បេតិកភណ្ឌពិភពលោក និងល្ខោនខោល!

ដោយ៖ រ៉ាវី សុភារ័ត្ន

ប៉ុន្មានអាទិត្យកន្លងមកនេះ យើងឃើញថានៅលើបណ្តាញសង្គមនៅកម្ពុជា មានការពិភាក្សាយ៉ាងច្រើនលើប្រធានបទរសើបមួយទាក់ទងនឹង ដំណើរការ និងការព្យាយាមដាក់បញ្ចូល ល្ខោនខោលរបស់កម្ពុជា ទៅក្នុងបញ្ជីរបស់អង្គការយូណេស្កូ (UNESCO) ដើម្បីឱ្យក្លាយទៅជាបេតិកភណ្ឌពិភពលោក។ អង្គការយូណេស្កូ ដែលមានឈ្មោះពេញថា អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ នៃអង្គការសហប្រជាតិ មានតួនាទីសំខាន់ណាស់ ក្នុងនាមជាអ្នកសម្រេចថា សម្បត្តិបេតិកភណ្ឌជាតិណាមួយដែលគួរ ឬមិនគួរដាក់ចូលទៅក្នុងបញ្ជីរបស់ខ្លួន។

UNESCO-min
ប្រភពរូបភាព៖ http://www.nextchapterjourneys.com/unesco-world-heritage-sites/

តើអ្នកមានដែលឆ្ងល់ខ្លះទេ ថាតើធ្វើដូចម្តេចទើបប្រទេសមួយអាចដាក់បេតិកភណ្ឌជាតិរបស់ខ្លួនចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ?

មុននឹងឆ្លើយសំណួរខាងលើ យើងគួរតែយល់ថា តើបេតិកភណ្ឌជាតិជាអ្វី? ហើយតើបេតិកភណ្ឌជាតិមួយមានលក្ខណៈបែបណាដែលអាចឱ្យយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកបាន?

នៅកម្ពុជា បើនិយាយពីបេតិកភណ្ឌ គេច្រើនចែកជា២ប្រភេទ គឺបេតិកភណ្ឌរូបិយ (ប្រាសាទ វត្តអារាម ឬសំណង់ផ្សេងៗ) និងបេតិកភណ្ឌអរូបិយ (សិល្បៈ របាំ) ហើយភាគច្រើនគេសំដៅលើបេតិកភណ្ឌវប្បធម៌។ យោងតាមច្បាប់ស្តីពីការកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ ពាក្យថា “បេតិកភណ្ឌវប្បធម៌ជាតិ” គឺជាសម្បត្តិវប្បធម៌ដែលត្រូវបានបង្កើតឡើង ឬក៏បានរកឃើញនៅក្នុងទឹកដីនៃមាតុភូមិ។ ក្នុងច្បាប់ដដែលនេះក៏បានបញ្ជាក់ផងដែរថា សម្បត្តិវប្បធម៌គឺរាល់ស្នាដៃរបស់មនុស្ស និងរាល់ផលិតផលរបស់ធម្មជាតិ ដែលមានចរិតវិទ្យាសាស្រ្ត ប្រវតិ្តសាស្រ្ត សិល្បៈឬសាសនា ដែលឆ្លុះបញ្ជាំងពីដំណាក់កាលនៃការវិវត្តរបស់អារ្យធម៌ឬរបស់ធម្មជាតិ។

រៀបរាប់ត្រឹមប៉ុណ្ណឹង យើងងាកមកនិយាយពី លក្ខណៈសម្បត្តិនៃបេតិកភណ្ឌមួយដែលអាចទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកពីអង្គការយូណេស្កូវិញម្តង។ អង្គការយូណេស្កូ បានចាត់ទុកបេតិកភណ្ឌថាជាកេរ្ដិ៍ដំណែលរបស់មនុស្សពីអតីតកាល អ្វីដែលមនុស្សរស់នៅជាមួយសព្វថ្ងៃ និងអ្វីដែលមនុស្សបានផ្ទេរទៅឱ្យជំនាន់ក្រោយរបស់ពួកគេ ហើយបេតិកភណ្ឌពិភពលោកត្រូវបានចែកជាបីប្រភេទ គឺបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះ(រួមបញ្ចូលទាំងវប្បធម៌ និងធម្មជាតិ)។

យោងតាម គោលការណ៍ណែនាំ របស់អង្គការយូណេស្កូ ដើម្បីអាចរាប់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបាន បេតិកភណ្ឌមួយត្រូវតែមានលក្ខណពិសេសជាសកល ហើយអាចបំពេញតាមលក្ខណវិនិច្ឆ័យរបស់អង្គការយូណេស្កូយ៉ាងហោចណាស់១ ក្នុងចំណោមលក្ខណវិនិច្ឆ័យទាំង១០។

លក្ខណវិនិច្ឆ័យចាប់ពីទី(1) ដល់  (6) ផ្តោតលើ បេតិកភណ្ឌវប្បធម៌ដោយសំដៅលើ បេតិកភណ្ឌណាដែល៖

  1. តំណាងឱ្យស្នាដៃដែលជាទេពកោសល្យច្នៃប្រឌិតរបស់មនុស្ស;
  2. បង្ហាញពីការផ្លាស់ប្តូរនៃតម្លៃរបស់មនុស្សក្នុងរយៈណាមួយ ឬក្នុងផ្នែកណាមួយនៃតំបន់វប្បធម៌នៅក្នុងពិភពលោកនិង បង្ហាញពីការអភិវឌ្ឍផ្នែកស្ថាបត្យកម្ម ឬបច្ចេកវិទ្យា សិល្បៈ  ការរៀបចំផែនការទីក្រុងឬការរចនាទេសភាពនានាជាដើម;
  3. មានលក្ខណពិសេសផ្ទាល់ ឬយ៉ាងហោចណាស់មានលក្ខណៈពិសេសទាក់ទងទៅនឹង ទំនៀមទម្លាប់វប្បធម៌ ឬអរិយធម៌ដែលកំពុងមាន ឬបានបាត់បង់ទៅហើយ;
  4. អាចថាជាប្រភេទនៃអគារ ស្ថាបត្យកម្ម បច្ចេកវិទ្យា ឬទេសភាពដែលបង្ហាញ ពីដំណាក់កាលដ៏សំខាន់មួយឬច្រើន នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស;
  5. ជាគំរូភាពមួយនៃការតាំងលំនៅរបស់មនុស្សសម័យបុរាណតាមបែបប្រពៃណី ការប្រើប្រាស់ដីគោកឬការប្រើប្រាស់សមុទ្រ ដែលតំណាងឱ្យវប្បធម៌ ឬអន្តរកម្មរបស់មនុស្សជាមួយនឹងបរិស្ថាន ជាពិសេសនៅពេលដែលអន្តរកម្មនោះកំពុងតែរងភាពងាយបាត់បង់ទម្រង់របស់ខ្លួនក្រោមផលប៉ះពាល់នៃការផ្លាស់ប្តូរនានា;
  6. ត្រូវបានផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងព្រឹត្តិការណ៍ឬទំនៀមទម្លាប់ដែលកំពុងមាន ដោយបង្ហាញនូវគោលគំនិត ជំនឿ ស្នាដៃសិល្បៈនិងអក្សរសាស្ត្រដែលមានសារៈសំខាន់ជាសាកល។ (គណៈកម្មាធិការបានចាត់ទុកថាលក្ខណវិនិច្ឆ័យនេះគួរត្រូវបានប្រើដោយភ្ជាប់ជាមួយលក្ខណវិនិច្ឆ័យផ្សេងទៀត) ។

Angkor_Wat_W-Seite-minរូបប្រាសាទអង្គគរវត្ត និងការទស្សនារបស់ភ្ញៀវទេសចរ

ប្រភពរូប៖ © Manfred Werner/2001 /CC BY-SA 3.0

គួរបញ្ជាក់ថាបេតិកភណ្ឌទាំងអស់របស់កម្ពុជាដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺត្រូវបានចាត់ទុកថាជាបេតិកភណ្ឌវប្បធម៌ដោយក្នុងនោះរួមមាន៖

  • តំបន់អង្គរវត្ត (១៤ ធ្នូ ១៩៩២) ស្របតាមលក្ខណវិនិច្ឆ័យពីទី១ ដល់ទី៤
  • របាំព្រះរាជទ្រព្យ  (៧ វិច្ឆិកា ២០០៣)
  • ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (២៥ វិច្ឆិកា ២០០៥)
  • ប្រាសាទព្រះវិហារ (៧ កក្កដា ២០០៨) ស្របតាមលក្ខណវិនិច្ឆ័យទី១
  • ល្បែងទាញព័ត្រ  (២ ធ្នូ ២០១៥)
  • ចាប៉ីដងវែង (៣០ វិច្ឆិកា ២០១៦)
  • តំបន់ប្រាសាទសំបូរព្រៃគុក (៨ កក្កដា ២០១៧) ស្របតាមលក្ខណវិនិច្ឆ័យពីទី២ ដល់ទី៤

ល្ខោនខោលដែលកម្ពុជាមានបំណងដាក់ចូលជាបេតិកភណ្ឌពិភពលោកនោះក៏នឹងត្រូវចាត់ចូលជា បេតិកភណ្ឌវប្បធម៌ដែរ។

រីឯលក្ខណវិនិច្ឆ័យទី(7) ដល់  (10) ផ្តោតលើ បេតិកភណ្ឌធម្មជាតិ គឺជាបេតិកភណ្ឌណាដែល៖

7. ជាបាតុភូតធម្មជាតិដ៏ល្អឥតខ្ចោះ ឬតំបន់ដែលមានសម្រស់ធម្មជាតិពិសេស ហើយសោភណ្ឌភាពនៃតំបន់នោះត្រូវបានចាត់ទុកថាមានសារសំខាន់;

8. ជាឧទាហរណ៏ដ៏ល្អ ដែលអាចតំណាងឱ្យដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្ត្ររបស់ផែនដី រួមមានកំណត់ត្រាជីវិតដំណើរការភូគព្ភសាស្ត្រដែលកំពុងដំណើរការយ៉ាងសំខាន់ក្នុងការវិវត្តលើទម្រង់ដីឬលក្ខណៈពិសេសនៃផែនដីវិទ្យាឬរូបវិទ្យា

9. តំណាងឱ្យដំណើរការអេកូឡូស៊ីនិងជីវសាស្រ្តដែលកំពុងដំណើរការយ៉ាងសំខាន់នៅក្នុងការវិវត្តនិងការអភិវឌ្ឍនៃប្រព័ន្ធអេកូឡូស៊ីទឹកសាប ឆ្នេរសមុទ្រនិងសហគមន៍នៃរុក្ខជាតិនិងសត្វ។

10. មានជំរកធម្មជាតិសំខាន់បំផុតសម្រាប់ការអភិរក្សជីវៈចំរុះដែលរួមមានប្រភេទរុក្ខ ជាតិដែលមានកំពុងតែរងការគំរាមកំហែង រុក្ខជាតិដែលមានគុណតម្លៃជាសកល (បើមើលពីលើទស្សនៈវិទ្យាសាស្ត្រឬការអភិរក្ស)។

Phearoth third pictureរូបទស្សភាពមួយផ្នែកនៃឆកសមុទ្រហាឡុង នៅប្រទេសវៀតណាម ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោក។ ប្រភពរូប៖   © Thierry Borie /2006 / Public Domain

នៅកម្ពុជាមិនទាន់បានដាក់តំបន់ធម្មជាតិណាមួយរបស់ខ្លួន ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទាក់ទងនឹងបេតិកភណ្ឌធម្មជាតិនៅឡើយទេ។ យ៉ាងណាមិញ ប្រទេសជាច្រើន រួមមានប្រទេសក្នុងតំបន់អាស៊ានមួយចំនួនផងបានដាក់បញ្ចូលបេតិកភណ្ឌធម្មជាតិមួយចំនួនរបស់ខ្លួនចូលទៅក្នុងបញ្ជីរបស់អង្គការយូណេស្កូរួចទៅហើយដោយក្នុងនោះប្រទេសវៀតណាមបានដាក់ឆកសមុទ្រហាឡុង (Ha Long Bay) ដែលបានបំពេញនូវលក្ខណវិនិច្ឆ័យទី៧ និងទី៨។

ចំណែកឯបេតិកភណ្ឌវប្បធម៌និងធម្មជាតិចម្រុះ សំដៅលើបេតិកភណ្ឌណាដែលបំពេញទៅតាមផ្នែកមួយឬច្រើននៃលក្ខណវិនិច្ឆ័យសម្រាប់បេតិកភណ្ឌវប្បធម៌និងធម្មជាតិដែលបានរៀបរាប់ខាងដើម។ យោងតាមគេហទំព័ររបស់អង្គការយូណេស្កូផ្នែកបេតិកភណ្ឌពិភពលោក បច្ចុប្បន្នបេតិកភណ្ឌចម្រុះមានប្រមាណត្រឹមតែ៣៨ប៉ុណ្ណោះដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយក្នុងនោះប្រទេសចិន និងអូស្រ្តាលី មានបេតិកភណ្ឌប្រភេទនេះច្រើនជាងគេ។

ក្រៅពីចំណុចដែលបានរៀបរាប់ខាងលើ ប្រទេសជាសាមីដែលត្រៀមនឹងដាក់បញ្ជូលបេតិកភណ្ឌរបស់ខ្លួនចូលទៅក្នុងបញ្ជីពិភពលោកត្រូវឆ្លងកាត់ដំណាក់កាល និងនីតិវិធីជាច្រើនទៀត ដោយត្រូវឆ្លងកាត់ការវិភាគ ស្រាវជ្រាវ និងវាយតម្លៃពីគណកម្មាធិការនៃអង្គការយូណេស្កូ។ ដោយសារតែដំណើរការនេះត្រូវចំណាយពេលច្រើនឆ្នាំក្នុងការសម្រេចចិត្តពីគណកម្មាធិការ ដូច្នេះប្រទេសមួយអាចដាក់បញ្ជូលបេតិកភណ្ឌរបស់ខ្លួនបានតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំ។

តើប្រទេសមួយទទួលបានសារប្រយោជន៍អ្វីខ្លះក្រោយពីការដាក់បញ្ចូលបេតិកភណ្ឌរបស់ខ្លួនក្នុងបញ្ជីរបស់អង្គការយូណេស្កូ?

សារប្រយោជន៍មួយចំនួនដែលប្រទេសមួយទទួលបានពីការដាក់បញ្ចូលបេតិកភណ្ឌរបស់ខ្លួនទៅក្នុងបញ្ជីបតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយទទួលជំនួយជាអន្តរជាតិរួមមាន៖

  • ជំនួយសង្គ្រោះបន្ទាន់ ជំនួយនេះអាចត្រូវបានស្នើសុំ ដោយត្រូវបញ្ជាក់ពីការគំរាមកំហែងដែលកើតឡើងលើបេតិកភណ្ឌ ដែលមានក្នុងបញ្ជីបេតិកភណ្ឌពិភពលោកស្ថិតក្នុងភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្ថិតនៅក្នុងគ្រោះថ្នាក់នៃការខូចខាតធ្ងន់ធ្ងរដោយសារតែបាតុភូតដែលមិននឹកស្មានដល់។ បាតុភូតបែបនេះអាចរួមបញ្ចូលទាំងការដួលរលំដី ការឆេះ ការបំផ្ទុះ ទឹកជំនន់ឬគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្សរួមមានសង្គ្រាមជាដើម។
    ក្នុងករណីនេះ ប្រទេសជាម្ចាស់នៃបេតិកភណ្ឌពិភពលោកអាចស្នើសុំជាថវិការ ការអនុវត្តវិធានការបន្ទាន់ដើម្បីការពារទ្រព្យសម្បត្តិបេតិកភណ្ឌនោះ ឬការរៀបចំផែនការគ្រាអាសន្នមួយសម្រាប់អចលនទ្រព្យ។
  • ជំនួយអភិរក្ស និងការគ្រប់គ្រង (បញ្ចូលជំនួយសំរាប់ការបណ្តុះបណ្តាលនិងស្រាវជ្រាវកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងការលើកកម្ពស់និងការអប់រំ) ដោយជំនួយនេះអាចត្រូវបានស្នើសុំសម្រាប់:
    • ការបណ្តុះបណ្តាលបុគ្គលិកនិងអ្នកឯកទេស
    • ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដែលផ្តល់ផលប្រយោជន៍ដល់សម្បត្តិបេតិកភណ្ឌពិភពលោក
    • សំណើសុំការគាំទ្រវគ្គបណ្តុះបណ្តាលនីមួយៗពីអង្គការយូណេស្កូ
    • ការផ្តល់អ្នកជំនាញអ្នកបច្ចេកទេស និងពលករជំនាញសម្រាប់ការអភិរក្ស
    • ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបឬគ្មានការប្រាក់សម្រាប់អនុវត្តសកម្មភាពសម្រាប់ការអភិរក្សការគ្រប់គ្រងនិងការបង្ហាញទ្រព្យសម្បត្តិដែលបានចុះបញ្ជីនៅបញ្ជីបេតិកភណ្ឌពិភពលោក។

Abu_Simbel,_Ramesses_Temple,_front,_Egypt,_Oct_2004-minប្រាសាទRamses II នៅអេស៊ីប រូបថត ដោយ Przemyslaw “Blueshade” Idzkiewicz, October 2004.  ប្រភពរូប៖ © Wikimedia Commons/ 2004/  CC BY-SA 2.0

ទាក់ទងនឹងជំនួយបែបនេះ ជាឧទាហរណ៍ជាក់ស្តែង ប្រទេសអេស៊ីប ក្រោយពីបានដាក់បញ្ជូលតំបន់បូជនីយដ្ឋានប្រវត្តិសាស្រ្តរបស់ខ្លួន គឺតំបន់​Nubian រដ្ឋាភិបាលប្រទេសនេះបានស្នើសុំឱ្យយូណេស្កូ ជួយបញ្ចៀសគ្រោះមហន្តរាយដល់បេតិកភណ្ឌរបស់ខ្លួនដែលបានចុះបញ្ជី។ យូណេស្កូក៏បានជួយធ្វើយុទ្ធនាការ កៀងគងជំនួយដើម្បីសង្គ្រោះប្រាសាទ និងតំបន់បេតិកភណ្ឌទាំងនោះ ដោយបញ្ចៀសពីទឹកជំនន់ពីបឹងNasser ក្នុងអំឡុងឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៨០។

ដោយឡែកក្រៅពីជំនួយជាអន្តរជាតិ ប្រទេសដែលជាម្ចាស់នៃបេតិកភណ្ឌដែលបានចុះបញ្ជីក៏ទទួលបានសារប្រយោជន៍ផ្សេងៗទៀតដោយការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអាចជាប្រភព ឬព័ត៌មានផ្សព្វផ្សាយទៅគ្រប់ទិសទី ដែលអាចទាក់ទាញឱ្យមានកំណើនទេសចរណ៍ក្នុងប្រទេសរបស់ខ្លួន។ អ្វីដែលសំខាន់នោះគឺការទទួលបានកិត្តិយស និងការទទួលស្គាល់ជាសកល ថាជាប្រទេសដែលជាម្ចាស់ មានសម្បត្តិបេតិកភណ្ឌពិភពលោក។

ទស្សនយល់ឃើញផ្ទាល់ទាក់ទងនឹងការដាក់បញ្ជូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

klakhon-Khol Source Sabay-min ប្រភពរូបភាព៖ © Sabay / 2015

បើយើងវិភាគលេងៗមួយភ្លែត ភាគច្រើននៃការដាក់បញ្ជូលបេតិកភណ្ឌពិភពលោករបស់កម្ពុជា ច្រើនតែកើតឡើងនៅអំឡុងខែ កក្កដា វិច្ឆិកា និងធ្នូ អញ្ចឹងប្រហែលជាចុងឆ្នាំនេះអាចនឹងមានដំណឹងល្អមួយទៀតពីយូណេស្កូក៏ថាបាន ប៉ុន្តែខ្ញុំឃើញច្រើនមែនទែន នៅក្នុងបណ្តាញសង្គមទាក់ទងនឹងជម្លោះនៃការទាមទារឱ្យមានការដាក់បញ្ជូលល្ខោនខោល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយមានមតិមួយចំនួនវាយប្រហារគ្នាទៅវិញទៅមកជាមួយប្រទេសជិតខាង ដែលគេក៏បានស្នើសុំដាក់ល្ខោនរបស់គេទៅក្នុងបញ្ជីនេះដែរ។ ខ្ញុំគ្រាន់តែឆ្ងល់ ហេតុអ្វីមនុស្សមួយចូលចិត្តឆ្លៀតឱកាសវាយប្រហារ ប្រៀបធៀប ជេរប្រមាថ ដោយប្រើប្រាស់បណ្តាញសង្គមជាឧបករណ៍ ពង្វក់ ញុះញង់យុវជនខ្មែរឱ្យស្អប់ជាតិសាសន៍ដទៃ តែយ៉ាងណាក៏ដោយខ្ញុំក៏ស្ងើចសរសើរដល់មនុស្សមួយក្រុមទៀតដែលព្យាយាមយកឱកាសនេះ ដើម្បីផ្សព្វផ្សាយ និងអប់រំប្រជាជនខ្មែរឱ្យយល់ពីសិល្បៈល្ខោនខោល។

សម្រាប់ខ្ញុំ វាជារឿងដែលមិនគួរឱ្យយុវជន និងប្រជាជន២ប្រទេសឈ្លោះគ្នាសោះឡើយ។ វាគ្រាន់តែជាការស្នើសុំដាក់បញ្ចូលបេតិកភណ្ឌជាតិរៀងខ្លួនចូលទៅក្នុងបញ្ជីអន្តរជាតិមួយ។ សាកគិតបន្តិចមើល យើងចាត់ទុកកម្ពុជាជាគ្រួសារមួយ ហើយប្រទេសជិតខាងយើងជាគ្រួសារមួយទៀត   គ្រួសារទាំង២ មានផ្ទះរៀងៗខ្លួន គ្រាន់តែផ្ទះនោះមានទំហំ រូបរាងស្រដៀងគ្នា ផ្ទះមួយសង់មុន ផ្ទះមួយសង់ក្រោយ មួយមានក្បាច់រចនាបែបខ្មែរ មួយក្បាច់បែបស្រុកគេ។ គ្រួសារនីមួយៗចង់បានសំបុត្របញ្ជាក់កម្មសិទ្ធទីលំនៅប្លង់រឹងពីអាជ្ញាធរដូចគ្នា។ អញ្ចឹងគ្រួសារទាំង២ ត្រូវដាក់ពាក្យ ភ្ជាប់ឯកសារ និងលិខិតស្នាមផ្សេងៗរៀងខ្លួនដើម្បីស្នើសុំទៅ។ បើតាមតថភាពជាក់ស្តែង គិតមើលបន្តិចមើល ថាតើពួកគាត់ត្រូវឈ្លោះគ្នាដោយសារបញ្ហាអ្វី? ដោយសារតែផ្ទះរូបរាងដូចគ្នា? ដោយសារតែចង់បានប្លង់រឹងដូចគ្នា? ចំពោះខ្ញុំ វាជាសេរីភាពរបស់គ្រួសារទាំងពីរ ព្រោះយើងដឹងហើយថាគ្រួសារនីមួយៗប្រាកដណាស់ថាស្រលាញ់ផ្ទះរបស់គេរៀងខ្លួន ហើយការដែលស្នើរសុំលិខិតបញ្ជាក់កម្មសិទ្ធផ្ទះរបស់ខ្លួន ក៏មិនមែនជាបញ្ហាសម្រាប់ផ្ទះណាមួយដែរ។

បកមកវិញបន្តិច ដូចនឹងល្ខោនខោលយើងដែរ! ខ្ញុំយល់ថា យើងមិនគួរណាចំណាយពេលវេលា បង្អាប់វប្បធម៌អ្នកដទៃ ជេរប្រមាថ វាយប្រហារគេនោះទេ ព្រោះទង្វើទាំងនេះមិនអាចឱ្យវប្បធម៌ជាតិយើងរុងរឿងនោះទេ។ អ្វីដែលគួរណាតែយើងចំណាយពេលទៅពិចារណា គឺបង្កើនការយល់ដឹង ពង្រឹងចំណេះដឹងរបស់ប្រជាជនម្នាក់ៗ ជាពិសេសយុវជន ហើយនាំគ្នារកដំណោះស្រាយដោយសន្តិវិធី និងគម្រោងណាដែលមាននិរន្តរភាពដើម្បីអាចឱ្យផ្ទះរបស់យើង វប្បធម៌របស់យើងត្រូវបានអ្នកផងទទួលស្គាល់ ហើយប្រជាជនយើងខ្លួនឯង ក៏យល់ពីតម្លៃពិតប្រាកដរបស់បេតិកភណ្ឌជាតិខ្លួនឯងដែរ។

ឧទាហរណ៍ជាក់ស្តែងទាក់ទងទៅនឹងបេតិកភណ្ឌពិភពលោកដូចគ្នា ល្បែងទាញព្រ័ត្ររបស់កម្ពុជាត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក (អរូបី) រួមជាមួយប្រទេសបីផ្សេងទៀត មានវៀតណាម កូរ៉េខាងត្បូង និងហ្វីលីពីន។ ដូច្នេះហើយ យើងសាកបើកចិត្តឱ្យទូលាយបន្តិចបានទេ ព្រោះការចុះបញ្ជីនេះមិនមែនជាការធ្វើសង្គ្រាមនោះទេ ផ្ទុយទៅវិញវាជាការចែករំលែកបេតិកភណ្ឌរបស់ជាតិយើង ឱ្យទៅជាបេតិកភណ្ឌរួមនៃពិភពលោក តែយើងនៅតែជាម្ចាស់ បុព្វបុរសយើងនៅតែមាននាមជាអ្នកបង្កើតបេតិកភណ្ឌទាំងនេះដដែល។

បើអ្នកទាំងអស់គ្នាអានអត្ថបទនេះហើយ មិនពេញចិត្ត គិតថាខ្ញុំមិនមានស្មារតីស្នេហាជាតិ ក៏គិតទៅចុះ ព្រោះខ្ញុំទទួលខុសត្រូវតែលើអ្វីដែលខ្ញុំសរសេរប៉ុណ្ណោះ អ្វីដែលអ្នកយល់គឺជាគំនិតផ្ទាល់របស់អ្នក។ ខ្ញុំគ្រាន់តែសង្ឃឹមថា ជនរួមជាតិរបស់ខ្ញុំនឹងស្រលាញ់អ្វីដែលជាមរតកដូនតាខ្លួន ស្វែងយល់ពីអ្វីដែលជាតិខ្លួនមាន ប្រឹងប្រែងថែរក្សា តែក៏មិនវាយប្រហារតបត ដោយអសីលធម៌ទៅប្រជាជាតិណាផ្សេងទៀតនោះទេ។ ដូចដែលពាក្យចាស់តែងទូន្មានប្រៀនប្រដៅថា «សម្តីសជាតិ មាយាទសពូជ។» ពូជខ្មែរយើងពូជអ្នកជា មិនមែនពូជអ្នកជេទេ៕

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញឬឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

1 Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s