ដោយ៖ យ៉េន សុសម្ផស្ស
ជីវិតគឺជាការតស៊ូ និងការពុះពាររាល់បញ្ហាដែលអ្នកកំពុងជួបប្រទះ។ ទេាះបីជាអ្នកកើតនៅក្នុងត្រកូលគ្រួសារ និងមានកម្រិតការសិក្សាបែបណាក្ដី ឲ្យតែអ្នកមានភាពអំណត់ និងចាប់យកការសាកល្បងឱកាសដែលមានជំុវិញខ្លួន អ្នកនឹងទទួលបានជោគជ័យជាក់ជាមិនខាន ជាពិសេសត្រូវចេះផ្ដល់ឱកាសឲ្យខ្លួនឯង និងក្ដោបក្ដាប់អ្វីដែលមានចំពេាះមុខអ្នក។ ក្ដីសុបិន្ដរបស់អ្នកពិតជាសំខាន់ ប៉ុន្ដែប្រសិនបើអ្នកបោះបង់នូវអ្វីដែលអ្នកគួរសាកល្បង ថ្ងៃណាមួួយអ្នកប្រាកដជាស្ដាយក្រោយជាក់ជាមិនខាន។
នៅក្នុងថ្ងៃនេះដែរ នាងខ្ញំុនឹងលើកយកបុគ្គលមួយរូប ដែលមានភាពជោគជ័យនៅក្នុងការងារ ក៏ដូចជានៅក្នុងជីវិតរបស់គាត់ មកចែករំលែកជាមួយអ្នក។ គាត់មានឈ្មេាះថា កៃ គឹមសុង ដែលសព្វថ្ងៃគាត់ជានិពន្ធនាយកនៅកាសែតភ្នំពេញប៉ុស្ដ៍។
គាត់គឺជាបុគ្គលមួយរូបដែលតែងតែមានក្ដីស្រមៃថា ខ្លួននឹងក្លាយទៅជាគ្រូបង្រៀនដ៏ល្អមួយរូប បន្ទាប់ពីការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ប៉ុន្ដែដោយសារជីវភាពក្រីក្រ ធ្វើឲ្យគាត់មិនអាចបន្ដការសិក្សានៅថ្នាក់មហាវិទ្យាល័យបានឡើយ។
គាត់ក៏បានសម្រេចចិត្តធ្វើចំណាកស្រុកមកភ្នំពេញដើម្បីរកការងារធ្វើ និងដើម្បីចង់បំពេញបំណងរបស់ខ្លួនឯងផងដែរ ពីព្រេាះគាត់មិនចង់រស់នៅក្នុងត្រកូលជាកសិករទៀតឡើយ។
មកកាន់ទីក្រុងដំបូងគាត់បានបម្រើការនៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ ដោយសារតែការអំណោយផលពីដើមទុនក្នុងភាសាអង់គ្លេស និងការចេះនិយាយភាសាថៃបន្ដិចបន្ដួច បានផ្ដល់ឱកាសដល់គាត់ក្នុងការបម្រើការនៅក្នុងបៀរកាឌិនមួយកន្លែងនៅកណ្ដាលទីក្រុងភ្នំពេញ។
ពេលទំនេរពីការងារ គាត់បានចំណាយពេល និងថវិកាក្នុងការជួលកាសែតខេមបូឌា ដេលីមកអាន ដើម្បីតាមដានតថភាពក្នុងសង្គម ក៏ដូចជានយោបាយនៅក្នុងស្រុក។ មិនតែប៉ុណ្ណេាះគាត់ក៏បានរៀនភាសាអង់គ្លេសតាមវិទ្យុវី.អូ.អេ ក៏ដូចជា ដេលីផងដែរ។
ដោយសារតែការខិតខំប្រឹងប្រែង រួមជាមួយទេពកោសល្យ និងភាពវៃឆ្លាតរហ័សរហួនរបស់គាត់ គាត់ក៏ត្រូវបាននិពន្ធនាយកនៅកាសែតខេមបូឌា ដេលី ដែលជាភ្ញៀវប្រចាំនៅបារដែលគាត់ធ្វើការនេាះ បានហៅគាត់ទៅធ្វើតេស្ដជាអ្នករកពត៌មាន។ ការបដិសេធម្ដងជាពីរដង គាត់ក៏បានសម្រេចចិត្តទៅ ដោយសារតែភាពអសន្ដិសុខនៅក្នុងបារផង និងការចង់ផ្ដល់ឱកាសឲ្យខ្លួនឯងទទួលយកការងារថ្មីផងដែរ។
ជាការងារដំបូងរបស់គាត់ ត្រូវបានដាក់ឲ្យទៅយកពត៌មាននៅសាលប្រជំុមួយកន្លែងនៅក្រសួងប្រៃសណីយ៍។ គេផ្ដល់ឲ្យតែក្រដាស និងប៊ិចដែលជាសម្បត្តិរបស់អ្នកកាសែតប៉ុណ្ណេាះ តម្រូវឲ្យគាត់ធ្វើការកត់ត្រារាល់សំដីដែលគេបាននិយាយ។ បន្ទាប់ពីត្រឡប់មកវិញ លោកត្រូវបានអ្នកដែលរៀបចំក្នុងការបោះពុម្ពផ្សាយឲ្យរៀបរាប់ពីអ្វីដែលគាត់បានកត់ត្រា។ មិនតែប៉ុណ្ណេាះគេបានឲ្យគាត់រកសម្រង់ពាក្យសម្តី(quote) ពីការយកពត៌មាននេាះ ប៉ុន្ដែដោយសារកម្រិតភាសាអង់គ្លេសមិនសូវល្អ និងមិនដែលបានលឺពាក្យនេះពីមុនមក ដោយគាត់ស្ដាប់ទៅប្រហែលៗនៅក្នុងបារ គាត់បានដើរទៅកាន់ផ្ទះបាយយកកូកាកូឡា(coke) មួយកំប៉ុងមក។ វាជារឿងមួយដែលគួរឲ្យអស់សំណើច និងជារឿងដែលគួរឲ្យចងចាំមួយ ពីព្រេាះដោយសាររឿងនេះធ្វើឲ្យគេស្គាល់គាត់ច្រើន និងជួយគាត់នៅក្នុងភាសាអង់គ្លេសបន្ថែមទៀត។ បន្ទាប់មកគាត់ក៏ត្រូវបានឲ្យទៅសម្ភាសន៍លោក អៀង សារី នៅមាល័យ វាជាការងារដែលលោកចាប់អារម្មណ៍ជាងគេ ពីព្រេាះគាត់ចង់ដឹងពីមូលហេតុដែលរបបខ្មែរក្រហមនេះសំលាប់មនុស្ស ដែលក្នុងនេាះមានតាំងពីឪពុកលោកផងដែរ។ ដោយសារតែរឿងអស់ទាំងនេះហើយ វាបានក្លាយទៅជាភាពចាប់ផ្ដើមនៅក្នុងអាជីពជាអ្នកកាសែតរបស់គាត់។
ការងារដំបូងពិតជាលំបាកមែនសម្រាប់លោក ពីព្រេាះថាលោកមិនបានចូលសាលាកាសែតអ្វីនេាះឡើយ ដោយចេញពីបារក្លាយជាអ្នកយកពត៌មានតែម្ដង។ ប៉ុន្ដែដោយសារការប្រឹងប្រែងធ្វើការងារ និងការជួយជ្រោមជ្រែងពីមិត្តរួមការងារ គាត់ក៏បានក្លាយជាអ្នកកាសែតដ៏ចំណានមួយរូប។
នៅដេលីរយៈពេល១០ឆ្នាំ(ចាប់តាំងពី១៩៩៧ដល់២០០៧) បានប្រែក្លាយលោកជាអ្នកកាសែត និងបានដុសខាត់គាត់ឲ្យជាអ្នកជំនាញមួយរូប។ ក្នុងអំឡុងពេលនេាះ ហាក់បីដូចជាគាត់បានរៀននៅសាលាកាសែតរយៈពេល១០ឆ្នាំ ព្រោះគាត់ទទួលបានទាំងការរៀនសូត្រ និងការចាប់ផ្ដើមយល់កាន់តែច្បាស់ និងក្ដីស្រឡាញ់ពីអាជីពមួយនេះ។ ដោយសារតែការប្ដឹងផ្ដល់ និងការឡើងតុលាការរយៈពេល៦ឆ្នាំទៅលើផ្នែកអត្ថបទនយោបាយនៅដេលី លោកក៏បានលាឈប់ពីតំណែង។
បន្ទាប់ពីការចាកចេញ នៅខែមេសា ឆ្នាំដដែលលោកបានក្លាយជាប្រធានគ្រប់គ្រងអ្នកកាសែត នៅកាសែតភ្នំពេញប៉ុស្ដ៍ ដែលជាឱកាសមួយដើម្បីឲ្យគាត់រៀន និងសិក្សាបន្ដទៀត។ ដោយសារចំណេះនិងការរៀនសូត្រនៅដេលី ធ្វើឲ្យលោកស្គាល់ពីការគ្រប់គ្រងក្នុងការផ្សព្វផ្សាយពត៌មាន និងការគ្រប់គ្រងមនុស្ស។ ៨ឆ្នាំក្រោយមក ដោយសារមានការទុកចិត្ត និងការជួយជ្រោមជ្រែង រួមទាំងការគោរពស្រឡាញ់ លោកក៏ត្រូវបានតែងតាំងជានិពន្ធនាយកផ្នែកខេមរភាសា។ មកដល់សព្វថ្ងៃនេះ លោកបានក្លាយទៅជានិពន្ធនាយកទាំងខេមរភាសា និងភាសាបរទេសដែលគ្រប់គ្រងទៅលើការផ្សព្វផ្សាយ។
ការងារជាអ្នកកាសែតរបស់គាត់ ប្រឈមនឹងហានិភ័យខ្លាំង ប៉ុន្ដែបើធៀបទៅនឹងទាហាននៅក្នុងសមរភូមិ យើងនៅគ្រាន់បើជាងគេផង មិនតែប៉ុណ្ណេាះអ្នកកាសែតក៏ជាអ្នកដើរតួដ៏សំខាន់ក្នុងការផ្ដល់នូវពត៌មាន ក៏ដូចជាចំណេះដឹង តាមរយៈការចែករំលែកតាមសំណេរដល់ប្រជាជន និងសង្គមជាតិ ដូច្នេះយើងគូរគប្បីស្រឡាញ់ និងឲ្យតម្លៃទៅលើអ្នកកាសែត និងកំុរើសអើងការងារនេះ ពីព្រេាះប្រសិនបើអត់ពីអ្នកកាសែត ប្រជាជន និងសង្គមជាតិ និងបាត់នូវចំណីចក្ខុ ក៏ដូចជាចំណេះ និងតថភាពនៅក្នុងសង្គមយើងសព្វថ្ងៃនេះ។
លោកមានប្រសាសន៍ថា៖ «ការបាត់បង់ដេលី គឺជារឿងមួយដែលគួរឲ្យសោកស្ដាយបំផុត ដោយសារដេលី គឺប្រៀបដូចជាបណ្ណាល័យមួយ ដែលជាកន្លែងហ្វឹកហាត់ និងបង្រៀនមនុស្សជាច្រើននាក់តាំងពីឆ្នាំ១៩៩៣មកម្លេ៉ះ ។ បេសកកម្មរបស់គាត់គឺជួយមនុស្សតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការសរសេរព័ត៌មានពិត សម្រាប់ឲ្យមនុស្សវិនិច្ឆ័យ ដែលជាអាហាររបស់ខួរក្បាល។»
ជាសារចុងក្រោយដែលសំណូមពរទៅកាន់យុវជន លោកមានការផ្ដែផ្ដាំថា ប្រសិនបើមិនស្រឡាញ់ការអានកាសែត តែត្រូវស្រឡាញ់និងគាំទ្រភាពជាអ្នកកាសែត ពីព្រេាះថាអ្នកកាសែត គឺជាអ្នកផ្ដល់យុត្តិធម៌ ជាអ្នកផ្ដល់ចំណីខាងផ្នែកបញ្ញាដល់ប្រទេសជាតិ។ ជាពិសេសកំុខ្ជិល កំុខ្ជីខ្ជាយ និងខ្ជះខ្ជាយ ត្រូវឧស្សាហ៍សន្សំសំចៃ សីលធម៌និងសម្បជញៈក្នុងខ្លួន។ ជាពិសេសជួយស្រោចស្រង់ប្រទេសជាតិ ប្រទេសយើងមានតែអង្គរវត្តតែប៉ុណ្ណេាះដែលគេស្គាល់ ដូច្នេះក្នុងនាមជាយុវជនខ្មែរគួរតែឃ្មីឃ្មាតខិតខំបង្កើតកេរ្ដិ៍ឈ្មេាះជូនប្រទេសជាតិ។
ជាលទ្ធផល បន្ទាប់ពីដំណើរជីវិតរបស់គាត់មក ខ្ញំុយល់ថា ការចាប់និងទទួលយកឱកាសដែលនៅជិតយើងគឺជារឿងមួយដ៏សំខាន់ ហើយចំណុចអវិជ្ជមាន និងកំហុសដែលយើងបានប្រព្រឹត្តវាជាការចងចាំ និងការឈានទៅរកភាពជោគជ័យក្នុងជីវិត មិនប៉ុណ្ណេាះបញ្ហាដែលរាំងស្ទះអ្នក វាគឺជាការចាប់ផ្ដើមនៅក្នុងជីវិតឆ្ពោះទៅរកភាពស្រស់ត្រកាល និងភាពរឹងមាំរបស់អ្នក។ ទោះបីជាពេលនេះ អ្នកស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏វាមិនអាចកំណត់នូវជីវិតរបស់អ្នកនៅថ្ងៃអនាគតបាននេាះឡើយ។ ឲ្យតែអ្នកនៅមានសង្ឃឹម និងមានការខិតខំប្រឹងប្រែងក្នុងដំណើរជីវិតរបស់អ្នក អ្នកនឹងអាចធ្វើបាន និងទទួលបានលទ្ធផលគាប់ចិត្តទៀតផង។
បញ្ជាក់៖ ដេលី មានន័យថា ខេមបូឌា ដេលី
សូមអរគុណចំពេាះការអានរបស់អ្នក
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។