ដោយ សូ សុខឃីម
បើទោះបីជាការរើសអើងជនពិការត្រូវបានកាត់បន្ថយក៏ពិតមែនក្នុងសង្គមកម្ពុជាយើង ប៉ុន្តែចំពោះការស្វែងរកការងារធ្វើនៅតែស្ថិតក្នុងកម្រិតមួយទាប ពិសេសគឺពិការភ្នែក។ តើការស្វែងរកការងារធ្វើរបស់យុវជនដែលមានពិការភាពពិតជាប្រឈមមែនឬ? ព្រោះអ្វី?
ជាក់ស្ដែងការរើសអើសចំពោះជនពិការភ្នែកនៅក្នុងសង្គមយើងកំពុងតែកាត់បន្ថយ ប្រៀបដូចជាការដើររបស់ទ្រនិចនាឡិកា ដោយមានការចូលរួមពីសំណាក់តួអង្គផ្សេងៗរួមមាន៖
- តួអង្គរដ្ឋាភិបាល បានខិតខំប្រឹងប្រែងបង្កើតច្បាប់ផ្នែកពិការភាព ដើម្បីជួយគាំទ្រ និងលើកកម្ពស់ជនពិការ ដែលកំពុងរស់នៅក្នុងសង្គមខ្មែរយើងអោយបានទទួលបាននូវសិទ្ធិដូចជាមនុស្សធម្មតាដែរ។ ឧទាហរណ៍ជាក់ស្ដែងចំពោះការទទួលយកជនពិការ អោយចូលធ្វើការនៅក្នុងស្ថាប័នរដ្ឋមានចំនួន ២% និង ១% ចំពោះស្ថាប័នឯកជន។
- លើសពីនេះទៅទៀត ក៏មានការចូលរួមជាច្រើនពីសំណាក់អង្គការក្រៅរដ្ឋាភិបាលដោយផ្ទាល់ និងប្រយោល ដូចជា ការគាំទ្រផ្នែកបច្ចេកទេសថវិកា ការអប់រំផ្សព្វផ្សាយ។ល។
យ៉ាងណាមិញ បើទោះបីជាមានការខិតខំប្រឹងប្រែងចូលរួមគាំទ្រ និងលើកកម្ពស់ផ្នែកវិស័យពិការភាពយ៉ាងណាក៏ដោយពីសំណាក់អ្នកពាក់ព័ន្ធ ក៏នៅតែមានកត្តាមួយចំនួនដែលបណ្ដាលអោយមានការរាំងស្ទះ ឬប៉ះពាល់ចំពោះការស្វែងរកការងាររបស់យុវជនពិការនៅសង្គមមានដូចជា៖
– កត្តាគ្រួសារ៖ ឪពុកម្ដាយដែលមានកូនជាជនពិការនៅក្នុងបន្ទុកពុំសូវមានចំណេះដឹង ការជម្រុញ ការលើកទឹកចិត្ត ការផ្តល់ឪកាស ការយកចិត្តទុកដាក់ ការតាមដានលើការសិក្សា ឬសុខភាព នៅមានកម្រិត ពិសេសកូនដែលមានពិការភាពភ្នែក។
– កត្តាស្ថាប័នអង្គការពាក់ព័ន្ធ៖ ទទួលខុសត្រូវលើផ្នែកការអភិវឌ្ឍពិការភាពមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ ឬស៊ីជម្រៅអំពីតម្រូវការពិតប្រាកដ អំពីបញ្ហាប្រឈមដែលត្រូវការដំណោះស្រាយជាក់លាក់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ជនពិការ ជាពិសេសជនពិការភ្នែក។
– កត្តាវិស័យឯកជន៖ ខ្វះព័ត៍មាន និងចំណេះដឹងពាក់ព័ន្ធទៅនឹងសមត្ថភាព លទ្ធភាព ដែលជនពិការអាចធ្វើបាន។
– កត្តាមជ្ឈដ្ឋានជុំវិញ៖ ពុំទាន់បើកចិត្តឲ្យទូលាយដើម្បីទទួលយក នឹងឲ្យតម្លៃពេញលេញចំពោះសមត្ថភាព និងលទ្ធភាពដែលជនពិការអាចធ្វើបាន
– កត្តាផ្សព្វផ្សាយ៖ មិនមានការបង្ហាញអំពីសមត្ថភាព ចំណេះដឹង លទ្ធភាពរបស់ជនពិការនៅលើប្រព័ន្ធផ្សព្វផ្សាយអោយបានច្រើន។
– កត្តាអប់រំ៖ មិនទាន់មានគុណភាពគ្រប់គ្រាន់ សម្រាប់ផ្ដល់ឲ្យជនពិការដូចជា៖ សាលាវិជ្ជាជីវៈក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធពិសេសគឺពិការភ្នែក។
– កត្តាច្បាប់ដែលខ្វះការយល់៖ ខ្វះការយល់ដឹង ការផ្សព្វផ្សាយ និងការអប់រំអោយបានទូលំទូលាយ និងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់។
កត្តាទំាងអស់នេះហើយគឺជាបញ្ហាប្រឈមរបស់ជនពិការ ពិសេសជនពិការផ្នែកភ្នែកពិបាកក្នុងការស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវិតនៅក្នុងសង្គមយើង។ ម្យ៉ាងទៀតចំពោះដំណោះស្រាយ គួរពង្រឹងលើគុណភាពនៃការអប់រំសម្រាប់ជនពិការ ដូចជាជនពិការផ្នែកភ្នែក ដោយពង្រឹងនូវសមត្ថភាព ចំណេះដឹងដល់ពួកគាត់។ ចំពោះអ្នកដែលអនុវត្តច្បាប់ ឬអ្នកនយោបាយ ត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីតម្រូវការរបស់ជនពិការ ពិសេសជនពិការភ្នែក ដើម្បីរៀបចំធ្វើគោលនយោបាយ ច្បាប់ ដែលមានការឆ្លើយតបឲ្យមានប្រសិទ្ធិភាពចំពោះបញ្ហាដែលកើតមាន។
ដូចនេះហើយ ដើម្បីធ្វើឲ្យជនពិការអាចមានឳកាសក្នុងការក្រោកឈរ ឬមានការងារធ្វើដូចជាមនុស្សធម្មតា លុះត្រាតែមានការផ្តល់ឳកាសជួយជ្រោមជ្រែងពីសំណាក់ក្រុមគ្រួសារ សាច់ញាតិ លោកគ្រូអ្នកគ្រូ មិត្តភក្ដិ មនុស្សដែលពាក់ព័ន្ធ និងមជ្ឈដ្ឋានជុំវិញទាំងអស់។ លើសពីនេះទៅទៀត ការធ្វើបែបនេះ គឺសម្រាលបន្ទុករបស់យើងទាំងអស់គ្នានៅក្នុងសង្គម ពីព្រោះតែពួកគាត់អាចធ្វើកិច្ចការងារ ឬប្រកបមុខរបរណាមួយដើម្បីចិញ្ចឹមជីវិតខ្លួនបាន។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។