គិតអីមិនចេញទេមែន​ឬ?តោះមកស្វែងយល់ពីមូលហេតុនិងដំណោះស្រាយបញ្ហានេះ!

អត្ថបទដោយ៖​ ខុន សក្ក័ដា

hutomo-abrianto-576211-unsplash.jpgPhoto by Hutomo Abrianto on Unsplash

ធ្លាប់អត់? ការងារនៅនឹងមុខ អង្គុយសម្លឹងតែមិនដឹងធ្វើយ៉ាងម៉េច មិនដឹងថាត្រូវធ្វើចាប់ពីណាទៅណា គិតអីក៏មិនចេញ ហើយបានត្រឹមអង្គុយធ្មឹងនៅហ្នឹង។

យើង​មានអារម្មណ៍​ថា​ហត់​នឿយ ​ទាំង​ផ្លូវ​កាយ​ ទាំងផ្លូវ​ចិត្ត​ ដែល​យើង​ចូលចិត្ត​និយាយថា “អស់​ពីក្នុង​ខ្លួន”។ អារម្មណ៍​ប្រែជា​វិល​វល់​រវើរវាយ​ ជួន​កាល​ទៅយើងបាត់​បង់​កម្លាំង​ចិត្ត​នឹង​ធ្វើ​ការងារបន្ត​ទៀត ហើយ​បើ​ខ្លាំង​ជាង​នេះបន្តិចទៅ យើងក៏អាចឈានដល់បាក់​ទឹក​ចិត្ត​ទៀតក៏ថាបាន។


តាមពិត​ទៅ រឿង​នេះមិន​មែនជារឿង​អីថ្មីនោះទេ ហើយ​ក៏មិន​មែនមាន​តែ​អ្នកដែរ​ ដែល​ជួប​ប្រទះ​នូវ​បញ្ហា​មួយ​នេះ។ ស្ទើរ​តែ​គ្រប់​គ្នា​ទៅហើយ​​ជួប​នូវ​រឿង​បែបនេះ គ្រាន់​តែអ្នក​ខ្លះគេ​អាច​ដោះស្រាយ​បាន អ្នកខ្លះ​ត្រូវ​ការ​ចំណាយ​ពេល​យូរ​តែប៉ុណ្ណឹង។ ​អ្នកសរសេរ​ក៏កំពុង​ស្ថិត​នៅក្នុង​ស្ថាន​ការណ៍​មួយ​នេះ​ដែរ។


​ដូច្នេះនៅក្នុង​អត្ថបទមួយនេះ​ខ្ញុំ​នឹង​ព្យាយាម​បង្ហាញ​អ្នក​ ឱ្យ​ដឹង​ពី​មូល​ហេតុ​នៃ​ការ​នាំ​ឱ្យ​មាន​​អារម្មណ៍​បែប​នោះលេច​ឡើង និង​ដំណោះ​ស្រាយ​មួយ​ចំនួន​ដែល​ខ្ញុំ​គិតថា​ល្អ ហើយ​អនុវត្ត​ខ្លួន​ឯង​ទៅមាន​ប្រសិទ្ធភាព។

មូលហេតុ

រឿង​នេះ​កើត​ឡើង​ដោយសារ​មូល​ហេតុ​ផ្សេង​ៗ​គ្នា​ ទៅតាម​មនុស្ស​ និងកាលៈទេសៈ ខាង​ក្រោម​នេះជាមូល​ហេតុ​មួយ​ចំនួន​ដែល​គ្រប់​គ្នា​ឧស្សាហ៍ជួប​៖

១. ការងារ​ច្រើន​ក្នុង​ពេល​តែមួយ​ (បាត់​បង់​ការ​ផ្ដោត​អារម្មណ៍)

Capture.PNGDesigned by Photoroyalty

ខ្មែរ​យើង​មាន​ពាក្យ​បុរាណមួយ​ឃ្លាថា “ទន្សាយ​ក៏រួច​ ត្រី​រ៉ស់​ក៏រួច”។ នៅពេលដែល​យើង​មាន​ការងារ​ច្រើន​ ហើយ​សម្រុក​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេលតែមួយ អារម្មណ៍​យើង​ត្រូវ​បែង​ចែក​ច្រើន​ មិន​មូល ធ្វើឱ្យយើងមិន​អាច​ផ្ដោត​អារម្មណ៍ទៅលើ​ការងារ​ណាមួយ​ឱ្យ​បានល្អ​ឡើយ។

ជាលទ្ធ​ផល​ភាគច្រើន​នៃ​ការងារ​ដែល​យើងធ្វើ​ឡូក​ឡំ​គ្នា​ច្រើន​ ពុំបាន​ផ្ដោតលើការងារ​មួយ​ណា​ឱ្យ​ច្បាស់​ មិនសូវជា​​ទទួលបាន​ជោគជ័យ​គាប់​ប្រសើរនោះទេ ហើយ​អាក្រក់​ជាង​នេះទៅទៀត​ គឺការងារនោះ​មិនចេញជាសាច់​ការហើយ​បរាជ័យ នាំឱ្យយើង​បាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ជាង​មុនទៅទៀត។

កម្លាំង​កាយ​ និងកម្លាំង​ប្រាជ្ញារបស់មនុស្សយើងម្នាក់ៗ​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការងារ​ណាមួយមានកំណត់។។ នៅពេល​ដែល​យើងព្យាយាម​ចំណាយ​វាលើ​ស​កំណត់ខ្លាំង​ពេក​ វាក៏ត្រូវ​ការពេល​យូរដើម្បី​ត្រឡប់​មក​រកសភាពដើម​វិញដែរ។ ​​កំឡុងពេលនេះហើយ​ជា ពេលដែលយើង​គិត​អីមិន​លេច  ហើយមិន​មាន​អារម្មណ៍ធ្វើ​អីបាន។

២. ការទទួល​ព័ត៌មាន​ច្រើនជ្រុល

Capture.PNGDesigned by Makyzz

 

ពេល​ខ្លះយើង​ដឹងច្រើនពេក​​ទាំងអ្វីដែល​យើងមិន​គួរ​ដឹង​ និង​ទទួល​យក​មក​ទុក​ក្នុង​ខួរ​ក្បាល។ ក្រោយ​មក​យើងនៅមិនសុខ ក៏អង្គុយ​គិតពី​វា​ដោយមិនដឹង​ខ្លួន​ ដែល​ធ្វើ​ឱ្យ​យើងពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅលើ​ការងារ​ណាស់។

វាអាច​ជាព័ត៌មាន​ដែល​ទាក់​ទង​នឹង​ការងារ​យើង​ក៏ថា​បាន​។ ពេលខ្លះយើង​អង្គុយ​ប្រមូល​ព័ត៌មាន​ របៀបធ្វើ​ ឬក៏អត្ថបទ​ដែល​ពាក់​ព័ន្ធ​នឹង​ការងារនោះយក​មកមើល​។ ប៉ុន្តែ​ពេលខ្លះ​មើលកាន់តែច្រើន​ទៅ ​ផ្ទុក​ព័ត៌មានពេញក្បាលពេក ធ្វើឱ្យយើង​មិនដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច​ ឬចាប់​ផ្ដើម​ពីណា។

៣.បញ្ហា​ផ្ទាល់​ខ្លួន

បញ្ហា​ផ្ទាល់​ខ្លួន​នេះ អាច​​ជា​ បញ្ហា​គ្រួសារ ឬក៏ស្នេហា​ជាដើម​។ ពេល​ខ្លះ​ការ​ដែលមាន​រឿងទាំងនោះ​កើត​ឡើង ​ធ្វើ​ឱ្យយើង​ផ្តោតអារម្មណ៍លើការងារមិនបាន ដោយសារតែ​អារម្មណ៍​របស់យើងនៅរវីរវល់លើតែ​រឿងនោះ។ ការ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួនយើង ពិតជាបំណិនជីវិតមួយដ៏សំខាន់ ដើម្បីការពារកុំឲ្យ​អារម្មណ៍​នោះ​មក​គ្រប់​គ្រង​យើងវិញ។

ប្រាកដ​ណាស់​នរណាៗ​ក៏មានបញ្ហា​រៀងៗ​ខ្លួន​ដែរ​ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះគឺ​ការ​មើល​ឃើញ​ទៅលើ​បញ្ហា​នោះ របៀប​នៃ​ការ​ប្រឈម និង​របៀប​នៃ​ការ​ដោះស្រាយ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​លក្ខណៈ​ដាច់​ដោយឡែក។

៤. សុខភាព

គ្មាន​អ្វីដែល​ជាកត្តា​កំណត់​នូវ​ដំណើរ​ជីវិត​មនុស្ស​ម្នាក់​ខ្លាំង​ជាង​សុខភាពនោះទេ។ បើទោះជា​អ្នក​មាន​គំនិត ក្តីស្រម៉ៃ គោលដៅ គម្រោង​ល្អ​ឥត​ខ្ចោះប៉ុណ្ណា​ក៏ដោយ បើសិន​ជា​សុខភាពមាន​បញ្ហា​ចុះអន់​ថយ​ អ្វីៗ​នឹង​មិនអាច​សម្រេច​បាន​នោះទេ។

នៅពេលខ្លះរាង​កាយ​យើង​ក៏ទ្រាំទ្រ​មិនរួច​ ជាហេតុ​ធ្វើ​ឱ្យ​យើងបែកអារម្មណ៍ អស់កម្លាំងធ្វើអីទាំងអស់។ យើងអាច​ធ្វើ​ការ​បាក់​កំលាំង​ពេក ឬ​ក៏ញុាំមិន​បាន​គ្រប់​គ្រាន់​ធ្វើ​ឲ្យហេវ​ហត់​ជាដើម។

ដំណោះស្រាយ

v.PNGDesigned by Makyzz

កុំភ័យ​ វាមិនមែន​ជារឿង​ដែល​អ្នក​ជួប​ប្រទះ​តែ​ម្នាក់​ឯង​នោះទេ។ ខាង​ក្រោម​នេះជាដំណោះស្រាយ​ខ្លះៗ ដែល​ខ្ញុំ​គិត​ថា​ល្អ ហើយអាច​ជួយ​អ្នក​បាន៖

  • ផ្តោត​ទៅលើ​ការងារតែ​មួយ៖ ធ្វើ​មួយ​ឱ្យ​ហើយសិនចាំ​បន្តទៅធ្វើ​ការងារ​មួយទៀត។ បើយើងស្រវាធ្វើទាំង​អស់ យើងមិនអាចធ្វើហើយ​មួយ​ណាទេ។
  • ដឹង​ថា​អ្វីដែលត្រូវ​យកនិង​ អ្វីមិនត្រូវ​យកមកគិត៖ នេះមិនមែន​បាន​ន័យថា​ឲ្យ​អ្នក​ធ្វើ​មិនដឹង​មិន ឮនោះទេ គ្រាន់តែត្រូវដឹង​​ថា​អ្វីដែល​ត្រូវខ្វល់​ខ្វាយ អ្វីដែល​ត្រូវបំភ្លេច​ចោល។
  • ថែ​ររក្សាសុខភាព ទាំង​ផ្លូវ​កាយ​​និងផ្លូវ​ចិត្ត៖ ហាត់​ប្រាណជា​អ្វី ដែល​គេ​តែង​តែ​លើក​ឡើង​មិនថា​អ្នក​ចង់​បាន​សុខភាព​ល្អ ឬក៏កាត់​ស្ត្រេស​នោះទេ។ ក្រៅពីនេះសម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ មាន​ជម្រើស​ជាច្រើន​ដែល​យើង​អាច​ធ្វើ​បាន ដូច​ជា​ អានសៀវភៅ និយាយជាមួយមិត្តភក្តិ ឬគ្រួសារ? ឬក៏ធ្វើ​ការ​សមាធិ (Meditation) ជាដើម។

ប៉ុន្តែ​អ្វីដែល​ល្អបំផុត​នោះគឺអ្នក​ព្យាយាម​ស្វែង​យល់​ពីខ្លួន​ឯង​ឱ្យ​បានច្រើន នឹង​ស្វែង​រក​ដំណោះស្រាយ​ល្អ​សម្រាប់​ខ្លួន​ឯង ព្រោះថា​អ្នក​អាច​មាន​ដំណោះស្រាយ​អ្វី​ផ្សេង​ទៀត​ដែល​គាប់​ប្រសើរ​ជាង​នេះ ហើយ​មាន​តែ​ខ្លួន​ឯង​ទេ​ដែល​ស្គាល់​ខ្លួន​ឯង​ច្បាស់​ថា​ត្រូវ​ធ្វើ​បែប​ណា​។

អរគុណច្រើន​សម្រាប់​ការចំណាយ​ពេលវេលា​អាន​អត្ថបទមួយនេះ។ សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​បាន​ស្វែង​យល់​ និង​ រកឃើញនូវ​ដំណោះស្រាយ​សម្រាប់​ខ្លួនឯង ដើម្បីឲ្យ​គំនិត​ ឬការងារ​របស់​អ្នក​ប្រព្រឹត្ត​ទៅដោយរលូន ដោយមិនចាំបាច់​ត្រូវ​នៅអង្គុយ​សុញ ធ្វើ​មិនចេញ។  ហើយ​ប្រសិន​បើ​អ្នកមាន​មតិ​យោបល់​យ៉ាង​ណា​ អាច​ធ្វើ​ការ​បញ្ចេញ​នៅក្នុុង​ប្រអប់​ Comment នៅខាង​ក្រោម​នេះបាន​៕

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s