មកស្គាល់ពីភាពខុសគ្នារវាងសិល្បៈល្ខោនខោលខ្មែរទាំង៣តំបន់

ដោយ៖ យ៉េន សុសម្ផស្ស

រូបភាពដោយ៖ កែវ រតនៈ

ប្រទេសកម្ពុជា​ គឺជាប្រទេសមួយដែលសម្បូរនូវសម្បត្តិវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏សម្បូរបែប។ មិនតែប៉ុណ្ណេាះ វាក៏មានការបែងចែកទៅតាមតំបន់ ជាមួយនឹងភាពខុសប្លែកនៃបែបបទប្រពៃណីដែលគេរស់នៅផងដែរ។

តើអ្នកបានស្គាល់ និងដឹងពីសិល្បៈល្ខោនខោលពីមុនដែរឬទេ?

បើយោងតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជ ជួន ណាត «ខោល» សំដៅទៅលើមនុស្សប្រុស។

សិល្បៈល្ខោនខោល គឺជាទម្រង់ល្ខោនមួយបែប សម្ដែងដោយមនុស្សប្រុសសុទ្ធ ដែលប្រកបដោយភាពស្វាហាប់ មាំមួន ទន់ជ្រាយ តែរឹងបឹុង។ នៅក្នុងប្រទេសកម្ពុជា មានទម្រង់ល្ខោនខោលជាច្រើន ប៉ុន្ដែវាមានលក្ខណៈខុសប្លែកគ្នាបន្ដិចបន្ដួចទៅតាមតំបន់នីមួួយៗ។

នៅក្នុងថ្ងៃនេះ នាងខ្ញំុនឹងលើកយកភាពខុសគ្នារវាងសិល្បៈល្ខោនខោលទាំងបីតំបន់ ដែលនាងខ្ញំបានដឹងពីការចូលរួមកម្មវិធីស្នាដៃ និងអនាគតលើកទី៥ ក្រោមប្រធានបទ «ជីវិតសិល្បៈល្ខោនខោល»។ តំបន់ទាំងបីនេាះរួមមាន វត្តស្វាយអណ្ដែត(ខេត្តកណ្ដាល) កំពង់ធំ និងភ្នំពេញ ។

ទម្រង់ល្ខោនខោលនៅឯវត្តស្វាយអណ្ដែត

ជាទម្រង់ល្ខោនដែលត្រូវបានសម្ដែងប្រចាំឆ្នាំ ក្រោយពេលបុណ្យចូលឆ្នាំខ្មែរ។ តាមប្រពៃណីនិងទំនៀមទម្លាប់តមកដល់បច្ចុប្បន្ននេះ គេតម្រូវឲ្យមានការប្រារព្ធធ្វើពិធីសំពះគ្រូមុននឹងចេញសំដែង។ ជានិច្ចកាល គេតែងសម្តែងឈុត«កុម្ភៈការទប់ទឹក» ដែលជាជំនឿសំុទឹកភ្លៀងនៅរដូវរាំងភ្លៀង ដើម្បីឲ្យយក្សទម្លាយទំនប់ទឹកមកស្រោចស្រង់ដំណាំរបស់ប្រជាជន។

ទម្រង់ល្ខោនខោលនៅឯវត្តស្វាយអណ្ដែតមានលក្ខណៈខុសគេបន្ដិចដោយសារតែតួសម្ដែងពំុមានពាក់មុខអ្វីនេាះឡើយ គ្រាន់តែពាក់ម្កុដហើយចេញសម្ដែងតែម្ដង។ លក្ខណៈរបស់ល្ខោននៅទីនេះតម្រូវឲ្យតួសម្ដែងទាំងអស់ជាមនុស្សប្រុស ដោយតម្រូវឲ្យបុរសដើរតួជាមនុស្សស្រី។ គេយករ៉ាវ(ឬស្សីមួយដើមធំហើយរឹងមាំ) ច្នៃដើម្បីឲ្យតួអង្គអង្គុយសម្រាប់ជំនួសរាជបល្ល័ង្គ ដំុថ្ម ឬកៅអីជាដើម។

ទម្រង់ល្ខោននៅខេត្តកំពង់ធំ

ទើបតែកើតនៅក្រោយឆ្នាំ១៩៧៩ ដោយតួអង្គសុទ្ធសឹងតែជាមនុស្សស្រី មានតែតួអង្គយក្ស និងស្វាទេ ដែលជាមនុស្សប្រុស។ ប៉ុន្ដែក្រោយពីឆ្នាំ១៩៩០មក ទម្រង់ល្ខោននេះបានវិរដ្ដមកសម្ដែងជាមនុស្សប្រុសទាំងអស់វិញ។ រយៈពេលនៃការសំដែងរបស់ល្ខោនខោលមួយនេះយ៉ាងយូរបំផុត គឺត្រឹមមួយម៉ោង ពីព្រេាះថាតួអង្គសម្ដែងទាំងអស់ត្រូវពាក់មុខ និងប្រើកម្លាំងជាច្រើនក្នុងការសម្ដែង ដែលធ្វើឲ្យពួកគាត់ពិបាកដកដង្ហើម។ ដោយសារតែកង្វះខាតក្នុងការទិញសម្ភារៈរបស់ល្ខោននេះ គេក៏បានយកដីឥដ្ឋមកច្នៃជាមុខមាត់ផ្សេងៗ ដោយសារមុខរបស់តួអង្គនីមួយត្រូវចំណាយប្រាក់កាសច្រើនពេក។

ទម្រង់ល្ខោនខោលនៅភ្នំពេញ

ជាទម្រង់ល្ខោនខោលចម្រុះ ឬក៏ការផ្គួបគ្នាពីក្បាច់វាំង វត្តស្វាយអណ្ដែត និងបាត់ដំបង។ ការច្នៃបែបបទទម្រង់ថ្មីៗ ដោយតម្រូវឲ្យតួអង្គអង្គុយតាមឋានៈពីធំទៅតូច មានក្បួនច្បាប់ និងការតុបតែងច្នៃនៅក្នុងឈុតសម្ដែង ដោយវគ្គជិះពពកហេាះ ច្នៃឲ្យមានពពក បើនៅក្នុងព្រៃត្រូវមានការតុបតែងឲ្យដូចក្នុងព្រៃ។

ល្ខោនខោល កំពុងតែប្រឈមមុខទៅនឹងការបាត់បង់ហើយនាពេលបច្ចុប្បន្ននេះ។ ភាគច្រើនគេសម្ដែងគ្រាន់តែជាទស្សនីយភាពតែប៉ុណ្ណោះ មិនមែនជាអាជីពនេាះឡើយ។ ភាគច្រើនជាសិស្ស និងអ្នកធ្វើការផ្សេងៗដោយឆ្លៀតពេលទំនេរមកហាត់ជាការកម្សាន្ដ និងដើម្បីស្គាល់ពីល្ខោនខោលប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសំដីលោកគ្រូល្ខោនខោលភ្នំពេញ ហង់ ភូមរ៉ា(បងលូ) បានមានប្រសាសន៍ថា «នាពេលបច្ចុប្បន្ននេះមានសិស្ស និងនិស្សិតមកពីគ្រប់ស្ថាប័នសិក្សាមកចុះឈ្មេាះចូលរៀន និងហាត់សម្ដែង វាជារឿងដែលប្រសើរមួយដែលយុវជនបានងាកមកចាប់អារម្មណ៍នឹងវប្បធម៌របស់ខ្លួន»។

យុវជនគួរតែយកចិត្តទុកដាក់ និងចាប់អារម្មណ៍នឹងវប្បធម៌របស់ខ្មែរឲ្យបានកាន់តែច្រើនឡើង ពីព្រេាះថានៅពេលបច្ចុប្បន្ននេះ យុវជនមួយចំនួនមិនបានស្គាល់ច្បាស់ពីល្ខោនខោលរបស់យើងឡើយ ជួនកាលច្រលំល្ខោនខោលជាមួយរបាំបុរាណខ្មែរទៅវិញ នេះបើយោងទៅតាមសំដីរបស់បងលូ។

ក្នុងនាមជាយុវជនខ្មែរ យើងគួរតែចូលរួម និងចំណាយពេលជាមួយសិល្បៈបុរាណខ្មែរឲ្យបានច្រើន ពីព្រេាះថាវាពិតជាសំខាន់ណាស់សម្រាប់កូនខ្មែរគ្រប់រូបឲ្យស្គាល់ពីអត្តសញ្ញាណជាតិ និងប្រពៃណីវប្បធម៌របស់ខ្លួន។

ប្រសិនណាបើខ្លួនយើងជាជាតិសាសន៍ខ្លួនឯង មិនស្គាល់ពីសម្បត្តិជាតិរបស់ខ្លួនឯងផង តើធ្វើយ៉ាងណាទើបឲ្យជាតិសាសន៍ដទៃ

ទៀតយល់ពីសម្បត្តិវប្បធម៌របស់យើងបាន?

ហេតុដូច្នេះហើយយើងគួរតែសិក្សាស្រាវជ្រាវ និងចូលរួមទៅតាមបណ្ដាកម្មវិធីវប្បធម៌សិល្បៈឲ្យបានច្រើន ដើម្បីស្គាល់ និងយល់កាន់តែច្បាស់ពីអ្វីដែលយើងមានជាសម្បត្តិរបស់ប្រទេសយើង។

សូមអរគុណចំពេាះបណ្ដាមិត្តអ្នកអានទាំងឡាយ

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s