ដោយ សៀង វន្ថា
ព្រះអាទិត្យរះពេលព្រឹកព្រលឹម មនុស្សគ្រប់គ្នាយល់ថាវាជាក្ដីសង្ឃឹមនៅថ្ងៃថ្មី។ រុក្ខជាតិដុះខៀវខ្ចី ពាសពេញដី អ័ព្ទហោះហើរពាសពេញកំពូលភ្នំ ស្ដាប់ទៅហាក់មានអារម្មណ៍ថាមានក្ដីសុខណាស់ ដែលបានរស់ នៅក្នុងខេត្តភាគឦសានមួយនេះ។ តែជាការពិត គ្រប់យ៉ាងរបស់ជីវិតមនុស្ស រមែងមិនដូចការគិត ឬការស្រមៃនោះឡើយ បានជាប់ហើយក៏អាចនឹងព្រាត់ បានជួបភាពជូរចត់ក៏អាចនឹងជួបភាពល្អប្រសើរ ប្រសិនជាមានការតស៊ូជំនះមិនបោះបង់។ នេះជាសាច់រឿងពិតរបស់យុវជន ស៊ុយ សានិត ដែលជាជនជាតិដើមភាគតិចគ្រឹងម្នាក់នៅខេត្តរតនគិរី។
ដីស្មើដើររលាក់ ជាពាក្យដែលគេតែងតែនិយាយបែបលេងសើចទៅកាន់មនុស្សដែលមានកាយ សម្បទាមិនគ្រប់គ្រាន់ឬមានពិការភាព ប៉ុន្តែគឺបុរសដែលពិការដោយមានជម្ងឺខ្វិនជើងតាំងពីកំណើតនោះហើយជាឪពុករបស់សានិត។ ក្នុងកុមារភាពរបស់គេ គឺខុសពីអ្នកដទៃ ពោលឪពុកមានជម្ងឺខ្វិនមិនអាចប្រកបរបរអ្វីធំដុំបាន ព្រោះចំណេះវិជ្ជាក៏មិនមាន ហើយម្ដាយស្លាប់ចោលតំាងពីគេរៀនថ្នាក់ទី ៣ ហើយបញ្ហាក៏មិនអាចដោះស្រាយឲ្យប្រសើរឡើយ ព្រោះមុនពេលម្ដាយស្លាប់ទៅ គ្រួសារសានិតបាន លក់ទ្រព្យស្ទើរតែទំាងអស់ដើម្បីព្យាបាលជម្ងឺម្ដាយ។ បញ្ហាមួយទៀតគឺមិនខុសពីពាក្យចាស់ពោលថា ស៊ូលិចទូកកណ្ដាលទន្លេតែកុំឲ្យតែភ្លើងឆេះផ្ទះ។ មួយឆ្នាំបន្ទាប់ពីម្ដាយស្លាប់ រឿងអកុសលបានកើតឡើង ដោយភ្លើងបានឆេះផ្ទះសានិតអស់។ តើត្រឹមតែជាកុមាររៀនថ្នាក់ទី ៣ គេបានធ្វើយ៉ាងណាដើម្បីជួយគ្រួសារក្នុង នាមជាកូនប្រុសច្បងដែលមានប្អូនបួននាក់ ហើយឪពុកក៏រស់នៅក្នុងពិការភាព មិនអាចធ្វើការងារធ្ងន់បាន?
សានិតបានតស៊ូ និងពុះពារយ៉ាងច្រើនក្នុងឆាកជីវិតរបស់គេតាំងពីនៅកុមារមកម្ល៉េះ។ មានមួយវេលានោះ គឺជីវិតកាន់តែលំបាកកើនទ្វេ ផ្ទះក៏គ្មាន ដីក៏គ្មាន ព្រោះលក់ព្យាបាលជម្ងឺម្ដាយអស់ ឪពុកក៏ពុំមានលទ្ធភាពធ្វើការងារបាន សានិត បងប្អូន និងឪពុកសេសសល់តែខោអាវ ម្នាក់មួយ កំប្លេប៉ុណ្ណោះជាប់នឹងខ្លួនបន្ទាប់ពីឧបទ្ទវហេតុភ្លើងឆេះផ្ទះ។ សានិតបានបោះបង់ការសិក្សាទៅហើយ តែដោយសារតែមានការយកចិត្តទុកដាក់ និងយល់ពីទុក្ខលំបាកពីសំណាក់លោកគ្រូអ្នកគ្រូ ទើបគេនៅបន្តការសិក្សា ត្បិតអីសានិតក៏ជាសិស្សល្អ និងរៀនពូកែម្នាក់នៅថ្នាក់បឋមសិក្សា។ ជីវិតចេះតែបន្ត ទំាងត្រដាបត្រដួសរហូតដល់សានិតបានរៀនចប់ថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យដោយជោគជ័យ។
ខុសពីយុវជនផ្សេងទៀត ដែលប្រហែលជាមានការផ្គត់ផ្គង់ទំាងថវិកា និងសម្ភារៈគ្រប់គ្រាន់ សម្រាប់ការរស់នៅ និងរៀនសូត្រ សានិត ហាក់ដូចជាកម្សត់ សម្រាប់ជីវិតដែល ចង់ទៅបន្តទៅមុខ ប៉ុន្តែហាក់ជាប់នឹងបញ្ហាជីវិតដែលពេលខ្លះគេស្ទើរតែបោះបង់ការសិក្សាទៅហើយ ដើម្បីស្វែងរកការងារជួយគ្រួសារ។ ពេលទំនេរទាំងអស់របស់គេ គឺសម្រាប់ការធ្វើការឲ្យគេ ដូចជាឡើងបេះផ្លែដូង ធ្វើនំបញ្ចុក ជម្រះស្មៅដំឡូង និងកៅស៊ូជាដើម ដើម្បីបានប្រាក់ខ្លះៗសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ជីវិតរស់នៅរាល់ថ្ងៃគឺមានព្រឹកខ្វះល្ងាច មានល្ងាចខ្វះព្រឹក ហើយថ្លែងក្នុងទឹកមុខ ដែលហាក់ដូចជាសុំានឹងភាពលំបាកហើយថា ពេលខ្លះគេដេកទំាងឃ្លានគ្មានអីញុំាទៀតផង។ ចំពោះ ការរៀនសូត្រវិញ សានិតមិនមានលទ្ធភាពបង់ថ្លៃរៀនគួរដូចសិស្សដទៃឡើយ ដូច្នេះគេបានសុំគ្រូរៀន ដោយប្ដូរនឹងការជួយការងាររបស់ពួកគាត់នៅថ្ងៃចុងសប្ដាហ៍ជាដើម។
ទោះបីជាជួបការលំបាកដែលមនុស្សគ្រប់គ្នាពិបាកនឹងស្រមៃឃើញយ៉ាងណាក៏ដោយ សានិតជា សិស្សឆ្នើមម្នាក់ដែលខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុកដាក់ចំពោះការសិក្សា និងមានអត្តចរិត ស្លូតបូត។ ព្រោះលទ្ធភាព រស់នៅក្នុងផ្ទះខ្ទមតូចមួយលើដីដែលអ្នកជិតខាងអាណិតឲ្យនៅ គ្មានទំាង អគ្គិសនីប្រើប្រាស់ពេលយប់ផង សានិតតែងតែគេងនៅផ្ទះមិត្តភក្តិដើម្បីអាចសិក្សាពេលយប់បាន ដោយគេក៏បង្រៀនដល់មិត្តភក្ដិរបស់គេផងដែរ។ សានិតមាននិស្ស័យចូលចិត្តបង្រៀនតំាងពីក្មេងមកម្ល៉េះ។ គេចូលចិត្តចែករំលែកចំនេះដឹងទៅដល់មនុស្សជុំវិញខ្លួន តាមលទ្ធភាពរបស់គេ។
ឆ្នាំ២០១២ សានិតប្រលងជាប់បាក់ឌុប និងទទួលបាននិទ្ទេស B ប៉ុន្តែគេបានបន្តទាំងរាយរាប់ពី អារម្មណ៍ពិតថា ពេលនោះសប្បាយចិត្តដែរ តែមិនដឹងយកទៅប្រាប់អ្នកណា។ ពេលប្រាប់ទៅបងប្អូន ពូមីង និងឪពុកទៅ គាត់ក៏មិនដឹងនិទ្ទេស B ហ្នឹងជាអ្វីផង។ ទោះជាយ៉ាងណា ចំពោះសានិត វាជាលទ្ធផលដែលកើតចេញពីការតស៊ូ និងសមត្ថភាពរបស់ខ្លួនឯងពិតៗ ព្រោះពេលប្រលងគេគ្មានប្រាក់ដើម្បីទៅយកវិញ្ញាសាពីនរណានោះឡើយ គឺធ្វើដោយសមត្ថភាព។ លទ្ធផលបន្ទាប់ក៏លេចឡើង គឺសានិត ជាប់អាហារូបករណ៍ដល់ទៅ បីសាកលវិទ្យាល័យ គឺ ផ្នែកគណិតវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ អក្សរសាស្ត្រអង់គ្លេសនៅសកលវិទ្យាល័យអាស៊ីអឺរ៉ុប និងរដ្ឋបាលសាធារណៈនៅសកលវិទ្យាល័យមេគង្គកម្ពុជា។ ជាការសម្រេចចិត្ត សានិតបានជ្រើសរើសយកផ្នែក គណិតវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
មិនមានបងប្អូន ឬសាច់ញាតិនៅភ្នំពេញ ហើយសូម្បីតែថ្លៃឡានជិះមកភ្នំពេញក៏គ្មានផង បើកុំតែបានសិស្សច្បងជាជនជាតិព្នងម្នាក់ជួយ ម្ល៉េះគេនឹងបោះបង់គ្រប់យ៉ាងបាត់ទៅហើយ។ គិតត្រឹម ឆ្នាំទីមួយនៃការសិក្សា ខុសពីយុវជនផ្សេងទៀតដែលមានការលើកទឹកចិត្ត និងទទួលបានប្រាក់ប្រចាំខែ ពីឪពុកម្ដាយ សានិតទទួលបានប្រាក់តែ ដប់ម៉ឺនរៀលគត់ ដែលឪពុកខ្ចីគេហើយកប់ក្នុងអង្ករផ្ញើមកឲ្យ។ វាពិតជាពិបាកក្នុងការស្រមៃឲ្យឃើញណាស់ថា តើគេអាចធ្វើអ្វីបានជាមួយនឹងប្រាក់ប៉ុណ្ណឹងក្នុងរយៈពេលមួយឆ្នាំ។ ព្រោះទើបមកនៅទីក្រុង មិនទាន់ដឹងអ្វីច្រើន សានិតរស់នៅ ពេលមួយឆ្នាំដោយពឹងផ្អែកទៅមិត្តទាំងអស់ដែលរស់នៅក្នុងមណ្ឌលនិស្សិតសម្រាប់ជនជាតិដើមភាគតិច។
ឆ្លងមកដល់ឆ្នាំទី ២ ដោយសារការខិតខំប្រឹងរៀនសូត្រ និងបទពិសោធធ្លាប់បង្រៀនគេផង ទើបមានលោកគ្រូម្នាក់អនុញ្ញាតឲ្យសានិតបានមានឱកាសទៅបង្រៀនគួរគណិតតាមផ្ទះ។ មិនដឹងថានឹងមានមនុស្សប៉ុន្មាននាក់នឹងអាចទ្រាំបាននោះឡើយ សានិតសុំកង់កញ្ចាស់គេជិះធ្វើដំណើរជារៀងរាល់ថ្ងៃពី ស្ទឹងមានជ័យ ទៅបង្រៀនគេនៅជ្រោយចង្វារ ដោយទទួលបានប្រាក់ខែចំនួន ៨០ ដុល្លារក្នុងមួយខែ។ សានិតក៏ធ្លាប់ធ្វើជាអ្នករត់តុ និងចាប់ទឹកកកថ្ងៃសៅរ៍អាទិត្យផងដែរ ដើម្បីស្វែងរកប្រាក់បន្ថែមសម្រាប់ការចាយវាយប្រចាំថ្ងៃ។ ចាប់ពីពេលនោះមក ជីវិតរបស់សានិតក៏មាន ការប្រសើរឡើងបន្តិចម្ដងៗរហូតគេអាចសន្សំលុយខ្លះជួយផ្ញើឲ្យអ្នកផ្ទះ និងទិញម៉ូតូមួយតម្លៃសមរម្យ ដើម្បីធ្វើដំណើរទៅបង្រៀន។
យុវជនសានិតដែលធ្លាប់ធ្វើជាកម្មករគេ ជាអ្នករត់តុ និងជាគ្រូបង្រៀនតាមផ្ទះម្នាក់នេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណិតវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ ២០១៦ ហើយបច្ចុប្បន្ន ជាគ្រូបង្រៀនគណិតវិទ្យានៅសាលាឯកជនមួយនៅទីក្រុងភ្នំពេញ។ មេរៀនដែលគេចង់ ចែករំលែកទៅកាន់យុវជនជំនាន់ក្រោយគឺការសំលៀងឆន្ទៈចេញពីទឹកចិត្ត និងបេះដូង ការយកចិត្តទុកដាក់ដោយខ្លួនឯង ការឲ្យតម្លៃលើការអប់រំ និងការតស៊ូអត់ធ្មត់ចំពោះបញ្ហាចំពោះមុខ ទើបជីវិតនឹងជួបរឿងប្រសើរនៅថ្ងៃមុខ។ បន្ថែមពីលើការផ្ដល់យោបល់ខាងលើនេះ គេក៏បន្ថែមដែរថា យុវជន ទំាងជនជាតិដើមភាគតិច និងបងប្អូនខ្មែរ គួរចេះប្រើប្រាស់សម្ភារៈអោយមានប្រយោជន៍ ត្រូវពេល ត្រូវវេលា និងជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង រួមនឹងការសេពគប់មិត្តខុសផងដែរ ព្រោះវាជាកត្តារាំងស្ទះពួកគេ មិនទទួលបានការអប់រំ។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។