ដោយ សូ សុឃីម
ជាទូទៅ មនុស្សម្នាក់ៗរមែងមានក្ដីស្រមៃដើម្បីឡើងទៅទីកំពូលដែលខ្ពស់បំផុត ក៏ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានសម្រេចក្ដីស្រមៃនោះ។ ដូចនេះដើម្បីដឹងអំពីមនុស្សដែលបាន សម្រេចនូវក្ដីស្រមៃនេះ ខ្ញុំសូមណែនាំបុគ្គលម្នាក់ដើម្បីឲ្យអ្នកទាំងអស់គ្នាបានស្គាល់។ គាត់ជាមនុស្ស ម្នាក់ក្នុងចំណោមមនុស្សដទៃទៀត ដែលបានទទួលនូវភាពជោគជ័យសម្រាប់ដំណើរដ៏មហិមានេះ។ តើគាត់មានវិធីសាស្ត្រអ្វីក្នុងការឈោងចាប់ក្ដីស្រមៃក្នុងជីវិតគាត់? តើអ្វីខ្លះជាឧបសគ្គសម្រាប់ដំណើរនេះ?
លោក ស្រុត ស្រ៊ាន់ គឺជាកូនដែលកើតនៅក្នុងគ្រួសារក្រីក្រ ដែលមានឪពុក ម្ដាយជាកសិករ។ លោកមានបងប្អូន១៤នាក់ ដោយលោកគឺជាកូនទី១។ បើទោះបីជាលោកកើតក្នុងគ្រួសារក្រីក្រ លោកបានខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង រហូតទទួលបាននូវលទ្ធផលល្អ (ជាប់ចំណាត់ថ្នាក់លេខ ១) ជារៀងរាល់ខែ។ បើនិយាយពីលទ្ធផលនៃការសិក្សាវិញ គឺលោកតែងតែស្ថិតនៅក្នុងតារាងកិត្តិយសជានិច្ច។ ក្នុងអំឡុងពេលនៃការសិក្សា លោកបានជួបប្រទះនឹងស្ថានភាព លំបាកដូចជាខ្វះសម្លៀកបំពាក់ ដោយគាត់មានត្រឹមតែខោអាវមួយកំភ្លេ ហើយទៅរៀនទៀតសោត គឺដោយថ្មើរជើង។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀនគឺនៅឆ្ងាយពីផ្ទះរបស់គាត់។ ចំពោះស្ថានភាពនៃការសិក្សាវិញ ក្នុងនាមជាកូនអ្នកក្រគឺទទួលបានការមើលងាយពីសំណាក់មនុស្សនៅជុំវិញខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ លោកបានប្រើការមើលងាយទំាងអស់នោះអោយទៅជាការខិតខំសិក្សា រៀនសូត្ររហូតបានក្លាយជាសិស្សពូកែផ្នែកគណិតវិទ្យា និងរូបវិទ្យា។ លើសពីនេះទៅទៀត នៅពេលដែលលោកប្រឡងជាប់ទី១២ លោកទទួលបានអាហារូបករណ៍ដល់ទៅ ៣ មហាវិទ្យាល័យ។ លោកទទួលបានបរិញ្ញាបត្ររងនៅសកលវិទ្យាល័យជាតិគ្រប់គ្រង បរិញ្ញាបត្រនៅសកលវិទ្យាល័យជាតិកម្ពុជា និងអនុបណ្ឌិតផ្នែកផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យជាតិកម្ពុជា។ អំឡុងពេលសិក្សាថ្នាក់មហាវិទ្យាល័យ លោកជួបប្រទះនូវបញ្ហាជាច្រើនដូចជា ទីកន្លែងស្នាក់នៅ ការខ្វះខាតស្បៀងអាហារ ដោយពេលខ្លះ គាត់បរិភោគមីកញ្ចប់ពេលមួយខែ។ ម៉្យាងវិញទៀត សម្រាប់ការស្នាក់នៅតាមចិញ្ចើមថ្នល់ និងចេតិយ បណ្ដាលឲ្យគាត់កើតកន្ទួលរមាស់លើស្បែក ដោយសារតែមូសខាំ។ តែជាសំណាងល្អ សុខភាពរបស់គាត់មិនសូវជាទ្រុឌទ្រោមប៉ុន្មានឡើយ។
ជីវិតរបស់លោកបានឆ្លងកាត់នូវឧបសគ្គជាច្រើនរាប់មិនអស់ តែដោយសារការខិតខំប្រឹងជំនះ ដោយមិនរាថយ ទើបធ្វើឲ្យលោកទទួលបាននូវភាពជោគជ័យសម្រាប់ជីវិត ដូចជាសព្វថ្ងៃនេះ។ បច្ចុប្បន្ន លោកគឺជាទីប្រឹក្សារបស់អង្គការសហប្រជាជាតិ One World UK និងស្ថាប័នអន្តរជាតិជាច្រើនទៀត។ លើសពីនេះ លោកបានធ្វើដំណើរជាច្រើនប្រទេសជុំវិញពិភពលោក ទៅកាន់កម្មវិធីផ្សេងៗ ដើម្បីបង្កើនចំណេះដឹងបន្ថែម ដោយមិនអស់ថវិកាផ្ទាល់ខ្លួនទៀតផង។ ទាំងនេះគឺជាដំណើរដ៏ជោគជ័យ និងជាគំរូរបស់គាត់សម្រាប់យើងទាំងអស់គ្នារៀនតាម។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។