ធ្វើជាមនុស្សត្រូវធ្វើជាខ្លួនឯង

ដោយ៖ រ៉ាវី​ សុភារ័ត្ន

 

Optimized-40145526_273769606572237_8814216749110001664_nដោយសារតែខ្ញុំតែងតែប្រកាន់ខ្ជាប់គំនិតមួយថា «ធ្វើជាមនុស្សត្រូវតែធ្វើជាខ្លួនឯង កុំឱ្យតែខ្លួនឯងបំផ្លាញអ្នកដទៃ» ដូច្នេះហើយភាគច្រើនសកម្មភាពរបស់ខ្ញុំគឺធ្វើទៅតាមអ្វីដែលជាធម្មជាតិ អ្វីដែលជាការយល់ឃើញផ្ទាល់របស់ខ្ញុំថាវាត្រឹមត្រូវហើយមិនរំខានដល់ជីវិតអ្នកដទៃ។ ការធ្វើបែបនេះ ធ្វើឱ្យមនុស្សមួយចំនួនគិតថា ខ្ញុំជាមនុស្សក្រៅសង្គមនិងមិនចូលចំណោមគេ។

មុនរៀបរាប់បន្តទៀត ខ្ញុំគិតថាអ្នកគួរតែស្គាល់ពីមនុស្សមិនចូលចំណោមគេម្នាក់នេះបន្តិចសិន។ ជាសំណាង ខ្ញុំកើតមកមាន កាយសម្បទាគ្រប់គ្រាន់ គ្រាន់តែមិនសូវស្អាត មានសម្បុរស្រអែមបន្តិច រាងស្គមស្តើង អញ្ចឹងទៅធ្វើ​​ឱ្យគេមើលឃើញថាខ្ញុំរាងខ្ពស់បន្តិច។ មុខខ្ញុំរាងអក្សរវី (V) គ្រាន់តែអត់អំណោយទានបន្តិច តែបើញញឹមទៅក៏ស្អាតបន្តិចដែរ។ បើនិយាយពីគ្រឿងក្នុងវិញគឺថានៅល្អទេ ព្រោះខ្ញុំមិនសូវចូលចិត្តប៉ះពាល់គ្រឿងញៀនគ្រឿងស្រវឹង ស្រា បារីអ្វីនោះទេ គ្រាន់តែចូលចិត្តផឹកភេសជ្ជផ្អែមបន្តិច។

បើនិយាយពីចំណង់ចំណូលចិត្ត ខ្ញុំចូលចិត្តសរសេរ តែបើការនិយាយស្តីមិនសូវពូកែទេ ហើយបើខ្ញុំហើបមាត់ និយាយ ខ្ញុំចូលចិត្តនិយាយត្រង់ៗបន្តិច មិនសូវចេះទប់មាត់ទប់ ក អីទេ ឱ្យតែឃើញអី គឺនិយាយហ្នឹង អញ្ចឹងហើយបានជាមនុស្សជាច្រើនគិតថាខ្ញុំគួរឱ្យស្អប់បន្តិច (ពេលខ្លះក៏គួរឱ្យស្អប់ច្រើនដែរ)។

​បើនៅក្នុងថ្នាក់វិញ នៅពេលដែលសិស្សខ្លះគាត់សួរសំណួរច្រើន ប៉ុន្តែអត់ទាក់ទងនឹងមេរៀនសោះ ហើយបើសួរចំពេលដល់ម៉ោងញ៉ាំបាយទៀត គឺថាខ្ញុំមិនសូវទប់មាត់ទេ ភាគច្រើនតែងថាឱ្យគាត់ហ្នឹងនៅមុខគេឯងតែម្តង។ ដោយសារខ្ញុំមិនសូវចូលចិត្តនិយាយសរសើរ លើកជើងអ្នកដទៃ ហើយក៏មិនពូកែនិយាយលេងសើចបញ្ចេញបញ្ចូលដែរ អញ្ចឹងហើយសម្តីដែល ខ្ញុំនិយាយពេលខ្លះ ត្រូវបានគេគិតថា ខ្ញុំនិយាយត្រង់ពេក មិនសូវចេះប្រើពាក្យ ការទូតដើម្បីយកចិត្តអ្នកដទៃ។

មួយវិញទៀត បើមានអ្នកប្រើសម្តីបញ្ចេញបញ្ចូល លើកជើងគេច្រើន​(មនុស្សប្រភេទផ្លែល្វា) ក៏មិនសូវត្រូវគ្នាជាមួយខ្ញុំដែរ។ អញ្ចឹងហើយ ខ្ញុំជាមនុស្សមានមិត្តភក្តិមិនសូវច្រើនទេ ដោយសារតែរឿងបន្តិចបន្តួចទាំងនេះ ប៉ុន្តែមិត្តភក្តិរបស់ខ្ញុំ ដែលនៅសេសសល់គឺសុទ្ធសឹងតែជាមិត្តភក្តិពិតប្រាកដទាំងអស់។​

ក្រៅពីសម្តីមិនពិរោះ ខ្ញុំជាមនុស្សទន់ខ្សោយ ខ្ញុំគ្មានភាពក្លាហានក្នុងការនិយាយជាសាធារណ សោះឡើយ ប៉ុន្តែអ្វីដែលគ្រប់គ្នាគិតថា ខ្ញុំខុសគេចំពោះរឿងនេះគឺ ពួកគេតែងតែឃើញ ខ្ញុំលើកដៃ ស្ម័គ្រចិត្តឡើងនិយាយជាសាធារណ គ្រប់ពេលដែលខ្ញុំមានឱកាស បើទោះបីជា ខ្ញុំត្រូវឡើងនិយាយទាំងសម្លេងភ័យញ័រក៏ដោយ។

ខ្ញុំខ្លាចការនិយាយជាសាធារណខ្លាំងណាស់ សឹងតែពេលខ្លះខ្ញុំនិយាយដូចកំពុងយំអញ្ចឹង ដៃជើងខ្ញុំញ័រ ទឹកភ្នែករកកលចង់ស្រក់ បេះដូងខ្ញុំ លោតញាប់ខ្លាំង ពេលខ្លះសឹងតែភ្លេចខ្លួនថាខ្លួន​ឯងចង់និយាយពីអ្វី តែខ្ញុំនៅតែស្ម័គ្រចិត្ត ឡើងនិយាយទាំងពិបាកស្តាប់បែបនេះ ព្រោះខ្ញុំដឹងថាពេលខ្ញុំអនុវត្តវាយូរទៅ ថ្ងៃណាមួយខ្ញុំ នឹងនិយាយបានល្អ គ្រាន់តែថាមិនមែនថ្ងៃនេះ។

ពេលខ្លះក៏មានអ្នកសើចថាខ្ញុំនិយាយដូចយំ និយាយមិនដឹងអី និយាយភ្លៀវក៏មាន។ ខ្ញុំមិនខ្វល់ពីអ្វីដែលគាត់និយាយនោះទេ ព្រោះខ្ញុំដឹងថា ពួកគាត់ប្រហែលជាមិនដឹងទេថា តាមពិតទៅគឺខ្ញុំកំពុងតែកែតម្រូវ រៀនផ្លាស់ប្តូរចំណុចដែលខ្ញុំ ខ្វះខាតដោយខ្លួន​ឯង។ ទោះបីពេលខ្លះ អ្នកដទៃមើលទៅដំណោះស្រាយនោះដូចជាប្លែកបន្តិច ប៉ុន្តែខ្ញុំគិតថាមិនចាំបាច់បកស្រាយឱ្យមនុស្សគ្រប់គ្នាយល់ពីខ្ញុំទេ។

នៅពីក្រោយសកម្មភាពរបស់មនុស្សម្នាក់ មានហេតុផល និងរឿងរ៉ាវជាច្រើនដែលគាត់មិនអាចពន្យល់រៀបរាប់ប្រាប់អ្នកដទៃបាន។ អញ្ចឹងហើយបានជាយើងឃើញមនុស្សខ្លះត្រូវបានចាត់ទុកថាជាមនុស្សខុសប្លែកពីគេ ទាំងដែលគាត់គ្រាន់តែរស់នៅតាមរបៀបរបស់ពួកគាត់សោះ។ ផ្ទុយទៅវិញ មានមនុស្សជាច្រើនទៀតរៀនសម្របខ្លួនខ្លាំងមែនទែនជាមួយអ្នកដទៃ សម្របខ្លួនរហូតដល់ភ្លេចថាខ្លួន​ឯងតាមពិតជាអ្នកណា ចង់ធ្វើអ្វី ចង់ទៅណាឱ្យប្រាកដ ហើយពេលខ្លះអាចនឹងភ្លេចថា តើជីវីតរបស់គាត់ជាជីវិតរបស់អ្នកណា។

មានមិត្តល្អមួយចំនួន ដែលស្រលាញ់ ចូលចិត្ត រាប់អានខ្ញុំដែលជាខ្ញុំ ប៉ុន្តែពេលខ្លះគាត់ក៏ ព្យាយាមប្រាប់ខ្ញុំឱ្យកែប្រែនូវចំណុចខ្វះខាតរបស់ខ្លួនមួយចំនួនដែរ ហើយខ្ញុំក៏ព្យាយាមកែប្រែបន្តិចម្តងៗទៅតាមអ្វីដែលគាត់ណែនាំនោះ។ ព្រោះទោះបីជាខ្ញុំប្រកាន់ជំហរត្រូវរស់នៅធ្វើជាខ្លួនឯង ប៉ុន្តែខ្ញុំក៏ទទួលស្គាល់ដែរថា ពេលខ្លះខ្លួនឯងក៏មិនល្អឥតខ្ចោះដែរ។ យកការរិះគន់ល្អៗ(រិះគន់ស្ថាបនា) យកមកពិចារណា ហើយយកមកច្នៃខ្លួនឯង ដើម្បីឱ្យក្លាយជាមនុស្សម្នាក់ល្អជាងមុនបន្តិច។ ធ្វើបែបនេះ មានអីមិនល្អ មិនអញ្ចឹងហ្អេ? ប៉ុន្តែសូមកុំកែប្រែខ្លួនឯងរហូតដល់ភ្លេចថាខ្លួនឯងជាអ្នកណា​។

បន្ទាប់ពីអានអត្ថបទនេះហើយ ខ្ញុំសង្ឃឹមថាអ្នកអាចស្គាល់ខ្លះៗអំពីខ្ញុំ *រ៉ាវី សុភារ័ត្ន* ប៉ុន្តែខ្ញុំមិនរំពឹងឱ្យអ្នកក្លាយជាមនុស្សដូចខ្ញុំឡើយ ព្រោះខ្ញុំចង់ឱ្យអ្នកចេះឱ្យតម្លៃខ្លួនឯង។ ខ្ញុំចង់ឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីដែលអ្នកចង់ធ្វើ ទោះបីពេលខ្លះហាក់ដូចជាប្លែកពីអ្នកដទៃបន្តិចក៏ដោយ ឱ្យតែអ្នកគិតថាត្រូវហើយសប្បាយចិត្ត (តែគួរពិចារណាផងដែរ កុំឱ្យតែប៉ះពាល់ដល់ជីវិតអ្នកដទៃទៅបានហើយ)។ ចុងក្រោយ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្តពិភពលោកដែលមានពណ៌ចម្រុះ មិនមែនត្រឹមតែពណ៌ស ឬពណ៌ខ្មៅនោះទេ៕

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញឬឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

1 Comment

  1. សរសេរបានល្អ​ បែបកំប្លុកកំប្លែង​គួរឱ្យចង់អាន។ ក្រៅពីនេះ ម្ចាស់អត្ថបទបានបង្កប់អត្ថន័យអប់រំដល់អ្នកអានឱ្យស្គាល់ពីខ្លួនឯង។ សូមសរសើរ។

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s