ខ្ញុំអានដោយមិនចង់ឱ្យវាចប់

ដោយ៖ លិន ស្រីអន

នេះជារូបរបស់ លោក …

«សៀវភៅគឺជាឃ្លាំងនៃចំណេះដឹង» ឃ្លាមួយនេះយើងតែងឃើញបិទជាប់ជញ្ជាំងសាលារៀន ក្នុងបណ្ណាល័យ និងក្នុង ទីធ្លាសាលាជាដើម។ មិនតែប៉ុណ្ណោះក្រោយចប់ថ្នាក់រៀន លោកគ្រូអ្នកគ្រូតែងផ្ដាំថា ទៅផ្ទះកុំភ្លេចអានសៀវភៅផង។ មនុស្សភាគច្រើនសុទ្ធតែយល់ថាសៀវភៅល្អ ហើយអាចផ្ដល់មេរៀននិងបទពិសោធន៍ល្អៗដល់អ្នកអាន។ ហេតុអ្វីបានជាគេគិតថាសៀវភៅល្អ ហើយគួរចំណាយពេលអានវា? ខាងក្រោមនេះជាបទពិសោធន៍មួយ ដែលខ្ញុំបានអាន និងរៀនពីសៀវភៅមួយក្បាល។

មិនខុសគ្នាប៉ុន្មានពីមនុស្សមួយចំនួនក្នុងប្រទេសកម្ពុជាដែរ ខ្ញុំមិនមែនធំធាត់ឡើងក្នុងគ្រួសារជាអ្នកចូលចិត្ដសៀវភៅនោះទេ ហើយក៏មិនបានទទួលការលើកទឹកចិត្ដ ឬការបង្ខំឱ្យអានពីឪពុកម្ដាយដែរ តែខ្ញុំដឹងថាសៀវភៅជារបស់ល្អបំផុត ដែលខ្ញុំត្រូវតែប្រើ ដូច្នេះហើយខ្ញុំក៏ចាប់ផ្ដើមអានវា និងបន្ដអានរហូតមក។ ក្នុងចំណោមសៀវភៅជាច្រើនដែលខ្ញុំធ្លាប់អានកន្លងមក មានសៀវភៅមួយក្បាលដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេ ហើយចង់បង្ហាញអ្នកនៅពេលនេះ សៀវភៅនោះមានចំណងជើងថា សហគ្រិនចំណាន​​ “គ្រប់មាគ៌ាសុទ្ធតែក្រាលដោយមាស” ។

ស្ដាប់មួយភ្លែតក៏ឆ្ងល់ដែរថាតើមាគ៌ា ឬផ្លូវអ្វីទៅដែលមានក្រាលសុទ្ធតែមាសនោះ។ តាមរយៈសៀវភៅមួយក្បាលដែលមានកម្រាស់ជាង ២០០ទំព័រនេះ ខ្ញុំបានរៀនរឿងរ៉ាវជាច្រើន ដែលរាប់រៀបក្នុងបទពិសោធន៍ជីវិតរបស់សហគ្រិន ជនជាតិកូរ៉េខាងត្បូងម្នាក់ គឺលោក គីម វូឈុង។​ គាត់គឺជាប្រធានស្ថាបនិកនៃសហគ្រាសឌេវូដ៏ធំមួយប្រចាំប្រទេសកូរ៉េខាងត្បូង។ បើកបានត្រឹមទំព័រ១០ជាងដំបូង យើងនឹងចាប់ផ្ដើមឃើញការរៀបរាប់ខ្លះៗពីលោកគីម និងការសង្ខេបត្រួសៗពីខ្លួនលោកផ្ទាល់ទាក់ទងនឹងលក្ខណៈដ៏ទាក់ទាញរបស់លោក។ ខ្ញុំដឹងថាយើងទាំងអស់គ្នាមិនចង់ស្ដាប់គេរៀបរាប់តែចំណុចល្អទូទៅដូចគេដូចឯងនោះទេ ព្រោះយូរៗទៅវាកាន់តែធ្វើឱ្យធុញ។ ដូច្នេះខ្ញុំសូមលើកយកចំណុចដ៏ពិសេសមួយពីបុគ្គលមួយរូបនេះ។

នៅពេលដែលមនុស្សជាច្រើនមិនចូលចិត្ដចំណាយពេលធ្វើការ ឬអាចនិយាយថាពួកគេចង់ឱ្យតែដល់ពេលចប់ម៉ោងធ្វើការឆាប់ៗនឹងអាលទៅជួបជុំគ្រួសារ ឬមិត្ដភកិ្ដ ហើយក៏ទទ្ទឹងរង់ចាំថ្ងៃឈប់សម្រាកផងនោះ លោកគីមបែរជាមានទស្សនៈផ្ទុយពីនោះទៅវិញ។ លោកបានរៀបរាប់ថា “ខ្ញុំនឹងឈឺបើខ្ញុំមិនបានធ្វើការ”។ ស្ដាប់ទៅចម្លែកបន្ដិចមែន ដំបូងខ្ញុំក៏មិនជឿឃ្លាមួយនេះដែរ ព្រោះគ្មានអ្នកណាមិនចង់ឈប់សម្រាកទេ ពិសេសបើមានទ្រព្យស្ដុកស្ដម្ភផង គួរតែចំណាយពេលលំហែកាយឱ្យបានច្រើន និងរីករាយនឹងជីវិត​ តែអានកាន់តែយូរទៅខ្ញុំកាន់តែជក់ចិត្ដ នឹងទស្សនៈដ៏កម្ររបស់គាត់មួយនេះ ដោយហេតុថាកាលណាយើងចូលចិត្ដធ្វើអ្វីមួយហើយ យើងនឹងងប់ធ្វើវា ដោយមិនចង់ឈប់ហើយក៏គ្មានអារម្មណ៍ថាអស់កម្លាំងដែរ ពិសេសពេលឃើញថាការខិតខំរបស់យើងទទួលបាន លទ្ធផលតបមកវិញ។

ក្នុងសៀវភៅមួយក្បាលនេះ នៅមានរឿងរ៉ាវផ្សេងៗទៀតនិងបទពិសោធន៍ជាច្រើន ដែលខ្ញុំគិតថាអ្នកគួរតែសាកល្បងស្វែងរកវាដោយខ្លួនឯង ហើយក្រោយពេលរកឃើញបានច្រើនហើយ កុំភ្លេចចែករំលែកដល់អ្នកដទៃ និងដល់ខ្ញុំវិញផងបើអាច ព្រោះខ្ញុំទទ្ទឹងរង់ចាំមេរៀនល្អៗ និងបទពិសោធន៍ថ្មីៗដែលខ្ញុំមិនទាន់បានឆ្លងកាត់ដើម្បីអភិវឌ្ឍខ្លួន។ មិនត្រឹមតែសៀវភៅមួយនេះទេ ដែលមានខ្លឹមសារអប់រំល្អ ក៏មានសៀវភៅល្អៗរាប់សិបក្បាលផ្សេងទៀតដែលកំពុងរង់ចាំអ្នកយកទៅអាន។ ដូច្នេះនៅចាំអីទៀត ចំណាយលុយខ្លះទិញសៀវភៅ ហើយចំណាយពេលខ្លះដើម្បីអានវា អ្នកនឹងទទួលផលលើលពីតម្លៃរបស់វាទៅទៀត។ បើមិនជឿខ្ញុំ អ្នកអានសាកមើលបាន៕

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s