ដោយ សូ សុខឃីម
មនុស្សយើងម្នាក់ៗដែលមានជីវិតលើភពផែនដីនេះ សុទ្ធតែមានសិទ្ធិស្មើៗគ្នាមិនថាជា បុរស ស្ត្រី កុមារា កុមារី ឬមនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់ជាតិសាសន៍ គ្រប់សញ្ជាតិ និងគ្រប់សាសនា។ ក៏ប៉ុន្តែ នៅប្រទេសមួយចំនួន សិទ្ធិទាំងនេះត្រូវបានគាបសង្កត់ ពោលគឺមានការគំរាមកំហែងមួយចំនួន ជាពិសេសចំពោះស្រ្តី និងកុមារ។
ចំពោះប្រទេសកម្ពុជាជាក់ស្ដែង បើយើងនិយាយអំពីសិទ្ធិកុមារក្នុងការបញ្ចេញមតិយោបល់ ឬសម្រេចអ្វីផ្សេងៗ ហាក់បីដូចជាមិនសូវមានប្រសិទ្ធិភាព និងការទទួលស្គាល់ប៉ុន្មានឡើយ។ តែជាការពិតណាស់ គ្រប់មាតាបិតាទំាងអស់ គ្មាននរណាម្នាក់ចង់ឲ្យកូនប្រុសស្រីរបស់ខ្លួនដើរផ្លូវខុសនោះឡើយ គឺពួកគាត់តែងតែអប់រំទូន្មានប្រៀនប្រដៅអោយកូនៗពួកគាត់ប្រតិបត្តិតាមគន្លងធម៌ ខិតខំរៀនសូត្រ ធ្វើអ្វីដែលល្អចម្រើនដល់ប្រទេសជាតិ។ ថ្វីត្បិតថាពួកយើងមានគោលដៅតែមួយ ប៉ុន្តែសម្រាប់ដំណើរឈានទៅរកភាពជោគជ័យគឺមិនដូចគ្នាទេ។ សម្រាប់មាតាបិតា ពួគគេចង់អោយកូនៗគោរពតាមប្រពៃណី និងប្រកាន់យកទស្សនៈខ្មែរបុរាណដែលពោលថា នំមិនធំជាងនាឡិ ហើយតែងតែបង្ខំក្មេងៗ ឬកូនៗអោយធ្វើតាមការសម្រេចចិត្តរបស់ខ្លួន ព្រោះគិតថាពួកគេនៅវ័យក្មេងប្រៀបដូចជាខ្ញីនៅខ្ចី និងមិនសូវចេះគិតគូរច្រើន។ តែចំពោះក្មេងៗវិញ ពួកគេក៏មានសិទ្ធិបញ្ចេញមតិ ឬធ្វើតាមការសម្រេចចិត្តរបស់ខ្លួនដែរ ប៉ុន្តែពេលខ្លះមិនត្រូវបានគេអនុញ្ញាត។ បើចំពោះស្ត្រីវិញ មិនថាពេលមិនទាន់មានគូរស្រករ ឬក៏មានហើយ គឺត្រូវស្ដាប់តាមឪពុកម្ដាយ បើទោះបីជាពួកគេមានគំនិតផ្ទាល់ខ្លួនក៏ដោយ ក៏មិនអាចធ្វើតាមចិត្តខ្លួនបានឡើយ។ ពេលខ្លះដោយសារទទួលរងសម្ពាធខ្លាំងពេក អាចឈានទៅដល់ការធ្វើអត្តឃាតទៀតផង។
ដូច្នេះហើយដើម្បីបញ្ជៀសពីបញ្ហាទាំងអស់នេះ ពួកយើងគួរតែលើកយកបញ្ហានេះមកពិភាក្សា និងរកដំណោះស្រាយទាំងអស់គ្នា។ ដើម្បីបញ្ជៀសពីបញ្ហាទាំងឡាយ យើងគួរតែនិយាយពីរឿងនៅក្នុងចិត្តប្រាប់ទៅមាតាបិតា និងពន្យល់ពួកគាត់ពីហេតុផលរបស់យើងតាមសម្រួល និងព្យាយាមឲ្យគាត់យល់ពីយើង។ ចំណែកឯឪពុកម្ដាយវិញក៏គួរស្ដាប់ពីហេតុផលរបស់កូនៗ និងផ្ដល់សិទ្ធិដល់ពួកគាត់ក្នុងការបញ្ចេញមតិ កុំគាបសង្កត់ពួកគាត់ពេក។ សរុបជារួមមក ទាំងសងខាងគួរតែយល់ចិត្តគ្នា ស្ដាប់គ្នាទៅវិញទៅមក និងបន្ថយកំហឹងម្នាក់បន្តិច។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។