៣ចំណុចសំខាន់ ដើម្បីក្លាយជាអ្នកស្ម័គ្រចិត្តជោគជ័យ

ដោយ៖ រ៉ាវី​ សុភារ័ត្ន

Blog4-1

បច្ចុប្បន្ននេះព័ត៌មានទាក់ទងនឹងការប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តមានច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គម។​ ការងារស្ម័គ្រចិត្ត កំពុងក្លាយជាការងារពេញនិយមសម្រាប់យុវជនមួយចំនួន ដោយយើងឃើញថាមានយុវជនជាច្រើនបានចាប់ផ្តើមប្រឡូកក្នុងការងារទាំងនេះយ៉ាងសស្រាក់សស្រាំ អ្នកខ្លះចាប់ផ្តើមការងារស្ម័គ្រចិត្តតាំងតែពីរៀននៅវិទ្យាល័យ ខ្លះរៀនផងធ្វើការងារស្ម័គ្រចិត្តពីរបីកន្លែងក្នុងពេលតែមួយផងក៏មាន។

អ្នកស្ម័គ្រចិត្តអាចទទួលបានបទពិសោធន៍ និងជំនាញទន់ ដែលអាចបន្ថែមទម្ងន់ក្នុងប្រវត្តិរូបសង្ខេប (CV) ដើម្បីងាយស្រួលក្នុងការដាក់អាហារូបករណ៍ ឬរកការងារធ្វើនៅពេលអនាគត។ យ៉ាងនេះក្តី បើយើងនិយាយពីរឿងកម្រៃវិញ ការងារស្ម័គ្រចិត្តភាគច្រើនមិនបានផ្តល់ឲ្យនូវប្រាក់កម្រៃអ្វីនោះទេ ផ្ទុយទៅវិញយុវជនខ្លះត្រូវចំណាយលុយផ្ទាល់ខ្លួនក្នុងការចូលរួមការងារទាំងនោះទៀតផង។

អញ្ចឹង តើយុវជនគួរធ្វើបែបណាដើម្បីចូលរួមការងារស្ម័គ្រចិត្តឲ្យមានប្រសិទ្ធិភាព ដែលអាចជួយដល់សង្គមផង​ ព្រមទាំងទទួលបានជោគជ័យជាប្រយោជន៍សម្រាប់ខ្លួនឯងផង?

“អ្នកស្ម័គ្រចិត្តជោគជ័យ” ក្នុងអត្ថបទនេះសំដៅលើ អ្នកស្ម័គ្រចិត្តដែលអាចវិនិយោគលើការងាររបស់ខ្លួន ដើម្បីចូលរួមជួយសហគមន៍ សង្គម និងពង្រឹងសមត្ថភាព ដើម្បីអនាគតផ្ទាល់ខ្លួន។

ខាងក្រោមនេះជាចំណុចគោលសំខាន់ខ្លីៗដើម្បីទទួលបានជោគជ័យនេះ៖

១.​ គិតឲ្យច្បាស់លាស់

Blog4-2

អ្នកគួរកំណត់គោលបំណងខ្លួនឲ្យបានច្បាស់លាស់មុននឹងចូលរួម ធ្វើការងារស្ម័គ្រចិត្តណាមួយ។ តើអ្នករំពឹងថានឹងអាចជួយអ្វីខ្លះក្នុងការងារស្ម័គ្រចិត្តនោះ? ហើយអ្នកអាចបង្កើនចំណេះដឹងអ្វីខ្លះពីការងារនោះ?

មួយទៀតនោះ សូមចាំថា៖ ធ្វើជាអ្នកស្ម័គ្រចិត្ត គឺមិនមែនធ្វើជាបុគ្គលិកធ្វើការដោយឥតគិតថ្លៃនោះទេ ​។ បើទោះជាការងារស្ម័គ្រចិត្តភាគច្រើនគឺជាការងារដែលមិនបានទទួលប្រាក់កម្រៃក៏ដោយ មុននឹងសម្រេចថាធ្វើការងារស្ម័គ្រចិត្តណាមួយ សូមមេត្តាគិតថា ការងារដែលអ្នកចង់ចូលរួមជួយនោះអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សង្គម ដល់សហគមន៍ និងដល់បុគ្គលណាដែលកំពុងតែត្រូវការជំនួយ?

បច្ចុប្បន្ន ឃើញថាមានបុគ្គលខិលខូចមួយចំនួនបានធ្វើអាជីវកម្ម ដោយប្រើប្រាស់ទម្រង់ជាការជ្រើស រើសអ្នកស្ម័គ្រចិត្តឲ្យជួយធ្វើការងារសង្គម ដោយពួកគាត់ចាត់ទុកអ្នកស្ម័គ្រចិត្តជាបុគ្គលិកឥតគិតថ្លៃ គឺគ្រាន់តែផ្តល់ការងារឲ្យធ្វើ  មិនមានបៀវត្ស មិនផ្តល់ការបណ្តុះបណ្តាលណែនាំ ពេលណាមានកិច្ចការងារត្រូវការកម្លាំងជួយ ក៏ហៅមកជួយ ពេលណាមិនមានការ​​ ក៏មិនសូវរវល់ជាមួយអ្នកស្ម័គ្រចិត្ត។ តួយ៉ាង បុគ្គលមួយចំនួន បង្កើតកម្មវិធីជួយសង្គមនានា ដោយជ្រើសរើងអ្នកស្ម័គ្រចិត្តដើម្បីជួយការងារផ្សេងៗ ប៉ុន្តែកម្មវិធីនោះផ្តល់ប្រយោជន៍ទៅសង្គម ឬសហគមន៍បានតិចតួចបំផុត​ បើប្រៀបធៀបទៅនឹងប្រយោជន៍ដែលហូរចូលហោប៉ៅបុគ្គលទាំងនោះ។ ឧទាហរណ៍ ការងារស្ម័គ្រចិត្តអាស្រ័យលើកម្មវិធី (event-based) ដោយប្រើកម្លាំងពលកម្មរបស់អ្នកស្ម័គ្រចិត្តទាំងស្រុងដើម្បីឲ្យកម្មវិធីដំណើរការទៅមុខ ដោយក្នុងនោះផងដែរ មានការកៀរគរប្រាក់ឧបត្ថម្ភ ឬលក់សំបុត្រនានាក្រោមរូបភាពជំនួយសប្បុរសធម៌ ប៉ុន្តែចំណូលដែលទទួលបានពីកម្មវិធី ត្រូវបានប្រើប្រាស់ដោយមិនមានតម្លាភាពទៅវិញ។

ដើម្បីប្រាកដក្នុងចិត្តថាស្ថាប័ន ឬគម្រោង ដែលអ្នកបម្រុងនឹងដាក់ពាក្យស្ម័គ្រចិត្តនោះល្អ ឬមិនល្អ អ្នកអាចពិនិត្យវាយតម្លៃលើសកម្មភាពរបស់ស្ថាប័ន ឬគម្រោងនោះក្នុងប្រព័ន្ធអ៊ីធឺណេត តាមរយៈគេហទំព័រ ឬទំព័រក្នុងបណ្តាញសង្គម ដោយគួរអានសេចក្តីអធិប្បាយ(Comment)ផ្សេងៗរបស់សាធារណជនចំពោះស្ថាប័ននោះ។ មួយវិញទៀត អ្នកគួរអានដោយយកចិត្តទុកដាក់នូវអ្វីដែលគេតម្រូវចង់បានពីអ្នកស្ម័គ្រចិត្ត និងអ្វីដែលអ្នកស្ម័គ្រចិត្តអាចទទួលបានពីការងារនោះ។ ប្រសិនបើមិនមានព័ត៌មាននេះទេ អ្នកត្រូវតេទូរស័ព្ទ ឬអ៊ីមែលទៅសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងវត្ថុបំណងនៃកម្មវិធីនោះ។  អ្នកក៏អាចសាកសួរ បុគ្គលិកស្ម័គ្រចិត្តណាដែលធ្លាប់ស្ម័គ្រចិត្តនៅទីនោះ អំពីសកម្មភាពដែលគេបានធ្វើផងដែរ។

២.  ទទួលខុសត្រូវ

Blog4-3

ទោះបីជាការងារស័្មគ្រចិត្ត មិនមែនជាការងារដែលមានកិច្ចកុងត្រាក៏ដោយ ប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ យើងចាំបាច់ត្រូវតែមានទំនួលខុសត្រូវចំពោះកិច្ចការដែលយើងធ្វើ។ ទំនួលខុសត្រូវនេះរាប់ចាប់តាំងពីបន្ទុកការងារ វត្តមាននៃការចូលរួមផងដែរ និងការទទួលខុសត្រូវក្នុងដំណើរការការងារ ដែលអ្នកបានបំពេញ។ អានទៅហាក់ដូចជាធ្ងន់ធ្ងរ ប៉ុន្តែការណ៍ទាំងនេះគឺជាឱកាសដែលអ្នកត្រូវរៀនហ្វឹកហាត់ខ្លួនឯង ឲ្យមានការទទួលខុសត្រូវខ្ពស់ចំពោះការងារដែលយើងធ្វើ។

មុននឹងអ្នកស្ម័គ្រចិត្តធ្វើក្នុងគម្រោងអ្វីមួយ អ្នកគួរប៉ាន់ស្មានឲ្យហើយថាខ្លួនអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមបានដោយសកម្ម ឬក៏អត់។ មានអ្នកស្ម័គ្រចិត្តមួយចំនួនសកម្មនៅតែពេលដំបូង បន្ទាប់មកក៏មិនសូវទទួលខុសត្រូវលើការងារក្នុងបន្ទុករបស់ខ្លួន ដោយរអ៊ូថាខ្លួនមានកិច្ចការងារច្រើនទៀតដែលសំខាន់ចាំបាច់ត្រូវធ្វើ។

ភាពអសកម្មក្នុងការចូលរួមសកម្មភាពការងារ គឺជាផ្នែកមួយនៃបញ្ហាទំនួលខុសត្រូវ។ សាកស្រមៃមើលថា នៅពេលដែលអ្នកត្រូវបានគេចាត់ទុកថាជាមនុស្សដែលគ្មានទំនួលខុសត្រូវ តើមនុស្សនៅក្នុងស្ថាប័នដែលផ្តល់ការងារស្ម័គ្រចិត្តនោះ នឹងនិយាយបែបណាទាក់ទងនឹងឥរិយាបថការងាររបស់អ្នក? តើគេអាចនឹងនិយាយល្អ ឬណែនាំអ្នកនូវឱកាសអភិវឌ្ឍខ្លួននានា(អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរការសិក្សា ឬព័ត៌មានទាក់ទងនឹង​ឱកាសការងារ)ដែរឬទេ? ប្រាកដណាស់ គឺគេនឹងនិយាយថា “ជួយមិនបានទេ!”

តែបើអ្នកមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ អ្នកនឹងទទួលបានការទុកចិត្តពីមិត្តរួមការងារ ព្រមទាំងមនុស្សជុំវិញខ្លួនទៀតផង។ អ្នកទាំងនោះអាចជាភ្នាក់ងារសំខាន់ក្នុងការណែនាំ ឬផ្តល់ព័ត៌មាននានាទាក់ទងនឹងការងារក្នុងថ្ងៃអនាគតរបស់អ្នកក៏ថាបាន។

ដូច្នេះបើអ្នកពិតជារវល់ខ្លាំងមិនអាចបំពេញកាតព្វកិច្ចការងាររបស់ខ្លួន អ្នកគួរតែផ្តល់ព័ត៌មានឲ្យប្រធានក្រុមថា អ្នកអាចនឹងជួយផ្នែកណាវិញ អ្នកណាអាចជំនួសការងាររបស់អ្នក ឬពេលណាដែលអ្នកអាចបន្តសកម្មភាពដោយសកម្មឡើងវិញ។ ព្រោះការធ្វើបែបនេះ វាបង្ហាញថាអ្នកជាមនុស្សមានភាពច្បាស់លាស់ និងមានទំនួលខុសត្រូវក្នុងការងារ។

៣.  អភិវឌ្ឍ និងវិវត្តខ្លួនឲ្យប្រសើរជាងមុន

Blog4-4

អ្នកស្ម័គ្រចិត្តមិនមែនជាបុគ្គលិកធ្វើការឥតគិតថ្លៃ ប៉ុន្តែអ្នកស្ម័គ្រចិត្តអាចទទួលបានកម្រៃជាឱកាសក្នុងការអភិវឌ្ឍខ្លួនឯង។

យោងតាមការស្រាវជ្រាវរបស់អង្គការ UNV បានបង្ហាញថា៖  “​នៅពេលកំពុងជួយអ្នកដទៃ ពួកគេ​ (អ្នកស្ម័គ្រចិត្ត) អាចទទួលបាននូវបទពិសោធន៍ដែលសូម្បីតែការងារមានប្រាក់កម្រៃមិនអាចផ្តល់ឲ្យបាន។​ មិនត្រឹមតែប៉ុណ្ណោះ ពួកគេទទួលបានជំនាញវិជ្ជាជីវៈនិងបច្ចេកទេសយ៉ាងចំណាន ព្រមទាំងជំនាញទន់​(គំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ការត្រិះរិះពិចារណា) ដែលមានសារៈសំខាន់បំផុតក្នុងការទទួលបានការងារជាក់លាក់។”

ដូច្នេះបន្ទាប់ពីអ្នកបានធ្វើការងារស្ម័គ្រចិត្តអស់មួយរយៈហើយ អ្នកគួរតែចាប់យកឱកាសក្នុងការសិក្សាបន្ថែមនូវអ្វីដែលអ្នកខ្វះខាត ឬចាប់ផ្តើមក្លាហានហ៊ានទទួលយកការងារថ្មី ដូចជា ទទួលភារកិច្ចជាអ្នកដឹកនាំក្រុម ឬ មុខងារណាមួយដែលអ្នកមិនធ្លាប់បានធ្វើពីមុន។

ការហ៊ានទទួលយកនូវបញ្ហាប្រឈមថ្មី គឺជាកត្តាលីករជម្រុញភាពជោគជ័យឲ្យកាន់តែខិតមកជិតអ្នក ព្រោះវាបានបង្ហាញថាអ្នកមានភាពក្លាហាន រឹងមាំ និងយល់ដឹងច្រើនជាងមុនក្នុងការធ្វើការងារ។

បន្ទាប់ពីបានអាន៣ចំណុចខាងលើនេះ សង្ឃឹមថា អ្នកទាំងអស់គ្នា ជាពិសេសយុវជនវ័យក្មេងៗដែលបម្រុងនឹងដាក់ពាក្យធ្វើការងារស្ម័គ្រចិត្តគួរណាតែពិចារណាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តធ្វើការងារស្ម័គ្រចិត្តណាមួយ ចៀសវាងការងារស្ម័គ្រចិត្តដែលបម្រើឲ្យអាជីវកម្មបុគ្គល(និយាយជាភាសាទូទៅ គឺការងារបោកប្រើ)។ គួរចាំផងដែរថា អ្នកត្រូវតែមានទំនួលខុសត្រូវលើការងាររបស់ខ្លួន និងកុំភ្លេចចាប់ឱកាសវិវត្តខ្លួនឯងឲ្យប្រសើរជាងមុន៕

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s