ដោយ៖ លិន ស្រីអន
ជូនចំពោះមិត្ដអ្នកអានជាពិសេស!
ជូនចំពោះមិត្ដអ្នកអានជាពិសេស!
ខ្ញុំសូមផ្ញើជូនជាពិសេសដល់មិត្ដអ្នកអានគ្រប់រូបដែលបានអានសំបុត្រមួយនេះ។ ខ្ញុំពិតជាមានសេចក្ដីសោមនស្សជាខ្លាំងសម្រាប់ការលើកទឹកចិត្ដ និងបន្តគាំទ្រដល់ការសរសេរអត្ថបទរបស់ខ្ញុំរួមទាំងមិត្ដអ្នកសរសេរប្លុកផ្សេងទៀតក្នុងកម្មវិធីហាត់ការដែលរៀបចំឡើងដោយអង្គការយូនីសេហ្វកម្ពុជា។
សេចក្ដីដែលរៀបរាប់ក្នុងសំបុត្រនេះពិតជាមិនអាចបរិយាយពីទឹកចិត្ដ និងអារម្មណ៍របស់ខ្ញុំដែលកំពុងមាននៅពេលនេះបានទាំងអស់នោះទេ។ ទោះជាយ៉ាងណា ខ្ញុំរីករាយនឹងចែករំលែកអ្វីដែលសំខាន់ និងជាមេរៀនដ៏ល្អ។
ផ្ដើមពីការសរសេរអត្ថបទណែនាំខ្លួនរហូតមកដល់ពេលនេះខ្ញុំរៀនសូត្របានច្រើនណាស់ពីបទពិសោធដែលបានឆ្លងកាត់កន្លងមក។ វាមិនត្រឹមតែជាអត្ថបទដែលមានខ្លឹមសារនិងការពណ៌នាប៉ុណ្ណោះទេ តែវាបានពាំនាំពាក្យពេចន៍រួមផ្សំនិងការខិតខំប្រឹងប្រែងរបស់អ្នកសរសេរឬអ្នកនិពន្ធ។
អត្ថបទដែលមានអត្ថន័យ និងខ្លឹមសារល្អរមែងជាលទ្ធផលដែលបានពីការយកចិត្ដទុកដាក់ ការស្វះស្វែងរកព័ត៌មានដើម្បីធ្វើយ៉ាងណាឱ្យអ្នកអានចូលចិត្ដ និងទទួលបានប្រយោជន៍ច្រើនបំផុត។
ទន្ទឹមនឹងនេះ ការសរសេរមិនចាំបាច់លុះត្រាណាតែមានអ្នកអានប៉ុណ្ណោះទេ យើងក៏អាចសរសេរជាកំណត់ត្រាក្នុងកូនសៀវភៅទុកជាកំណត់ហេតុផ្ទាល់ខ្លួន ការសរសេរសំបុត្រផ្ញើទៅនរណាម្នាក់ ឬអង្គភាពណាមួយដើម្បីជាការលើកទឹកចិត្ដ ផ្ដាំផ្ញើពាក្យនឹករលឹកផងដែរ។
ពេលអ្នកពិបាកចិត្ដជួបប្រទះរឿងអ្វីមួយត្រូវការមនុស្សដើម្បីរៀបរាប់កង្វល់អ្នក ការសរសេរអាចជំនួសកន្លែងម្នាក់នោះបាន។ មិនថាអ្នកមានបញ្ហាលំបាកប៉ុណ្ណា អ្នកអាចទម្លាយវាចេញមកខាងក្រៅតាមរយៈប៊ិក និងក្រដាសបានគ្រប់ពេលវេលាទាំងអស់។
នេះអាចចាត់ទុកថាជាវិធីល្អមួយ ព្រោះថាពេលអ្នកលំបាកចិត្ដហើយមិនបានបញ្ចេញមកក្រៅពេលនោះវានឹងកាន់តែធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ អ្នកក៏គ្មានអារម្មណ៍គិតរកដំណោះស្រាយដែរគឺនៅតែគិតពីវារហូត។
ការសរសេរជំរុញអ្នកឱ្យក្លាយជាមនុស្សមានការគិតខ្ពស់។ រាល់ពេលដែលអ្នកចង់ចាប់ផ្ដើមសរសេរ អ្នកប្រាកដជាត្រូវស្វែងយល់ឱ្យបានច្បាស់ពីប្រធានបទដែលត្រូវសរសេរ គំនិតសំខាន់ៗដែលចង់រៀបរាប់ និងរបៀបដែលត្រូវរៀបពាក្យពេចន៍ឃ្លាឃ្លោងមកដាក់ក្នុងប្រយោគដើម្បីសម្រេចបានអត្ថបទមួយដែលល្អ។
ទាំងអស់នេះហើយដែលជួយបណ្ដុះគំនិត ការច្នៃប្រឌិត រួមទាំងការបត់បែន និងបំណិនប្រសប់របស់អ្នក។ លើសពីនេះ ការប្រមូលព័ត៌មានបញ្ចូលក្នុងការសរសេរអាចបន្ថែមចំណេះដឹងដល់អ្នកសរសេរមួយកម្រិតបំពេញលើអ្វីដែលមានស្រាប់។ ចំណុចសំខាន់ដែលត្រូវចងចាំនោះ គឺការសរសេរមិនចាំបាច់តែជាការងាររបស់អ្នកនិពន្ធឬអ្នកសរសេរអាជីពឡើយ បុគ្គលគ្រប់រូបសុទ្ធតែអាចសរសេរបានដូចគ្នាព្រោះវាជាកំណត់ត្រាដែលយើងផ្ទាល់ជាអ្នកនិពន្ធ។
ជាទីចុងក្រោយនៃសំបុត្រមួយនេះ ខ្ញុំសូមអរគុណជាខ្លាំងចំពោះមិត្ដអ្នកអាន ហើយខ្ញុំសង្ឃឹមថាអ្នកទទួលបានចំណេះដឹង រួមទាំងទុនគំនិតខ្លះសម្រាប់ការសរសេរ និងបង្កើតឱកាសឱ្យខ្លួនបានសាកល្បងធ្វើវា។
ដោយក្ដីស្រឡាញ់
ពីខ្ញុំ
លិន ស្រីអន
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។