ដោយ សូ សុខឃីម
សួស្តីលក្ខិណា! តើឯងសុខសប្បាយជាទេ? រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ពួកយើងមិនដែលបានជួបគ្នាសោះ ហើយខ្ញុំក៏សូមផ្ញើសេចក្ដីនឹករលឹកមួយនេះទៅដល់ប៉ាម៉ាក់ឯងផង។
ពួកយើងជាមិត្តភក្តិនឹងគ្នាអស់រយៈពេលជាងប្រាំមួយឆ្នាំហើយ ខ្ញុំមិនអាចបំភ្លេចនូវរាល់អនុស្សាវរីយ៍ទាំងអស់ដែលយើងមានឡើយ ទោះបីជាយើងឃ្លាតគ្នា។ ប៉ុន្មានថ្ងៃមុនខ្ញុំបានទៅផ្សារ ហើយក៏បានជួបប្អូនស្រីឯងដោយចៃដន្យ ពួកយើងក៏បានសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយនាងក៏បានប្រាប់ខ្ញុំថា ឯងចង់បោះបង់ការសិក្សា ព្រោះចង់ជួយការងារប៉ាម៉ាក់ឯង និងចង់ជួយប្អូនៗ។ ទោះជាយ៉ាងណាក៏ដោយ ឯងមិនគួរចង់បោះបង់ការសិក្សា ព្រោះចំណេះវិជ្ជាជាទ្រព្យជាប់ប្រាណ ដែលមានតម្លៃខ្លាំងណាស់។ ម្យ៉ាងវិញទៀត ពួកយើងបានរៀនអស់រយៈពេល១២ឆ្នាំមកហើយ ហើយក៏បានទទួលលទ្ធផលល្អក្នុងការប្រឡងទុតិយភូមិដែរ មិនគួរណាឯងសម្រេចចិត្តបែបនេះទេ។ បើឯងពិតជាអាណិតប៉ាម៉ាក់ឯងមែន ឯងគួរតែតស៊ូរៀនឲ្យចប់ ព្រោះបច្ចុប្បន្នប្រទេសយើងបានក្លាយជាសមាជិកអាស៊ាន ដូច្នេះបើសិនយើងគ្មានចំណេះវិជ្ជាទេ ពិតជាពិបាកណាស់ក្នុងការរកការងារធ្វើនៅថ្ងៃអនាគត ហើយបើទោះជាអាចរកបាន ក៏វាជាការងារដែលត្រូវប្រើកម្លាំងខ្លាំង តែវាជាពិតជាពិបាកណាស់សម្រាប់ឯងជានារីភេទ។ ខ្ញុំគិតថាឯងគួរតែមករៀននៅសកលវិទ្យាល័យវេនយប់ និងធ្វើការពេលថ្ងៃដើម្បីអាចមានលទ្ធភាពស្វែងរកការងារធ្វើដើម្បីដោះស្រាយបន្ទុកក្នុងគ្រួសារបានខ្លះ។ ម្យ៉ាងទៀត ពេលយើងមានជំនាញហើយ ការងារក៏ស្រួលរក មិនចំាបាច់ប្រើប្រាស់កម្លាំងកាយធ្ងន់ មិនត្រូវបានគេមើលងាយ ទទួលបានប្រាក់បៀវត្សខ្ពស់ អាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបាន ធ្វើឲ្យគេសរសើរ និងជួយលើកមុខមាត់គ្រួសារទៀតផង ផ្ទុយទៅវិញបើយើងគ្មានចំណេះដឹងទេ ប្រៀបដូចជាមនុស្សដែលគ្មានវិញ្ញាណអញ្ចឹង។
មិត្តជាទីស្រលាញ់ ខ្ញុំសូមឲ្យឯងគិតមើលសារឡើងវិញ។ និយាយចំពោះបញ្ហានេះ វាគឺជាការសំរេចចិត្តមួយដែលនឹងកំណត់ពីជីវិតនៅថ្ងៃអនាគតឯងពេញមួយជីវិត។
ដោយសេចក្ដីស្រលាញ់និង រាប់អាន
សូ សុខឃីម
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។