ដោយ សៀង វន្ថា
សូក្រាត (Socrates) ដែលជាទស្សនវិទូក្រិចបុរាណមួយរូប បានលើកឡើងថា អ្នកគឺជាប្រជាជននៃពិភពលោកនេះ។ មានន័យថា យើងម្នាក់ៗមិនមែនត្រឹមតែជាសមាជិកនៃគ្រួសារយើង សមាជិកនៃសហគមន៍ ឬប្រជាជននៃជាតិសាសន៍យើងតែម្នាក់នោះទេ ប៉ុន្តែយើងជាផ្នែកមួយរបស់ពិភពលោកផងដែរ។ តើក្នុងនាមជាសមាជិកម្នាក់ៗរបស់ពិភពលោក យុវជនអាច ឬក៏គួរធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពិភពលោកយើងល្អប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ?
បញ្ហាដែលចោទឡើងសំខាន់នៅក្នុងពិភពលោកបច្ចុប្បន្នគឺ ការបំពុលបរិស្ថាន។ ទោះបីជាមានការលើកឡើងជាច្រើនថាការបំពុលបរិស្ថាន បណ្ដាលមកពីរោងចក្រធំៗដែលបញ្ចេញផ្សែងទៅក្នុងអាកាស ឬការកាប់បំផ្លាញព្រៃឈើជាដើម។ ប៉ុន្តែទន្ទឹមនឹងនេះ បញ្ហាកំនើនប្រជាជនក៏ជាផ្នែកមួយដែលគួរអោយចាប់អារម្មណ៍ផងដែរ ទៅលើការបំពុលបរិស្ថាននេះ។ កង្វះការយល់ដឹងអំពីបរិស្ថាន និងការយកចិត្តទុកដាក់ បានក្លាយជាបញ្ហាចម្បងបន្ថែមទៅលើកំណើនតម្រូវការរបស់ប្រជាជនទាំងនោះ។ ដូច្នេះក្នុងនាមជាយុវជនម្នាក់ ដែលជាសមាជិកនៃយុវជនរាប់លាននាក់នៅលើពិភពលោក យើងម្នាក់ៗអាចចាប់ផ្ដើមពីខ្លួនយើងផ្ទាល់ ស្វែងយល់ពីការថែរក្សាបរិស្ថាន និងចាប់ផ្ដើមធ្វើឲ្យមនុស្សជុំវិញខ្លួនមានការយល់ដឹង និងយកចិត្តទុកដាក់បន្ថែមចំពោះបញ្ហាបរិស្ថាន។ ឧទាហរណ៍ ការកាត់បន្ថយការប្រើប្រាស់ឬការប្រើប្រាស់ឡើងវិញនូវថង់ផ្លាស្ទិក ឬសម្ភារៈផលិតពីផ្លាស្ទិក ការវេចខ្ចប់សំរាមទៅតាមប្រភេទ ការប្រើប្រាស់ឬកែច្នៃវត្ថុចាស់ៗឡើងវិញ ការប្រើប្រាស់ធនធានដូចជាទឹក ឬភ្លើងប្រកបទៅដោយការពិចារណា និងការសន្សំសំចៃ ។ល។
សកម្មភាពទាំងអស់នេះ វាហាក់ដូចជាធម្មតា ប៉ុន្តែវាពិតជាត្រូវការការយកចិត្តទុកដាក់ និងការខ្វាយខ្វល់ ប្រកបទៅដោយការយល់ដឹងពីបរិស្ថាន។ ផ្ដើមចេញពីយុវជនអនុវត្តសកម្មភាពទាំងអស់នេះឲ្យទៅជាកម្មវិធីមួយនៅក្នុងខ្លួនរបស់គេ ហើយចាប់ផ្ដើមចែករំលែកទម្លាប់ល្អនេះទៅកាន់មនុស្សជុំវិញម្ដងបន្តិចៗ និងពីមួយថ្ងៃទៅមួយថ្ងៃ នោះវាអាចជាផ្នែកមួយដែលស្រោចស្រង់បរិស្ថានដែលត្រូវបានបំពុលឲ្យមានលក្ខណៈប្រសើរឡើងវិញបាន។ វាពិតជាមិនមែនត្រឹមតែសម្រាប់យើងម្នាក់នោះទេ ប៉ុន្តែជាសកម្មភាពដ៏ល្អដើម្បីពិភពលោក និងមនុស្សជំនាន់ក្រោយរបស់យើង។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។