ្មែរក៏មិនទាន់មានចំណេះដឹងទូលំទូលាយទាក់ទងនឹងជំងឺផ្លូវចិត្តនេះដែរ។

ប្រជាជនខ្មែរពិតជាស្វែងរកការព្យាលបាលជំងឺនេះ ប៉ុន្តែដោយសារកង្វះខាតការយល់ដឹង​ និងកត្តាជីវភាពបានបង្ខំឲ្យប្រជាជនខ្មែរមួយចំនួនស្វែងរកការព្យាបាលតាមផ្លូវងងឹត ឬតាមបែបអបិយជំនឿជាដើម ។

សង្គមខ្មែរយើងមានទម្លាប់រើសអើងអ្នកមានជំងឺចិត្តវិកល ដូច្នេះហើយគ្រួសារមួយចំនួនធំដែលមានសមាជិកកើតជំងឺនេះ​បានបង្ខំចិត្តបង្ខាំងសេរីភាពអ្នកជំងឺតាមរយៈការឃុំទុកអ្នកជំងឺនៅក្នុងផ្ទះដើម្បីគេចពីការមាក់ងាយ​ ​និងរើសអើងពីមនុស្សជុំវិញខ្លួន។  

លើសពីនេះទៅទៀត គ្រួសារមួយចំនួនបានឃុំខ្លួនអ្នកមានជំងឺផ្លូវចិត្តតាមរយៈការចង ឬដាក់ច្រវ៉ាក់ ដោយសារតែគេយល់ថាអ្នកជំងឺនេះជាបុគ្គលហិិង្សា ហើយអាចនឹងបង្កគ្រោះថ្នាក់ដល់មនុស្សនៅជុំវិញខ្លួនជាដើម។

អ្នកជំងឺខ្លះទទួលបានសេរីភាព ក៏ប៉ុន្តែវាជាសេរីភាពតាមរូបភាពផ្សេងៗដូចជាការបោះបង់ចោល ការកាត់កាល់ និងលែងរាប់រកពីសមាជិកគ្រួសារដែលធ្វើឲ្យពួកគេសម្រេចចិត្តដើរហើរគ្មានគោលដៅ និងប្រឈមមុខនឹងគ្រោះថ្នាក់មួយចំនួនដូចជាការសេពគប់ជនពាល ឬទទួលរងការរំលោភបំពាន ជាពិសេសបើសិនជាអ្នកជំងឺជាស្រ្តី។

ដោយសារតែមិនទទួលបានការព្យាបាល និងយកចិត្តទុកដាក់ អ្នកជំងឺភាគច្រើនអាចនឹងគិតខ្លីនិងធ្វើអត្តឃាតទៀតផង។ ក្នុងឆ្នាំ២០១១ សកលវិទ្យាល័យភូមិន្តភ្នំពេញបានធ្វើការស្រាវជ្រាវមួយទាក់ទិននឹងវិបិត្តផ្លូវចិត្តធ្ងន់ធ្ងរ និងការធ្វើអត្តឃាត ដោយរកឃើញថាក្នុងចំណោមប្រជាជន ១សែននាក់ដែលកើតជំងឺផ្លូវចិត្ត អត្រាអត្តឃាតមានដល់ ៤២,៥% ។ ក្នុងចំណោមប្រភេទនៃអ្នកជំងឺផ្លូវចិត្តទាំងអស់ អ្នកជំងឺដែលរងគ្រោះដោយសាជំងឺធ្លាក់ទឹកចិត្តភាគច្រើនតែងតែគិតដល់ការធ្វើអត្តឃាត​​ ឬអាចឈានដល់ការធ្វើអត្តឃាតតែម្ដង។

អ្វីទៅជាសេរីភាពពិតប្រាកដរបស់អ្នកមានជំងឺផ្លូវចិត្ត?

Depress-3© Serena Wang on Pixabay/2016

សេរីភាពពិតប្រាកដរបស់អ្នកមានជំងឺផ្លូវចិត្តគឺជាសេរីភាពដែលទទួលបានតាមរយៈការដោះលែងពីការឃុំឃាំងទុក ការចង និងការដាក់ច្រវ៉ាក់ជាដើម។

សេរីភាពពិតប្រាកដរបស់អ្នកជំងឺគឺជាសេរីភាពដែលអ្នកជំងឺរួចផុតពីការរើសអើង ការមាក់ងាយ និងការស្ដីបន្ទោសពីសង្គម។ វាជាសេរីភាពដែលអ្នកជំងឺមានសិទ្ធិទទួលបានការផ្ដល់តម្លៃមិនថានៅក្នុងគ្រួសារ សាលារៀន មជ្ឈដ្ឋានការងារ និងសង្គម។

សេរីភាពពិតប្រាកដ មិនមែនជាសេរីភាពដែលបានក្រោយពីការដែលគេបោះបង់ចោលអ្នកជំងឺឲ្យដើរ ហើរគ្មានគោលដៅនោះទេ។ វាជាសេរីភាពដែលទទួលបានតាមរយៈការយកចិត្តទុកដាក់ ការមើលថែ និងការផ្ដល់កម្លាំងចិត្តពីមនុស្សជុំវិញខ្លួន។

វាក៏រឹតតែមិនមែនជាសេរីភាពដែលអ្នកជំងឺគិតថានឹងទទួលបានបន្ទាប់ពីបញ្ចប់ជីវិតខ្លួនឯងនោះដែរ។ វាគួរជាសេរីភាពដែលអ្នកជំងឺបានរួចទុក្ខទោសពីការយាយីពីជំងឺនេះ។ ដូច្នេះពួកគេគួរតែស្វែងរកការប្រឹក្សា និងទទួលបានព្យាបាលត្រឹមត្រូវពីសំណាក់វេជ្ជបណ្ឌិតឯកទេសដើម្បីឲ្យជាសះស្បើយ។

ពាក្យក្នុងចិត្ត

ខ្ញុំមិនដឹងថាខ្ញុំអាចកែប្រែការយល់ឃើញរបស់អ្នកទាំងអស់គ្នាបានប៉ុន្មានភាគរយទៅលើបញ្ហាជំងឺផ្លូវចិត្តតាមរយៈអត្ថបទមួយនេះទេ ខ្ញុំគ្រាន់តែដឹងថានៅពេលនេះខ្ញុំមិនចង់ឃើញអ្នកនៅជុំវិញខ្លួនខ្ញុំ ក្លាយជាជនរងគ្រោះ បាត់បង់ឱកាស និងខូចអនាគតដោយសារតែវិបិត្តផ្លូវចិត្តនោះទេ។ ខ្ញុំរឹតតែមិនចងឃើញ​មនុស្សរាល់គ្នារស់នៅក្នុងភាពរើសអើង និងមិនឲ្យតម្លៃគ្នានោះដែរ។ ខ្ញុំចង់ឃើញមនុស្សជុំវិញខ្លួនខ្ញុំមានសុខភាពផ្លូវចិត្តល្អ រស់នៅក្នុងសង្គមដែលមានការសន្ដោសប្រណី និងឲ្យតម្លៃគ្នាទៅវិញទៅមក  ដើម្បីរួមគ្នាកសាងសង្គមជាតិយើងតទៅមុខទៀត។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

1 Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s