លិន ស្រីអន
បើនិយាយពីប្រទេសកម្ពុជា គេច្បាស់ជានឹកដល់ប្រាសាទអង្គរវត្ដជាមិនខាន។ គេច្បាស់ជាមិនអាចបំភ្លេចបានឡើយពីទិដ្ឋភាព និងសម្រស់ដ៏ស្រស់ឆើតឆាយនៃប្រាសាទមួយនេះ។ តែនៅមានរឿងរ៉ាវមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ និងអាចទាក់ទាញចិត្ដអ្នកឱ្យកាន់តែចូលចិត្ដ និងស្រឡាញ់វាកាន់តែខ្លាំង។ ខាងក្រោមនេះខ្ញុំសូមរៀបរាប់ចំណុចខ្លះៗបន្ថែមពីអ្វីដែលអ្នកឃើញ ពីរូបភាពខាងក្រៅរបស់ប្រាសាទអង្គរវត្ត។
១.ជាទីបូជនីយដ្ឋានខាងសាសនាធំជាងគេបំផុតលើពិភពលោក
យោងតាមកំណត់ត្រាហ្គីនណេសពិភពលោក (Guinness World Record) ប្រាសាទអង្គរវត្ដត្រូវបានចាត់ទុកជាទីបូជនីយដ្ឋានខាងសាសនាធំជាងគេបំផុតក្នុងពិភពលោកបើប្រៀបធៀបនឹងប្រាសាទបុរាណជាច្រើនទៀតនៃប្រទេសផ្សេងៗ។ វាលាតសន្ធឹងលើផ្ទៃដី២៤,៨ គ.ម. ជាមួយនឹងផ្ទៃក្រឡា ១.៦២៦.០០០ ម៉ែត្រការេ។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ធម្មជាតិវិទូបារាំងលោក អង់ហ្រ៊ី មូហ៊ត (Henri Mouhot) នៅឆ្នាំ១៨៦០។
២. ការបង្ហាញខ្លួនលើទង់ជាតិ
រូបប្រាសាទអង្គរវត្ដដែលស្ថិតនៅចំកណ្ដាលនៃទង់ជាតិប្រទេសកម្ពុជាត្រូវបានបង្ហាញរូបរាងក្នុងឆ្នាំ១៨៥០ ប្រហែលជាក្នុងអំឡុងពេលដែលកម្ពុជាស្ថិតក្រោមសម័យអាណាព្យាបាលបារាំង។
៣. ជាសម្បត្ដិបេតិកភណ្ឌពិភពលោក
ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅឆ្នាំ១៩៩២។
៤. បុព្វហេតុសាសនា
ប្រាសាទអង្គរវត្ដសាងសង់ក្នុងរាជ្យកាលព្រះបាទសូរ្យវរ្ម័នទី២ ក្នុងគោលបំណងឧទ្ទិសដល់សាសនាហិណ្ឌូគណៈព្រះវិស្ណុ ក្រោយមកដោយសារការផ្លាស់ប្ដូរសាសនាក្នុងសម័យព្រះរាជាក្រោយៗ ទើបប្រាសាទមួយនេះមានលក្ខណៈពុទ្ធសាសនាវិញ។
៥. លក្ខណៈពិសេសខុសពីប្រាសាទនានា
ចំណុចដែលធ្វើឱ្យប្រាសាទមួយនេះកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ការបែរមុខទៅរកទិសខាងលិច ខុសពីប្រាសាទនានាដែលបែរមុខទៅទិសខាងកើត។ ការបែរទៅទិសខាងលិចនេះដោយយោងតាមមូលហេតុដូចជា៖ វាជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២ និងការគោរពបូជាព្រះវិស្ណុជាដើម។
៦. អង្គររុងរឿងពេលដែលអឺរ៉ុបកំពុងដុនដាប
ក្នុងអំឡុងចន្លោះសតវត្សទី៩ និងទី១០ជាពេលដែលអឺរ៉ុបកំពុងធ្លាក់ចុះដុនដាបក្នុងយុគងងឹត តែប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ជាពិសេសប្រទេសកម្ពុជាកំពុងស្ថិតក្នុងភាពរុងរឿងខ្លាំង នោះគឺសម័យអាណាចក្រខ្មែរ។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។