កម្មករកុមារកំពុងរង់ចាំយើងលើកយកបញ្ហាពួកគេ មកនិយាយ

ដោយ សុខ រិទ្ធា

ពេលនេះម៉ោងនេះ តើអ្នកអាចចុចចូល និងអានអត្ថបទនេះដែរឬទេ​ប្រសិនបើកាលនៅជាកុមារអ្នកមិនបានទទួលបានការអប់រំនៅសាលា ហើយបែរជាត្រូវបានគេបង្ខំឲ្យទៅធ្វើការនៅឡឥដ្ឋ ការដ្ឋានសំណង់ ឬរោងចក្រវិញ? ចុះបើកាលនោះអ្នកត្រូវទៅធ្វើការងារនេសាទតាមទូក ឬត្រូវទៅធ្វើជាអ្នកបម្រើនៅតាមផ្ទះ ឬហាងនានា ឬក៏ត្រូវដើរទូលនំ និងឥវ៉ាន់លក់តាមផ្លូវតាំងពីព្រឹកដល់យប់  តើអ្នកអាចនៅមានអ្វីគ្រប់យ៉ាងដែលអ្នកកំពុងមានឥលូវនេះដែរឬទេ? តើអ្នកអាចមានចំណេះដឹងនិងជំនាញខ្ពស់ក្នុងការធ្វើការ ប្រាក់ចំណូល និងទ្រព្យផ្ទាល់ខ្លួនដូចសព្វថ្ងៃទេ? ហើយតើអ្នកនៅអាចស្គាល់កន្លែងដែលអ្នកបានស្គាល់ ញ៉ាំចំណីដែលអ្នកបានញ៉ាំ និងប្រើរបស់ដែលអ្នកកំពុងប្រើរាល់ថ្ងៃនេះទៀតទេ? ជារួម តើអ្នកនៅអាចជាអ្នកដដែលទៀតទេ?

ខណៈដែលយើងគ្រាន់តែស្រមើស្រមៃ មានកុមារជាច្រើននៅខាងក្រៅកំពុងស្ថិតក្នុងស្ថានភាពជាក់ស្តែងទាំងនេះ និងអាក្រក់ជាងនេះទៅទៀត។ លើសពីនេះទៀត យើងប្រហែលជាមនុស្សម្នាក់ដែលបានចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងការគាំទ្រដល់ពលកម្មកុមារ តាមរយៈការទិញ និងទទួលសេវាកម្មពីពួកគេផ្ទាល់ ឬពីសហគ្រាសដែលជួលពួកគេធ្វើការ។

esteban-castle-539196-unsplashរូបភាពដោយ៖  Esteban Castle on Unsplash

បញ្ហាពលកម្មកុមារផ្តល់ផលប៉ះពាល់ដល់មនុស្សគ្រប់គ្នាទាំងអស់ បើយើងមិងរងផលប៉ះពាល់ពីវាក្នុងពេលនេះទេ យើងគង់តែរងផលប៉ះពាល់ពីវានៅពេលអនាគត។ ដូចនេះ ដល់ពេលដែលយើងគួរស្វែងយល់ និងលើកយកបញ្ហាកុមារមកនិយាយពិភាក្សាគ្នាឲ្យបានច្រើនដើម្បីរួមគ្នាស្តារបញ្ហានេះ។

និយមន័យពលកម្មកុមារ

មិនមែនឲ្យតែការងារណាដែលធ្វើដោយកុមារសុទ្ធតែរាប់បញ្ចូលជាពលកម្មកុមារនោះទេ។ ការងារដែលកុមារ ឬក្មេងជំទង់ធ្វើដោយមិនមានផលប៉ះពាល់ដល់សុខភាព និងការសិក្សារបស់ពួកគេ ដូចជាការជួយធ្វើការងារផ្ទះ និងការជួយដល់មុខរបរអាណាព្យាបាលនៅម៉ោងទំនេរ និងថ្ងៃសំរាក អាចជារឿងវិជ្ជមាន ព្រោះវាអាចជួយសំរួលដល់ការងារក្នុងផ្ទះនិងជីវភាពរបស់គ្រួសារពួកគេផង និងអាចជួយឲ្យពួកគេទទួលបានចំណេះជំនាញដើម្បីចូលប្រឡូកក្នុងសង្គមនៅពេលពួកគេធំពេញវ័យផង។​

អង្គការពលកម្មអន្តរជាតិ (International Labour Organization) បានឲ្យនិយមន័យ “ពលកម្មកុមារ” ជាការងារដែលប្រើប្រាស់កុមារក្នុងទម្រង់មួយដែលប៉ះពាល់ដល់កុមារភាពនិងសេចក្តីថ្លៃថ្នូររបស់កុមារ ព្រមទាំងផ្តល់ផលអវិជ្ជមានដល់ការលូតលាស់ផ្នែកបញ្ញា ស្មារតី សុខភាពរូបរាងកាយ និងសុខភាពផ្លូវចិត្តរបស់កុមារ។ ការដែលមិនផ្តល់ឱកាសឲ្យកុមារទៅសិក្សានៅសាលា និងការបង្ខំកុមារឲ្យឈប់រៀនមុនពេលកំណត់ដើម្បីចេញទៅធ្វើការរកប្រាក់ ថែមទាំងការបង្ខំឲ្យកុមារធ្វើការងារច្រើន និងធ្ងន់ៗ ស្របពេលពួកគេត្រូវទៅរៀននៅសាលា ក៏ជាផ្នែកមួយនៃពលកម្មកុមារផងដែរ។ ឯទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនោះគឺការប្រើប្រាស់កុមារក្នុងទម្រង់ជាទាសករ ការងារដែលត្រូវបំបែកកុមារចេញពីគ្រួសារ និងការងារដែលប្រឈមខ្ពស់នឹងគ្រោះថ្នាក់ និងការកើតជំងឺ។

ទិដ្ឋភាពពលកម្មកុមារនៅប្រទេសកម្ពុជា

នៅប្រទេសកម្ពុជា កុមារអាចចេញធ្វើការបានលុះត្រាតែគេមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ហើយអាចចេញធ្វើការងារដែលប្រឈមនឹងគ្រោះថ្នាក់បានទាល់តែគេអាយុ១៨ឆ្នាំសិន។ រដ្ឋាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនកំពុងខិតខំដោះស្រាយបញ្ហាពលកម្មកុមារនេះ ក៏ប៉ុន្តែវានៅតែជាបញ្ហាចំបងមួយដែលទាមទារឲ្យយើងគ្រប់គ្នាបន្ថែមការយកចិត្តទុកដាក់លើវា។

របាយការណ៍ចុះផ្សាយឆ្នាំ២០១៧របស់ក្រសួងការងាររបស់សហរដ្ឋអាមេរិក (United States Department of Labour, Bureau of International Affairs)បានបង្ហាញថា កុមារនៅកម្ពុជាអាយុពី ៥ទៅ១៤ឆ្នាំ មាន ៨,១% (២៣៦.៨៣១) ចេញធ្វើការ។ ឯក្នុងចំនោមកុមារអាយុពី ៧ទៅ១៤ឆ្នាំ មាន៦,១% ទៅរៀន ផង និងធ្វើការផង។ របាយការណ៍ដដែលនេះក៏បានបង្ហាញថាក្នុងចំនោមកុមារដែលធ្វើការ មាន ៨១,៩% ធ្វើការក្នុងវិស័យកសិកម្មដែលមានដូចជាការងារនេសាទ បកសំបកបង្គា និងក្តាម និងធ្វើការតាមស្រែចំការនានា។ ល។ មាន ៨,០% ធ្វើការក្នុងវិស័យឧស្សាហកម្ម ដែលមានដូចជាការងារនៅឡឥដ្ឋ នៅការដ្ឋានសំណង់ និងនៅតាមរោងចក្រសំលៀកបំពាក់។ ល។ ឯក្នុងវិស័យសេវាកម្មវិញមាន ១០,១% បម្រើការងារតាមផ្ទះ តាមភោជនីយដ្ឋាន(ដូចជាសន្តិសុខ អ្នករត់តុ អ្នកច្រៀងរាំ -ល-) និងធ្វើការតាមដងផ្លូវ (ដូចជាដើរលក់ឥវ៉ាន់ ដើររើសអេតចាយ និងដើរសុំទាន)​។ ល។

asif-aman-553411-unsplashរូបភាពដោយ៖  Asif Aman on Unsplash

ហេតុអ្វីពលកម្មកុមារជាបង្ហាញសំខាន់?

ពលកម្មកុមារគឺជាមូលហេតុចម្បងមួយនៅពីក្រោយអត្រានៃភាពក្រីក្រ និងសុខុមាលភាពរបស់ប្រជាជនក្នុងសង្គម។

របាយការណ៍រួមគ្នាមួយរបស់ ​ILO, UNICEF និង World Bank ស្តីអំពីការធ្វើការរបស់កុមារនៅកម្ពុជា  បានបង្ហាញថា  នៅពេលដែលកុមារមិនត្រូវបានបញ្ជូនទៅសាលា​ ឬត្រូវបង្ខំឲ្យឈប់រៀនត្រឹមថ្នាក់ទាប វានឹងធ្វើឲ្យកុមារបាត់បង់ឱកាសក្នុងការស្រូបយកចំណេះដឹងដែលមានលក្ខណៈជំនាញ និងបច្ចេកទេសខ្ពស់បានគ្រប់គ្រាន់។ វាក៏បានបង្ហាញទៀតថា កុមារដែលត្រូវទៅធ្វើការរាល់ថ្ងៃមុនពេលទៅរៀនអាចមានសមត្ថភាពទាបក្នុងការរៀនចេះអាន និងសរសេរ និងចេះគណនាលេខជាងកុមារដែលមិនរងគ្រោះដោយ ពលកម្មកុមារ។ របាយការណ៍ដដែលនេះក៏បានបង្ហាញថា កុមារដែលធ្វើការប្រឈមខ្ពស់ក្នុងការរងគ្រោះ ឬកើតជំងឺដោយសារការងារ។​

ការបាត់បង់ឱកាសសិក្សាបានល្អគ្រប់គ្រាន់នឹងកាត់បន្ថយសមត្ថភាពរបស់កុមារនាពេលអនាគតក្នុងការប្រឡូក ក្នុងការងារដែលទាមទារជំនាញខ្ពស់ និងផ្តល់ប្រាក់ចំណូលល្អប្រសើរ។ លើសពីនេះទៀត កុមារដែលកើតជំងឺ ឬរងគ្រោះថ្នាក់ដោយសារការងាររហូតដល់ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសារពាង្គកាយរបស់ពួកគេ អាចនឹងបាត់បង់លទ្ធភាពធ្វើការចិញ្ចឹមខ្លួនឯងបាននាពេលអនាគតផងដែរ។ ជាលទ្ធផល យើងនឹងត្រូវប្រឈមនឹងបញ្ហាសង្គមពីរធំៗដែលពិបាកក្នុងការដោះស្រាយ នោះគឺបញ្ហាអត្រានៃភាពក្រីក្រក្នុងសង្គម និងបញ្ហាសុខុមាលភាពរបស់ប្រជាជន។

fancycrave-435417-unsplashរូបភាពដោយ៖ Fancycrave on Unsplash

បញ្ហាទាំងនេះមិនត្រឹមតែពិបាកក្នុងការដោះស្រាយទេ វាថែមទាំងអាចបន្តទៅជំនាន់ក្រោយៗទៀតផង។ ដូចនេះហើយទើបបញ្ហាពលកម្មកុមារគឺជាបញ្ហាសំខាន់ដែលយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ឲ្យបានច្រើនជាងនេះទៀត ដើម្បីធានាបានថាកុមារអាចលូតលាស់ក្នុងបរិយាកាសល្អមួយដែលអាចឲ្យពួកគេមានសុខភាពល្អ និងទទួលបានការអប់រំគ្រប់គ្រាន់ និងដើម្បីការពារនិងកាត់បន្ថយបញ្ហាភាពក្រីក្រ និងបញ្ហាសុខុមាលភាពប្រជាជននាពេលអនាគត។

អ្វីដែលយើងអាចជួយបានលើបង្ហាញនេះ

ការជួយកុមារផ្តើមចេញពីយើង។ខាងក្រោមនេះគឺសកម្មភាពមួយចំនួនដែលយើងជាបុគ្គលអាចធ្វើបានដើម្បីចូលរួមដោះស្រាយលើបញ្ហាពលកម្មកុមារនេះ៖

១. បញ្ឈប់ការគាំទ្រលើអាជីវកម្មណាដែលប្រើប្រាស់ពលកម្មកុមារ

ប្រសិនបើយើងចូលហាងបាយមួយ ហើយយើងឃើញក្នុងហាងនេះមានប្រើប្រាស់កុមារ និងក្មេងជំទង់ មកបម្រើការក្នុងហាង និងធ្វើការងារធ្ងន់ផ្សេងៗទៀតដែលប៉ះពាល់ដល់ការលូតលាស់របស់ពួកគេ​ ក្នុងពេលវេលាមួយដែលពួកគេគួរតែអង្គុយរៀននៅសាលា យើងគួរឈប់ចូលហាងនោះទៀត។ យើងក៏គួរឲ្យម្ចាស់ហាងដឹងថាមកពីអាជីវកម្មរបស់គាត់មានប្រើប្រាស់ពលកម្មកុមារទើបយើងមិនគាំទ្រ។

មួយវិញទៀត យើងក៏គួរឈប់ទិញនំចំណី ឬទំនិញពីកុមារដែលដើរលក់តាមផ្លូវ និងតាមហាងនានាផង ដែរ។ ការទិញរបស់យើងមិនមែនជាការជួយពួកគេទេ ប៉ុន្តែវាគឺជាហេតុផលដែលនាំឲ្យអាណាព្យាបាលរបស់ពួកគេមិនបញ្ជូនពួកគេទៅសាលា ហើយបែរជាបញ្ជូនពួកគេឲ្យដើរលក់បែបនេះវិញ។

លើសពីនេះទៀត​ យើងក៏គួរឈប់ទិញផលិតផលរបស់សហគ្រាសណាដែលប្រើប្រាស់ពលកម្មកុមារផងដែរ។ ឧទាហរណ៍ថាយើងបានទទួលព័ត៌មានថាក្រុមហ៊ុនផលិតទឹកសុទ្ធមួយបានប្រើប្រាស់ពលកម្មកុមារក្នុងសង្វាក់ ផលិតកម្មរបស់ពួកគេ យើងគួរឈប់ទិញទឹកសុទ្ធរបស់ក្រុមហ៊ុននោះទៀត។

ការមិនគាំទ្រដល់អាជីវកម្មដែលប្រើប្រាស់កុមារ និងការមិនទិញទំនិញពីកុមាររបស់យើងម្នាក់អាចកាត់បន្ថយការប្រើប្រាស់ពលកម្មកុមារបានមួយកម្រិត។ សំខាន់ជាងនេះទៅទៀត វាក៏ជាការបញ្ជូនសញ្ញាដល់អាណាព្យាបាល និងសហគ្រាសដែលប្រើប្រាស់កុមារឲ្យបានដឹងថាយើងមិនគាំទ្រដល់ការប្រើប្រាស់ពលកម្មកុមាររបស់ពួកគេទេ។

២. បញ្ឈប់ការប្រើប្រាស់ពលកម្មកុមារ

ប្រសិនបើនៅផ្ទះយើង ឬអាជីវកម្មរបស់យើងមានជួលកុមារមកបម្រើការដែលធ្វើឲ្យពួកគេត្រូវមកធ្វើការរកលុយចូលផ្ទះ មិនបានទៅសិក្សានៅសាលាបានគ្រប់គ្រាន់ និងប៉ះពាល់ដល់ការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់ពួកគេ យើងគួរតែឈប់ជួលពួកគេមកធ្វើការទៀត។

លើសពីនេះទៀត យើងក៏គួរតែជួយជំរុញ និងជ្រោមជ្រែងដល់កុមារទាំងនោះឲ្យបានទៅសិក្សានៅសាលា តាមរយៈការជំរុញឲ្យអាណាព្យាបាលរបស់ពួកគេលែងបញ្ជូនពួកគេទៅធ្វើការទាំងនៅក្មេង ហើយបញ្ជូនពួកគេទៅសាលាវិញដើម្បីសិក្សារៀនសូត្រដែលអាចឲ្យពួកគេមានចំណេះចេញធ្វើការនៅពេលពួកគេពេញវ័យ។

ការបញ្ឈប់ការជួលកុមារមកបម្រើការគឺជាសកម្មភាពដែលអាចកាត់បន្ថយ និងឈានទៅលុបបំបាត់ ទីផ្សារការងារកុមារ។

muhammad-muzamil-564060-unsplashរូបភាពដោយ៖  Muhammad Muzamil on Unsplash

៣. ចូលរួមលើកយកបញ្ហានេះមកជជែកពិភាក្សាឲ្យបានច្រើន

ការលើកបញ្ហានេះមកនិយាយគឺអាចបង្កើនចំណាប់អារម្មណ៍ និងការយល់ដឹងរបស់សាធារណជនលើបញ្ហានេះ។ ដូចដែលយើងជជែកគ្នាច្រើនអំពីបញ្ហាចរាចរណ៍ បរិស្ថាន ជនអន្តោប្រវេសន៍ និងបញ្ហាអំពើហិង្សាក្នុងសង្គមអញ្ចឹង បញ្ហាពលកម្មកុមារក៏គួរត្រូវលើកយកមកពិភាក្សាយ៉ាងសកម្មទាំងក្រៅ និងក្នុងបណ្តាញសង្គមបែបនេះផងដែរ។ ការពិភាក្សាច្រើននេះអាចធ្វើឲ្យមនុស្សកាន់តែច្រើនយល់ដឹងពីផលលំបាករបស់កុមារ និងផលប៉ះពាល់របស់វាមកលើសង្គម ហើយវាក៏នឹងអាចជួយឲ្យអ្នកទាំងនោះបានដឹងពីសារៈសំខាន់ និងវិធីសាស្រ្តក្នុងការចូលរួមកាត់បន្ថយពលកម្មកុមារក្នុងសង្គមយើងផងដែរ។

គួរបញ្ជាក់ផងដែរ យើងគួរធ្វើការពិភាក្សាដែលផ្អែកលើព័ត៌មានពិតដែលមានប្រភព និងពេលវេលាច្បាស់លាស់ ព្រមទាំងមានការទទួលស្គាល់ពីអង្គភាពដទៃទៀត។

៤. ចូលរួមជាមួយអង្គការ ឬយុទ្ធនាការប្រឆាំងពលកម្មកុមារ

យើងអាចធ្វើការស្វែងរក និងស្វែងយល់ពីអង្គការ ទាំងអង្គការរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលយើងអាចចូលរួមបានដើម្បីផ្តល់ជាកម្លាំងមួយផ្នែកដល់កិច្ចការងារនេះ។ យើងអាចចូលរួមធ្វើការជាមួយ ធ្វើការស្មគ្រ័ចិត្ត  ឬចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងពលកម្មកុមារនានាដែលរៀបចំដោយអង្គការទាំងនោះ ដើម្បីផ្តល់ជាការរួមចំណែកមួយក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ ពលកម្មកុមារក្នុងសង្គមយើង និងដើម្បីគាំទ្រឲ្យកុមារទទួលបានការអប់រំគ្រប់គ្រាន់នៅសាលារៀន។

អង្គការកុមាររីករាយគឺជាអង្គការមួយក្នុងចំនោមអង្គការដទៃទៀតដែលធ្វើការផ្តោតលើបញ្ហាពលកម្មកុមារ ហើយអង្គការនេះក៏ស្វាគមន៍ និងត្រូវការជំនួយពីយើងគ្រប់គ្នាផងដែរក្នុងការកាត់បន្ថយ និងលុបបំបាត់បញ្ហាពលកម្មកុមារនេះ។ នៅលើគេហទំព័រអង្គការកុមាររីករាយ ក៏មានបង្ហាញផងដែរនូវអ្វីដែលយើងគ្រប់គ្នាអាចចូលរួមជួយបានដល់បេសកកម្មរបស់អង្គការនេះក្នុងការជួយដល់កុមារ។ អង្គការដទៃទៀតដែលយើងអាចរួមចំណែកបានដែលនោះមានដូចអង្គការ UNICEF និង ILO។ល។​

ពលកម្មកុមារគឺជាបញ្ហាដ៏ចម្បងមួយដែលយើងគ្រប់គ្នាមានតួនាទីក្នុងការជួយដោះស្រាយ។ ក្នុងនាមជាមនុស្សពេញវ័យ យើងដូចជាបងម្នាក់ដែលមានកាតព្វកិច្ចមើលថែ និងជួយសង្រ្គោះប្អូនៗរបស់យើងឲ្យរួចផុតពីការធ្វើពលកម្មហួសកម្រិតដែលនាំឲ្យប៉ះពាល់ដល់សុខុមាលភាព របស់ពួកគេ។ យើងក៏មានកាតព្វកិច្ចចូលរួមគាំទ្រពួកគេឲ្យទទួលបានការអប់រំនៅសាលាឲ្យបានគ្រប់គ្រាន់ផងដែរ។ ថែមពីលើនេះទៀត កុមារគឺជាអ្នកតំណាងឲ្យអនាគត ដូចនេះការមើលថែកុមារឲ្យបានល្អគឺជាការវិនិយោគដ៏ល្អ និងឆ្លាតវៃបំផុតសម្រាប់ថ្ងៃអនាគតរបស់សង្គមយើង៕

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s