ដោយ៖ សូ សុខឃីម
យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានសិក្សារួចមកហើយអំពីរឿង កុលាបប៉ៃលិន ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី៩។ នៅក្នុងរឿងនេះដែលនិពន្ធដោយលោក ញ៉ុក ថែម ក្នុងឆ្នាំ ១៩៣៦ នេះទៀតសោតមានភាពទាក់ទាញមិនចាញ់រឿងបរទេសទេ។ តើភាព ទាក់ទាញនៃរឿងប្រលោមលោកទំនើបនេះអស្ចារ្យប៉ុណ្ណា?
មុននឹងឈានដល់ការរៀបរាប់ពីភាពទាក់ទាញនៃរឿងខាងលើ យើងគប្បីដឹងពីឈ្មោះតួអង្គ សំខាន់ៗមួយចំនួនសិនដូចជា តួអង្គឯករួមមាន ចៅចិត្រ និងឃុននារី ចំណែកតួអង្គរងមានដូចជា តាចឺម គ្រូពេទ្យស្អាត លោកហ្លួងរតនសម្បត្តិ និងលោកបាឡាត់ស្រុកជាដើម។
ចំពោះទស្សនៈខ្ញុំផ្ទាល់ ខ្ញុំគិតថា ការរស់នៅរបស់មនុស្សនៅសតវត្សនេះគឺត្រូវការចាំបាច់នូវ ការសិក្សារៀនសូត្រ ដូចជាសុភាសិតខ្មែរយើងមួយបានពោលថា “ចំណេះវិជ្ជាជាទ្រព្យជាប់នឹងប្រាណ”។ បើយើងមានចំណេះវិជ្ជាពិតប្រាកដគឺមិនខ្វះទេការងារដែលតាមហៅយើង ប្រៀបដូចចៅចិត្រនៅ ក្នុងរឿងអញ្ចឹងដែរ ចៅចិត្រមានទំាងចំណេះវិជ្ជា ភាពស្មោះត្រង់ ភាពក្លាហាន ប្រាជ្ញាវៀងវៃ ចេះគោរព ចាស់ទុំ ចេះបត់បែនខ្លួនបានគ្រប់កាលៈទេសៈ មិនដូចជាបាឡាត់ដែលសម្លឹងឃើញតែ ទ្រព្យសម្បត្តិអ្នកដទៃ។ ចំណែកឯឃុននារី ជាស្រ្តីមានចរិតលក្ខណៈល្អសមសួន អាចថាជានារីគ្រប់ លក្ខណ៍តែម្ដង មានទាំងរូបសម្រស់ មានទំាងចំណេះវិជ្ជា បូករួមផ្សំនឹងកិរិយាមាយាទប្រពៃផងនោះ បានធ្វើអោយប្រុសៗទូទាំងប៉ៃលិន អ្នកណាក៏លួចប៉ងប្រាថ្នា ចង់បាននាងដែរ។ ហេតុដូចនេះហើយ ក្នុងនាមយើងជាយុវជន យុវតីជំនាន់ក្រោយ យើងគប្បីយកគម្រូតាមអ្នកទាំងពីរ ខិតខំប្រឹងប្រែងរៀនសូត្រគ្រប់មុខវិជ្ជា និងភាសា ពេលទំនេរពីការសិក្សាក៏គួរតែជួយកិច្ចការងារផ្ទះឪពុកម្ដាយដែល យើងគិតថាអាចជួយបាន។ មិនតែប៉ុណ្ណោះ ត្រូវស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ ចេះគោរពរៀមច្បង គ្រូព្រឹទ្ធាចារ្យ និងចាស់ទុំនៅក្នុងភូមិស្រុក ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពេលធ្វើដំណើរនៅតាមដងផ្លូវទើបអាចធ្វើដំណើរបានប្រកបដោយសុវត្ថិភាព និងត្រូវចេះរួបរួមសាមគ្គី គ្នា រក្សាទឹកដី ប្រាសាទបុរាណ វប្បធម៍ សាសនា របាំដែលដូនតាយើងបានបង្កើត និងបន្សល់ទុកអោយ។ ងាកទៅមើលលោក ហ្លួង រតនសម្បត្តិឯណោះវិញ លោកជាថៅកែត្បូងដែលមិនរើសអើង ឬមើលងាយអ្នក ដែលមានឋានៈទាបជាងខ្លួនឡើយ ហើយលោកបានធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រទៀតផង។ ចំពោះលោក ខ្ញុំគិតថាប្រសិនបើយើងអាចយកគម្រូតាមប្រាកដជាល្អ យើងមិនត្រូវបែកបាក់គ្នានោះទេ ហើយបែបនេះទើបគ្មានសត្រូវណាមកយាយីយើងបាន។ ផ្ទុយទៅវិញ បើយើងបែកបាក់គ្នានោះ ប្រទេសជាតិយើងនឹងធ្លាក់ក្នុងស្ថានភាពដុនដាបជាមិនខាន។ ជាក់ស្ដែងប្រសិនបើយើងមានចិត្តសប្បុរស យើងគួរតែចំណាយមូលធនផ្ទាល់ខ្លួនបន្តិចបន្តួចដើម្បី ជួយឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ឬសហគមន៍ផ្សេងៗដើម្បីអោយពួកគេបានរៀនសូត្រ និងក្លាយជា ទំពាំងដ៏រឹងមាំមួយសម្រាប់ស្នងឫស្សីនៅពេលអនាគត។
សរុបសេចក្ដីមក នៅក្នុងរឿងនេះ អ្នកនិពន្ធបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅដល់កុលបុត្រ កុលធីតាខ្មែរ មិនមែននិពន្ធឡើងសម្រាប់តែជាការអាចកម្សាន្តអារម្មណ៍ កែអផ្សុកនោះទេ យើងគួរយកគម្រូតាមតួអង្គល្អៗនៅក្នុងរឿងនេះ។ ជាចុងក្រោយក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំចង់ សម្ដែងពីភាពអស្ចារ្យពីអរិយធម៍របស់ប្រទេសខ្លួន ហើយក៏ចង់ឲ្យអ្នកទំាងអស់គ្នាចូលរួមថែរក្សា អរិយធម៍ ដ៏សែនរុងរឿងមួយនេះ តជារៀងដរាបផងចុះ។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។