កូនសំបុត្រដាស់តឿនពីខ្ញំុ

ដោយ៖ យ៉េន សុសម្ផស្ស

រូបភាពដោយ © Bewitched Difference/2017/CC BY-NC-SA 2.0

ប្រសិនបើអ្នកមើលឃើញរូបខាងក្រោមនេះ តើអ្នកមានអារម្មណ៍អ្វីទេ?

តើអ្នកយល់ដូចម្ដេចចំពេាះរូបមួយនេះ? ប្រសិនបើអ្នកមានអារម្មណ៍ល្អ អ្នកនឹងឆ្ងល់ថា តើរូបនេះគេធ្វើឡើងយ៉ាងដូចម្ដេច? ម្ដេចបានស្អាត ហើយគួរឲ្យចាប់អារម្មណ៍យ៉ាងនេះ។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពណាមួយដែលអ្នកងងឹតងងុល អ្នកនឹងគិតថាវាក្រៀមក្រំណាស់។ នេះហើយជាជីវិតរបស់អ្នក ពេលណាដែលអ្នកសប្បាយចិត្ត អ្នកនឹងគិតអ្វីៗល្អៗ តែប្រសិនបើក្នុងថ្ងៃនេះអ្នកមានអារម្មណ៍ផ្សេង នេាះអ្នកនឹងគិតទៅវិធីផ្សេងជាក់ជាមិនខាន។

ក្នុងដំណើរជីវិតមនុស្សម្នាក់ៗ តែងតែជួបប្រទះនឹងបញ្ហាជាច្រើន មិនថាការសិក្សា ការងារ និងជីវិតរស់នៅប្រចាំថ្ងៃនោះឡើយ។ ខ្ញំុគិតថាមានរឿងជាច្រើនដែលធ្វើឲ្យអ្នកស្ដាយក្រោយ និងចង់ត្រឡប់រកអតីតកាលដើម្បីកែប្រែជាថ្មី។ ប៉ុន្ដែអ្នកមិនបានចាប់ភ្លឹកថា ទាំងនេាះជាឱកាសរបស់អ្នកទាំងអស់គ្នាទេ គ្រប់យ៉ាងជាមេរៀន ជាបទពិសោធន៍ ដើម្បីសិក្សាពីទង្វើរបស់អ្នក និងអ្នកដទៃ។

បីចំណុចដែលអ្នកគួរតែពិចារណាចំពេាះជីវិតរបស់អ្នក

១. ការមើលពិភពលោកក្នុងផ្លូវវិជ្ជមាន

រូបភាពដោយ៖ © Sahab Shamilov/2014

ខ្ញំុដឹងថា ថ្ងៃនេះអ្នកយំ អ្នកជួបទុក្ខលំបាក អស់សង្ឃឹម អ្នកដោះស្រាយមិនបាន ប៉ុន្ដែគួរក្រឡេកមើលក្រោយវិញ តើអ្នកបានសម្រេចនូវសមិទ្ធផលអ្វីខ្លះ?

តើទម្រាំតែអ្នកសម្រេចលទ្ធផលនេាះបាន តើអ្នកធ្លាប់ជួបទុក្ខលំបាកអ្វីខ្លះ? អ្នកណាជាអ្នកជួយជ្រុមជ្រែងអ្នក?

ប៉ុន្ដែប្រសិនបើអ្នកមើលឃើញតែបញ្ហា ដោយមិនបានព្យាយាមរកដំណេាះស្រាយ អ្នកនឹងនៅតែជាប់គាំង ដូច្នេះត្រូវព្យាយាម និងសម្លឹងរកដំណេាះស្រាយ។ ថ្ងៃនេះអ្នកអាចយំបាន តែថ្ងៃស្អែកវាជាថ្ងៃថ្មី ជាការចាប់ផ្ដើមថ្មីមួយសម្រាប់អ្នក។ កំុយកភាពភ័យខ្លាចមកដាក់មុខរបស់អ្នក។

វាគ្រាន់ជាលេសមួយសម្រាប់អ្នកគេចចេញពីបញ្ហារយៈពេលខ្លីប៉ុណ្ណេាះ វានៅតែមិនអាចបញ្ចប់បាននៅឡើយ។

ត្រូវក្លាហានប្រឈមជាមួយបញ្ហា និងផ្ដោតទៅលើដំណេាះស្រាយ អ្នកអាចធ្វើបាន ស៊ូស៊ូៗ!

២. សម្រស់ និងចំណង់ចំណូលចិត្តអ្នក

បុគ្គលមួយចំនួនមិនបានពេញចិត្តអ្វីដែលគេមានឡើយ ពួកគេខិតខំកែប្រែដើម្បីអ្នកដទៃ ទាំងដែលខ្លួនឯងមិនចូលចិត្ត។ ហេតុអ្វីបានជាមិនធ្វើជាខ្លួនឯង? ហេតុអ្វីត្រូវកែប្រែ? សំណួរនេះ អ្នកគួរតែសួរខ្លួនឯង កំុដោយសារផលប្រយោជន៍បន្ដិចបន្ដួច ឬការចុះសម្រុងជាមួយអ្នកដទៃ ខិតខំកែប្រែខ្លួនឯងជាមនុស្សម្នាក់ទៀត។ អ្វីៗក្នុងលោក វាមិនឋិតថេរទេ ហើយការដែលអ្នកខិតខំកែប្រែដើម្បីគេ គង់តែមានថ្ងៃណាមួយ និងមានការកែប្រែជាថ្មី ឬក៏អ្នកហត់លេងចង់បន្ដទៅមុខទៀត។

នៅក្នុងពេលនេះ ឈរកន្លែងនេះ សម្លឹងមើលខ្លួនអ្នក តើអ្នកចូលចិត្តអ្វី? ចង់បានអ្វី? តើអ្វីជាខ្លួនអ្នកពិតប្រាកដ? ទៅរកវាហើយប្រញាប់ធ្វើវាទៅ។ កំុខ្លាចការនៅម្នាក់ឯង ត្រូវប្រឈមមុខ មនុស្សមានចំណុចគួរឲ្យចាប់អារម្មណ៍រៀងៗខ្លួន ថ្ងៃណាមួយអ្នកនឹងជួបមនុស្សណាម្នាក់ដែលទទួលយកអ្នកបាន កំុភ្លេចឱកាសនៅចំពោះមុខអ្នក ត្រូវចេះសាកល្បង និងរៀនសូត្រពីវា។

៣. ការប្រៀបធៀបខ្លួនឯងទៅលើអ្នកដទៃ

រូបភាពដោយ៖ Nils Werner/2016/ CC BY-NC-SA 2.0

ពីមុនខ្ញំុក៏ធ្លាប់ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃដែរ ប៉ុន្ដែក្រោយពីការពិចារណា និងបទពិសោធន៍ដែលធ្លាប់បានជួបប្រទះកន្លងមក ខ្ញំុយល់ថា វាមិនសំខាន់ ផ្ទុយទៅវិញវាបានដាក់សម្ពាធ និងបំបាក់ទឹកចិត្ដមកខ្ញំុទៅវិញ។ ហេតុអ្វីមើលឃើញតែចំណុចល្អរបស់គេ? ចុះចំណុចល្អរបស់អ្នកបាត់ទៅណា? មនុស្សមានភាពល្អរៀងខ្លួន មានអ្វីចាំបាច់ត្រូវប្រៀបធៀប បើយកពេលដែលអ្នកប្រៀបធៀបគេ មកធ្វើអ្វីដែលមានប្រយោជន៍វាមិនល្អជាងឬយ៉ាងណា?

អ្នកខ្លះថាការបៀបធៀបអ្នកដទៃ ជួយជម្រុញឲ្យមានការខំប្រឹងបន្ថែមទៅវិញ វាក៏ត្រឹមត្រូវដែរ ប៉ុន្ដែអ្នកត្រូវបែងចែកឲ្យដាច់កំុឲ្យមានការបៀបធៀបដោយចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យដូចគេ ឬការបៀបធៀបដោយច្រណែនឈ្នានីស។ ខ្ញំុធ្លាប់ឃើញមិត្តភាពមួយចំនួនដែល ធ្លាប់ស្អិតរមួតនឹងគ្នាបែរជាប្រែក្រៀមក្រោះ ខឹងគំុគួនដោយសារពិន្ទុ និងការអាក់អន់ចិត្តរវាងគ្នានឹងគ្នា។ ការពិតទៅវាអត់មានអ្វីអស្ចារ្យទេដោយសាររឿងតិចតួចហ្នឹង យើងត្រូវបែងចែកឲ្យដាច់ វាមិនមែនជាបញ្ហាធំដំុអ្វីនេាះឡើយ យើងនៅតែអាចដោះស្រាយគ្នាបាន។

កំុភ្លេចថាការដែលអ្នកសម្រេចគោលបំណងអ្នករាល់ថ្ងៃគឺតែដើម្បីការរស់នៅ និងសុភមង្គលនៅថ្ងៃអនាគតរបស់អ្នកប៉ុណ្ណោះ។ វាគ្មានអ្វីល្អជាងការរស់នៅសប្បាយចិត្ត និងសុភមង្គលទេ។

កំុភ្លេចញញឹមឲ្យបានច្រើន និងធ្វើជាខ្លួនឯង ស៊ូស៊ូៗ អ្នកអាចធ្វើបាន! 😁

សូមអរគុណ

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s