ដោយ សៀង វន្ថា
«យុវជនជាសសរទ្រូងនៃប្រទេសជាតិ» ត្រូវបានគេនិយាយយ៉ាងសាមញ្ញគ្រប់ៗគ្នា។ ប៉ុន្តែតើយុវជនបែបណា ដែលអាចទ្រនូវទម្ងន់ដ៏ធ្ងន់នៃប្រទេសជាតិបាន។ ពិតណាស់ថា គេមិនអាចគិតពីសង្គមបានឡើយ បើខ្លួនគេស្គម ប៉ុន្តែប្រសិនជាគេអាចថែទាំ និងអភិវឌ្ឍសុខភាពខ្លួនឯងបាន នោះប្រទេសជាតិក៏ប្រហែលជាមានលក្ខណៈល្អប្រសើរឡើងដូចគ្នា។ នៅក្នុងលិខិតបើកជំហរនេះ ខ្ញុំនឹងសរសេរប្រាប់ដល់យុវជនមួយចំនួនដែលបានដឹងហើយ តែមិនខ្វាយខ្វល់អំពីរឿងទាំងនេះ។
យុវជនគួរខ្វាយខ្វល់ពីសុខភាពរបស់ខ្លួន ឲ្យដូចជាខ្លាចសេចក្ដីស្លាប់យ៉ាងដូច្នេះដែរ។ ជីវិតពិបាកនឹងឲ្យគេហៅថាជោគជ័យណាស់ ប្រសិនជាមានសុខភាពមិនល្អ។ សុខភាពល្អ ត្រូវរាប់បញ្ចូលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ប្រសិនជាយុវជនចង់មានសុខភាពល្អនោះ ប្រាកដណាស់ថាគេនឹងចំណាយពេលដើម្បីហាត់ប្រាណ និងលេងកីឡាជាដើម។ ប៉ុន្តែយុវជនមិនគួរភ្លេចថា ពេលវេលាក្នុងជីវិតរបស់គេដែលបាត់បង់ទៅហើយមិនអាចទទួលបានមកវិញឡើយ។ ដូច្នេះគេគួរតែលៃលកធ្វើយ៉ាងណាកុំឲ្យចំណាយពេលច្រើនពេក ដែលវាអាចក្លាយទៅជាការកម្សាន្តជ្រុលទៅវិញ។ ទន្ទឹមនឹងនេះ ការធ្វើសកម្មភាពណាមួយដើម្បីសុខភាពល្អ និងការគ្រប់គ្រងពេលវេលា មិនគ្រប់គ្រាន់ឡើយ។ យុវជនត្រូវមានចិត្តមោះមុតចំពោះការសិក្សារបស់ខ្លួន និងតំាងចិត្តរៀនសូត្រតាមគ្រប់រូបភាព មិនថាក្នុងថ្នាក់រៀន ឬក្រៅថ្នាក់រៀននោះឡើយ។ យុវជនគួរចូលរួមធ្វើការងារសង្គម ដើម្បីបានរៀនបន្ថែមពីមនុស្សជុំវិញខ្លួន មានឱកាសស្វែងយល់ពីខ្លួនឯង និងបានចូលរួមចំណែកជួយសង្គមផងដែរ។
សរុប ក្នុងសារនេះចង់ប្រាប់យុវជនថា ពាក្យថាពេក តែងតែនាំមកនាំភាពមិនល្អក្នុងជិវិត។ ដូច្នេះ គេគួរតែព្យាយាមធ្វើយ៉ាងណាអោយមានតុល្យភាពក្នុងជីវិត។ លេងកីឡាដើម្បីសុខភាពគឺល្អ ប៉ុន្តែបើចំណាយពេលច្រើនពេក វាក្លាយទៅជាការកម្សាន្តជ្រុល។ ការកម្សាន្តជ្រុលពេក ប៉ះពាល់ទៅដល់ការសិក្សារៀនសូត្ររបស់គេ។ ប៉ុន្តែផ្ទុយមកវិញ បើគេរៀនសូត្រដោយមិនគិតពីការកម្សាន្ត និងសុខភាពសោះ នោះគេក៏មានបញ្ហាផងដែរ។ ដូច្នេះជារួម ជីវិតត្រូវដើរក្នុងផ្លូវមួយដែលមានតុល្យភាពសម្រាប់គ្រប់លក្ខខណ្ឌដែលនាំមកនូវការជោគជ័យ។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។