ដោយ៖ យ៉េន សុសម្ផស្ស
ខ្ញំុរស់នៅតែខ្ញំុ អ្នករស់នៅតែអ្នក ហេតុអ្វីចាំបាច់ពេបជ្រាយជីវិតខ្ញំុ?
ហេតុអ្វីត្រូវមើលខ្ញំុក្នុងផ្លូវមិនល្អ តើខ្ញំុទៅធ្វើអ្វីប៉ះពាល់ដល់សិទ្ធិអ្នក? សំនួរនេះនៅតែវិលវល់នៅក្នុងខួរក្បាលរបស់មនុស្សស្រីមួយចំនួន។
មិនថាប្រទេសអភិវឌ្ឍទៅដល់ទីណាឡើយ ក៏ផ្នត់គំនិតមួយចំនួននៅតែនឹងថ្កល់ដាក់សម្ពាធមកលើមនុស្សស្រីដដែល។ តើស្រី្ដជួបប្រទះនូវសម្ពាធអ្វីខ្លះ? តើមានតែស្រ្ដីទេឬ ដែលប្រឈមចំពេាះសម្ពាធទាំងនេាះ?
“ការដើរយប់” ប្រសិនបើអ្នកឮពាក្យនេះ តើអ្នកយល់ដូចម្ដេច?តើអ្នកសម្លឹងទៅលើបុគ្គលនេាះជាមនុស្សបែបណា?
ជាទូទៅអ្នកដែលចូលចិត្តដើរលេងយប់ត្រូវបានគេមើលមកថាជាមនុស្សមិនល្អ រីឯអ្នកដែលអត់វិញ គេថាក្មេងមិនទាន់ផ្ដាច់ទឹកដោះ។ ផ្នត់គំនិតមួយចេញពីមនុស្សចាស់ ហើយមួួយទៀតចេញពីយុវវ័យ តែប្រសិនបើអ្នកវិញ តើអ្នកគិតយ៉ាងណា?
តើការដើរលេងទាំងអស់នេះ សុទ្ធតែបង្ហាញ និងសម្ដែងចេញនូវបុគ្គលលក្ខណៈរបស់មនុស្សម្នាក់ឬយ៉ាងណា?
ការដើរលេងយប់ទាំងអស់មិនមែនសុទ្ធតែអាក្រក់នោះឡើយ ហើយការដើរលេងយប់ ក៏មិនមែនជាការដើរលេងពាលាអាវាសែដែរ។ វាជាការជួបជំុរវាងមិត្តភក្ដិ ឬក្រុមការងារ ពីព្រោះថាមានតែពេលល្ងាចទេ ដែលទំនេរ និងសម្រាកពីការងាររៀងៗខ្លួន។
ក្នុងវិស័យការងារ វាជាឱកាសមួួយសម្រាប់ចំណងមិត្តភាពរវាងនិយោជិត និងនិយោជក ក៏ដូចជាមិត្តរួមក្រុមគ្នាឯងផងដែរ។ ចំណងមិត្តភាពចាស់ក្ដី ថ្មីក្ដី សុទ្ធតែមានប្រយោជន៍។ យើងអាចស្ដាប់ពីបទពិសោធ ជជែកពិភាក្សាពីការងារ ឬបញ្ហាផ្សេងៗ និងលំហែអារម្មណ៍ទៀតផង។
ក្នុងប្រទេសជឿនលឿន ទំនាក់ទំនងរវាងមនុស្សកាន់តែសំខាន់ក្នុងការងារប្រចាំថ្ងៃ ដែលពំុអាចកាត់ផ្ដាច់បាននេាះឡើយ។ បើអ្នកមានបញ្ហាដូចខាងលើ ព្យាយាមនិយាយពីហេតុផលជាមួយក្រុមគ្រួសារអ្នក ប្រសិនបើគាត់បារម្ភពីសុវត្ថិភាពអ្នក អ្នកគួរប្រាប់គាត់ពីទីកន្លែង និងពេលវេលាទៅគាត់ឲ្យបានច្បាស់លាស់។
តើមនុស្សស្រីត្រូវនៅឲ្យឆ្ងាយពីមនុស្សប្រុសឬ? តើទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សប្រុស និងស្រី សុទ្ធតែជាសេចក្ដីស្នេហាឬ? តើមនុស្សស្រី ត្រូវតែគ្មានមិត្តភក្ដិជិតស្និទ្ធជាមនុស្សប្រុសឬ?
សម័យកាលសតវត្សទី២១ទៅហើយ ប៉ុន្ដែគំនិតខ្លះនៅតែមិនអាចកែប្រែ ជាពិសេសទំនាក់ទំនងមិត្តភាពរវាងមនុស្សប្រុស និងស្រី។ ក្នុងកែវភ្នែករបស់មនុស្សភាគច្រើន តែងមានភាពអវិជ្ជមានមកលើមិត្តភាពនេះទៅវិញ។ ការពិតទៅ ចំណងមិត្តភាពជិតសិ្នទ្ធរវាងមនុស្សប្រុស និងស្រី វាជារឿងមួយធម្មតាទៅហើយ នាពេលបច្ចុប្បន្ននេះ។ ប្រសិនបើយើងដើរទៅណាមានមិត្តភក្ដិប្រុសការពារ វាជារឿងល្អមួយ ពេលខ្លះជិះពេលយប់មានមិត្តភក្ដិប្រុសជិះតាមជូនមកផ្ទះ ដើរលេងជាក្រុមមានប្រុស មានស្រី វាជាទម្លាប់មួយទៅហើយក្នុងជីវិតរបស់យុវវ័យ វាធ្វើឲ្យមានអារម្មណ៍សុវត្ថិភាពពេលទៅណាម្ដងៗ។
ចំពេាះសំលៀកបំពាក់ដែលមានស្ទាវថ្មីរហែក និងធ្លុះនៅតាមផ្ទៃនៃខោអាវដែលយើងស្លៀក តើវាអាចបង្ហាញពីចរិតបុគ្គលិកលក្ខណៈរបស់យើងបានដែរឬទេ?
សំលៀកបំពាក់ជាបំណែកសម្រាប់បិទបាំងរាងកាយរបស់មនុស្ស ប៉ុន្ដែវាមិនអាចឆ្លុះបញ្ចាំងទៅលើចរិតឫកពាមនុស្សបានឡើយ។ យើងមិនអាចសម្លឹងមនុស្សត្រឹមតែសំបកក្រៅបានឡើយ វាដូចជាអយុត្តិធម៌ណាស់សម្រាប់មនុស្សដទៃ។ ការស្រឡាញ់ និងចូលចិត្តរបស់មនុស្សមានភាពខុសគ្នាដោយសារចំណង់ចំណូលចិត្ត និងឥទ្ធិពលពីប្រទេសជិតខាង យើងនឹងជួបជាមួយនឹងការផ្លាស់ប្ដូរម៉ូតសំលៀកបំពាក់តាមសម័យកាល។ ជាការពិតទៅមនុស្សភាគច្រើន មានការផ្ដោតទៅលើការស្លៀកពាក់របស់ខ្លួន ការស្លៀកពាក់ខ្លះបានប្រែក្លាយមនុស្សឲ្យមានភាពរឹងមាំ ឬក៏ជាការសាក់ទៅលើតួខ្លួន សម្រាប់បង្ហាញពីខ្លួនឯង និងបន្ថែមទំនុកចិត្ត។
ការតុបតែងខ្លួន និងការលេងខ្លួនទាន់សម័យ ការផាត់មុខ និងប្រើប្រាស់ក្រែមម្សៅ ក៏មិនអាចបង្ហាញថាមនុស្សនេាះមិនល្អ និងមិនស្រឡាញ់ការរៀនសូត្រដែរ។ មនុស្សសម្ដែងអាកប្បកិរិយាល្អត្រឹមត្រូវ ក៏មិនប្រាកដថាមនុស្សនេាះពោរពេញដោយចំណេះដឹង និងការគោរពនោះឡើយ។
ការពិតទៅ ដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយគ្នា យើងត្រូវតែនិយាយលើកហេតុផល មិនមែនត្រគោះបោះបោកនេាះឡើយ ត្រូវស្ដាប់ និងបដិសេធដោយមានសំអាង ការពន្យល់ពីហេតុផល និងឫសគល់នៃរឿង ពីព្រោះអ្នកណាក៏ចង់ស្ដាប់ពាក្យល្អដែរ។ ក្រុមគ្រួសារណាក៏ចង់ឲ្យកូនចៅខ្លួនឯងល្អដែរ មិនចង់មានលេចឮពាក្យអាក្រក់ឡើយ ដូច្នេះអ្នកគួរគប្បីគិតគូរពីទង្វើ និងអាកប្បកិរិយារបស់អ្នក។
ការដើរលេងយប់ក៏ដូចគ្នា យើងត្រូវចេះសិក្សាពីទីកន្លែងដែលយើងត្រូវទៅ និងការកំណត់ពេលវេលាឲ្យបានច្បាស់លាស់ថាពេលណាត្រឡប់មកវិញ។ ជាពិសេសកំណត់គោលបំណងច្បាស់លាស់ថា តើអ្នកទៅដើម្បីអ្វី? និងកំុភ្លេចពេលវេលាដែលសន្យារបស់អ្នក។
សូមអរគុណ
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។