By Vantha Sieng
យូនីសេហ្វកម្ពុជា
សម្លេងយុវជនកម្ពុជា
ប្រធានបទ ៖ ប្រាប់ពីខ្លួនអ្នក!
ចំណងជើង ៖ យុវជនម្នាក់នោះជានរណា?
ក្នុងរាត្រីដ៏ត្រជាក់ដែលមានខ្យល់ធ្លាក់មកប៉ះនឹងកាយ យុវជនម្នាក់នោះមិនមែនគេងនៅក្នុងបន្ទប់ដូចជាគេឡើយ តែជាញឹកញាប់គេគេងនៅមុខអាគារមួយនៅក្នុងមន្ទីរបរិស្ថានខេត្តរតនគិរីក្នុងនាមជាអ្នកយាមអាគារពេលយប់។ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ ទើបគេរើប៉ាវអ៊ី មុង ភួយ ខ្នើយចូលទៅគេងក្នុងអាគារ។
វាហាក់ដូចជាគេងបានតែមួយស្របក់ប៉ុណ្ណោះ ដល់ម៉ោងប្រាំព្រឹកជាពេលដែលមនុស្សដទៃទៀតកំពុងតែទទួលបាន នូវដំណេកដ៏លុងលក់ស្រួល នាឡិការបស់គេបានរោទ៍ខ្ទរខ្ទារបញ្ជាក់ប្រាប់ថាគេដល់ម៉ោងក្រោកពីដំណេកហើយ។ គ្រាន់តែក្រោកភ្លាម គេប្រញាប់ប្រញាល់ក្នុងការរៀបចំឥវ៉ាន់ ព្រោះគេមិនមែនត្រឹមតែជាអ្នកយាមពេលយប់ឯណា តែគេក៏ជាអ្នកបណ្ដុះផ្សិតយកទៅលក់នៅផ្សារពេលព្រឹកផងដែរ។ រៀងរាល់ព្រឹក មុនពេលរៀបចំខ្លួនទៅសាលារៀន ការងារ របស់គេគឺបេះផ្សិត ហើយយកទៅលក់អោយម៉ូយនៅផ្សារបានលុង ខេត្តរតនគិរី។ ការងារជាអ្នកយាម អាគារនៅពេលយប់ និងលក់ផ្សិត បានចិញ្ចឹមយុវជនម្នាក់នេះរយៈពេលបីឆ្នាំរហូតដល់គេបញ្ចប់ការសិក្សាថ្នាក់ វិទ្យាល័យនៅឆ្នាំ២០១៤ ដោយជោគជ័យ។
យុវជនម្នាក់នោះគឺឈ្មោះថា សៀង វន្ថា។ វន្ថា គឺជាកូនទីបីក្នុងចំណោមបងប្អូនប្រុសទាំងអស់ប្រាំនាក់។ វន្ថា មានឪពុក ដែលអោយតម្លៃទៅលើការអប់រំខ្លាំងណាស់។ គាត់តែងតែប្រាប់កូនៗរបស់គាត់ថា ភាពក្រីក្រមិនអាច ខំាជាប់គ្រួសារ ដែលមានធនធានមនុស្សបានយូរឡើយ។ ស្ថិតនៅក្នុងសិក្សាថ្នាក់ទី ៨ វន្ថាបានសុំឪពុកមករៀន នៅទីក្រុងដោយ ហេតុតែខ្លួនចង់រៀនភាសាអង់គ្លេស និងកុំព្យូទ័រ តែពេលនោះឪពុកបានបដិសេធ។ ទោះជាយ៉ាង ណា បន្ទាប់ពីបញ្ចប់ថ្នាក់អនុវិទ្យាល័យ វន្ថានៅតែត្រូវបន្តមកថ្នាក់វិទ្យាល័យនៅទីក្រុងបានលុងដដែលព្រោះនៅ ស្រុកមិនមានថ្នាក់វិទ្យាល័យឡើយ។ ពេលវេលានោះហើយ ដែលវន្ថាបានក្លាយទៅជាអ្នកយាមអាគារពេលយប់ និងជាអ្នកបណ្ដុះផ្សិតលក់នៅផ្សារដើម្បីកម្រៃក្នុងការផ្គត់ផ្គង់ការសិក្សា និងជីវភាពប្រចាំថ្ងៃ។
និយាយពីការសិក្សារបស់វន្ថានៅថ្នាក់វិទ្យាល័យ គេស្រលាញ់មុខវិទ្យាសាស្ត្រសង្គមខ្លាំងណាស់ ជាពិសេសមុខវិជ្ជា ប្រវត្តិសាស្ត្រ ច្បាប់ ពលរដ្ឋវិជ្ជា រួមនឹងទស្សនៈវិជ្ជាផងដែរ។ ទោះជារវល់ ប៉ុន្តែគេនៅតែអាចអានសៀវភៅ មួយក្បាលក្នុងសប្ដាហ៍បានដែរ។ មានវេលាមួយនោះកាលរៀនថ្នាក់ទី១១ ពេលដែលវន្ថាឈ្លក់វង្វេងនឹងរឿង ទស្សនៈវិជ្ជាខ្លាំង មិត្តភក្ដិរបស់គេថែមទាំងនិយាយថាគេជាមនុស្សឆ្កួតផងដែរ។ ពេលនោះវន្ថានិយាយទៅកាន់ពួក គេវិញថា “ភាពឆ្កួតលីលាហាក់ដូចជា គ្មានប្រយោជន៍ទាល់តែសោះសម្រាប់មនុស្សល្ងង់” ។
តាំងពីនៅវិទ្យាល័យមកម្លេះ វន្ថាដឹងច្បាស់ណាស់ ថាខ្លួនចង់រៀនផ្នែកច្បាប់ហើយចង់ ក្លាយខ្លួនជាសាស្ត្រាចារ្យផ្នែក ច្បាប់មួយរូបនៅថ្ងៃអនាគត។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ គេបានមករស់នៅទីក្រុងភ្នំពេញដើម្បីបន្ត បេសកកម្មតាមចាប់ក្ដីស្រមៃរបស់ខ្លួន។ នៅទីក្រុងភ្នំពេញ គេបានស្នាក់នៅមណ្ឌល និស្សិតមួយដែលក្នុងមួយខែ តម្រូវអោយគេបង់ចំនួន ៤ម៉ឺនរៀល។ នៅទីនេះគេក៏មិនសូវបានទុកពេលអោយទំនេរច្រើននោះទេ ពោលក្រៅពីការ សិក្សា វន្ថាបានចំណាយពេលជាច្រើនជាមួយការងារស្ម័គ្រចិត្ត ទំាងនៅក្នុងទីក្រុង និងនៅតាមសហគមន៍ផងដែរ។ វន្ថាបានធ្វើការងារស័្មគ្រចិត្តអោយអង្គការមួយចំនួនដូចជា សមាគមយុវជនខ្មែរ ក្រុមប្រឹក្សាយុវជនកម្ពុជា មូលនិធិគ្លូបបោលភីសកម្ពុជា និងអង្គការអង្គលូធ័ររ៉ាន់ពិភពលោកជាដើម។
តាមរយៈបទពិសោធន៍ និងចំនេះដឹងពីការងារស្ម័គ្រចិត្តទាំងអស់នោះ បានជម្រុញអោយវន្ថាបង្កើតក្រុមយុវជនមួយ នៅខេត្តរតនគិរី ក្នុងគោលបំណងដើម្បីចូលរួមចំនែកក្នុងការលើកកម្ពស់ការអប់រំសម្រាប់យុវជនក្នុងខេត្តរតនគិរី។ បន្ថែមពីលើការងារស្ម័គ្រចិត្តទំាងនោះ វន្ថាក៏បានធ្វើកម្មសិក្សានៅតាមអង្គការអន្តរជាតិមួយចំនួនផងដែរ ដូចជា វើលវីសិនអន្តរជាតិនៅកម្ពុជា សាលាក្ដីខ្មែរក្រហម មជ្ឈមណ្ឌលដប់បឹលយូអេសឌីហាន់ដាដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៍អន្តរជាតិ មជ្ឈមណ្ឌលស្រាវជ្រាវនីតិមនុស្សធម៍ និងជាពិសេសគឺអង្គការយូនីសេហ្វនៅកម្ពុជា។
ធ្លាប់ឆ្លងកាត់ការលំបាកមួយចំនួន ហើយក៏ជាយុវជនតែម្នាក់មកពីសហគមន៍របស់ខ្លួនដែលបានបន្តការសិក្សាមក កាន់ថ្នាក់ឧត្ដមសិក្សានេះ វន្ថាតែងតែរំពឹងគិតទុកជាវិជ្ជមានថា នឹងអាចជួយដល់សហគមន៍របស់ខ្លួន ក៏ដូចជាក្លាយ ជាចំនែកមួយនៃការរីកចម្រើនរបស់កម្ពុជានេះផងដែរបន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួន។
ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។