ខ្ញុំគឺ…

ដោយ វ័ន្ត ច័ន្ទមករា

© វន ច័ន្ទមករា

អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។

«ខ្ញុំមិនដឹងថាត្រូវចាប់ផ្តើមពីណា ដើម្បីណែនាំខ្លួនខ្ញុំដល់អ្នកទាំងអស់គ្នាទេ ព្រោះថាការសរសេរនេះហាក់ដូចជាសរសេរអួតពីខ្លួន ឬក៏…នែ៎…ហែកកេរ្តិ៍ខ្លួន។ ខាងក្រោមខ្ញុំនឹងចាប់ផ្តើមពីប្រវត្តិរូបសង្ខេបយ៉ាងខ្លីបំផុត និងចុងក្រោយខ្ញុំនឹងបង្ហើបពីអាថ៌កំបាំងពីរបីរបស់ខ្ញុំប្រាប់ទាំងអស់គ្នា។ អ៊ីចឹង! សូមកុំទាន់អាលធុញ​​​​ទ្រាន់ ឬងោកងុយឡើយ!!»

ជម្រាបសួរមិត្តអ្នកអានទាំងអស់គ្នា!!

«វ័ន្ត» ក្នុងភាសាអង់គ្លេស មានសំនៀងដូច “one” (លេខ១) ហើយ«ច័ន្ទ»គឺជាថ្ងៃដែលគេស្អប់ជាងគេក្នុងចំណោមថ្ងៃទាំង៧ និង«មករា»ជាខែទីមួយ ដូចនេះឈ្មោះខ្ញុំគឺ វ័ន្ត ច័ន្ទមករា ដែលបានបង្កប់ទាំងថ្ងៃខែកំណើតខ្ញុំទៀត [ឡូយទេ?]។ អឺនែ៎…កុំចាញ់បោកខ្ញុំ… ហាហា… សុំទោស! តាមពិតទៅខ្ញុំមិនមែនកើតចំថ្ងៃច័ន្ទ ទី១ ខែមករាល្អដូច្នេះទេ គឺចំថ្ងៃសៅរ៌ ទី១៨ ឯណោះវិញទេ។ ខ្ញុំកើតលើទឹកដីខេត្តកំពង់ឆ្នាំង ហើយបានផ្លាស់ទីលំនៅមកភ្នំពេញ៤ឆ្នាំប្លាយហើយ។ ឆ្នាំនេះខ្ញុំមានអាយុ ១៩ឆ្នាំ និងជានិស្សិតឆ្នាំទី២​ថ្នាក់បរិញ្ញាបត្រទន្តសាស្រ្ត នៃមហាវិទ្យាល័យទន្តវទនសាស្រ្ត របស់សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល [ជិតប្រឡងឆមាសទី២ទៀត មិនដឹងថារួចខ្លួនឡើងឆ្នាំទី៣ឬអត់ទេ!!]។

ក្រៅពីការសិក្សា ខ្ញុំមិនចូលចិត្តស្វែងយល់អ្វីៗនៅជុំវិញខ្លួនទេ មិនថាពីធម្មជាតិ ឬជីវភាពរស់នៅរបស់ប្រជាជន។ ពេលទំនេរ ខ្ញុំមិនគេងនៅផ្ទះ និងមិនonlineលើTumblrរាប់ម៉ោងឡើយ ប៉ុន្តែខ្ញុំចូលចិត្តអាន និងសរសេរ ហើយខ្ញុំមិនសូវត្រូវគ្នាជាមួយតន្ត្រី ការញ៉ាំ និងជាពិសេសគឺការដើរលេង។ ចំណែកនៅសាលា ខ្ញុំទៅរៀនទៀងទាត់ណាស់ដោយមិនហ៊ានអវត្តមានម៉ោងណា​មួយទេ និងពេលកំពុងសិក្សាខ្ញុំតែងតែស្តាប់ការពន្យល់របស់សាស្ត្រាចារ្យ, សួរសំណួរ និងកត់ត្រាជានិច្ច។ មិត្តរួមថ្នាក់ចូលចិត្តខ្ញុំណាស់ ពីព្រោះខ្ញុំតែងតែស្តាប់ពួកគេនិយាយប្រាប់រឿងផ្សេងៗ ហើយខ្ញុំជាមនុស្សរួសរាយរាក់ទាក់ និងចុះចំណោមជាមួយអ្នកដទៃ។ រីឯនៅផ្ទះ ខ្ញុំជាកូនល្អ និងជាប្អូនស្រីល្អម្នាក់។ ថ្វីត្បិតតែខ្ញុំមិនសូវចូលចិត្តចំអិនអាហារប៉ុន្មាន ខ្ញុំជួយសម្រួលការងារផ្ទះរបស់បងស្រីខ្ញុំ ដោយមិនឱ្យបងស្រីរបស់ខ្ញុំពិបាកនិយាយណែនាំច្រើនឡើយ ព្រោះខ្ញុំតែងក្រោកពីព្រលឹមធ្វើការងារផ្សេងៗ។ បងស្រី និងម៉ាក់មិនដែលស្តីបន្ទោសខ្ញុំទេ តែគាត់លួចសរសើរពីក្រោយខ្នងខ្ញុំថា «នែ៎! មករាចេះក្រោកពីព្រលឹម ហើយចេះទុកដាក់របស់របរវាក្នុងបន្ទប់។ ឥឡូវ វាដូចជាធំពេញក្រមុំគ្រប់លក្ខណ៍ហើយ យើងមិនបាច់ពិបាកឈឺក្បាលនិយាយដដែលៗណែនាំវាទេ។»

[ការពិតនោះគឺថា…នែ៎…សូមធ្វើឲ្យកថាខណ្ឌខាងលើមានន័យផ្ទុយភ្លាម បើសិនជាអ្នកចង់ដឹងពីការពិត!!!]

ចាប់តាំងពីប្រឡងបាក់ឌុបជាប់ខ្ញុំចូលចិត្តចំណាយពេលនៅម្នាក់ឯង ហើយធ្វើអី្វទៅតាមចិត្តចង់។ ក្រោយពីរៀនចប់ឆ្នាំទី១ ខ្ញុំចាប់ផ្តើមសង្កេតឃើញខ្លួនឯងចូលចិត្តការងារបម្រើសហគមន៍ ជាពិសេសគឺខាងវិស័យសុខាភិបាល។ ស្នាមញញឹម សេចក្តីថ្លែងអំណរគុណ ទំនុកចិត្ត និងក្តីសង្ឃឹមរបស់អ្នកភូមិ ធ្វើឱ្យខ្ញុំរីករាយនឹងជីវិតរបស់ខ្ញុំ ដោយសារតែខ្ញុំមិនមែនរស់សម្រាប់តែខ្លួនឯងទេ ថែមទាំងបម្រើប្រយោជន៍ជូនអ្នកដទៃផងដែរ។ ការណ៍ដែលខ្ញុំធ្វើដំណើរដល់តំបន់ផ្សេងៗ ជាពិសេសតំបន់ដាច់ស្រយាល បណ្តាលឱ្យខ្ញុំមានគំនិតប្លែកៗជាច្រើនអំពីជីវិត។ ជាក់ស្តែងពេលខ្លះខ្ញុំប្រៀបធៀបជីវិតនៅជនបទ និងនៅទីក្រុង ថាតើប្រជាជនទាំងសងខាង?អាចនឹងជួបបញ្ហាអ្វីខ្លះ បើសិនជាពួកគេប្តូរកន្លែងគ្នានៅ…។ តាមគំនិតខ្ញុំ, បើសិនជាយើងដើរទៅដល់ណាហើយ យើងគួរផ្តិតយកតថភាពផ្ទាល់មកចងក្រងទុកជាគំនិតពិចារណា ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានបទពិសោធន៍ប្លែកៗគ្នា យ៉ាងហោចណាស់យើងក៏បានភ្លក់ពីជីវិតអ្នកខ្លះបានពីរបីម៉ាត់ដែរ។

ថ្លែងពីបំណងទៅថ្ងៃអនាគតខ្ញុំវិញ គឺខ្ញុំចង់យកចិត្តទុកដាក់ជួយអ្នកដែលកំពុងត្រូវការជំនួយបំផុត ឬជនងាយរងគ្រោះ ឱ្យអស់ពីលទ្ធភាព និងសមត្ថភាពខ្ញុំផ្ទាល់។ រីឯការងារថ្ងៃអនាគត ខ្ញុំមិនសូវចូលចិត្តការងារក្នុងការិយាល័យ ឬយើងហៅជាភាសាសាមញ្ញថា«ការងារស្លាប់មួយកន្លែង»។ ផ្ទុយទៅវិញ ខ្ញុំប្រាថ្នាមើលក្នុងវិស័យទន្តសាស្ត្រ, ឧទាហរណ៍ដូចជាសាស្ត្រាចារ្យបម្រើខាងស្រាវជ្រាវ និងពាក់ព័ន្ធនឹងការងារចុះផ្ទាល់ជាមួយសហគមន៍, ឬជាសាស្ត្រចារ្យដែលនិស្សិតមិនធុញទ្រាន់ពេលសិក្សាជាមួយខ្ញុំ (ហាហា)។ ម្យ៉ាងទៀត ខ្ញុំមិនសូវខ្វល់ខ្វាយជាមួយគ្រួសារខ្ញុំប៉ុន្មានទេ, ខ្ញុំចង់មានឯករាជ្យភាពដ៏រីករាយចំពោះជីវិតខ្លួនឯង ចៀសជាងព្យាយាមធ្វើតែតាមបង្គាប់គ្រួសារ តែមិនមែនមានន័យថាខ្ញុំមិនគោរពពួកគាត់នោះទេ។

[ស្ងាត់!!…កុំប្រាប់អ្នកណាថាខ្ញុំចូលចិត្តសរសេរឲ្យសោះ! នេះគឺជាអាថ៌កំបាំងរវាងអ្នកនឹងខ្ញុំ!!]

[តើអ្នកឆ្ងល់ទេ ថាតើហេតុអ្វីបានជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីរឿងទាំងអស់នេះ? ហើយតើខ្ញុំធ្វើអ៊ីចឹងដើម្បីអី!!?]

ទាំងអស់នេះគឺជាខ្ញុំ ទោះបីជាខ្ញុំមិនមែនល្អគ្រប់ដប់។ ខ្ញុំពេញចិត្តនឹងអ្វីដែលជាខ្ញុំសព្វថ្ងៃ ខ្ញុំមានក្តីសុបិន និងកំពុងតែបំពេញវា ខ្ញុំចង់ធ្វើអី្វ ខ្ញុំធ្វើនឹងតាមចិត្ត ហើយខ្ញុំកំពុងព្យាយាមស្វែងរកអ្វីដែលជាទីស្រឡាញ់ និងជាទីសម្អប់នៃខ្លួនខ្ញុំ។ បទពិសោធន៍តិចតួចដែលខ្ញុំ​មាន អាចប្រែជាពាក្យពេចន៍ដើម្បីពិចារណាទាំងអស់គ្នាថា៖​

  • ទី១ ចូរស្រឡាញ់ខ្លួនយើង ទោះបីជាថ្ងៃខ្លះយើងមិនបានការ ឬក៏នៅថ្ងៃដែលយើងទទួលលទ្ធផលល្អពីផលដែលយើងសម្រេច។
  • ទី២ បើសិនជានៅពេលណាយើងគិតថាជីវិតអ្នកគ្មានន័យសម្រាប់ខ្លួន ចូរយើងរមែងគិតថាយើងនឹងអាចធ្វើអ្វីមួយសម្រាប់ឱ្យមនុស្សដែលគេចង់បន្តជីវិតរស់នៅដោយសេចក្តីអំណរ ដូចនេះយើងនឹងរីករាយជាមួយស្នាមញញឹមរបស់ពួកគេម្យ៉ាងដែរ។
  • ទី៣ ការព្យាយាមយល់ចិត្តខ្លួនឯងពិតជាផ្តល់សុខភាពល្អទាំងផ្លូវចិត្ត និងផ្លូវកាយ [តែត្រូវភា្ជប់សេចក្តីប្រុងប្រយ័ត្នប្រាណជានិច្ច]។ បើយើងចង់ធ្វើអ្វីមួយ ចូរធ្វើវាភ្លាមទៅ! នៅចាំអ្វីទៀត? បើមិនទើសចិត្តនឹងវា? ចង់គេង គេងទៅ! ចង់ដើរលេង ដើរទៅ! ចង់ប្រឡងជាប់ ខំរៀនទៅ! តើអ្នករស់បានយូរប៉ុន្មានទៀត? [អូ៎! កុំភ្លេចថាយើងត្រូវមានទំនួលខុសត្រូវគ្រប់អំពើដែលបានប្រព្រឹត្ត ហើយកុំគេងតែស្តាយក្រោយអី! វាអាក្រក់ណាស់ចំពោះសុខភាព។]
  • ចុងក្រោយ បើសិនជាយើងមិនពេញចិត្តចំណុចណាមួយរបស់យើង យើងអាចធ្វើការផ្លាស់ប្តូរ ឬទុកឱ្យនៅដដែល វាស្រេចតែចិត្តយើងនោះទេ។ [គិតគូរឱ្យបានវែងឆ្ងាយណា៎ ពីព្រោះយើងជាម្ចាស់នៃជីវិតនេះ, មិនមែនអ្នកដទៃណាម្នាក់ឡើយ។]

[និយាយលេងទេ LOL កុំយកគម្រូតាម!]

អរគុណដែលបានចំណាយពេលអាន!!

ដោយសេចក្តីរីករាយក្នុងការចែករំលែក,

ច័ន្ទមករា

Originally posted on Thursday, August 11, 2016

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s