ដោយ៖ សៀង វន្ថា
មនុស្សគ្រប់រូបមានទម្លាប់ និងវិធីក្នុងការសិក្សាស្វែងយល់ផ្សេងៗគ្នា រួមមានតាមរយៈការអាន ស្ដាប់ មើល ឬក៏តាមការពិភាក្សាជាដើម។ មនុស្សគ្រប់គ្នាគួរតែសិក្សាស្វែងយល់ពីវិធីដែលខ្លួនឯងចូលចិត្ត ដែលអនុញ្ញាតឲ្យខ្លួនឯងទទួលបានចំណេះដឹងពីវិធីនោះជាអតិបរមា។ វិធីមួយក្នុងចំណោមនោះ គឺការអាន។ ទន្ទឹមនឹងនេះ កម្មវត្ថុនៃការអានក៏ជារឿងមួយសំខាន់ ជាពិសេសគឺថាតើសៀវភៅប្រភេទណាដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន និងផ្ដល់អត្ថប្រយោជន៍ ដល់ខ្លួន។ មួយក្នុងចំណោមសៀវភៅជាច្រើនដែលខ្ញុំបានអាន ហើយអានជាច្រើនលើកច្រើននោះគឹ សៀវភៅដែលមានចំណងជើងថា “កំពូលមេដឹកនាំពិភពលោក”។ សៀវភៅនេះបង្កប់ទៅដោយអត្ថន័យ និងការអប់រំយ៉ាងច្រើនដែលវាបានផ្លាស់ប្ដូរគំនិត និងជីវិតរបស់ខ្ញុំ។
សកម្មភាពនៃការផ្លាស់ប្ដូរ ការផ្ដួលរលំ ឬក៏ការងើបឡើងវិញនៃប្រទេសមួយដែលដឹកនាំដោយ មេដឹកនាំ ល្បីៗបានបង្ហាញយើងពីព្រឹត្តិការណ៍សំខាន់ៗ និងបន្សល់ទុកជាមេរៀន និងបទពិសោធន៍ ដូចសព្វថ្ងៃនេះ។ ក្នុងចំណោមមេដឹកនាំល្បីៗទាំងនោះ មានខ្លះជាកំពូលមនុស្សអាក្រក់ដែលគេប្រដូចទៅ នឹងបិសាច ហើយខ្លះទៀតជាតំណាងឲ្យសេចក្ដីល្អដែលគេប្រដូចទៅនឹងព្រះ។ ការសិក្សាពីមនុស្សអាក្រក់ គឺដើម្បីឲ្យយើងយល់ដឹងទៅថ្ងៃក្រោយថាតើមេដឹកនាំណាម្នាក់ល្អឬអាក្រក់ ដូច្នេះយើងអាច ទប់ស្ដាត់មិនឲ្យមនុស្សរបៀបនេះបង្កមហន្តរាយជាថ្មី។ ការសិក្សាពីមនុស្សល្អនឹងបានជាមេរៀនដ៏អស្ចារ្យ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។
មេដឹកនាំអហិង្សាដែលគោរពប្រតិបត្តិតាមវិន័យសាសនាយ៉ាងខ្ជាប់ខ្ជួនម្នាក់បាននិយាយថា «ខ្ញុំចាត់ទុកខ្លួនឯងជាជនជាតិហិណ្ឌូ គ្រិស្តសាសនិកជន អ៊ីស្លាម ជ្វីហ្វ ពុទ្ធិសាសនិក និងខុងជឺ» នោះគឺ មហាត្មៈ គន្ធី។ តាំងពីយុវជនមកម្ល៉េះ គន្ធីតែងតែទទួចសួរខ្លួនឯងជារឿយៗថា «តើខ្ញុំជានរណា? តើនឹងមានហេតុការណ៍អ្វីកើតឡើងចំពោះរូបខ្ញុំ? តើជីវិតគឺជាអ្វី?» ។ គន្ធីបានបញ្ចប់ការសិក្សានៅ មហាវិទ្យាល័យច្បាប់នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ក្រោយពីបរាជ័យក្នុងអាជីពជាមេធាវីនៅប្រទេសឥណ្ឌា គាត់បានធ្វើដំណើរទៅអាហ្រ្វិកខាងត្បូងដោយសង្ឃឹមថាជីវិតនឹងមានភាពប្រសើរឡើង។ ប៉ុន្តែវា បែរជាខុសពីការគិតរបស់គាត់ ព្រោះនៅទីនោះគាត់បានជួបនូវរឿងជាច្រើនដែលបានផ្លាស់ប្ដូរជីវិត របស់គាត់។
ក្នុងពេលអង្គុយនៅកៅអីថ្នាក់លេខមួយក្នុងទូរថភ្លើងមួយ លោកត្រូវបានគេស្នើអោយក្រោក ចេញទៅអង្គុយកៅអីថ្នាក់លេខបីជាមួយនឹងជនជាតិឥណ្ឌាស្បែកខ្មៅឯទៀតៗ។ នៅពេលដែលគាត់ពុំ ព្រមក្រោកចេញពីកៅអីដែលគាត់បានទិញសំបុត្ររួចហើយ គន្ធីបានត្រូវគេទម្លាក់ចេញពីរថភ្លើងជាមួយ នឹងកញ្ចប់អីវ៉ាន់របស់គាត់ ដោយទុកអោយគាត់រងាញ័រក្នុងបន្ទប់រងចាំអស់ពេញមួយយប់។
ក្រោយបន្តិចមកទៀត នៅពេលដែលគាត់ពុំព្រមបោះបង់កន្លែងអង្គុយនៅលើរទេះសេះទៅ អោយអ្នកដំណើរស្បែរសម្នាក់នោះ អ្នកបើកបររទេះសេះបានវាយគាត់យ៉ាងដំណំ។ បទពិសោធន៍របស់ លោកនៅអាហ្វ្រិកខាងត្បួង បាននំាអោយគន្ធីបេ្ដជ្ញាលះបង់ខ្លួនឯងទំាងស្រុងដើម្បីការតស៊ូសម្រាប់ យុត្តិធម៍សង្គម។ ការតស៊ូនេះឯង ដែលជាចម្លើយដ៏ពិតប្រាកដមួយចំពោះសំនួរដែលគាត់តែងតែ សួរខ្លួនឯងកាលនៅជាយុវជនមកម្ល៉េះ។
ជាមេរៀនដែលយើងអាចសិក្សាបាន គឺគន្ធីជាមេដឹកនំាអហិង្សាតែម្នាក់គត់ក្នុងការតស៊ូ ប្រកបដោយ ជោគជ័យរបស់ឥណ្ឌា ដើម្បីទទួលបានឯករាជ្យភាពពីការគ្រប់គ្រងរបស់អង់គ្លេស។ មិនដូចមេដឹកនាំសាសនាភាគច្រើន គន្ធីពុំបានចំណាយពេលវេលាក្នុងជីវិតរបស់គាត់គ្រាន់តែសូត្រធម៍ ក្នុងព្រះវិហាប៉ុណ្ណោះទេ។ ផ្ទុយទៅវិញលោកខិតខំធ្វើការទំាងក្នុងរដ្ឋាភិបាល និងនយោបាយដើម្បីឲ្យពិភពលោកកាន់តែក្លាយជាកន្លែងល្អប្រសើរសម្រាប់មនុស្សគ្រប់វណ្ណៈ និងគ្រប់គ្នា។ ដោយគិតពីប្រយោជន៍ជាតិជាធំ គន្ធីបានលះបង់គ្រប់យ៉ាងដោយមិនគិតពីប្រយោជន៍ខ្លួននោះឡើយ។ លោកបានលើកឡើងថា «វាពិតជាអាចទៅរួចដែលមនុស្សម្នាក់ប្រឆាំងនឹងអំណាចដ៏មិនត្រឹមត្រូវដើម្បីសង្គ្រោះ កិត្តិយសរបស់ខ្លួន សាសនារបស់ខ្លួន ព្រលឹងរបស់ខ្លួន ហើយបង្កើតមូលដ្ឋានសម្រាប់ការផ្ដួលរំលំ ឬការបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី»។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។