ដោយ : លិន ស្រីអន
ពេលខ្ញុំនៅតូច បំណងរបស់ខ្ញុំគឺចង់ធំឡើងឱ្យបានឆាប់និងអាលបានគ្រប់អាយុ១៨ឆ្នាំដែលគេអាចចាត់ទុកថាជាពលរដ្ឋម្នាក់។ ស្ដាប់ទៅជាដូចគំនិតក្មេងមែន នេះក៏ព្រោះតែមិនដែលស្គាល់រសជាតិជាមនុស្សធំពេញវ័យ តែមិនដែលដឹងសោះឡើយថាពេលក្លាយខ្លួនជាមនុស្សពេញវ័យហើយត្រូវភ្លក់រសជាតិអ្វីខ្លះនោះ (មិនងាយស្រួលដូចគិតនោះទេ)។
បំណងប្រាថ្នានោះបានសម្រេចមែនទោះបីខ្ញុំមិនខំប្រឹងប្រែងក៏អាចទទួលបានដោយស្វ័យប្រវតិ្ដដែរ ព្រោះមនុស្សមានការវិវត្ដជារឿងធម្មតា។ តែសំខាន់ខ្ញុំមិនបានប៉ងតែបំណងមួយនោះទេ នៅមានបំណងប្រាថ្នាជាច្រើនផ្សេងទៀតដែលខ្ញុំបានកំណត់ និងចង់សម្រេច។ ក្រោយពេលបញ្ចប់វិទ្យាល័យ ជីវិតរបស់ខ្ញុំដែលឈានចូលថ្នាក់ឧត្ដមសិក្សាក៏ចូលមកដល់។ អ្វីៗហាក់ខុសប្លែកពីមុនស្ទើរតែទាំងអស់។
ខ្ញុំចាប់ផ្ដើមចូលរួមប្រឡូកនូវរឿងរ៉ាវជាច្រើន ដែលខ្ញុំពីមុនមិនដែលសូម្បីតែនឹកស្រមៃ។
ខ្ញុំបានឃើញឱកាសជាច្រើនបើកទទួល និងស្វាគមន៍ឱ្យខ្ញុំចូលទៅឈោងចាប់វា។ មានពេលមួយដែលខ្ញុំបានឃើញឱកាសដែលអនុញ្ញាតឱ្យខ្ញុំអាចចូលរួមក្នុងកម្មវិធីហាត់ការមួយដែលរៀបចំឡើងដោយអង្គការយូនីសេហ្វកម្ពុជា។ ខ្ញុំត្រូវបានជ្រើសរើសជាអ្នកសរសេរប្លុកម្នាក់ក្នុងចំណោមអ្នកសរសេរទាំងអស់១០នាក់។ ពេលនោះហើយដែលធ្វើឱ្យខ្ញុំមានចិត្ដរំភើប និងសប្បាយជាខ្លាំង។
ឆ្លងកាត់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះខ្ញុំទទួលបានបទពិសោធ និងមេរៀនល្អៗជាច្រើនពីអ្នកបង្ហាត់ អ្នកសម្របសម្រួល រួមទាំងអ្នកសរសេរប្លុកផ្សេងទៀតដែលធ្វើការជាមួយគ្នា។ សម្រាប់ទស្សនៈរបស់ខ្ញុំផ្ទាល់ខ្ញុំចាត់ទុកថាវាជាការទុកគំរូដ៏ប្រពៃមួយទាំងសម្រាប់យុវជនផ្ទាល់ ក៏ដូចជាសាធារណជន។ ការចូលរួមលើកកម្ពស់សម្លេង ឬទស្សនៈរបស់យុវជនជាការសំខាន់បំផុតមួយដែលមិនគួរមើលរំលង ហើយនេះជាអ្វីដែលពួកយើងបាននឹងកំពុងធ្វើព្រោះយុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម។
អ្វីដែលខ្ញុំចូលចិត្ដបំផុតនោះគឺការបើកចំហយ៉ាងទូលាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់ពួកយើងជាយុវជន។ ប្រធានបទនីមួយៗដែលខ្ញុំបានសរសេរពិតជាបានបង្រៀនខ្ញុំនូវរបៀបនៃការប្រព្រឹត្ដការគិត ជួយដុះខាត់សមត្ថភាពខ្ញុំ និងជួយឱ្យខ្ញុំរឹតតែមានទំនុកចិត្ដ។ មួយវិញទៀត ក្រោយបានទទួលការបណ្ដុះបណ្ដាល និងការចែករំលែកបទពិសោធរបស់អ្នកបង្ហាត់ វាបានលើកទឹកចិត្ដខ្ញុំឱ្យខិតខំប្រឹងបន្ដទៅមុខ ហើយរឹតតែចង់ធ្វើការងារនីមួយៗទទួលបានលទ្ធផលល្អបំផុតតាមដែលខ្ញុំអាចធ្វើបាន។ បន្ថែមពីនេះខ្ញុំបានស្គាល់ពីបទពិសោធធ្វើការងារជាមួយអង្គការអន្ដរជាតិដែលជួយធ្វើឱ្យសង្គម និងពិភពលោកកាន់តែមានភាពប្រសើរឡើង។
ជាចំណាប់អារម្មណ៍ចុងក្រោយបង្អស់នៃកម្មវិធីហាត់ការមួយនេះ ខ្ញុំពិតជាអរគុណជាខ្លាំងដល់អង្គការយូនីសេហ្វ ដែលបានផ្ដួចផ្ដើមគំនិតបង្កើតកម្មវីធីនេះឡើង ដើម្បីជួយជំរុញឱ្យសម្លេងយុវជនបានទទួលស្គាល់កាន់តែច្រើន ដែលនេះជាសកម្មភាពនៃការចូលរួមលើកកម្ពស់ដល់សុខមាលភាពក្នុងសង្គម។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។