ដោយ សៀង វន្ថា
ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែបានដឹងពីសាច់រឿងរបស់ទុំ និងទាវ ដែលម្ដាយរបស់ទាវបានលើកឡើងថា នំមិនដែលធំជាងនាឡិ។ ការលើកឡើងបែបនេះ គឺសំដៅទៅដល់ការសម្រេចចិត្តរបស់អាណាព្យាបាលជំនួសកូន ឬអ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងខ្លួន។ ប៉ុន្តែបើគិតមកដល់សតវត្សទី ២១ នេះ មានមនុស្សជាច្រើន ជាពិសេសយុវជនបានបញ្ចេញនូវទស្សនៈមិនយល់ស្របទៅនឹងផ្នត់គំនិតខាងលើនេះ។ ការទទួលឥទ្ធិពលពីបរទេស ការទទួលបានការអប់រំ ការសាកល្បង បានក្លាយជាកត្តាសំខាន់ដែលធ្វើអោយយុវជនទាំងនោះប្រែក្លាយជាមិនយល់ស្របចំពោះផ្នត់គំនិតមួយចំនួនរបស់ចាស់ៗ។
បច្ចុប្បន្ននេះតាមរយៈគ្រប់រូបភាព យុវជនត្រូវបានគេបង្រៀនអោយចេះរស់នៅ និងធ្វើការសម្រេចចិត្តអ្វីមួយប្រកបទៅដោយឯករាជ្យភាព។ ហើយបន្តិចម្ដងៗ គេក៏ក្លាយជាមនុស្សម្នាក់ដែលតែងតែធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពអ្វីមួយដោយគ្មានការប្រឹក្សា ឬការសម្រេចចិត្តពីគ្រួសាររបស់គេឡើយ។ វានឹងមិនមានអ្វីអាក្រក់នោះទេសម្រាប់ការធ្វើបែបនេះ ប្រសិនជាលទ្ធផលនៃការសម្រេចចិត្ត ឬសកម្មភាពនោះ វាល្អអាចទទួលយកបាន។ ផ្ទុយទៅវិញ វានឹងនាំមកនូវវិប្បដិសារីសម្រាប់ដំណើរជីវិតប្រសិនបើលទ្ធផលនោះវាមិនល្អដូចការគិត។
និយាយចំពោះចាស់ៗ ពួកគាត់តែងតែទាមទារធ្វើការសម្រេចចិត្តជំនួសកូនព្រោះហេតុផលមួយចំនួនដូចជា ការមានបទពិសោធន៍ក្នុងជីវិតច្រើនជាង ការយល់ដឹងពីសង្គមច្រើនជាង ឬក៏កូនៗរស់ដោយសារការផ្គត់ផ្គង់របស់គាត់ ដូច្នេះការសម្រេចចិត្តត្រូវសម្រេចត្រឹមគាត់តែម្នាក់ប៉ុណ្ណោះ។ វានៅតែមិនអាក្រក់ បើលទ្ធផលនៃការសម្រេចចិត្តនោះ ត្រូវបានកូនៗពេញចិត្តធ្វើតាម ហើយលទ្ធផលល្អគាប់ចិត្ត។ តែប្រសិនបើកូនៗមិនធ្វើតាមដោយស្ម័គ្រចិត្ត ហើយលទ្ធផលក៏មិនគាប់ចិត្ត នោះវានាំមកនូវតែការសោកស្ដាយចំពោះការសម្រេចចិត្តរបស់គាត់ប៉ុណ្ណោះ។
និយាយចំពោះការសម្រេចចិត្តតែម្ខាងៗដោយផ្អែកលើផ្នត់គំនិតរៀងៗខ្លួន វាមិនមែនជារឿងល្អប៉ុន្មាន។ ប្រសិនបើចាស់មានបទពិសោធន៍ក្នុងជីវិតច្រើន យុវជនជំនាន់ក្រោយគួរចេះប្រើប្រាស់ធនធានដែលមានក្នុងផ្នត់គំនិតរបស់ចាស់ៗ មកបូកផ្សំនឹងចំណេះដឹង និងការវិវត្តរបស់សង្គមដែលខ្លួនបានដឹងអោយមានប្រសិទ្ធភាពក្នុងការសម្រេចចិត្តអ្វីមួយ។ និយាយចំពោះចាស់ៗវិញគួរតែទទួលស្គាល់ថាសង្គមមានការវិវត្ត ហើយ ដំណើរជីវិតក៏មិនដូចគ្នាឡើយ។ វាផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈបរិយាកាសជុំវិញ។ ពាក្យថាសេចក្ដីសុខចំពោះគំនិតចាស់ៗ មិនប្រាកដថាយុវជនយល់ថាអញ្ចឹងដែរនោះទេ។ ដូច្នេះការបើកចិត្ត បើកគំនិតអោយទូលាយទទួលយកគំនិតគ្នាទៅវិញទៅមក មានការពិភាក្សា ទើបជាជម្រើសមួយដែលល្អសម្រាប់មនុស្សគ្រប់គ្នា។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។