ដោយ៖ សុខ រិទ្ធា
នៅពេលនេះ មានរឿងពីរដែលខ្ញុំអាចនិយាយត្រូវ ទីមួយ អ្នកមិនមែនជាមនុស្សខ្ជិលអានខ្លាំងដូចដែលអ្នកគិតទេបើអ្នកបានចុចចូលហើយអានដល់ចំនុចនេះ។ ទីពីរ អ្នកអាចនឹងដូចខ្ញុំដែរ ដឹងថាការអានសៀវភៅមានប្រយោជន៍ខ្លាំង ហើយក៏ចង់អានដែរ ប៉ុន្តែនៅតែមិនអាន ឯហេតុផលមួយម៉ាត់យ៉ាងខ្លីនោះគឺ “ខ្ជិល”។ បើអ្នកពិតជាមនុស្សចង់អានតែខ្ជិលអានដូចខ្ញុំនិយាយមែន សូមសាកល្បងស៊ូអានអត្ថបទនេះដល់ចប់ ព្រោះវាអាចនឹងឲ្យអ្នកក្លាយជាអ្នកអានម្នាក់បាន។
Photo by Ugur Akdemir on Unsplash
ខាងក្រោមនេះ ខ្ញុំនឹងចែករំលែកពីជំហានងាយៗទាំងប្រាំដែលខ្ញុំអនុវត្តខ្លួនឯង ដើម្បីប្រែខ្លួនទៅជាអ្នកអានម្នាក់៖
១ ផ្តើមជាមួយភាសាណាដែលស្រួលអានសំរាប់អ្នក
ប៉ុន្មានឆ្នាំមុន ពេលនិយាយដល់រឿងអានសៀវភៅ ខ្ញុំចង់អានតែសៀវភៅដែលសរសេរជាភាសាអង់គ្លេសទេ។ ខ្ញុំគិតថា អានសៀវភៅអង់គ្លេសអាចបានទាំងគំនិតល្អៗផង និងអាចចេះភាសាអង់គ្លេសកាន់តែច្រើនផង។ ព្រួញមួយបាញ់បានសត្វពីរ អ្នកណាមិនចង់? ប៉ុន្តែបញ្ហានៅត្រង់ថា ខ្ញុំមិនទាន់ចេះបាញ់ព្រួញផង ខ្ញុំចង់បាញ់បានម្តងពីរទៅហើយ។
“Think And Grow Rich” គឺជាសៀវភៅទីមួយដែលខ្ញុំអាននៅពេលដែលខ្ញុំចាប់ផ្តើមបណ្តុះទំលាប់អានដំបូង។ មកដល់ពេលនេះគឺជិតបីឆ្នាំហើយ ប៉ុន្តែខ្ញុំអានសៀវភៅនោះមិនទាន់ចប់នៅឡើយទេ។ កាលនោះ ចំណេះដឹងផ្នែកអង់គ្លេសខ្ញុំនៅទាប អានមួយទំព័រ មានពាក្យអត់ចេះដល់ទៅបួនដប់។ ពេលខ្លះ ឆែកដឹងពីអត្ថន័យពាក្យដែលអត់ចេះហើយក៏នៅតែមិនយល់ថាកថាខណ្ឌមួយហ្នឹងចង់និយាយពីអ្វីដែរ។ ខ្ញុំក៏មានអារម្មណ៍ថា ការអានពិតជាពិបាកដូចការគិតរបស់ខ្ញុំមែន ហើយខ្ញុំក៏អស់អារម្មណ៍អានបន្តទៀតទៅ។ អស់ពេលជាយូរ ទើបខ្ញុំផ្តើមអានឡើងវិញម្តងទៀត ប៉ុន្តែខ្ញុំអានសៀវភៅខ្មែរម្តង។ មកដល់ពេលនេះ សមត្ថភាពភាសាអង់គ្លេសរបស់ខ្ញុំមានកម្រិត បង្គួរហើយខ្ញុំក៏បានអានសៀវភៅជាភាសាអង់គ្លេសផ្សេងៗចប់អស់ពីរបីក្បាលដែរ ប៉ុន្តែខ្ញុំនៅតែគ្មានអារម្មណ៍យកសៀវភៅនោះមកអានបន្ត ព្រោះឲ្យតែគិតដល់វា ខ្ញុំនឹកឃើញដល់ពាក្យពិបាកៗរបស់វាភ្លាម។
© SOK_Rithea/Books/2018
បើអ្នកមានគំនិតចង់អានតែសៀវភៅអង់គ្លេសព្រោះចង់បាញ់ព្រួញមួយបានសត្វពីរដូចខ្ញុំពីមុនដែរ ប៉ុន្តែសមត្ថភាពអង់គ្លេសរបស់អ្នកនៅមានកម្រិតទាប ខ្ញុំចង់រំលឹកអ្នកថា ពេលយើងនៅជាមនុស្សខ្ជិលអានម្នាក់ កុំធ្វើឲ្យការអាននេះជារឿងមួយលំបាកសំរាប់យើង។ បើយើងខ្ជិលអាន យើងកាន់តែខ្ជិលឆែកវចនានុក្រម។ ហើយបើអានម្តងៗត្រូវឆែកដប់ម្ភៃពាក្យទើបអាចយល់បានពីអ្វីដែលគេនិយាយ យើងគ្មានទឹកចិត្តនឹងអានតទៀតទេ។ ហេតុផលនេះហើយដែលធ្វើឲ្យមនុស្សជាច្រើនមិនអានទោះចង់អានក៏ដោយ។ បើចង់រៀនអង់គ្លេស គួររៀបចំពេលវេលាដាច់ដោយឡែកមួយសំរាប់រៀនអង់គ្លេស កុំទាន់លាយវាចូលជាមួយការបណ្តុះទំលាប់អានរបស់យើង។
ត្រូវដឹងថា យើងជាមនុស្សខ្ជិលអានម្នាក់ដែលមានគោលដៅចង់បណ្តុះទំលាប់អាន ហើយមនុស្សខ្ជិលចូលចិត្តធ្វើតែរឿងណាដែលងាយស្រួលធ្វើទេ ដូចនេះ ជំហានទីមួយ យើងគួរផ្តើមដោយអានសៀវភៅដែលសរសេរជាភាសាណាដែលយើងអាចអានយល់បានយ៉ាងស្រួល។
២ អានដើម្បីកំសាន្ត
ខ្ញុំដឹងថាពេលអ្នកអាន អ្នកចង់អានអ្វីដែលមានប្រយោជន៍ខ្លាំង។ អ្នកចង់អានសៀវភៅនិយាយពីវីធីសាស្រ្តជំនួញ ឬក៏វិធីសាស្រ្តក្លាយជាសេដ្ឋី។ល។ ប៉ុន្តែ ទោះជាយើងដឹងថាវាមានប្រយោជន៍ ក៏មិនប្រាកដថាយើងអាចជំរុញខ្លួនឯងឲ្យអានបានដែរ។
អ្នកណាៗក៏ដឹងដែរថាការរៀនសូត្រមានសារៈប្រយោជន៍ខ្លាំងណាស់ ប៉ុន្តែមនុស្សដែលខ្ជិលរៀននៅតែខ្ជិលរៀន ទោះដឹងថារៀនមានប្រយោជន៍ក៏ដោយ។ ដូចគ្នាដែរ បើអ្នកជាមនុស្សខ្ជិលអាន ហើយចង់បណ្តុះទំលាប់អានដោយផ្តើមអានសៀវភៅនិយាយពីចំនេះដឹងមានប្រយោជន៍ អ្នកអាចនឹងខ្ជិលហើយឈប់អានកណ្តាលទី ដូចអ្នកខ្ជិលរៀនឈប់រៀនកណ្តាលទីអញ្ចឹង។
រឿងមួយដែលយើងធ្វើមិនឈប់នោះគឺរឿងកំសាន្តសប្បាយ។
យើងតាមដានរឿងភាគអស់ពីមួយចូលមួយមិនមែនមកពីវាមានប្រយោជន៍អីអស្ចារ្យទេ ប៉ុន្តែមកពីវាធ្វើឲ្យយើងសប្បាយ។ យើងទៅដើរលេងក៏ដោយសារការដើរលេងធ្វើឲ្យយើងសប្បាយ ហើយមានពេលខ្លះយើងអង្គុយលេងអត់ធ្វើអីទាំងអស់ក៏ដោយសារតែបែបនោះធ្វើឲ្យយើងសប្បាយដែរ។ ជារួម យើងចូលចិត្តធ្វើអ្វីដែលធ្វើឲ្យយើងសប្បាយ។ សាកគិតបន្តិចទៅមើល បើយើងអានសៀវភៅដែលធ្វើឲ្យយើងសប្បាយ យើងនៅខ្ជិលអានទៀតអត់?
Photo by Ben White on Unsplash
ខ្ញុំចង់ប្រាប់អ្នករឿងមួយ តែមួយសប្តាហ៍ប៉ុណ្ណោះខ្ញុំអានចប់សៀវភៅរឿងស្នេហាក្រាស់គួរសមមួយក្បាល ប៉ុន្តែខ្ញុំចំនាយពេលមួយទៅពីរខែដើម្បីអានចប់សៀវភៅនិយាយពីចំនេះដឹងមានប្រយោជន៍អីមួយ។ នេះមកពីអានសៀវភៅរឿងស្នេហាជាការកំសាន្តមួយ ហើយខ្ញុំមិនខ្ជិលកំសាន្តទេ។
អ្នកអាចផ្តើមអានសៀវភៅនិយាយពីរឿងស្នេហា មិត្តភាព គ្រួសារ ដំណើរផ្សងព្រេង និងកំប្លែង។ល។ ទោះវាជារឿងគេនិពន្ធក៏ដោយ វាសុទ្ធតែអាចផ្តល់ការកំសាន្តដល់យើង ដូចដែលរឿងកុនផ្តល់ឲ្យយើងអញ្ចឹង ហើយយើងនឹងមិនខ្ជិលធ្វើអ្វីដែលធ្វើឲ្យយើងជក់ជួកចិត្តនិងសប្បាយនោះទេ។
ក៏ប៉ុន្តែ បើយើងគិតឲ្យសុីជម្រៅបន្តិចទៅ ការអានសៀវភៅបែបនេះក៏មិនមែនអត់មានប្រយោជន៍អីផ្សេងសោះដែរ។ ក្រៅពីបានកំសាន្តសប្បាយ អ្នកក៏អាចយល់ដឹងបន្ថែមពីខ្លួនឯង ដឹងថាខ្លួនឯងចង់ក្លាយជាមនុស្សបែបណា និងចង់រាប់រកមនុស្សបែបណា។ បើជារឿងស្នេហាវិញ អ្នកអាចស្វែងយល់ពីខ្លួនឯងថាមនុស្សបែបណាដែលអ្នកចង់បានជាដៃគូស្នេហា។ លើសពីនេះទៀត អ្នកក៏អាចទទួលបានមេរៀនជីវិត និងអាចស្វែងយល់ពីទីកន្លែងដែលអ្នកមិនធ្លាប់ស្គាល់ពីមុនមក។ អាចឲ្យយើងកំសាន្តសប្បាយផង អាចជួយកាត់បន្ថយស្រ្តេសផង និងនៅមានប្រយោជន៍ច្រើនដូចបានរៀបរាប់ខាងលើនេះទៀត ដូចនេះ យើងអាចនិយាយបានថាការអានដើម្បីកំសាន្តជាជំហានទីពីរដ៍ល្អមួយដែលអ្នកអាចអនុវត្តដើម្បីបណ្តុះទំលាប់អានរបស់អ្នក។
៣ ផ្តើមដោយអានមួយថ្ងៃដប់ប្រាំនាទី
តើអ្នកដឹងទេថាក្នុងមួយថ្ងៃអ្នកមានពេល15នាទីដល់ទៅ96ដង? បើអ្នកថាអ្នករវល់ខ្លាំងណាស់ មានការងារច្រើនណាស់គ្មានពេលអានទេ សូមគិតម្តងទៀតទៅមើល។ តើអ្នកពិតជាមិនអាចដកយកពេល15នាទីមួយដងក្នុងចំនោម96ដងមកអានមែនឬ?
ខ្ញុំគិតថា គ្រាន់តែដកពេលអ្នកចូលលេងហ្វេសប៊ុកមួយមុខ អ្នកអាចមានពេល15នាទីដល់ទៅពីរបីដងឯណោះសំរាប់អាន។ ប៉ុន្តែ ផ្តើមពីមួយថ្ងៃ15នាទីបានហើយ សន្សឹមៗកុំបំបោល! ឲ្យតែអ្នកគោរពគោលការណ៍15នាទីក្នុងមួយថ្ងៃឲ្យបានភ្ជាប់ភ្ជួន មិនយូរទេ អ្នកនឹងមានទំលាប់អាននិងចេះឈ្លាតពេលអានជារៀងរាល់ថ្ងៃទោះនៅថ្ងៃអ្នករវល់ខ្លាំងក៏ដោយ។ សំខាន់ជាងនេះទៅទៀតនោះគឺ ទោះថ្ងៃក្រោយអ្នកអានប៉ះអ្វីមួយដែលគួរឲ្យធុញ ក៏អ្នកមិនឈប់អានភ្លាមៗដែរ អ្នកនឹងបន្តអានទៅដល់ចំនុចល្អវិញ ព្រោះវាជាទំលាប់ទៅហើយ។
Photo by Rathish Gandhi on Unsplash
៤ អានជាមួយមិត្តភក្តិ
ឧទាហរណ៍មានរឿងភាគមួយគេកំពុងបញ្ចាំងរាល់ថ្ងៃ ហើយអ្នកក៏កំពុងតាមដានរឿងនោះដែរ សំនួរសួរថា រវាងមានតែអ្នកម្នាក់ឯងមើលរឿងហ្នឹង និងមានមិត្តភក្តិអ្នកមើលរឿងហ្នឹងដែរ ហើយពួកអ្នកនិយាយ និងវិភាគរឿងនោះជាមួយគ្នារាល់ថ្ងៃ តើទិដ្ឋភាពមួយណាអ្នកចូលចិត្តជាង? សំរាប់ខ្ញុំ ខ្ញុំជ្រើសយកមានមិត្តខ្ញុំមើលដែរ ព្រោះវានឹងជាប្រធានបទដែលយើងអាចលើកយកមកនិយាយនៅពេលញុំាបាយ និងពេលសំរាក ហើយទាំងនេះធ្វើឲ្យខ្ញុំកាន់តែចង់មើលវា។
©SENG_Solydeth/2018
បើអ្នកនិងមិត្តអ្នកអានសៀវភៅដូចគ្នាក្នុងពេលតែមួយ ការអាននោះនឹងកាន់តែសប្បាយ ហើយអ្នកក៏មិនចង់ឈប់អានដែរ។ អ្នកអាចនឹងវិភាគនិងទាយសាច់រឿងជាមួយមិត្តអ្នក ហើយអ្នកទាំងអស់គ្នាអាចមានគំនិតខុសគ្នាលើចំនុចណាមួយដែលធ្វើឲ្យអ្នកចង់ទៅអានចំនុចហ្នឹងម្តងទៀត។ ហើយអាចមានពេលខ្លះទៀតអ្នកចង់អានឲ្យចប់មុនមិត្តរបស់អ្នកទៀត។ ទាំងអស់នេះហើយដែលធ្វើឲ្យអ្នកកាន់តែចង់អាន ហើយវាជាជំហានទីបួនដ៏ល្អបំផុតសំរាប់បណ្តុះទំលាប់អានរបស់អ្នក។
៥ កុំឈប់!
បើអ្នកពិតជាមនុស្សខ្ជិលអានម្នាក់មែន ហើយអ្នកបានអានដល់ចំនុចនេះ អ្នកពិតជាអស្ចារ្យណាស់។ ខ្ញុំនិយាយមែន ហើយខ្ញុំនិយាយម្តងទៀត អ្នកពិតជាអស្ចារ្យណាស់។
ខ្ញុំជាមនុស្សខ្ជិលអានម្នាក់ ខ្ជិលខ្លាំងណាស់ ប៉ុន្តែខ្ញុំដឹងថាការអានល្អ។ ដោយសារតែខ្ញុំដឹងថាវាល្អក្នុងការពង្រឹងចំណេះដឹងផង និងពង្រឹងសុខភាពខួរក្បាលផង ទើបខ្ញុំខំបណ្តុះទំលាប់អានសំរាប់ខ្លួនឯង។ រាល់ពេលខ្ញុំខ្ជិលម្តងៗ រាល់ពេលខ្ញុំចង់ដើរលេងជាងចង់អានម្តងៗ និងរាល់ពេលខ្ញុំចង់ដេកជាងចង់អានម្តងៗ ខ្ញុំរំលឹកខ្លួនឯង កុំឈប់! កុំឈប់! កុំឈប់!
មិនថាអ្វីមួយហ្នឹងវាល្អប៉ុណ្ណាទេ បើអ្នកឈប់ធ្វើវា វាគ្មានអ្វីល្អទៀតទេ។ ដូចនេះ បើអ្នកចង់បណ្តុះទំលាប់អាន បើអ្នកចង់ក្លាយជាអ្នកអានម្នាក់ ត្រូវប្រាប់ខ្លូនឯងថា កុំឈប់! កុំឈប់! កុំឈប់! ទោះអ្នកខ្ជិលខ្លាំងក៏ដោយ ក៏ កុំឈប់! កុំឈប់! កុំឈប់! ការអានសំខាន់ដូចការងូតទឹក ដុសធ្មេញ និងស្លៀកពាក់អញ្ចឹងដែរ។ ការសំអាតប្រាណ និងការស្លៀកពាក់ជួយឲ្យយើងមានសុខភាពល្អនិងរូបរាងស្រស់ស្អាតឬសង្ហា ឯការអានវិញជួយពង្រីកវិសាលភាពនៃការគិតគូរពិចារណានិងជួយបង្កើនចំណេះដឹងរបស់យើង។ ហេតុនេះហើយទើបយើងត្រូវធ្វើរឿងទាំងនេះរាល់ថ្ងៃ។ បើបានមួយថ្ងៃពីរដងទៀតកាន់តែប្រសើរ។ ពេលដែលអ្នកមិនបោះបង់ការអានគឺជាពេលដែលអ្នកប្រែក្លាយពី “អ្នកខ្ជិលអាន” ទៅជា “អ្នកអាន” ។
Photo by Toa Heftiba on Unsplash
អ្វីដែលខ្ញុំចែករំលែកដល់អ្នក មិនមែនជាវិធីបំបាត់ភាពខ្ជិលទេ។ និយាយតាមត្រង់ទៅចុះ បើខ្ញុំដឹងពីវិធីបំបាត់ភាពខ្ជិល ខ្ញុំនឹងមិនត្រូវបានមនុស្សជុំវិញដាក់ងារឲ្យជា “មនុស្សកំពូលខ្ជិល”ដែរ។ សំណាងល្អដែរ យើងមិនចាំបាច់បំបាត់ភាពខ្ជិលដើម្បីក្លាយជាអ្នកអានទេ។ អ្វីដែលយើងគួរធ្វើនោះគឺបណ្តុះទំលាប់អានតាមវិធីដែលងាយៗទាំងប្រាំជំហាននេះប៉ុណ្ណោះ។ មនុស្សខ្ជិលក៏អាចមានទំលាប់ល្អដែរ!
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញឬឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។