ព័ត៌មានសំខាន់ៗអ្នកគួរដឹងអំពីកម្មវិធីសរសេរប្លក់សំទ្បេងយុវជន

44805842_2201921853193302_9100521648473243648_o

តើអ្វីជាកម្មវិធីសំទ្បេងយុវជន?

កម្មវិធីសំទ្បេងយុវជន (ហៅកាត់ថា VOY) ត្រូវបានបង្កើតឡើងដោយយូនីសេហ្វប្រចាំទីក្រុងញូវយ៉ក ហើយវាគឺជាសហគមន៍យុវជនសរសេរប្លក់ដ៏មានភាពស្វាហាប់ ដោយសរសេរនូវអត្ថបទប្រកបដោយខ្លឹមសារលើកទឹកចិត្ត គំនិតស៊ីជម្រៅផ្ទាល់ខ្លួន និងទស្សនៈទូលំទូលាយមកពីជុំវិញសកល។ អ្នកសរសេរប្លក់ក្នុងកម្មវិធី VOY ចែករំលែកទេពកោសល្យច្នៃប្រឌិតរបស់ពួកគេជាមួយនឹងពិភពលោកទាំងមូល តាមរយៈសំណេរអំពីបញ្ហាដែលមានសារៈសំខាន់បំផុតចំពោះពួកគេ។ យូនីសេហ្វកម្ពុជា បានចាប់ផ្តើមកម្មវិធីនេះក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមក ក្មេងជំទង់ និងយុវជនកម្ពុជា បានទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យ អំពីរបៀបសរសេរប្លក់ ក៏ដូចជាអំពីជំនាញសំខាន់ៗដទៃទៀត ដូចជាជំនាញប្រាស្រ័យទាក់ទង សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត របៀបបញ្ចេញមតិផ្ទាល់ខ្លួន និងរបៀបធ្វើការងារជាក្រុម។

តើកម្មវិធីនេះមានអ្វីខ្លះ?

ជារៀងរាល់ឆ្នាំ ក្មេងជំទង់ និងយុវជនកម្ពុជាមួយក្រុម ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះ តាមរយៈដំណើរការដាក់ពាក្យសុំចូលរួម។ បន្ទាប់មកពួកគេទទួលបានការបណ្តុះបណ្តាលអំពីរបៀបសរសេរប្លក់ ការស្រាវជ្រាវ ការសរសេរ និងជំនាញដទៃទៀតនៅរៀងរាល់សប្តាហ៍ ពីអ្នកបណ្តុះបណ្តាលអាជីពផ្នែកសរសេរប្លក់។

តើកម្មវិធីនេះមានរយៈពេលប៉ុន្មាន?

រយៈពេលនៃកម្មវិធីនេះ មានការប្រែប្រួលខុសៗគ្នាជារៀងរាល់ឆ្នាំ ដោយសារអ្នករៀបចំនៅបន្តកែសម្រួល និងកែលម្អការរៀបចំកម្មវិធីនេះឲ្យកាន់តែប្រសើរ។ ក្នុងឆ្នាំ២០១៨ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីខែ គឺចាប់ពីខែ សីហា ដល់ខែវិច្ឆិកា ដោយមានវគ្គបង្រៀនដោយផ្ទាល់នៅរៀងរាល់សប្តាហ៍ និងការធ្វើកិច្ចការសរសេរប្រចាំសប្តាហ៍។

តើសិក្ខាកាមត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីចូលរួមក្នុងកម្មវិធីនេះ?

-ជាយុវជនកម្ពុជា អាយុពី១៤ ដល់ ២៤ឆ្នាំ

-អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលដោយផ្ទាល់រយៈពេល២ម៉ោង មួយសប្តាហ៍ម្តង​ នៅការិយាល័យយូនីសេហ្វកម្ពុជាប្រចាំទីក្រុងភ្នំពេញ

-អាចសរសេរមួយអត្ថបទនៅរៀងរាល់សប្តាហ៍ ក្នុងអំឡុងកម្មវិធីដែលមានរយៈពេល ១២សប្តាហ៍ (ដោយមានការសម្រាកមួយសប្តាហ៍)

-មានការតាំងចិត្តខ្ពស់ និងឧស្សាហ៍ព្យាយាម

-មានអ៊ីនធឺណេតប្រើប្រាស់ ដើម្បីធ្វើការស្រាវជ្រាវ ក៏ដូចជាសរសេរប្លក់ ផ្តល់យោបល់ និងចូលរួមក្នុងការជជែកវែកញែកផ្សេងៗជាប្រចាំ

តើខ្ញុំត្រូវចេះភាសាអង់គ្លេសដែរឬទេ?

ទេ កម្មវិធីពុំមានកំហិតកម្រិតភាសាអង់គ្លេសរបស់អ្នកចូលរួមទ្បើយ។ វគ្គបណ្តុះបណ្តាល ធ្វើឡើងជាភាសាខ្មែរ ហើយអ្នកក៏អាចសរសេរប្លក់ប្រចាំសប្តាហ៍ជាភាសាខ្មែរបានដែរ។

តើខ្ញុំត្រូវសរសេរមួយអត្ថបទ ក្នុងមួយសប្តាហ៍មែនទេ?

ជាការពិត វាគឺជាតម្រូវការមួយរបស់កម្មវិធីនេះ។ គ្រូបណ្តុះបណ្តាលរបស់អ្នក នឹងផ្តល់ដំបូន្មាន និងផ្តល់ព័ត៌មានត្រឡប់ដល់អ្នកជារៀងរាល់សប្តាហ៍។

តើខ្ញុំអាចសរសេរប្លក់ជាភាសាខ្មែរបានដែរឬទេ?

អ្នកអាចសរសេរជាភាសាខ្មែរ ឬភាសាអង់គ្លេសក៏បាន វាអាស្រ័យទៅលើអ្នក។

តើខ្ញុំត្រូវមានបទពិសោធខាងសរសេរ ទើបអាចដាក់ពាក្យសុំចូលរួមក្នុងកម្មវិធីនេះបាន?

នៅក្នុងដំណើរការជ្រើសរើសសិក្ខាកាម យើងនឹងធ្វើការវាយតម្លៃលើជំនាញសរសេររបស់អ្នក។ អ្នកមិនចាំបាច់មានសញ្ញាបត្រផ្នែកសរសេរនោះឡើយ ប៉ុន្តែអ្នកចាំបាច់ត្រូវបង្ហាញពីចំណា​ប់អារម្មណ៍លើការសរសេរ។ អត្ថបទដែលអ្នកធ្លាប់សរសេរ ឬសកម្មភាពទាំងឡាយបង្ហាញពីការជំរុញទឹកចិត្តអ្នកឱ្យចូលរួមក្នុងកម្មវិធីនេះ នឹងត្រូវយកមកធ្វើការពិចារណា សម្រាប់ពាក្យសុំចូលរួមរបស់អ្នក។

តើកម្មវិធីនេះផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

-ទទួលបានមតិត្រឡប់ជាប្រចាំអំពីការសរសេរ

-ទទួលបានដំបូន្មាន និងបច្ចេកទេសអំពីរបៀបសរសេរអត្ថបទប្លក់ឲ្យបានល្អ

-អាចផ្លាស់ប្តូរគំនិតជាមួយយុវជនកម្ពុជាផ្សេងទៀត ក៏ដូចជាក្រុមគោលដៅទូទៅ អំពីប្រធានបទដែលមានសារៈសំខាន់

-អភិវឌ្ឍជំនាញសរសេរប្លក់ និងជំនាញផ្សព្វផ្សាយឌីជីថលកាន់តែប្រសើរជាងមុន

-ទទួលបានគំនិតយល់ដឹងថ្មីៗ អំពីប្រធានបទពាក់ព័ន្ធនឹងសិទ្ធិកុមារ និងបញ្ហាដែលពាក់ព័ន្ធនឹងក្មេងជំទង់ និង     យុវជន

-កសាងបណ្តាញទំនាក់ទំនងជាមួយអ្នកសរសេរប្លក់វ័យក្មេង ទាំងក្នុងស្រុក និងអន្តរជាតិ

-ទទួលបានជំនាញទន់ ដែលមានសារៈសំខាន់សម្រាប់ស្វែងរកការងារនាពេលអនាគត ដូចជាជំនាញស្រាវជ្រាវ ជំនាញធ្វើការងារជាក្រុម ជំនាញប្រាស្រ័យទាក់ទង ទំនុកចិត្តលើខ្លួនឯង ។ល។

តើខ្ញុំត្រូវធ្វើរបៀបណា ដើម្បីអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ?

ដើម្បីអាចចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកត្រូវបំពេញពាក្យសុំ នៅពេលមានការប្រកាសផ្សាយជ្រើសរើសសិក្ខាកាម (ជាធម្មតាប្រហែលនៅខែមិថុនា នៅរៀងរាល់ឆ្នាំ ហើយពេលវេលានេះអាចមានការប្រែប្រួលបន្តិចបន្តួច)។ អ្នកត្រូវតាមដានបច្ចុប្បន្នភាពនៅលើទំព័រហ្វេសប៊ុករបស់យូនីសេហ្វកម្ពុជា ដែលផ្សព្វផ្សាយពីការផ្សាយជ្រើសរើសអ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

តើខ្ញុំអាចអានអត្ថបទប្លក់នៃកម្មវិធីសំទ្បេងយុវជននេះនៅទីកន្លែងណា?

សូមចុចទីនេះ ដើម្បីអានអត្ថបទប្លក់ជាច្រើន។

តើខ្ញុំអាចចូលរួមក្នុងកម្មវិធីនៅពេលឥទ្បូវនេះ ដោយរបៀបណា?

អ្នកមិនចាំបាច់រង់ចាំរហូតដល់កម្មវិធីសំទ្បេងយុវជនប្រកាសនៅវគ្គបន្ទាប់ទ្បើយ!! អ្នកអាចចូលទៅមើលអត្ថបទប្លក់ដែលសរសេរដោយយុវជនកម្ពុជា និងចែករំលែកគំនិតរបស់អ្នកបាន! ខាងក្រោមនេះ បង្ហាញពីអ្វីដែលអ្នកអាចធ្វើបាន …

-អ្នកអាចចែករំលែក (share) អត្ថបទប្លក់លើគណនីបណ្តាញសង្គមរបស់អ្នក និងចាប់ផ្តើមកិច្ចសន្ទនាអំពីប្រធានបទណាមួយជាមួយមិត្តភក្តិអ្នក

-អ្នកអាចបញ្ចេញយោបល់ (comment) នៅលើ WordPress ឬនៅលើហ្វេសប៊ុក

-អ្នកអាចចុះឈ្មោះទទួលព័ត៌មាន (subscribe) ក្នុងប្លក់សំទ្បេងយុវជនតាម WordPress ដើម្បីទទួលបានបានអ៊ីមែលនៅគ្រប់ពេលដែលមានការចេញផ្សាយអត្ថបទប្លក់ថ្មីៗ

-អ្នកអាចចែករំលែកជាមួយយើងនូវគំនិត អំពីប្រធានបទដែលអ្នកចង់ឱ្យសិក្ខាកាមក្នុងការបណ្តុះបណ្តាលរបស់យើងសរសេរ

-អ្នកអាចផ្ញើសារតាមហ្វេសប៊ុក ប្រសិនបើអ្នកមានសំណួរអំពីអត្ថបទប្លក់ណាមួយ ហើយយើងរីករាយក្នុងការឆ្លើយតបចំពោះសំណួររបស់អ្នក

-អ្នកក៏អាចចែករំលែកអត្ថបទប្លក់នៃកម្មវិធីសំទ្បេងយុវជនតាមរយៈ Twitterផងដែរ ដូច្នេះអាចបន្តធ្វីចែករំលែក (retweet) អត្ថបទទាំងនោះបន្ត

 

សូមសរសេរយោបល់របស់អ្នកនៅខាងក្រោម ប្រសិនបើអ្នកមានសំណួរអ្វីមួយ

សូមរីករាយជាមួយនឹងការអានអត្ថបទប្លក់!

 

ក្រុមការងារយូនីសេហ្វ