៤គន្លឹះសម្រាប់និស្សិតបរិញ្ញាបត្រដើម្បីទទួលបានជោគជ័យក្នុងការសិក្សានិងធ្វើការ

ដោយ៖ សុខ​ រិទ្ធា

young-791849_1280
Photo by kaboompics on Pixabay/ licensed under CC0

ការដែលរៀនផងនិងធ្វើការផងមិនមែនជារឿងងាយស្រួលទេ។ អ្នកអាចប្រឈមនឹងបញ្ហាប្រលងបានពិន្ទុទាបព្រោះអ្នករវល់ធ្វើការរហូតដល់គ្មានពេលមើលមេរៀនគ្រប់គ្រាន់មុនពេលប្រលង។ បើមិនអញ្ចឹងទេ អ្នកអាចត្រូវសុំច្បាប់ឈប់ញឹកញាប់ពីកន្លែងធ្វើការព្រោះអ្នកត្រូវទៅប្រជុំក្រុមជាមួយមិត្តរួមថ្នាក់ដើម្បីធ្វើកិច្ចការងារសាសា។ យូរៗទៅ នៅចុងបញ្ចប់ អ្នកអាចនឹងទទួលបានលទ្ធផលដ៏គួរឲ្យសោកស្តាយមួយគឺ រៀនក៏មិនចេះ ធ្វើការក៏មិនល្អ។

លទ្ធផលដ៏គួរឲ្យខ្លាចនេះមិនមែនកើតឡើងពីការរៀននិងធ្វើការក្នុងពេលតែមួយនោះទេ ប៉ុន្តែវាកើតឡើងពីវិធីសាស្រ្តក្នុងការធ្វើវា។ មិនថាអ្នកជាសិស្សដែលទើបប្រលងចប់ថ្នាក់វិទ្យាល័យ ឬក៏ជានិស្សិតសាកលវិទ្យាល័យនោះទេ បើអ្នកកំពុងតែគិតគូរពិចារណាចង់ចេញធ្វើការស្របពេលកំពុងរៀនថ្នាក់មហាវិទ្យាល័យ នោះមានវិធីសាស្រ្តមួយចំនួនដែលអ្នកគួរដឹងនិងយកមកប្រើដើម្បីជួយអ្នកឲ្យទទួលបានលទ្ធផលល្អលើផ្លូវនេះ។

មុននឹងនិយាយអំពីវិធីសាស្រ្តទាំងនេះ មានរឿងដ៍សំខាន់មួយដែលអ្នកគួរដឹងនិងចាំទុកក្នុងចិត្ត។ តាមពិតទៅការរៀននិងធ្វើការក្នុងពេលតែមួយមិនពិបាកដូចអ្នកគិតនោះទេ ហើយការទទួលបានជោគជ័យក្នុងរឿងនេះក៏មិនមែនជារឿងដែលទៅមិនរួចនោះដែរ។ នៅពេលអ្នកមានផ្នត់គំនិតវិជ្ជមានបែបនេះជាគ្រឹះ ហើយបើអ្នកអនុវត្តវិធីសាស្រ្តខាងក្រោមនេះទៀត អ្នកច្បាស់ជាអាចបោះជំហានទៅមុខបានដោយជោគជ័យ។ ម៉ោះ ត្រៀមខ្លួនឬនៅ? នេះគឺជាគន្លឹះដែលអ្នកគួរចាំ៖

១. ស្វែងយល់ឲ្យច្បាស់ពីខ្លួនអ្នកនិងជំនាញដែលអ្នករៀន

មុនពេលអ្នកសំរេចចិត្តទៅឬមិនទៅធ្វើការ អ្នកគួរស្វែងយល់ពីខ្លួនឯងសិនថាហេតុអ្វីអ្នកចង់ទៅធ្វើការ? វាអាចមានហេតុផលច្រើនដែលមនុស្សម្នាក់សំរេចចិត្តទៅរៀនផងនិងធ្វើការផង ដូចជាដើម្បីផ្គត់ផ្គងការសិក្សាខ្លួនឯង ការចង់បណ្តុះសមត្ថភាពការងារ ការចង់តម្រង់ទិសសំរាប់ការងារអនាគតដែលខ្លួនចង់ធ្វើ ការចង់ស្គាល់បរិស្ថានការងារ ឬដោយសារបំពេញចំនូលចិត្ត។ តើអ្នកស្ថិតក្នុងហេតុផលមួយណា?

បន្ទាប់មកអ្នកគួរស្វែងយល់ពីមុខវិជ្ជានិងសាលាដែលអ្នកនឹងទៅរៀនឬកំពុងតែរៀនថ្នាក់បរិញ្ញាបត្រនេះ។ អ្នកគួរដឹងឲ្យច្បាស់ថាជំនាញនិងសាលារបស់អ្នកតម្រូវឲ្យអ្នករៀនប៉ុន្មានម៉ោងក្នុងមួយថ្ងៃ និងប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍។​ ការដឹងពីពេលវេលាសិក្សាទាំងនេះអាចឲ្យអ្នកដឹងពីពេលវេលាដែលអ្នកមានសំរាប់ការងារ។

signpost-2030780_1280

Photo by JanBaby on Pixabay/ licensed under CC0

ក្រោយពីបានដឹងពីគោលបំណងនិងម៉ោងសិក្សារបស់អ្នករួចហើយ អ្នកនឹងអាចដឹងពីប្រភេទការងារនិងម៉ោងធ្វើការដែលសាកសមនឹងអ្នក។

២. ជ្រើសរើសការងារដែលមិនប៉ះពាល់ដល់ម៉ោងសិក្សានិងកំសាន្ត

ម៉ោងសិក្សានៅទីនេះមិនសំដៅលើតែម៉ោងរៀននៅសាលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បូកបន្ថែមនូវម៉ោងរៀនក្រៅសាលាផងដែរ ដូចជាការរំលឹកមេរៀននិងធ្វើកិច្ចការសាលានៅផ្ទះជាដើម។​ ដើម្បីកុំឲ្យប៉ះពាល់ដល់ម៉ោងសិក្សាទាំងមូលរបស់អ្នក អ្នកគួរជ្រើសរើសធ្វើការងារក្រៅម៉ោង ព្រោះវាមិនសូវទាមទារឲ្យអ្នកចំណាយពេលវេលាឬកម្លាំងច្រើនពេកទេដើម្បីធ្វើវាបាន។ បើគោលដៅធំរបស់អ្នកគឺការបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ នោះការងារក្រៅម៉ោងអាចជាប្រភេទការងារដែលសាកសមនឹងអ្នកបំផុត។

ប្រសិនបើអ្នកបែរជាជ្រើសរើសធ្វើការពេញម៉ោងរួចទៅរៀនបន្តនៅពេលល្ងាចវិញ កំលាំងកាយនិងស្មារតីរបស់អ្នកក្នុងពេលរៀននោះនឹងធ្លាក់ចុះជាមិនខាន។ អ្នកមិនត្រឹមតែអស់កំលាំងក្នុងការចាប់យកនិងស្វែងយល់ពីមេរៀនដែលអ្នកកំពុងរៀននៅសាលាទេ អ្នកអាចនឹងអស់អារម្មណ៍យកមេរៀនមកមើលបន្ថែមនៅផ្ទះទៀត។  អ្នកក៏នឹងគ្មានពេលគ្រប់គ្រាន់សំរាប់ ពិភាក្សាការងារសាលានិងចូលរួមការងារក្រុមជាមួយមិត្តរួមថ្នាក់អ្នកឲ្យបានល្អដែរ។

លើសពីនេះ អ្នកអាចបាត់បង់អស់ម៉ោងសំរាកនិងកំសាន្តរបស់អ្នក ដោយសារអ្នកត្រូវឆ្លៀតយកពេលនៅសេសសល់បន្តិចបន្តួចរបស់អ្នកមកធ្វើការងារសាលាដ៏ច្រើនដែលអ្នកធ្វើមិនទាន់ហើយ។​ ពេលវេលាកំសាន្តផ្ទាល់ខ្លួនជារឿងសំខាន់មួយដែលមិនអាចផាត់ចោលបានទេ។ ការកំសាន្តនិងសំរាកគ្រប់គ្រាន់នឹងជួយឲ្យអ្នកមានសុខភាពផ្លូវចិត្តល្អដែលអាចជំរុញឲ្យអ្នកមានកម្លាំងចិត្តដើរទៅមុខបន្តទៀត។

ការងារក្រៅម៉ោងមិនត្រឹមតែអាចឲ្យអ្នកមានពេលគ្រប់គ្រាន់ល្អសំរាប់ធ្វើការ សិក្សា និង សំរាកប៉ុណ្ណោះទេ វាថែមទាំងជាប្រភេទការងារដែលអ្នកងាយស្រួលនឹងឈប់ហើយផ្លាស់ប្តូរការងារទៀតផង។ មានន័យថា អ្នកអាចមានឱកាសទៅធ្វើការបានច្រើនកន្លែង ចេះបានច្រើនផ្នែក និងស្គាល់បានច្រើនការងារ។ ដូចនេះ ពេលដែលអ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រអ្នកនឹងមិនត្រឹមតែស្រូបបានចំណេះដឹងច្រើននិងរឹងមាំពីសាលានោះទេ អ្នកក៏នឹងជាបុគ្គលដែលមានបទពិសោធន៍ធ្វើការនិងទំនាក់ទំនងជាមួយមនុស្សបានច្រើនផងដែរ។ ពេលនោះហើយដែលអ្នកនឹងក្លាយជាបេក្ខជនល្អបំផុតដែលស្ថាប័នធំៗចង់បាននិងហ៊ានផ្តល់តំណែងនិងប្រាក់ខែខ្ពស់ឲ្យ។

marten-bjork-707746-unsplashPhoto by Marten Bjork on Unsplash

៣. គិតក្រៅរង្វង់

ចុះបើម៉ោងរៀននៅសាលា ហើយកិច្ចការសាលាដែលអ្នកត្រូវធ្វើមិនមានភាពអំណោយផលសំរាប់ការងារក្រៅម៉ោងទាល់តែសោះ ប៉ុន្តែអ្នកនៅតែចង់ធ្វើការដើម្បីបានបទពិសោធន៍ការងារ តើអ្នកត្រូវធ្វើដូចម្តេច?​

បើអ្នកដើរចេញពីរង្វង់ការងារដែលអ្នកកំពុងគិតនេះ អ្នកនឹងអាចឃើញថាមានការងារម្យ៉ាងទៀតដែលសាកសមនឹងស្ថានភាពបែបនេះ។ វាជាការងារដែលធ្វើតែពីរបីថ្ងៃទៅពីរបីអាទិត្យ​ និងប្រហែលជាមិនតម្រូវឲ្យអ្នកទៅធ្វើជារៀងរាល់ថ្ងៃទៀត ប៉ុន្តែអ្នកនៅតែអាចទទួលបានប្រាក់ចំនូល បទពិសោធន៍ធ្វើការនិងទំនាក់ទំនងជាមួយអ្នកដទៃ​។​ វាគឺការងារឯករាជ្យ​ (Freelance work)។

ការងារឯករាជ្យគឺជាការទទួលធ្វើការងារអ្វីមួយពីក្រុមហ៊ុនឬអង្គការ។ ឧទាហរណ៍​ ហាងកាហ្វេថ្មីមួយត្រូវការថតវីដេអូផ្សព្វផ្សាយពីហាងរបស់ខ្លួន ប៉ុន្តែគេមិនចេះបច្ចេកទេសថតនិងកាត់តវីដេអូឲ្យបានល្អទេ។ បើអ្នកជំនាញខាងនេះ អ្នកអាចទទួលធ្វើការងារនេះ ដោយអ្នកមិនបាច់ទៅធ្វើនៅក្រុមហ៊ុនគេទេ អ្នកអាចទៅថតហើយមកកាត់តនៅផ្ទះពេលអ្នកទំនេរបាន និងបញ្ចប់វាតាមពេលវេលាដែលអ្នកបានកំណត់ជាមួយនឹងគេ។

ការងារឯករាជ្យផ្សេងៗទៀតមានដូចជាការងារសរសេរអត្ថបទ បកប្រែ(អត្ថបទ ឬការសន្ទនា) បង្កើតនិងគ្រប់គ្រងគេហទំព័រនិងទំព័រហ៊្វេសប៊ុកនៅដំណាក់កាលដំបូង។ ល។ មានការងារខ្លះតម្រូវឲ្យអ្នកធ្វើជាក្រុមផងដែរ។ លក្ខណៈពិសេសរបស់ការងារនេះមិនមែនត្រឹមតែអាចយកមកផ្ទះធ្វើប៉ុណ្ណោះទេ អ្នកថែមទាំងអាចជ្រើសរើសទទួលឬមិនទទួលការងារមកធ្វើដើម្បីតម្រូវតាមពេលវេលាដែលអ្នកមានទៀតផង។

victoria-heath-597279-unsplashPhoto by Victoria Heath on Unsplash

កុំគិតថាការងារបែបនេះបង្រៀនអ្នកមិនបានច្រើនឬក៏មិនមានតំលៃដូចការងារនៅក្រុមហ៊ុន។ ការងារឯករាជ្យក៏ទាមទារឲ្យអ្នកមានទំនួលខុសត្រូវ​និងចេះធ្វើការម្នាក់ឯងនិងជាក្រុមដូចការងារក្រៅម៉ោងនិងពេញម៉ោងអញ្ចឹងដែរ។ ហើយបើអ្នកបានទទួលធ្វើការងារឯករាជ្យពីគំរោងរបស់អង្គការធំៗទៀតនោះ អ្នកក៏នឹងបានទទួលបទពិសោធន៍ធ្វើការងារដែលមានលក្ខណៈស្តង់ដារខ្ពស់ដូចក្រុមហ៊ុនធំៗផងដែរ។

សរុបសេចក្តីមក ​មិនប្រាកដថាទាល់តែការងារពេញម៉ោងឬក្រៅម៉ោងទើបល្អសំរាប់អ្នកដែលជានិស្សិតនោះទេ ការងារឯករាជ្យក៏អាចឲ្យអ្នករៀនបានច្រើនផងដែរ។ លើសពីនេះទៀត វាសាកសមបំផុតសំរាប់និសិ្សតដែលមិនមានពេលច្រើនទៅអង្គុយធ្វើការនៅក្រុមហ៊ុនតាមពេលវេលាដែលក្រុមហ៊ុនកំណត់។ អ្នកអាចទទួលការងារតាមពេលដែលអ្នកទំនេរ និងអាចយកវាមកធ្វើនៅផ្ទះផងដែរ។ ហេតុនេះហើយ ប្រសិនអ្នកគ្មានពេលវេលាគ្រប់គ្រាន់សំរាប់ការងារក្រៅម៉ោងទេ ការងារឯករាជ្យក៏ជាជម្រើសក្រៅរង្វង់ដ៏ល្អមួយសំរាប់និស្សិតបរិញ្ញាបត្រយកមកគិតគូរផងដែរ។

៤. ផ្ដោតអារម្មណ៍

និយាយឲ្យខ្លីគឺកុំយកការងារសាលាមកធ្វើនៅកន្លែងធ្វើការ និងកុំយកបញ្ហានៅកន្លែងធ្វើការមកគិតនៅសាលា។

ដើម្បីផ្តោតអារម្មណ៍បានល្អ អ្នកត្រូវការកាលវិភាគផ្ទាល់ខ្លួនដ៍ល្អមួយដែលអាចឲ្យអ្នកធ្វើការបានយ៉ាងមានប្រសិទ្ធភាព។ ដំបូងអ្នកត្រូវដឹងពីខ្លួនឯងសិនថាពេលវេលាណាដែលខួរក្បាលអ្នកអាចរៀនចូលបានលឿន ហើយពេលវេលាណាដែលអ្នកមានអារម្មណ៍ល្អក្នុងការធ្វើការ។ បើអ្នកអាចរៀនបានលឿននៅពេលព្រឹក នោះអ្នកគួរតែរៀបចំម៉ោងរៀនរបស់អ្នកនៅពេលព្រឹកហើយធ្វើការនៅពេលរសៀល។

stil-479024-unsplashPhoto by STIL on Unsplash

ក្នុងកាលវិភាគនោះ អ្នកគួររួមបញ្ចូលម៉ោងសំរាប់សិក្សា ធ្វើការ សំរាក និងកំសាន្ត។ សំខាន់បំផុតនោះគឺអ្នកត្រូវបែងចែងពេលវេលាសំរាប់សកម្មភាពទាំងនោះឲ្យបានគ្រប់គ្រាន់និងសមស្របក្នុងផ្លូវមួយដែលអ្នកអាចធ្វើរឿងនីមួយៗបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ មិនគួរបន្ថែមឬបន្ថយម៉ោងការងារឬម៉ោងសិក្សាច្រើនឬតិចហួសតម្រូវការរបស់វាទេ ព្រោះវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃរឿងទាំងនោះ។ ត្រូវចាំថា យើងកំពុងចង់ធ្វើរឿងពីរ(រៀននិងធ្វើការ)ឲ្យបានល្អ ដូចនេះយើងត្រូវផ្តល់ពេលធ្វើរឿងទាំងនេះឲ្យបានស្មើគ្នាដែរ។

រៀននិងធ្វើការក្នុងពេលតែមួយអាចជាផ្លូវមួយដែលពិបាកដើរ។ ប៉ុន្តែអ្នកត្រូវរំលឹកខ្លួនឯងថាអ្នកអាចធ្វើវាបាន ហើយបានល្អទៀតផង។ គួបផ្សំវិធីសាស្រ្តខាងលើនេះនិងការខំប្រឹងប្រែងរបស់អ្នក អ្នកនឹងអាចជោគជ័យលើដងវិថីនេះបាន។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញឬឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s