លិន ស្រីអន
ក្នុងនាមជាយុវជនយើងទាំងអស់គ្នាច្បាស់ជាមានគំនិតថាចង់ចូលរួមជួយដល់សង្គមដែលយើងកំពុង រស់នៅមិនខាន។
អ្នកទាំងអស់គ្នាធ្លាប់ឮគេនិយាយថា ពេលយើងត្រូវសម្ភាសអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស បើគេសួរថាពេលរៀនចប់ចង់ត្រឡប់មកជួយប្រទេសវិញឬទេ? នោះយើងត្រូវឆ្លើយថា យើងនឹងមកវិញដើម្បីជួយដល់ប្រទេសកំណើតវិញ។ តើអ្នកឆ្ងល់ទេ ថាហេតុអ្វីបានជាកាតព្វកិច្ចជួយដល់សង្គមសំខាន់ខ្លាំងបែបនេះ?
តើដើម្បីជួយដល់សង្គម យើងត្រូវតែមានធនធាន ឬសម្បត្ដិហូរហៀរឬយ៉ាងណា? ខ្ញុំសូមឆ្លើយដោយខ្លីថាគំនិតបែបនោះមិនត្រឹមត្រូវឡើយ។ អ្នកមិនចាំបាច់ទាល់តែជាបុគ្គលឆ្នើម មានទ្រព្យសម្បត្ដិច្រើន មានបរិញ្ញាបត្រជាន់ខ្ពស់នោះទេ ត្រឹមតែជាបុគ្គលដែលជាធនធានសង្គមត្រូវការគឺគ្រប់គ្រាន់ហើយ។
ពិតមែនថាបុគ្គលដែលខ្ញុំបានរៀបរាប់ខាងលើគេមានសមត្ថភាពលើសយើងដែលជាមនុស្សធម្មតា តែវាជារឿងធម្មតាទេដែលក្នុងសង្គមមួយមានអ្នកចេះ និងអ្នកមិនចេះ អ្នកមាន និងអ្នកក្រ វាតែងតែនៅទន្ទឹមគ្នាអញ្ចឹងហើយ ដូចពាក្យចាស់មួយលោកពោលថា “អ្នកមានរក្សាក្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនូវសំប៉ាន”។ គិតទៅថា បើគេជាបណ្ឌិតតើគេមកធ្វើកម្មករឬអត់? ច្បាស់ជាអត់ទេ! បើដូច្នោះមានតែអ្នកដែលមានកម្លាំងតែខ្វះចំណេះដឹងហ្នឹងហើយទទួលការងារបែបនោះ ចុះបើយើងគិតថាចង់រស់នៅស្រួលដូចគេដែរ ហើយគិតទៅធ្វើការតាមបែបគេនោះវិញម្ដង សួរថាតើយើងអាចធ្វើកើតឬទេ? ចម្លើយដូចតែគ្នានឹងឯង គឺធ្វើមិនកើតទេ!
ទោះជាយ៉ាងណា យើងអាចធ្វើខ្លួនជាមនុស្សមានតម្លៃតាមរបៀបច្រើនយ៉ាងណាស់ ខ្ញុំសូមលើកយកបទពិសោធផ្ទាល់ខ្លួនជាមួយនឹងការងារស្ម័គ្រចិត្ដដែលខ្ញុំបានបញ្ចប់ថ្មីៗនេះគឺធ្វើការងារនៅអង្គការមួយដែលធ្វើការជាមួយកុមារ ដើម្បីលើកកម្ពស់សិទ្ធិកុមារ។ វាជាឱកាសដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំបើប្រៀបធៀបនឹងអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមក។
ការងារស្ម័គ្រចិត្ដ
សូមកុំគិតឱ្យសោះថា“ខ្ញុំត្រូវការលុយ មិនមែនខំរៀនអស់លុយច្រើនសន្ធឹក ហើយបែរជាមកធ្វើការងារស្ម័គ្រចិត្តទៅវិញ”។ បើអ្នកឲ្យតម្លៃប្រាក់ លើសអ្វីៗទាំងអស់នោះ ជីវិតរបស់អ្នកនឹងមិនមានន័យអ្វីឡើយ ព្រោះលុយមិនអាចទិញអ្វីៗគ្រប់យ៉ាងបានទេ ហើយក៏មិនអាចទិញសេចក្ដីស្ងប់ក្នុងចិត្ដបានដែរ នេះជាហេតុផលមួយដែលធ្វើឱ្យអ្នកជាមនុស្សដែលគ្មានសុភមង្គល។
ត្រឡប់មកការងារស្ម័គ្រចិត្ដដែលខ្ញុំចង់រៀបរាប់ប្រាប់វិញម្ដង។ ការងារទាំងនោះបង្រៀនខ្ញុំបានច្រើនណាស់ តាំងពីការស្វែងយល់ពីខ្លួនឯង រហូតដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
ក្រៅពីទទួលបានចំណេះដឹង បទពិសោធ និងទំនាក់ទំនងជាមួយមនុស្សដទៃតើ ការស្ម័គ្រចិត្តអាចជួយអ្វីបន្ថែមទៀត?
ខ្ញុំបានដឹងពីស្ថានភាពកុមារ និងក្មេងជំទង់
យើងប្រហែលមិនធ្លាប់បានជួបផ្ទាល់ និងស្ដាប់ឮអំពីបទពិសោធន៍នៃកុមារមួយចំនួនដែលធ្លាក់ខ្លួនទៅក្នុងការសេពគ្រឿងញៀនទេ តែតាមរយៈការធ្វើការងារនោះ ពួកគេបានចែករំលែកជាមួយខ្ញុំពីរឿងរ៉ាវជីវិតរបស់ពួកគេ និងមូលហេតុដែលគេត្រូវធ្លាក់ក្នុងស្ថានភាពបែបនោះ។ ក្រោយបានដឹងហើយទើបខ្ញុំអាចយល់កាន់តែច្បាស់ថា ជីវិតពួកគេពិតជាលំបាក និងបានឆ្លងកាត់ឧបសគ្គជាច្រើន។
ប្រើអ្វីដែលខ្ញុំមាន
ខ្ញុំមិនមែនជាអ្នករៀនអក្សរសាស្រ្ដអង់គ្លេស ក៏មិនមែនជាគ្រូភាសាអង់គ្លេសដែរ តែខ្ញុំបានប្រើភាសាអង់គ្លេសរបស់ខ្ញុំ ជួយដល់ក្មេងដទៃទៀតឱ្យបានទទួលចំណេះដឹងផ្សេងៗដូចជាបញ្ហាសុខភាព បញ្ហាក្នុងជីវិត និងរឿងសំខាន់មួយចំនួនទៀត។ កុំមើលងាយសមត្ថភាពខ្លួនឯងថាធ្វើមិនកើតឱ្យសោះ ព្រោះក្នុងខ្លួនអ្នកច្បាស់ជាមានអ្វីមួយដែលពិសេសមិនខាន។ បើពេលនេះអ្នកស្វែងរកវាមិនទាន់ឃើញ ពេលក្រោយអ្នកគង់តែនឹងរកឃើញ ដរាបណាអ្នកមិនបោះបង់។
ខ្ញុំផ្ដល់គំរូ និងលើកទឹកចិត្ដអ្នកដទៃ
ត្បិតថាខ្ញុំមិនអាចដឹងថាមានមនុស្សប៉ុន្មាននាក់បានទទួលប្រយោជន៍ពីអ្វីដែលខ្ញុំបានធ្វើ តែខ្ញុំជឿថាតិចឬច្រើនខ្ញុំបានចូលរួមបម្រើផលប្រយោជន៍ដល់ពួកគេ។
បន្ថែមពីនេះតាមរយៈការលះបង់ពេលវេលា កម្លាំង និងធនធានផ្ទាល់ខ្លួនខ្ញុំមិនមែនចង់ឱ្យអ្នកដទៃគេសរសើរទេ ផ្ទុយទៅវិញខ្ញុំចង់ឃើញការផ្លាស់ប្ដូរផ្នែកវិជ្ជមាន និងចង់បានការចូលរួមពីយុវជនដទៃទៀតដែរ។ ខ្ញុំផ្ទាល់ក៏បានទទួលការលើកទឹកចិត្ដពីអ្នកដទៃក្រោយពេលបានដឹងបទពិសោធរបស់ពួកគេដែរ បន្ទាប់មកខ្ញុំដាក់សំណួរខ្លួនឯងថាបើដូច្នេះ “ហេតុអ្វីខ្ញុំមិនចាប់ផ្ដើមធ្វើវាដោយខ្លួនឯង?” ខ្ញុំក៏ទទួលបានផ្លែផ្កាដូចការរំពឹងទុកឬអាចនិយាយថាលើសពីអ្វីដែលខ្ញុំគិតទៅទៀតនៅត្រង់ចំណុចខ្លះ។
ចុះអ្នកវិញ?
តើអ្នកបានសម្រេចចិត្ដឬមានគម្រោងថានឹងធ្វើអ្វីម៉្យាងដែលមានប្រយោជន៍ដើម្បីជួយអ្នកដទៃហើយឬនៅ? បើមិនទាន់សម្រេចចិត្ដ នៅចាំបង្អង់យូរធ្វើអ្វីទៀតចាប់ផ្ដើមគិតឥឡូវតែម្ដងទៅ ព្រោះពេលវេលាមិនមានច្រើនសម្រាប់ចាំយើងរហូតឯណា។
មិនមែនមានតែការងារស្ម័គ្រចិត្ដមួយទេដែលអ្នកអាចធ្វើបាន ដូចខ្ញុំបានរៀបរាប់ខាងលើហើយថា យើងមានសមត្ថភាពផ្សេងៗគ្នា។
ផ្ដើមចេញពីសកម្មភាពសាមញ្ញបំផុតក៏អាចជាការចាប់ផ្ដើមដ៏ល្អបានដែរដូចជា៖ការចោលសំរាមត្រឹមត្រូវ ការគោរពច្បាប់ ការមិនធ្វើខ្លួនឱ្យបង្កជាបញ្ហាដល់អ្នកដទៃជាដើម។
អ្វីគួរពិចារណា
បើអ្នកមិនធ្លាប់មានបទពិសោធធ្វើការស្ម័គ្រចិត្ដ អ្នកប្រហែលជាមិនដឹងថាតើត្រូវធ្វើការងារប្រភេទណា? ខ្ញុំបាននិយាយជាមួយអ្នកស្គាល់គ្នាអំឡុងពេលពេលធ្វើការ ហើយពួកយើងបានចូលដល់ចំណុចរួមមួយគឺពេលដំបូងឱ្យតែឃើញគេប្រកាសស្វែងរកអ្នកស្ម័គ្រចិត្ដគឺតែងតែដាក់ពាក្យរហូត មិនខ្វល់ថាធ្វើការងារអ្វីទេ តែការធ្វើបែបនេះយូរៗទៅយើងទាំងអស់គ្នាសុទ្ធតែមានសម្ពាធ ព្រោះថាយើងអាចនឹងមិនពេញចិត្ដនឹងការងារនោះ ឬមិនមានពេលវេលាគ្រប់គ្រាន់ជាមួយវា។ នៅមានចំណុចមួយទៀត កុំចាំទាល់តែមានមិត្ដភកិ្ដ ឬអ្នកស្គាល់គ្នាគេធ្វើទើបធ្វើតាមគេដែរ នោះមិនមែនជាជម្រើសល្អប៉ុន្មានទេ ព្រោះអ្នកនឹងមិនមានគោលជំហរច្បាស់លាស់ដោយខ្លួនឯងដើម្បីសម្រេចថាត្រូវដើរដោយរបៀបណាទេ។ ចុងក្រោយបង្អស់សូមគិតឱ្យបានច្បាស់លាស់ថាការងារដែលអ្នកធ្វើនោះ វាបានផ្ដល់ប្រយោជន៍យ៉ាងណាខ្លះ។
មតិ
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។